បណ្តាញសង្គម

អង្គការសហប្រជាជាតិ​ស្វែងរក​ប្រាក់​ជំនួយ​១​ពាន់​លាន​ដុល្លារ​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

ក្រុមមន្ត្រីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យទី១១មីនាថា ប្រាក់ជំនួយជិត១ពាន់លានដុល្លារនឹងត្រូវការចាំបាច់នៅឆ្នាំនេះដើម្បីផ្គត់ផ្គង់ស្បៀងអាហារនិងថ្នាំពេទ្យដល់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល១លាននាក់ ដែលកំពុងរស់នៅជំរំជនភៀសខ្លួន នៅប្រទេសបង់ក្លាដែស។ លោកស្រី មីយ៉ា សេបប៉ូ អ្នកសម្របសម្រួលលំនៅដ្ឋានរបស់អង្គការសហប្រជាជាតិនៅប្រទេសបង់ក្លាដែសបាននិយាយថា ថវិកាចំនួន៩៥០លានដុល្លារសម្រាប់កិច្ចប្រឹងប្រែងក្នុងការផ្តល់ជំនួយនៅឆ្នាំនេះគឺជាសំណើសមស្របនិងត្រឹមត្រូវដើម្បីដោះស្រាយវិបត្តិដ៏ធំនេះ ។ លោកស្រីបាននិយាយថា “វាជាវិបត្តិថ្មីនិងវិវត្តន៍។ សេចក្តីត្រូវការគឺធំធេងណាស់។ ប្រជាជនទាំងនេះមិនមានអ្វីទេ យើងសង្ឃឹមថាការគាំទ្រនឹងបន្ត”។ សំណើថវិកានេះអាចត្រូវបានលើកឡើងនៅសប្តាហ៍នេះនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ នៅពីខែតុលា ក្រុមប្រទេសផ្តល់ជំនួយបានសន្យាផ្តល់ប្រាក់ជំនួយចំនួន៣៤៥លានដុល្លា ដើម្បីឆ្លើយតបចំពោះវិបត្តិរ៉ូហ៊ីងយ៉ា។ អង្គការសហប្រជាជាតិបាននិយាយថា នៅពេលនោះ ខ្លួនត្រូវការប្រាក់ចំនួន៤៣៤លានដុល្លារដើម្បីផ្គត់ផ្គង់ស្បៀងអាហារនិងថ្នាំពេទ្យដល់ក្រុមជនភៀសខ្លួនអ៊ីស្លាមរ៉ូហ៊ីងយ៉ាទាំងនោះរហូតដល់ខែកុម្ភៈ៕