បណ្តាញសង្គម

លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីដាក់សម្ពាធលើចិន និងរុស្ស៊ី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាសហរដ្ឋអាមេរិកនឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនដើម្បីដាក់សម្ពាធលើរុស្ស៊ី និងចិន បន្ទាប់ពីលោកបានទទួលស្គាល់ថានឹងដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ រយៈចំងាយមធ្យម (INF) ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើង ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ រហូតដល់ពួកគេ (រុស្ស៊ី និងចិន) ភ្ញាក់រឭកឡើងវិញ»។ លោកត្រាំ បន្ថែមថា នេះគឺជាការព្រមានមួយទៅកាន់នរណាក៏ដោយ ក្នុងនោះរួមមានទាំងចិន និងរុស្ស៊ី ឱ្យតែចង់លេងល្បែងនេះ...តែពួកគេ មិនអាចលេងល្បែងនេះជាមួយខ្ញុំបានឡើយ។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថានឹងសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF ជាមួយ រុស្ស៊ីដោយចោទថាទីក្រុងមូស្គូ បានរំលោភពានលើសិទ្ធិសញ្ញានេះ។ ក៏ប៉ុន្តែ រុស្សីបានបដិសេធ ហើយព្រមានវិញថានឹងចាត់វិធាន ការឆ្លើយតប។

សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយ សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយឈានទៅរកការកាត់បន្ថយការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញាបានហាមឃាត់ចំពោះការដាក់ពង្រាយប្រភេទមីស៊ីល ដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ៕