បណ្តាញសង្គម

ស្រ្តីយ៉េមែនម្នាក់ ចង់ជួបមុខកូនប្រុសជិតស្លាប់ជាលើកចុងក្រោយ តែត្រូវជាប់បម្រាមចូលក្នុងសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ស្រី្តជាជនជាតិយ៉ែមែនម្នាក់ត្រូវបានហាមឃាត់ចូលក្នុងទឹកដីអាមេរិក ដើម្បីជួបមុខកូនប្រុសរបស់ខ្លួនជាលើកចុងក្រោយដែលកំពុងឈឺធ្ងន់ក្នុងដំណាក់កាលចុងក្រោយនៃជីវិត ដោយសារតែបម្រាមចូលសហរដ្ឋអាមេរិកនៃលោក ប្រធានាធិបតីដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ក្មេងប្រុសខាលើមានអាយុ២ឆ្នាំ ឈ្មោះ Abdullah Hassan កើតមកមានជំងឺខួរក្បាលធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រូពេទ្យនិយាយថារូបគេមិនអាចបន្តរស់នៅទៀតបានទេ។ ចំណែកឯ ក្រុមគ្រួសារក្មេងប្រុសរូបនេះក៏បានឱ្យដឹងដែរថាម្ដាយរបស់គាត់ចង់ឃើញកូនប្រុសជាលើកចុងក្រោយ។ ប៉ុន្តែលោកស្រីមិនអាចចូលក្នុងសហរដ្ឋអាមេរិកបានឡើយ ដោយសារតែបម្រាមចូលសហរដ្ឋអាមេរិកនៃរដ្ឋបាលលោក ត្រាំ លើប្រជាជនមកពីប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ វេណេស៊ុយអេឡា លីប៊ី សូម៉ាលី និងយ៉េមែន។

គួរបញ្ជាក់ថា ក្មេងប្រុស Abdullah និងឪពុកឈ្មោះ Hassan គឺជាជនជាតិអាមេរិក ហើយកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា រីឯម្ដាយជាជនជាតិយ៉េមែនឈ្មោះ Shaima Swileh កំពុងស្វះស្វែងទទួលបានការលើកលែងពីក្រសួងការបរទេសអាមេរិក ដើម្បីអាចធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកជាបន្ទាន់៕