បណ្តាញសង្គម

រថភ្លើងរអិលធ្លាក់ផ្លូវនៅកោះតៃវ៉ាន់បណ្តាលឲ្យមនុស្ស១៨នាក់បាត់បង់ជីវិត និងជិត២០០នាក់រងរបួស

តៃប៉ិក ៖ អាជ្ញាធរផ្លូវដែកតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញបានសម្លាប់១៨នាក់ ខណៈដែល១៨៧នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន១០នាក់របួសធ្ងន់។ នេះបើតាមសារព័ត៌មាន CGTN ចេញផ្សាយនៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរផ្លូវដែកតៃវ៉ាន់បានបញ្ជាក់ថា អ្នកដំណើរសរុប៣៦៦នាក់ បានជិះនៅលើរថភ្លើងល្បឿនលឿន Puyuma Express នៅពេលដែលរថភ្លើងនេះរអិលធ្លាក់ផ្លូវ ក្នុងដំណើរផ្លូវចេញពីស្ថានីយរថភ្លើង Shulin ទៅកាន់ស្ថានីយរថភ្លើង Taitung។

ទោះបីយ៉ាងណាមកទល់នឹងពេលនេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈពួកគេកំពុងបើកការស៊ើប អង្កេត ហើយប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើងនៅឡើយ៕