បណ្តាញសង្គម

កូរ៉េខាងត្បូង​គ្រោង​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​រៀបចំ​កិច្ចចរចា​ដែល​លុបចោល​

កូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបាននិយាយកាលម្សិលមិញថា ប្រទេសកូរ៉េខាងត្បូងមានបំណងបន្តការពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីរៀបចំកិច្ចចរចាកម្រិតខ្ពស់ដែលត្រូវបានកូរ៉េខាងជើងលុបចោលកាលពីថ្ងៃពុធ ដោយសារតែខឹងសម្បាចំពោះសមយុទ្ធយោធារួមគ្នារវាងប្រទេសកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក។ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយផងដែរថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាអ្នកសម្របសម្រួលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដើម្បីឲ្យប្រទេសទាំង២អាចរៀបចំកិច្ចប្រជុំកំពូលដោយជោគជ័យនៅក្នុងប្រទេសសិង្ហបុរីនាពេលខាងមុខ។ សេចក្តីថ្លែងការណ៍នោះបានធ្វើឡើងក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានគំរាមនឹងដកខ្លួនចេញពីកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយបាននិយាយថា គេប្រហែលជាមិនចូលរួមកិច្ចប្រជុំនោះទេ ប្រសិនបើអាមេរិកនៅតែបន្តទាមទារជាឯកតោភាគីឲ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ ស្របពេលជាមួយគ្នានោះ មន្ត្រីម្នាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសរបស់ខ្លួនកំពុងព្យាយាមធ្វើការសម្រុះសម្រួលយ៉ាងសកម្មរវាងអាមេរិក និងកូរ៉េខាងជើង នៅពេលភាគីទាំង២ហាក់ដូចជាមានជំហរខុសគ្នាមួយចំនួនក្នុងអំឡុងពេលរៀបចំសម្រាប់ជំនួបកំពូលនាពេលខាងមុខនោះ សូមជម្រាបថា ប្រធានាធិបតី ត្រាំ នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) សម្រាប់កិច្ចប្រជុំកំពូលមួយនៅឯសេតវិមាននៅថ្ងៃទី២២ ខែឧសភា ហើយមេដឹកនាំទាំង២ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូលអាមេរិកនិងកូរ៉េខាងជើងនោះ៕