បណ្តាញសង្គម

ផែនការ​ធ្វើ​ដំណើរ​របស់​ទេសច​ររាប់ពាន់នាក់​ត្រូវ​រលាយ​ដោយ​សារ​ហ្វីលីពីន​បិទ​កោះ​មួយ​

អ្នកទេសចររាប់ពាន់នាក់មើលឃើញផែនការធ្វើដំណើរកម្សាន្តរបស់គេត្រូវផ្លាស់ប្តូរ ខណៈហ្វីលីពីនបានប្រកាសថាខ្លួននឹងកេណ្ឌប៉ូលិសដើម្បីរារាំងមិនអោយពួកទេសចរចូលកោះBoracayដែលជាកោះល្អបំផុតមួយនៅក្នុងលោក។ កោះមួយនេះទើបត្រូវបានបោះឆ្នោតជាប់ជាកោះល្អបំផុតមួយនៅក្នុងលោកកាលពី២ឆ្នាំមុន តែសម្រាមនិងការបង្ហូរទឹកសំអុយកាន់តែជាបញ្ហាជាហេតុនាំអោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតេ ប្រកាសបិទវាកន្លះឆ្នាំ ដើម្បីសម្អាតនិងស្តារបរិស្ថានឡើងវិញ។ ត្រូវចាប់ផ្តើមចាប់ពីថ្ងៃ២៦មេសា ការបិទនេះនាំអោយមានការលុបចោលផែនការកម្សាន្តសម្រាកកាយនិងអាពាហ៍ពិពាហ៍ខណៈប៉ូលិសទាហានបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យប្រាប់អោយទេសចរចេញទៅវិញ។ ទោះជាយ៉ាងណា មនុស្សប្រមាណ១៧.០០០នាក់រស់នៅលើកោះBoracayនឹងទទួលបានប្រាក់ឧបត្ថម្ភខ្លះពីរដ្ឋដោយសារតែការបិទនេះប៉ះពាល់ដល់មុខរបររបស់ពួកគេ។ក្នុងពេលជាមួយគ្នា សណ្ឋាគារ ផ្ទះសំណាក់ការីទេសចរណ៍និងស្ថាប័នផ្សេងទៀតរាប់រយត្រូវមមាញឹកទូទាត់ថ្លៃកក់សំបុត្រឬបន្ទប់ជូនភ្ញៀវវិញព្រោះអ្នកខ្លះបានកក់បន្ទប់ទុកតាំងពី២ឆ្នាំមុន។ពិធីមង្គលការចំនួន១៩គូ ភាគច្រើនទៅពីបស្ចិមប្រទេស ក៏ត្រូវបានលុបចោលផងដែរ។ សូមបញ្ជាក់ថា ភ្ញៀវទេសចរប្រមាណ២លាននាក់បានទៅកម្សាន្តលើកោះនេះក្នុងមួយឆ្នាំៗ។ អាជ្ញាធរថៃ កាលពីខែមុនក៏បានប្រកាសបិទឆ្នេរខ្សាច់ Maya Bayលើកោះហ្វីហ្វី ឡេ រយៈពេល៤ខែដើម្បីអោយផ្កាថ្មនិងជីវិតសមុទ្រវិលទៅរកសភាពល្អដូចកាលពីមុន៕