បណ្តាញសង្គម

ប្រេង​ពី​នាវា​អ៊ីរ៉ង់​ដែល​លិច​នឹង​អណ្តែត​ទៅដល់​កោះ​ភាគខាងត្បូង​ប្រទេស​ជប៉ុន

ជប៉ុន ៖ យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងនៅថ្ងៃនេះថា ប្រេងពីនាវាប្រេងអ៊ីរ៉ង់ឈ្មោះ Sanchi ដែលលិចដែលបានអណ្តែតទៅដល់កោះភាគខាងត្បូងជប៉ុនកាលពីដើមខែនេះ។ ឆ្មាំឆ្នេរសមុទ្របានបន្តថា គំរូនៃជាតិប្រេងដែលអណ្តែតមកកាលពីថ្ងៃទី៨ខែកុម្ភៈនៅលើឆ្នេរនៃកោះ Okinoerabu និងកោះ Yoron នៅក្នុងខ្សែសង្វាក់កោះ Amami គឺត្រូវបានគេរកឃើញថាត្រូវបានផ្សារភ្ជាប់ជាមួយការលិចរបស់នាវា Sanchi។នាវា Sanchi បានលិចកាលពីថ្ងៃទី១៤ខែមករាបន្ទាប់ពីបុកជាមួយនាវាដឹកទំនិញមួយគ្រឿងនៅថ្ងៃទី៦ខែមករាក្នុងគ្រោះមហន្តរាយនាវាដឹកប្រេងដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ មន្ត្រីឆ្មាំសមុទ្របានប្រាប់រ៉យទ័រតាមទូរស័ព្ទថា “ប្រេងដែលបានមកដល់ឆ្នេរនៃកោះទាំងពីរនេះគឺទំនងជាត្រូវបានផ្សារភ្ជាប់ទៅនឹងឧប្បទ្ទវហេតុនាវាដឹកប្រេង Sanchi ដោយពិចារណាលើភាពស្រដៀងគ្នានៃប្រេងនិងការពិតដែលថា មិនមានគ្រោះមហន្តរាយសមុទ្រណាមួយដែលទាក់ទងនឹងការកំពប់ប្រេងនៅក្នុងតំបន់សមុទ្រក្បែរនោះទេ”។ ប្រេងពណ៌ខ្មៅត្រូវបានគេប្រទះឃើញអណ្តែតជាដំបូងនៅលើឆ្នេរកោះ Takarajima កាលពីថ្ងៃទី ២៨ខែមករាហើយចាប់តាំងពីពេលនោះមកសារធាតុរាវផ្សេងទៀតបានទៅដល់កោះចំនួន២១ ផ្សេងទៀតនៅភាគនិរតីនៃប្រទេសជប៉ុនដែលជាផ្នែកនៃប្រជុំកោះដោយរួមមានទាំងកោះ Amami-Oshima និង Okinawa ផងដែរដែលជាតំបន់ល្បីឈ្មោះដោយសារឆ្នេរដ៏ស្អាតនិងប្រព័ន្ធថ្មប៉ប្រះទឹករបស់វា។ គួរបញ្ជាក់ថា នាវា Sanchi ដែលឆ្មាំសមុទ្របាននិយាយថាមានដឹកប្រេងចំនួន១១១,០០០តោនឬប្រហែល៨១០,០០០បារ៉ែលគឺបានលិចបន្ទាប់ពីផ្ទុះជាច្រើនលើកក្រោយការប៉ះទង្គិច៕