បណ្តាញសង្គម

៣​នាក់​របួស​ដោយ​រញ្ជួយ​ដី​កំលាំង​៥,៧​រិ​ច្ឆ​ទ័រ​នៅ​ជប៉ុន​

រញ្ជួយដីមួយបានវាយប្រហារជប៉ុនខាងលិចកាលពីថ្ងៃចន្ទទី៩មេសា ដោយបណ្តាលអោយមនុស្ស៣នាក់រងរបួសតិចតួច ហើយបង្កការខូចខាតអាគារ និងផ្លូវថ្នល់ នេះបើតាមរបាយការណ៍សារព័ត៌មានជប៉ុន។ អាជ្ញាធរក៏បានព្រមានថា រញ្ជួយដីថែមទៀតអាចកើតមាននៅប៉ុន្មានថ្ងៃទៅមុខ។រំញ័រនៅទីរាក់នេះ ត្រូវបានទីភ្នាក់ងាររញ្ជួយដីជប៉ុនថាមានកំលាំង៦,១ តែអង្គការអង្កេតភូមិសាស្ត្រអាមេរិក បាននិយាយថាវាមានកម្លាំង៥,៧រិច្ឆទ័រ។វាបានធ្វើអោយកក្រើកភាគខាងលិចកោះហុនស៊ូ នៅចម្ងាយ៩៦គ.ម ខាងជើងក្រុងហ៊ីរ៉ូស៊ីម៉ា។ បើតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ មនុស្ស៣នាក់បានរងរបួសតិចតួច ខណៈផ្ទះប្រមាណ១០០ដាច់ទឹកនិងផ្ទះជិត៥០ដាច់ចរន្តអគ្គិសនី។អាគារនិងផ្លូវក៏រងការខូចខាតខ្លះផងដែរ តែស្ថានីយអគ្គិសនីដើរដោយថាមពននុយគ្លេអ៊ែរនៅជិតនោះមិនមានបញ្ហាទេ។ ជប៉ុនស្ថិតលើតំបន់ដែលគេហៅថា«កងភ្លើង» ដែលជាផ្នែកដ៏ធំមួយនៃការរញ្ជួយដីនិងភ្នំភ្លើងនៅលើពិភពលោក ។រញ្ជួយដីដ៏មហាហិនហោចកំលាំង៩រិច្ឆទ័រមួយ កាលពីថ្ងៃ១១ មីនា ឆ្នាំ២០១១ បានបង្ករលកយក្សស៊ូណាមី សម្លាប់មនុស្សរាប់ពាន់នាក់៕