បណ្តាញសង្គម

ហូឡង់បណ្តេញ​ជនជាតិរុស្ស៊ី០៤នាក់ចេញ​ពីប្រទេសពាក់ព័ន្ធការរៀបចំ​ផែនវាយប្រហារព័ត៌មានវិទ្យា

ហូឡង់ ៖ សារព័ត៌មាន BBC បានចេញផ្សាយថា ជនជាតិរុស្ស៊ី០៤នាក់ត្រូវបានទីភ្នាក់ងារសន្តិសុខហូឡង់បណ្ដេញចេញពីប្រទេសពាក់ព័ន្ធការរៀបចំផែនវាយប្រហារព័ត៌មានវិទ្យា កាលពីខែមេសាកន្លងទៅលើអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី (OPCW)។ ទន្ទឹមនោះរដ្ឋមន្ត្រីការពារជាតិហូឡង់ក៏បានចោទប្រកាន់ដែរថា រុស្ស៊ីបានព្យាយាម Hack ឬលួចព័ត៌មានទាក់ទិងនឹងការស៊ើបអង្កេតលើករណីបាញ់ទម្លាក់យន្ដហោះ MH17។

ជនជាតិរុស្ស៊ីទាំង ០៤នាក់ខាងលើ គឺជាសមាជិករបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី GRU បានដាក់គោលដៅវាយប្រហារព័ត៌មានវិទ្យាប្រឆាំងនឹងអង្គការ OPCW ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ ទន្ទឹមនោះអាជ្ញាធរហូឡង់ក៏បានអះអាងដែរថា ជនសង្ស័យទាំង ០៤នាក់នេះ មានលិខិតឆ្លងដែនប្រភេទការទូត ហើយក្នុងចំណោមពួកគេមានម្នាក់ជាអ្នកជំនាញ IT រីឯកុំព្យូទ័រយួរដៃមួយគ្រឿងដែលត្រូវបានរឹបអូស គឺធ្លាប់ត្រូវប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីល ស្វីស និងម៉ាឡេស៊ី។

សូមជម្រាបថា បច្ចុប្បន្នអង្គការ OPCW កំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់អាវុធគីមីបំពុលសម្លាប់ អតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម្នាក់របស់ខ្លួន នៅលើទឹកដីអង់គ្លេស រួមទាំងការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី បើទោះជាទីក្រុងម៉ូស្គូបដិសេធក៏ដោយ៕