បណ្តាញសង្គម

សំបុត្រសង្ស័យមានសារធាតុពុលត្រូវបានផ្ញើទៅសេតវិមាន និងមន្ទីរបញ្ចកោណ

អាមេរិក ៖ មន្រ្តីបាននិយាយកាលពីថ្ងៃអង្គារថា សំបុត្រគួរឱ្យសង្ស័យដែលក្នុងនោះរួមមានទាំងសារធាតុសង្ស័យថាជា “រីស៊ីន” ដែលជាសារធាតុពុលដ៏មានឥទ្ធិពលមួយប្រភេទ ត្រូវបានបញ្ជូនទៅសេតវិមាននិងមន្ទីរបញ្ចកោណនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា ទីភ្នាក់ងារសម្ងាត់អាមេរិកបានទទួលសំបុត្រគួរឲ្យសង្ស័យមួយ ផ្ញើជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ខណៈដែលនៅថ្ងៃដដែលនេះ សំបុត្រសង្ស័យចំនួន២ផ្សេងទៀតត្រូវចាប់បាននៅមជ្ឈមណ្ឌលត្រួតពិនិត្យនៃមន្ទីរបញ្ចកោណអាមេរិក។

លោក Chris Sherwood អ្នកនាំពាក្យមន្ទីរបញ្ចកោណបញ្ជាក់ថា អាជ្ញាធរនៅទីតាំងពិនិត្យ បានរកឃើញសំបុត្រគួរឲ្យសង្ស័យមួយចំនួន កត់សម្គាល់ថា វាសង្ស័យមានសារធាតុ រីស៊ីន។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរកំពុងរង់ចាំការបញ្ជាក់ថា តើសំបុត្រនោះមានសារធាតុរីស៊ីនរឺទេ។ ប៉ុន្តែមន្ទីរបញ្ចកោណបានប្រគល់បញ្ហានេះទៅឲ្យទីភ្នាក់ងារស៊ើបការណ៍ FBI។

មន្រ្តីមន្ទីរបញ្ចកោណអាមេរិកបានប្រាប់សារព័ត៌មាន AFP ថា សំបុត្រទាំងនោះ គឺផ្ញើជូនលោក Jim Mattis រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក និងលោក John Richardson មេបញ្ជាការកងទ័ពជើងទឹកអាមេរិក។

សូមជម្រាបថា សារធាតុ “រីស៊ីន” មានប្រសិទ្ធិភាពដ៏សាហាវដែលរារាំងការបង្កើតប្រូតេអ៊ីននៅក្នុងខ្លួន ដោយអាចសម្លាប់មនុស្សដោយការស្រូបសារធាតុនេះ៕