បណ្តាញសង្គម

តួ​ក​គី​បណ្ដេញ​បម​ន្ត្រី​អ៊ីស្រាអែល​ចេញពី​ប្រទេស​ក្រោយ​ជម្លោះ​ហិង្សា​នៅ​តំបន់​ហ្គា​ហ្សា

តួកគី ៖ មន្ត្រីក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃពុធថា ប្រទេសតួកគីបានបញ្ជាឲ្យអគ្គកុងស៊ុលរបស់អ៊ីស្រាអែលនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលវិលត្រលប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញដោយសារតែជម្លោះការទូត បន្ទាប់ពីមានការសម្លាប់ក្រុមអ្នកតវ៉ាប៉ាឡេស្ទីន ៦០ នាក់ដោយកងកម្លាំងអ៊ីស្រាអែល ។ ប្រទេសតួកគីគឺជាអ្នករិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងបំផុតនៃការប្រើប្រាស់កម្លាំងសម្លាប់ទៅលើបាតុករនៅព្រំដែនតំបន់ហ្គាហ្សា និងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបើកស្ថានទូតថ្មីរបស់ខ្លួននៅក្នុងពិធីមួយដែលចូលរួមដោយកូនស្រីរបស់លោកប្រធានាធិបតី Donald Trump គឺអ្នកស្រី Ivanka និងកូនប្រសាររបស់គាត់លោក Jared Kushner ។ លោកប្រធានាធិបតី Tayyip Erdogan បានពណ៌នាអំពីការបង្ហូរឈាមកាលពីថ្ងៃចន្ទជាមួយនឹងការសម្លាប់រង្គាលបំផុតសម្រាប់ប្រទេសប៉ាឡេស្ទីនចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាឆ្នាំ ២០១៤ ថាជាការប្រល័យពូជសាសន៍ និងបានហៅប្រទេសអ៊ីស្រាអែលថាជារដ្ឋភេរវករ ។ ក្នុងនោះរដ្ឋាភិបាលបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃផងដែរ ។ ប្រទេសតួកគីបានបណ្តេញឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ីស្រាអែល ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុង Tel Aviv និងទីក្រុងវ៉ាស៊ីនតោនមកវិផងដែរ ។ ទន្ទឹមនោះប្រទេសតួកគីក៏បានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ។ ប្រទេសអ៊ីស្រាអែលក៏បានបណ្តេញអគ្គកុងស៊ុលតួកគីនៅក្រុង Jerusalem ហើយលោក Erdogan បានតបតពាក្យសម្ដីយ៉ាងក្តៅគគុកលើបណ្ដាញ Twitter ជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu ផងដែរ ។ ជម្លោះនេះបង្ហាញពីវិបត្តិការទូតដ៏អាក្រក់បំផុតរវាងមហាអំណាចក្នុងតំបន់ទាំងពីរចាប់តាំងពីទាហានអ៊ីស្រាអែលបានវាយលុកនាវាជំនួយដើម្បីបិទផ្លូវកងទ័ពជើងទឹកតំបន់ហ្គាហ្សាក្នុងឆ្នាំ ២០១០ ដោយសម្លាប់សកម្មជនទួរគី ១០ នាក់ និងជំរុញឲ្យមានការទម្លាក់កំហិតផ្នែកទំនាក់ទំនងការទូតដែលមានរហូតដល់ឆ្នាំ ២០១៦៕