Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

សហភាព​អឺរ៉ុប​វាយ​ពន្ធ​លើ​សហរដ្ឋអាមេរិក ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង​

  • បោះពុម្ព

សហភាពអឺរ៉ុបបានវាយពន្ធសងសឹកលើផលិតផលល្បីៗរបស់អាមេរិកដូចជាស្រា ខោខូវប៊យ និងម៉ូតូ នៅថ្ងៃសុក្រទី២២មិថុនានេះ នៅក្នុងការបើកឆាករបស់ខ្លួនក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ យោងតាមទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប ការវាយពន្ធ ដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ (ឆ្លងពីថ្ងៃព្រហស្បតិ៍ចូលថ្ងៃសុក្រ) នឹងធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់ទីផ្សារភាគហ៊ុនពិភពលោក ដែលមានការព្រួយបារម្ភរួចទៅហើយដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ ភ្នាក់ងារគយនៅទូទាំងទីផ្សារដ៏ធំធេងរបស់អឺរ៉ុបចំនួន ៥០០ លាននាក់នឹងចាប់ផ្តើមធ្វើការវាយពន្ធ ដែលធ្វើឱ្យផលិតផលអាមេរិកឡើងថ្លៃខ្ពស់នៅតាមផ្សារទំនើបនិងនៅទូទាំងរោងចក្រទាំងអស់។ ទីក្រុងព្រុចសែលបានវាយពន្ធលើផលិតផលអាមេរិកតម្លៃ ៣,៣ ពាន់លានដុល្លារ ក្នុងការសងសឹកតតបវិញចំពោះការសម្រេចចិត្តរបស់លោកត្រាំក្នុងការវាយពន្ធលើការនាំចេញដែកថែបនិងអាលុយមីញ៉ូមរបស់អឺរ៉ុប។ លោកស្រី សេស៊ីលឡា ម៉ាល់ស្ត្រូម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបាននិយាយនៅសប្តាហ៍នេះថា ប្លុក ២៨ ប្រទេសនេះ “គ្មាននៅសល់ជម្រើសអ្វីក្រៅពីវាយពន្ធរបស់ខ្លួននោះឡើយ” បន្ទាប់ពីសេចក្តីសម្រេចជាឯកតោភាគីនិងដ៏អយុត្តិធម៌របស់សហរដ្ឋអាមេរិក។ រួមគ្នាជាមួយនឹងការវាយពន្ធរបស់អាមេរិកលើម៉ិកស៊ិកនិងកាណាដា សមរភូមិពាណិជ្ជកម្មបានលើកឡើងឱ្យឃើញពីការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មសកលលោក ដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុនានាភ័យខ្លាចថានឹងមានផលវិបាកដ៏ធំធេងចំពោះសេដ្ឋកិច្ចពិភពលោក។ លោក រ៉ូបឺត បឺកគ្វីស ប្រធានសេដ្ឋវិទូប្រចាំ SEB បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងបទសម្ភាសមួយថា “យើងកំពុងមានសង្គ្រាមពាណិជ្ជកម្ម ហើយវាជាសង្គ្រាមពាណិជ្ជកម្មដ៏រីករាលដាល”។ គួររំលឹកថា ដំបូងទីក្រុងព្រុចសែលបានគូសវាសបញ្ជីវាយពន្ធនេះឡើងកាលពីខែមីនា នៅពេលដែលលោកត្រាំបានដំឡើងពន្ធចំនួន ២៥ ភាគរយលើការនាំចូលដែកថែប និង ១០ ភាគរយលើអាលុយមីញ៉ូម ដែលតម្រង់គោលដៅទៅលើកាណាដា ម៉ិកស៊ិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀតជាច្រើន៕