បណ្តាញសង្គម

ស្វែងយល់៖ ប្រវត្តិ និងវិសោធកម្មច្បាប់ អាចឱ្យប្រធានាធិបតីចិនកាន់អំណាចពេញមួយជីវិត

 

(ប៉េកាំង)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិនកំពុងកាន់អំណាចបច្ចុប្បន្ន បានក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ក្នុងប្រវត្តិសាស្ត្រចិន។ ពេលនេះលោកចង់បង្កើតទំព័រថ្មីមួយ ក្នុងប្រវត្តិសាស្ត្រចិន តាមរយៈការបន្តកាន់អំណាចច្រើនឆ្នាំជាបន្តទៀត លើសពីរយៈពេលដែលច្បាប់បានកំណត់ទុក។

ហេតុនេះហើយទើបបក្សកុម្មុនីសចិន កាលពីខែកុម្ភៈកន្លងទៅនេះ បានស្នើសុំឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យលោក ស៊ី បន្តកាន់អំណាចច្រើនជាងពីរអាណត្តិ។ បក្សកុម្មុយនីសចិន ធ្វើការបោះឆ្នោតទៅលើសំណើលុបចោលការកំណត់អាណត្តិរបស់ប្រធានាធិបតី និងអនុប្រធានាធិបតី ដែលអាចកាន់អំណាចបានត្រឹមពីរអាណត្តិជាប់គ្នា។

តាមរយៈកំណែទម្រង់ថ្មី ប្រៀបបានជាការត្រួសត្រាយផ្លូវ និងផ្តល់ឱកាសដល់លោកក្នុងការឆ្ពោះទៅរកទស្សនវិស័យស៊ីជម្រៅសម្រាប់ប្រទេសចិន ឱ្យកាន់តែមានភាពច្បាស់លាស់។ នេះមានន័យថា លោក ស៊ី អាចបន្តធ្វើកំណែទម្រង់លើសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យវាដើរតួជាទីផ្សារបែបសេរី ស្របពេលដែលវាផ្តល់ឱកាសពង្រឹងកងកម្លាំងប្រដាប់អាវុធកាន់តែរឹងមាំថែមទៀត។

នៅក្រោមការដឹកនាំរបស់លោក ស៊ី ប្រទេសចិនបានកាន់កាប់កាន់តែច្រើនទៅលើសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ ដោយការគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលលោក ស៊ី ប្រមូលបាននូវថាមពលកាន់តែច្រើន យើងអាចរំពឹងថា យោធាចិននឹងធ្វើសកម្មភាពកាន់តែខ្លាំងក្លានៅលើឆាកអន្តរជាតិ រហូតថែមទាំងអាចប្រកួតប្រជែងជាមួយ សហរដ្ឋអាមេរិកក៏អាចថាបាន។

ខាងក្រោមនេះជាប្រវត្តិនៃការបង្កើតតួនាទីប្រធានាធបតី និងការឈានការធ្វើវិសោធនកម្មច្បាប់៖

រាប់ចាប់តាំងពីកំពូលមេដឹកនាំចិន លោក ម៉ៅ សេទុង ដែលបានប្រើប្រាស់កណ្តាប់ដៃដែកដឹកនាំប្រទេសមកដល់បច្ចុប្បន្ន មានមេដឹកនាំពីររូបគត់ ដែលអាចដឹកនាំការធ្វើកំណែទម្រង់ទ្រង់ ទ្រាយធំសម្រាប់ប្រទេសចិន។ ទីមួយគឺ លោក តេង ស៊ាវពីង អតីតមេដឹកនាំចិនដ៏លេចធ្លោម្នាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានលុបបំបាត់ដំណើរថយក្រោយរបស់ប្រទេសចិន តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ក្រោមពាក្យស្លោក «សន្សំកម្លាំង រង់ចាំឱកាស»។

ដោយឡែកបុគ្គលដ៏ឆ្នើមួយរូបទៀត គឺប្រធានាធិបតីចិនបច្ចុប្បន្ន លោក ស៊ី ជីនពីង ត្រូវបានចាត់ទុកជាបុរសខ្លាំងមួយរូប ដែលបានប្រកាសពីយុគសម័យថ្មី តាមរយៈការដឹកនាំប្រទេសចិន ក្លាយជាមហាអំណាចពិភពលោក ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានយោធានៅទូទាំងសកលលោក។ ថ្វីត្បិតជាបុគ្គលដែលមានឥទ្ធិពលដូចគ្នា ប៉ុន្តែដើម្បីក្តោបក្ដាប់អំណាច មេដឹកនាំទាំងពីររូប បានដឹកនាំប្រទេសក្នុងទិសដៅផ្ទុយគ្នា។

«កិច្ចការចុងក្រោយរបស់ខ្ញុំ គឺត្រូវដឹកនាំបង្កើតប្រព័ន្ធសម្រាប់អ្នកចូលនិវត្តន៍» នេះជាការលើកឡើងរបស់លោក តេង ស៊ាវពីង កាលនោះលោកមានអាយុ៨៤ឆ្នាំ លើកឡើងនេះត្រូវបានធ្វើឡើង ក្នុងរយៈពេលប៉ុន្មានខែមុនពេលលោកចាកចេញពីដំណែងជាផ្លូវការក្នុងឆ្នាំ១៩៨៩។ ក្រៅពីធ្វើជាអ្នកផ្ដួមផ្ដើមគំនិតក្នុងការធ្វើកំណែទម្រង់ប្រទេស លោកបានធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាឱ្យការផ្ទេរអំណាចមានភាពត្រឹមត្រូវ ដោយសារលោកទទួលបានមេរៀនដ៏ត្រឹមត្រូវពីរបបផ្តាច់ការរបស់ម៉ៅសេទុង តែពេលនេះកំណែទម្រង់ទាំងអស់នេះត្រូវបាន លុបចោលដោយលោក ស៊ី ជីនពីង។

ពាក្យថា «ប្រធានាធិបតី» មានប្រវត្តិស្មុគស្មាញនៅក្នុងប្រទេសចិននាសម័យទំនើប ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៥៤ ព្រមទំាងកាន់កាប់ដោយលោក ម៉ៅ សេទុង។ នៅឆ្នាំ១៩៥៩ លោកម៉ៅ បានប្រគល់តំណែងនេះទៅលោក Liu Shaoqi ដែលជាអ្នកស្នងដំណែង និងជាប្រធានបក្សកុម្មុយនីស។ ប៉ុន្តែក្រោយមកក្នុងនៅឆ្នាំ១៩៧៥ ម៉ៅ បានជំរុញបង្កើតច្បាប់ថ្មីមួយដែលបានសង្កត់ធ្ងន់លើតួនាទីរបស់បក្ស ដែលទទួលបានសិទ្ធអំណាចច្រើន ក្នុងការគ្រប់គ្រងប្រទេស ហេតុនេះទើបឈានទៅលុបបំបាត់តំណែងប្រធានាធិបតី។

លោក តេង ស៊ាវពីង បានសម្រេចចិត្តបង្កើត យន្តការភាពជាអ្នកដឹកនាំ ដើម្បីទប់ស្កាត់ការកើនឡើងនៃការគោរពរបបបុគ្គលនិយម ដូចក្នុងសម័យមេដឹកនាំ ម៉ៅ សេទុង ជាដើម ហេតុនេះលោកបានបង្កើតដំណែងប្រធានាធិបតី និងអនុប្រធាននៅក្នុងរដ្ឋធម្មនុញ្ញថ្មី ដែលបានផ្តល់កុំឱ្យមានការផ្ទេរអំណាចពីម្នាក់ទៅមា្នក់ ដោយមិនចាត់ទុកប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតកំណត់ជោគវាសនាប្រទេសជាតិឱ្យខ្លួនឯង។ ដូចនេះវិធានការចូលនិវត្តន៍សម្រាប់អ្នកកាន់តំណែងក្នុងប្រទេសចិន ត្រូវបានគេបង្កើតឡើងជាលើកដំបូង។

ចាប់តាំងពីកាន់អំណាចជាមេបក្សកាលពីឆ្នាំ២០១២មក លោក ស៊ី បានបង្ហាញថា លោកមិនរារែកក្នុងការល្មើសច្បាប់នោះទេ។ ជាក់ស្តែងក្នុងវិធានការណ៍ប្រឆាំងអំពើពុករលួយ ដ៏តឹងរឹងរបស់លោក, លោកបានចាត់វិធានការណ៍មិនធ្លាប់មានដើម្បីបោសសម្អាតរាល់មន្ត្រីទាំងអស់ដែលពុករលួយ។ នៅឆ្នាំ២០១៦ លោកបានចាត់ទុកខ្លួនឯងថាជា «មេដឹកនាំស្នូល» របស់បក្សដើម្បីក្ដោបក្ដាប់អំណាច។

តាមរយៈទស្សនៈអ្នកវិភាគចិន បានលើកឡើងថា មូលហេតុសំខាន់ដែលជំរុញលោកចង់បន្តការកាន់អំណាច ព្រមទាំងធ្វើវិសោធនកម្មច្បាប់ដោយលុបចោលការកំណត់អាណត្តិ ដោយសារលោកចង់បញ្ចប់រាល់គម្រោងការងារដែលលោកបានចាប់ផ្ដើមតែមិនទាន់បានបញ្ចប់ដែលក្នុងនោះមានដូចជា៖ 
១៖ លាងសម្អាតអំពើពុករលួយឱ្យដល់ចំណុចសូន ដូចជាប្រទេស សិង្ហបុរី
២៖ លុបបំបាតភាពក្រីក្រ និងបង្កើនកម្រិតសេដ្ឋកិច្ចប្រជាពលរដ្ឋ
៣៖ ស្តារឡើងវិញនូវបរិស្ថានប្រទេស ចិន ការពារ និងប្រឆំាងការបំពុលបរិយាកាស
៤៖ រៀបចំគម្រោងការងារ OBOR ដើម្បីទទួលបានផ្លែផ្កា
៥៖ បង្កើនសមត្ថភាពយោធារបស់ប្រទេស ចិន ជាពិសេសកងទ័ពជើងទឹក និងនាវាផ្ទុកយន្តហោះ

ហេតុនេះតាមរយៈគម្រោងខាងលើនេះ យើងនឹងបានឃើញថា នេះជាកំណែទម្រង់ថ្មីក្នុងរយៈពេល ១០ ទៅ១៥ឆ្នាំ ជាពិសេសការបង្រួបបង្រួមរវាងចិន និងតៃវ៉ាន់ ដែលទាមទាជាដាច់ខាតនូវការបន្តអំណាចពីសំណាក់មេដឹកនាំរូបនេះ។ កំណែទម្រង់ទាំងនោះមិនមែនធ្វើឡើងដោយសង្គ្រាមនោះទេ តែកើតឡើងតាមរយៈអំណាចដ៏ខ្លាំងក្លា និងវត្ថមានយោធាដែលមិនអាចមានប្រទេសណាមួយប្រៀបផ្ទឹមបាន”។

ហើយដើម្បីសម្រេចបានតាមគោលដៅខាងលើ លោក ស៊ី ចាំបាច់ត្រូវបន្តកាន់អំណាច។ ជាការពិតរហូតមកទល់ពេលនេះ ក្រៅពីលោក ពិតជាគ្មានអ្នកណាដែលជឿជាក់ថាអំពើពុករលួយ អាចត្រូវបានបញ្ចប់បាននោះទេ។ នៅពេលដែលប្រទេសគ្មានអំពើហិង្សា រដ្ឋាភិបាលគោរពតាមការសន្យា ហេតុនេះមនុស្សនឹងពេញចិត្តព្រមទាំងគាំទ្រពេញទំហឹង ព្រមទំាងចង់ឱ្យលោក ស៊ីជិនពីង កាន់អំណាចបន្ត មិនខុសអីពីប្រជាពលរដ្ឋអាមេរិកដែលចង់ឱ្យលោក ហ្វ្រង់ គ្លីនរ៉ូស្វែលកាន់អំណាចបន្តរហូតដល់៤អាណតិ្ត។

តាមរយៈការច្បាប់ថ្មី នឹងធ្វើឱ្យលោក ស៊ី ក្លាយជាមេដឹកនាំដ៏អស្ចារ្យ ក្នុងការក្តោបក្ដាប់អំណាចក្នុងតំបន់។ ពេលនោះយុគសម័យនៃភាពឯកា អំពើផ្ដាច់ការ និងការគោរពទៅលើ លទ្ធិបុគ្គលនិយមក្នុងប្រទេសចិន ច្បាស់ជាត្រូវបញ្ចប់។ ប្រជាពលរដ្ឋចិន ភាគច្រើនអាចនឹងមានភាពរីករាយចំពោះដំណឹងនេះ បង្ហាញអំណាចចំពោះការបន្តការកាន់អំណាចរបស់លោក ស៊ី ជិនពីង ដោយសារលោកមានមេដឹកនាំប្រកបដោយភាពវៃឆ្លាត ដែលបានទប់ស្កាត់អំពើពុករលួយ ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច កាច់ចង្កូតដឹកនាំប្រទេសចិន ឱ្យក្លាយជាមហាអំណាច មួយនៅលើពិភពលោក។

ជាងនេះទៅទៀតនោះ លោកបានរក្សាសន្តិភាពក្នុងចំណោមប្រជាពលរដ្ឋចិនទូទាំងពិភពលោក មិនបង្កឱ្យមានអំពើហិង្សាក្នុងប្រទេស។ ខណៈដែលលោកបានបង្កើនរក្សាសន្តិភាពក្នុងប្រទេស លោកក៏ថែមទាំងរក្សាជំហរសន្តិភាពជាមួយលោកខាងលិចផងដែរ។ អ្នកជំនាញភាគច្រើនជឿថា ប្រជាពលរដ្ឋចិន មានក្តីរីករាយចំពោះរឿងនេះ។ ប៉ុន្តែផ្ទុយទៅវិញអ្វីដែលគួរឱ្យចាប់អារម្មណ៍ បណ្តាសារព័ត៌មានបោកប្រាស់លោកខាងលិចភាគច្រើន បានប្រឌិតព័ត៌មាន ដោយព្យាយាមអះអាងថា ការលុបចោលការកំណត់អាណត្តិក្នុងនាមជាប្រធានាធិបតីចិន ជារឿងអាក្រក់ទៅវិញ។

និយាយឱ្យខ្លីទៅ ការលុបចោលការកំណត់អាណត្តិ ដើម្បីអាចកាន់អំណាចជាបន្តនេះអាចចាត់ទុកថា ជារឿងល្អ ឬអាក្រក់ វាអាស្រ័យទៅលើសមត្ថភាពរបស់មេដឹកនាំ។ មិនប្រាកដថា មេដឹកនាំថ្មី បទពិសោធន៍ក្មេងខ្ចី ពិតជាអាចដឹកនាំប្រទេសជាតិទៅរកភាពល្អប្រសើរជាងមេដឹកនាំមុនបានឡើយ៕