បណ្តាញសង្គម

ត្រាំ​ចង់​ត្រួតត្រា​ទី​អវកាស ឋាន​ព្រះ​ចន្ទ និង ភព​អង្គារ​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១៨មិថុនាបានអួតអំពីប្រភពធនធានហិរញ្ញវត្ថុដ៏សម្បូរហូរហៀនិងស្មារតីឧស្សាហកម្មរបស់អាមេរិក និងបានប្តេជ្ញាចិត្តក្នុងការរុករកនៅភពព្រះចន្ទនិងភពអង្គារព្រមទាំងការប្រណាំងប្រជែងណាមួយនៅទីអវកាសនាពេលអនាគត។ លោកត្រាំបានថ្លែងក្នុងសុន្ទរកថានៅឯសេតវិមានថា “អាមេរិកនឹងក្លាយជាអ្នកដំបូងគេនៅក្នុងទីអវកាស” ។ លោកបានបន្ថែមថា “យើងមិនចង់ឱ្យចិននិងរុស្ស៊ីនិងបណ្តាប្រទេសដទៃទៀតនាំមុខយើងទេ។ យើងតែងតែនាំមុខគេជានិច្ច។ រដ្ឋបាលរបស់ខ្ញុំកំពុងតែទាមទារយកបេតិកភណ្ឌរបស់អាមេរិកក្នុងនាមជាប្រទេសជាតិដែលមានទីអវកាសធំជាងគេបំផុតនៅលើពិភពលោក”។ ប្រធានាធិបតីអាមេរិករូបនេះបានអំពាវនាវឱ្យមន្ទីរបញ្ចកោណបង្កើត “កងកម្លាំងអវកាស” អាមេរិកថ្មី ដែលនឹងក្លាយទៅជាមែកធាងទី ៦ នៃយោធាអាមេរិក ប៉ុន្តែតម្រូវឱ្យមានការអនុម័តពីសភាដើម្បីចូលជាធរមាន។ គំនិតដែលលោកត្រាំធ្លាប់បានលើកឡើងពីមុននេះ បានធ្វើឱ្យមានភាពចម្រូងចម្រាស់នៅមន្ទីរបញ្ចកោណនិងក្នុងចំណោមសមាជិកសភា។ លោកត្រាំបាននិយាយថា “យើងនឹងមានកងទ័ពអាកាស ហើយយើងនឹងមានកងកម្លាំងអវកាសដាច់ដោយឡែក ប៉ុន្តែស្មើគ្នា”។ នៅឯមន្ទីរបញ្ចកោណឯណោះវិញ លោកស្រី ដាណា វ៉ាយ អ្នកនាំពាក្យបាននិយាយថា “ក្រុមប្រឹក្សាគោលនយោបាយរបស់យើងនឹងចាប់ផ្តើមធ្វើការលើបញ្ហានេះដែលមានផលប៉ះពាល់ដល់ប្រតិបត្ដិការចារកម្មសម្រាប់កងទ័ពអាកាស កងទ័ពជើងគោក កងទ័ពម៉ារីន និងកងទ័ពជើងទឹក”។ លោកស្រីវ៉ាយបានបន្ថែមថា “ដោយធ្វើការជាមួយសភា នេះនឹងក្លាយជាដំណើរការប្រកបដោយភាពផ្ចិតផ្ចង់ ជាមួយការចូលរួមផ្តល់គំនិតយ៉ាងច្រើនពីអ្នកដែលពាក់ព័ន្ធ”។ ការបង្កើតមែកធាងថ្មីរបស់យោធាមិនអាចកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃបាននោះទេ ព្រោះសភានឹងត្រូវអនុម័តច្បាប់ដែលអនុញ្ញាតឱ្យវាកើតឡើងជាមុនសិន។ សមាជិកគណៈកម្មការយោធាជាន់ខ្ពស់របស់សភា លោក អាដាំ ស្មីត មកពីបក្សប្រជាធិបតេយ្យបាននិយាយថា “រាល់ការផ្លាស់ប្តូរណាមួយរបៀបនេះត្រូវតែបង្កើតឱ្យក្លាយជាច្បាប់សិនដោយសភា” ។ លោកបានបន្ថែមថា “ប្រសិនបើប្រធានាធិបតីត្រាំចង់ធ្វើការផ្លាស់ប្តូរបែបនេះនៅក្នុងសេវាយោធា គាត់គួរតែមកពិភាក្សាអំពីសំណើរបស់គាត់ជាមួយយើង”៕