បណ្តាញសង្គម

ប៉ូលិស​ចុះ​ឆែកឆេរ​ផ្ទះ​២​កន្លែង​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់

ម៉ាឡេស៊ី ៖ ប៉ូលិសម៉ាឡេស៊ីបានចុះប្រតិបត្តិការឆែកឆេរនៅលំនៅឋានចំនួន២កន្លែងរបស់លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីយប់មិញ បន្ទាប់ពីលោកត្រូវគេចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ។ នេះបើតាមសារព័ត៌មាន BBC។ ការចុះឆែកឆេរនេះធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកចាញ់នៅក្នុងការបោះឆ្នោតសកលខណៈដែលលោកព្យាយាមចាកចេញពីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ តាមបញ្ជានាយករដ្ឋមន្ត្រីដែលទើបឡើងកាន់តំណែង ឲ្យមានការស៊ើបអង្កេតឡើងវិញពាក់ព័ន្ធនឹងអំពើពុករលួយ ដែលត្រូវសង្ស័យថា មានទាក់ទងនឹងលោក Najib។ ប៉ុន្តែនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីបានដាក់ឈ្មោះរបស់លោក Najib និងភរិយា ក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតឲ្យពួកគាត់ចេញពីប្រទេសឡើយ។ ប៉ូលិសម៉ាឡេស៊ីបានទទួលស្គាល់ថា ខ្លួនពិតជាបានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់លោក ណាជីប ប្រាកដមែន តែមិនបានឱ្យដឹងអ្វីលម្អិតនោះទេ។ លោក ណាជីប រ៉ាក់ហ្សាក់ ត្រូវបានគេចោទប្រកាន់ថា បានកិបកេងលុយជាង៧០០លានដុល្លារ ពីមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) ដែលលោកផ្ទាល់បង្កើតឡើងកាលពីឆ្នាំ២០០៩ ហើយវាក៏ជាមូលហេតុមួយធ្វើឱ្យ ប្រជាជនម៉ាឡេស៊ីបាត់បង់ទំនុកចិត្តលើរូបលោកផងដែរ៕