បណ្តាញសង្គម

ឥណ្ឌា​ស្នើ​ទិញ​ឧទ្ធម្ភាគចក្រ Apache ច្រើន​គ្រឿង​ពី​អាមេរិក​ដើម្បី​ការពារ​ព្រំដែន​ជាមួយ​ចិន និង​ប៉ា​គី​ស្ថាន​

វេបសាយ Diplomat បានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាកំពុងពន្លឿនដំណើរការនៃការទិញឧទ្ធម្ភាគចក្រប្រយុទ្ធ Boeing AH-64E Apache ថ្មីជាច្រើនគ្រឿង។ រដ្ឋាភិបាលក្រុងញូវដេលីបានផ្ញើលិខិតស្នើ (LoR) មួយទៅរដ្ឋាភិបាលអាមេរិកទាក់ទងនឹងលទ្ធភាពនៃការលក់សម្ភារៈការពារជាតិទាំងនេះ ដែលជាជំហានដំបូងក្នុងការធ្វើកិច្ចព្រមព្រៀងអាវុធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ខណៈដែលគេមិនដឹងច្បាស់ថាលិខិតនោះបានបញ្ជូនទៅពេលណានោះ មន្ត្រីឥណ្ឌាម្នាក់បានប្រាប់កាសែត Hindustan Times កាលពីថ្ងៃអង្គារទី២៧កុម្ភៈថា “លិខិតនោះត្រូវបានចេញនាពេលថ្មីៗនេះហើយឥឡូវនេះសហរដ្ឋអាមេរិកត្រូវតែឆ្លើយតបវិញជាមួយលិខិតទទួល (LoA) ដើម្បីពន្លឿនកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Apache”។ វ៉ាស៊ីនតោនមានពេលប្រហែល ៦ ខែដើម្បីប្រគល់លិខិត LoA។ កងទ័ពអាមេរិកគឺជាអ្នកប្រើប្រាស់ឧទ្ធម្ភាគចក្រ Apache ដ៏ចម្បង។ ជប៉ុន អ៊ីស្រាអែល ក្រិក ហូឡង់ សិង្ហបុរី និងអារ៉ាប់រួមអេមីរ៉ាត ក៏ប្រើឧទ្ធម្ភាគចក្រ Apache ដែរ។ យោងតាមវេបសាយ Diplomat ឧទ្ធម្ភាគចក្រប្រយុទ្ធនេះនឹងចូលរួមជាមួយកងអាកាសចរណ៍របស់កងទ័ពឥណ្ឌា (មិនមែនកងទ័ពអាកាសទេ)។ ក្រសួងការពារជាតិឥណ្ឌាបានអនុម័តមូលនិធិដើម្បីទិញឧទ្ធម្ភាគចក្រនេះកាលពីខែសីហា។ អ្នកនាំពាក្យបានបន្ថែមថា នៅទីបំផុត កងអាកាសចរណ៍នឹងដាក់ពង្រាយកងអនុសេនាធំឧទ្ធម្ភាគចក្រចម្បាំង Apache ចំនួន ៣ កង នៅតាមបណ្តោយព្រំដែនឥណ្ឌា-ចិន និង ឥណ្ឌា-ប៉ាគីស្ថាន។ ខណៈដែលឥណ្ឌាស្វែងរកឧទ្ធម្ភាគចក្រយោធាផលិតនៅបរទេសសម្រាប់កងទ័ពរបស់ខ្លួន យោធាឥណ្ឌាទើបនឹងបញ្ចប់ការធ្វើតេស្តដ្រូនប្រយុទ្ធផលិតក្នុងស្រុកយកគំរូតាមដ្រូន Predator MQ-1 របស់សហរដ្ឋអាមេរិក។ ដ្រូនទាំងនោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាលើសម្ភារៈការពារជាតិដែលផលិតនៅបរទេស។ ទន្ទឹមនេះដែរ ប៉ាគីស្ថានបានចាប់ផ្តើមធ្វើសមយុទ្ធយោធារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងដែលមានចំនួនច្រើនជាងខ្លួន។ ឥណ្ឌានិងចិនបានពាក់ព័ន្ធក្នុងជម្លោះព្រំដែនដ៏តានតឹងនៅតំបន់ដូក្លាំកាលពីឆ្នាំមុន ហើយកាលពីខែមុនភាគីទាំងពីរប៊ិះតែនឹងប្រឈមមុខគ្នាស្រដៀងគ្នានេះមួយទៀតនៅតំបន់អារូណាចាល់ប្រាដេស បន្ទាប់ពីមានការចោទប្រកាន់ថាក្រុមហ៊ុនកសាងផ្លូវរបស់ចិនលុកលុយចូលទឹកដីឥណ្ឌា៕