បណ្តាញសង្គម

មនុស្ស២២នាក់ស្លាប់ និង២២នាក់ទៀតរបួសក្នុងករណីផ្ទុះទីតាំងរោងចក្រ​គីមីនៅ​ប្រទេសចិន

ប៉េកាំង ៖ អាជ្ញាធរចិននៅថ្ងៃពុធនេះបានឱ្យដឹងថា មានហេតុការណ៍ផ្ទុះដ៏សម្បើមនៅឯរោងចក្រគីមីមួយកន្លែងស្ថិតនៅខេត្ត ហេបៃ (Hebei) ភាគខាងជើងប្រទេស ដោយបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និង២២នាក់ទៀតរងរបួស ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ យោងតាមអាជ្ញាធរចិន ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅក្បែររោងចក្រគីមី ហេបៃហ្សេងហ័រ (Hebei Shenghua Chemical Co.) ក្នុងទីក្រុង ចាងជាកូវ (Zhangjiakou) ដែលស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះការផ្ទុះដ៏សម្បើមនេះ ក៏បានបំផ្លាញរថយន្ដតូចធំចំនួន៥០គ្រឿងផងដែរ ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។ ទោះបីយ៉ាងណាភ្លាមៗអាជ្ញាធរនៅមិនទាន់បានបញ្ជាក់ ពីមូលហេតុផ្ទុះនេះនៅឡើយទេ ខណៈដែល ការស៊ើបអង្កេតកំពុងធ្វើឡើង៕