បណ្តាញសង្គម

កូរ៉េខាងជើង​ព្រមាន​ប្រឆាំង​អាមេរិក បើ​បន្តធ្វើ​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង​

កូរ៉េខាងជើង ៖ ក្នុងវិចារណកថាមួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA កាលពីម្សិលមិញ និយាយថា ៖ “ប្រសិនបើសហរដ្ឋអាមេរិក បន្តធ្វើសមយុទ្ធរួម ខណៈដែលបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនោះ ក្រុងព្យុងយ៉ាងនឹងសងសឹកប្រឆាំងនឹងអាមេរិកតាមវិធីវាយបកដោយឡែក ហើយសហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកកើតមានឡើង។ អាមេរិកគួរតែយល់អំពីរឿងនេះហើយគួរតែបញ្ទាក់ពីការវៃឆ្លាត”។ KCNA បន្តថា សមយុទ្ធយោធាទាំងនេះនឹងប្រឆាំងចំពោះការខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ និងសម្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាពិសេសដោយសារការប្រកួតកីឡាអូឡាំពិករដូវរងានៅ PYEONGCHANG ។ ម្យ៉ាងទៀត របបក្រុងព្យុងយ៉ាងនិយាយជាថ្មីនាថ្ងៃទី៣ មីនា ពីការត្រៀមខ្លួនចរចាជាមួយសហរដ្ឋអាមេរិក ក៏ប៉ុន្តែក៏បញ្ជាក់ដែរថា ការចរចាបែបនេះត្រូវធ្វើដោយគ្មានលក្ខខណ្ឌនានាជាមុន ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើងដកស្រង់សម្តីដោយ KCNA និយាយថា យើងនឹងមិននិយាយពីការចរចាមួយឡើយ ប្រសិនបើយើងប្រឈមមុខនឹងការជ្រើសរើសខាងយោធារបស់សហរដ្ឋអាមេរិក ។ អ្នកនាំពាក្យរូបនេះបន្តថា យើងត្រៀមដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការទូតតាមរយៈការចរចា ប៉ុន្តែយើងមិនចុះញ៉មដាច់ខាតចំពោះការចាប់បង្ខំ ហើយនឹងពុំស្វែងរកដាច់ខាតចៀសវាងការជ្រើសរើសខាងយោធាដែលសហរដ្ឋអាមេរិកតែងនិយាយឥតឈប់។ សូមជម្រាបថា កាលពីពេលថ្មីៗនេះកូរ៉េខាងត្បូងបានបញ្ជូនប្រធានការិយាល័យចារកម្មជាតិលោក Suh Hoon និងនាយកការិយាល័យសន្តិសុខជាតិ លោក Cheng Eui-yong ទៅកាន់ប្រទេសកូរ៉េខាងជើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនៅលើឧបទ្វីបនេះ។ នេះបើតាមសារព័ត៌មាន Yonhap ចេញផ្សាយការពីថ្ងៃទី០១ មិនា៕