បណ្តាញសង្គម

រុស្ស៊ី គ្រោង​បញ្ជូន​ប្រព័ន្ធ S-400 ទៅ​តំបន់ Crimea ក្រោយពី​ភាព​តានតឹង​​កើនឡើង​ជាមួយ​អ៊ុយ​ក្រែ​ន​

រុស្ស៊ី ៖ មេបញ្ជាក់យោធាភូមិភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ ថា រុស្ស៊ី គ្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស S-400 ទៅតំបន់ Crimea ក្រោយពីមានភាពតានតឹងបានកើនឡើងជាមួយប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីរឹបអូសនាវាកងទ័ពជើងទឹកអ៊ុយក្រែនចំនួន ៣គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TASS នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក Vadim Astafyev អ្នកនាំពាក្យយោធាភូមភាគខាងត្បូងរបស់រុស្ស៊ីថា ប្រព័ន្ធការពារមីស៊ីល S-400 នឹងត្រូវបញ្ជូនទៅកាន់តំបន់គ្រីមៀ ក្នុងពេលឆាប់ៗ ហើយនឹងដាក់ឲ្យដំណើរការរហូតដល់ចុងឆ្នាំ២០១៨នេះ។ បច្ចុប្បន្ននេះ នៅតំបន់ Crimea ប្រទេសរុស្ស៊ីបានដំឡើងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចំនួន ៣គ្រឿង ដែលអាចបាញ់បានរហូតដល់ចម្ងាយ ៤០០គីឡូម៉ែត្រ នឹងជួយឲ្យរុស្ស៊ីអាចគ្រប់គ្រងផ្ទៃមេឃមួយភាគធំ លើសមុទ្រខ្មៅ។ គួរបញ្ជាក់ថា វិបត្តិរវាងប្រទេសទាំងពីរបានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ២០១៨ នៅពេលឆ្មាំសមុទ្ររុស្ស៊ីបានបើកការវាយប្រហារ និងរឹបអូសនាវាអ៊ុយក្រែន ដោយក្រុងមូស្គូចោទថា នាវាអ៊ុយក្រែនបានចូលក្នុងដែនទឹករុស្ស៊ីដោយខុសច្បាប់៕