បណ្តាញសង្គម

ផ្ទុះឡើង​ជាថ្មី​ជំងឺ Ebola! មនុស្ស​២៣​នាក់​ស្លាប់​នៅ​សាធារណរដ្ឋ​កុង​ហ្គោ

អាហ្វ្រិក ៖ មនុស្សចំនួន២៣នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារជំងឺអ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតជាថ្មីចេញពីតំបន់ជនបទទៅកាន់ទីក្រុងមួយនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ លោក អូលី អ៊ីឡាំងហ្គា កាឡេងហ្គា (Oly Ilunga Kalenga)បាននិយាយថា ករណីឆ្លងមួយនៃវីរុស Ebola ត្រូវបានគេរកឃើញនៅក្នុងទីក្រុងម៉ាបានដាកា (Mbandaka) ជាទីក្រុងមួយមានមនុស្សជាងមួយលាននាក់រស់នៅ និងស្ថិតនៅចំងាយ១៣០គីឡូម៉ែត្រពីតំបន់ជនបទមួយដែលករណី ផ្ទុះឡើងវិញនៃវិរុសដ៏ប្រល័យនេះកាលពីដើមខែឧសភា។ លោក Oly Ilunga បានអះអាងដែរថា មនុស្ស៤២នាក់ត្រូវបានរយការណ៍ថា បានឆ្លងវីរុស Ebola ហើយ ខណៈដែល២៣នាក់ត្រូវគេអះអាងថា បានស្លាប់។ ចំណែកឯក្រុមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនកញ្ចប់ថ្នាំពេទ្យ និងវ៉ាក់សាំងច្រើនជាង ៤,០០០កញ្ចប់ ទៅកាន់អាជ្ញាធរកុងហ្គោ មុននឹងកញ្ចប់ដទៃនឹងត្រូវបញ្ជូនក្នុងពេលឆាប់ៗនេះ។ សូមរំលឹកថា វីរុស Ebola បានផ្ដាច់យកអាយុជីវិតមនុស្ស ១១,៣០០នាក់ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន កាលពីចន្លោះឆ្នាំ២០១៤ និង២០១៦៕