បណ្តាញសង្គម

គីម ជុង​អ៊ុន និង បេសកជន​កូរ៉េខាងត្បូង ពិភាក្សាគ្នា​អំពី​វិធី​ដើម្បី​បន្ធូរ​ប​ន្ធ​យ​ភាព​តានតឹង​

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់រដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអង្គារ (៦មីនា) ថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានពិភាក្សាគ្នាអំពីវិធីដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េជាមួយបេសកជនកូរ៉េខាងត្បូង។

លោកគីម ជុងអ៊ុន “បានស្វាគមន៍យ៉ាងកក់ក្តៅ” នូវមន្ត្រីកូរ៉េខាងត្បូង ដែលប្រគល់លិខិតមួយពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េនេះបាននិយាយថា “ដោយស្តាប់ពីបំណងរបស់លោកប្រធានាធិបតី មូន ចែអ៊ីន ដើម្បីឱ្យមានកិច្ចប្រជុំកំពូលមួយពីបេសកជនពិសេសរបស់ភាគីកូរ៉េខាងត្បូង គាត់បានផ្លាស់ប្តូរទស្សនៈនិងធ្វើកិច្ចព្រមព្រៀងជាទីពេញចិត្តមួយ”។

KCNA បានរាយការណ៍ថា “លោក (គីម ជុងអ៊ុន) ក៏បានធ្វើការផ្លាស់ប្តូរទស្សនវិស័យយ៉ាងស៊ីជម្រៅស្តីពីបញ្ហានានាដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាដ៏តឹងតែងនៅឧបទ្វីបកូរ៉េនិងធ្វើឱ្យមានកិច្ចសន្ទនា ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរល្អប្រសើរឡើងវិញ”។

ជំនួបរបស់លោកគីមជាមួយមន្ត្រីជាន់ខ្ពស់បំផុតរបស់កូរ៉េខាងត្បូងដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងពេលជាងមួយទសវត្សរ៍នេះ គឺជាជំហានចុងក្រោយបំផុតមួយនៅក្នុងការផ្សះផ្សាគ្នាដែលជំរុញដោយព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឧបទ្វីបដែលបែងចែកនេះ។

គណៈប្រតិភូកូរ៉េខាងត្បូងកំពុងជំរុញឱ្យមានកិច្ចពិភាក្សារវាងរបបដែលមានអាវុធនុយក្លេអ៊ែរនេះនិងសហរដ្ឋអាមេរិក បន្ទាប់ពីលោកគីមបានបញ្ជូនប្អូនស្រី គីម យ៉ូជុង របស់គាត់ទៅចូលរួមការប្រកួតកីឡារដូវរងានៅកូរ៉េខាងត្បូង។

លោកគីមបានអញ្ជើញលោក មូន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្យុងយ៉ាង។

ដំណើរទស្សនកិច្ចរបស់នាងគីមយ៉ូជុងគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់កូរ៉េខាងត្បូងដោយសមាជិកនៃគ្រួសារកាន់អំណាចរបស់កូរ៉េខាងជើងចាប់តាំងពីចុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣។

ការបង្ហាញមុខរបស់នាងនៅឯពិធីបើកការប្រកួតអូឡាំពិក កន្លែងដែលអត្តពលិកមកពីកូរ៉េទាំង២ដើរហែក្បួនជាមួយគ្នា បានល្បីពេញសារព័ត៌មានទូទាំងពិភពលោក។

KCNA បានស្រង់សម្តីលោកគីម ជុងអ៊ុន ដោយនិយាយប្រាប់បេសកជនកូរ៉េខាងត្បូងថា អូឡាំពិករដូវរងាបានផ្តល់នូវ “បរិយាកាសល្អនៃការផ្សះផ្សា ឯកភាព និងការសន្ទនាគ្នារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង”។

លោក មូន បានព្យាយាមប្រើប្រាស់ការប្រកួតកីឡាអូឡាំពិកក្រុងព្យឹងចាងដើម្បីបើកការសន្ទនាគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាងក្នុងក្តីសង្ឃឹមថានឹងបន្ថយភាពតានតឹងផ្នែកនុយក្លេអ៊ែរ ដែលបានបង្កើនការភ័យខ្លាចចំពោះសន្តិសុខសកលលោក។

មុនពេលចាកចេញទៅទីក្រុងព្យុងយ៉ាង លោក ជុង អ៊ីវយ៉ុង (Chung Eui-yong) ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា “យើងគ្រោងធ្វើការពិភាក្សាស៊ីជម្រៅអំពីវិធីនានាដើម្បីបន្តមិនត្រឹមតែការចរចារវាងអន្តរកូរ៉េតែប៉ុណ្ណោះទេ ថែមទាំងកិច្ចពិភាក្សារវាងកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិផងដែរ រួមទាំងអាមេរិក”៕