បណ្តាញសង្គម

វៀតណាម​នាំចេញ​គ្រឿង​សមុទ្រ កើប​ចំណូល​ជាង ១ ពាន់​លាន​ដុល្លារ ត្រឹមតែ ២ ខែ​ដើមឆ្នាំ

ទិន្នន័យគយចុងក្រោយបំផុតបានបង្ហាញថា អាហារសមុទ្របានចូលរួមជាមួយក្រុមទំនិញចំនួន ៥ ផ្សេងទៀត ដែលនាំមកនូវប្រាក់ចំណូលយ៉ាងតិច ១ ពាន់លានដុល្លារ គិតជាតម្លៃនាំចេញសម្រាប់វៀតណាមក្នុងរយៈពេល ២ ខែដំបូងនៅដើមឆ្នាំ ២០១៨នេះ។ យោងតាមអគ្គនាយកដ្ឋានគយបានឱ្យដឹងថា ការនាំចេញរបស់វៀតណាមបានកើនឡើងដល់ ៣៣,៦២ ពាន់លានដុល្លារ គិតក្នុងអំឡុងខែមករាដល់ខែកុម្ភៈ ពោលគឺកើនឡើង ២២,៩ ភាគរយធៀបនឹងឆ្នាំមុន។ “ក្លិបលុយពាន់លាន” (សំដៅលើក្រុមទំនិញនាំចេញបានខ្ទង់១ពាន់លានដុល្លារឡើងទៅ) ក្នុងអំឡុងពេល២ខែដំបូងនេះ រួមមានក្រុមទំនិញ ៦ មុខដូចជា ១.ទូរស័ព្ទនិងគ្រឿងបន្លាស់ ២.កុំព្យូទ័រ គ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់ ៣.គ្រឿងម៉ាស៊ីន ឧបករណ៍ប្រើប្រាស់ ប្រដាប់ប្រដាជួសជុលនិង សម្ភារៈផ្សេងទៀត ៤.ស្បែកជើង ៥.វាយនភណ្ឌនិងសម្លៀកបំពាក់ និង ៦.អាហារសមុទ្រ។ គ្រឿងសមុទ្រគឺជាក្រុមទំនិញចំណូលថ្មី ដែលកើបចំណូលខ្ទង់ ១,១ ពាន់លានដុល្លារ ក្នុងអំឡុងពេល២ខែដើមឆ្នាំនេះ គឺកើនឡើង ២០,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ៕