បណ្តាញសង្គម

ហេ​រ៉ូ​អ៊ី​ន​តម្លៃ​២.៥ លាន​ដុល្លារ​ត្រូវបាន​ប៉ូលិស​វៀតណាម​បង្ក្រាប​នៅតាម​ព្រំដែន​ចិន

វៀតណាម ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា បុរស ៥ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាមពីបទប៉ុនប៉ងជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនតម្លៃ ២.៥ លានដុល្លារចូលទៅក្នុងប្រទេសចិន បន្ទាប់ពីប៉ូលីសបានបាញ់លើយានយន្តផ្ទុកគ្រឿងញៀនរបស់ពួកគេ ខណៈដែលពួកគេព្យាយាមរត់គេចខ្លួន ។ កាសែត Thanh Nien បានរាយការណ៍ថា បុរសទាំងនោះត្រូវចាប់បាននៅភាគខាងជើងខេត្ត Cao Bang ជាប់ព្រំដែនប្រទេសចិនជាមួយនឹងថ្នាំហេរ៉ូអ៊ីនជិត ១០០ គីឡូក្រាមមកពីឡាវ ។ ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏ចម្បងមួយពីតំបន់ “ត្រីកោណមាស” គ្របដណ្តប់លើប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ាដែលជាតំបន់ផលិតគ្រឿងញៀនធំជាងគេបំផុតនៅលើពិភពលោក ហើយការបង្ក្រាបចុងក្រោយបំផុតគឺជាការបង្ក្រាបធំបំផុតមួយនៅក្នុងប្រទេសវៀតណាមក្នុងប៉ុន្មានខែចុងក្រោយនេះ ។ បុរសជនជាតិវៀតណាម ៥ នាក់ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅពេលដែលពួកគេព្យាយាមបើកឡានឆ្លងកាត់ប៉ូលីសនៅខេត្តភាគខាងជើងដោយជំរុញឲ្យអាជ្ញាធរបើកការបាញ់ប្រហារ ។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា បុរសម្នាក់ដែលត្រូវបានគេចោទប្រកាន់នោះឈ្មោះ Tran Van Bang អាយុ ៣១ ឆ្នាំកំពុងឈរជាមួយគំនរថ្នាំហេរ៉ូអ៊ីនដ៏ច្រើនដុំ ។ សូមបញ្ជាក់ថា ប្រទេសវៀតណាមមានច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយចំនួននៅក្នុងពិភពលោក ហើយអ្នកដែលចាប់បានហួសកំរិតជាង ៦០០ ក្រាមនៃហេរ៉ូអ៊ីន ឬលើសពី ២០ គីឡូក្រាមអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត ៕