បណ្តាញសង្គម

មនុស្ស​ច្រើន​នាក់​ស្លាប់ និង​របួស​ក្នុងការ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅ​ស៊ី​រី​

ស៊ីរី ៖ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្នុងប្រទេសស៊ីរីបានរាយការណ៍ថា ប្រព័ន្ធការពារផ្លូវអាកាសរបស់យោធាស៊ីរីបានបាញ់ទម្លាក់មីស៊ីលចំនួន៨ដើមបន្ទាប់ពីមូលដ្ឋានទ័ពអាកាសដ៏ធំមួយកន្លែងស្ថិតក្នុងភាគកណ្ដាលប្រទេសស៊ីរីបានទទួលការវាយប្រហារដោយមីស៊ីល។ ទីភ្នាក់ងារព័ត៌មាននោះបានរាយការណ៍ថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសដែលស្ថិតនៅក្នុងខេត្តអូម (Homs) នោះទំនងជាស្នាដៃវាយប្រហាររបស់អាមេរិក។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកមិនបានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរីឡើយ។ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្នុងប្រទេសស៊ីរីបានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីនោះបានធ្វើឲ្យមនុស្សយ៉ាងតិច១៤នាក់បានស្លាប់ ឬរងរបួស។ ព័ត៌មានដែលថា មូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីទទួលរងការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារមួយដែលគេសង្ស័យថា ជាការវាយប្រហារដោយអាវុធគីមីទៅលើតំបន់មួយកន្លែងដែលគ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរីដោយបានបានសម្លាប់មនុស្សយ៉ាងតិច៤០កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ ក្រោយពីមានព័ត៌មាននៃការវាយប្រហារនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធរបស់គេដែលរុស្ស៊ី និងប្រទេសអ៊ីរ៉ង់នឹងទទួលរងផលវិបាកធ្ងន់ធ្ងរដោយសារទង្វើនេះ៕