បណ្តាញសង្គម

មនុស្ស​៨​នាក់​ស្លាប់ និង​របួស​ក្នុងករណី​ផ្ទុះ​ក្នុង​ហាង​លក់ទំនិញ​មួយ​ក្នុង​ទីក្រុង Leicester

អង់គ្លេស ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានចេញផ្សាយថា មនុស្ស០៤នាក់បានស្លាប់ និង០៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅក្នុងហាងលក់ទំនិញមួយកន្លែង ស្ថិតនៅទីក្រុង ឡៃសេស្ទើ (Leicester) ភាគកណ្តាលចក្រភពអង់គ្លេស។ ប៉ូលិសបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងតំបន់ថា «មនុស្ស ០៤នាក់ បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ និង០៤នាក់ផ្សេងទៀតរងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ នេះគ្រាន់តែជាចំនួនបឋមប៉ុណ្ណោះ ដោយចំនួនមនុស្សរងរបួស អាចនឹងមានការកើនឡើងបន្ថែមនេះ ដោយក្រុមសង្គ្រោះ និងប៉ូលិសកំពុងស្ថិតនៅកន្លែងកើតហេតុ។ ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់អំពីមូលហេតុនៃការផ្ទុះនេះឡើយ ប៉ុន្តែប៉ូលិស បានអះអាងថា សំឡេងផ្ទុះបានលាន់លឺយ៉ាងកក្រើក ដល់លំនៅឋាននៅជុំវិញហាង។ សម្រាប់ហាងនោះវិញ គឺត្រូវបានឆាបឆេះក្រោយការផ្ទុះ ប៉ុន្តែប៉ូលិសបានបញ្ចេញក្រុមពន្លត់អគ្គីភ័យ រហូតរលត់អស់។ បន្ថែមពីនេះ មិនទាន់មានតម្រុយណាមួយបញ្ជាក់ថា វាជាភេរវកម្មនោះទេ៕