បណ្តាញសង្គម

ជនជាតិ​កាណាដា​ទី​៣​ត្រូវ​ចាប់ខ្លួន​នៅ​ចិន​តែ​ទំនងជា​មិន​ពាក់ព័ន្ធ​២​ករណី​មុន

នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រុយដូ ក៏បាននិយាយថា លោកមិនចង់បង្កើនជម្លោះបែកបាក់ដែលបង្កឡើងពីការចាប់ខ្លួនមន្ត្រីក្រុមហ៊ុនចិននេះទេ។ ចិនបានចាប់ខ្លួនជនជាតិកាណាដា២នាក់ដោយស្ងាត់ៗដោយសារសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន នៅ៩ថ្ងៃក្រោយការចាប់ឃាត់ខ្លួននាយកក្រុមហ៊ុនចិន។ រដ្ឋាភិបាលក្រុងប៉េកាំងមិនអនុញ្ញាតអោយមន្ត្រីកាណាដាចូលជួបលោកមីសែល កូវរិក អតីតមន្ត្រីការទូតកាណាដាប្រចាំចិនអស់ពេល៤ថ្ងៃ និងសហគ្រិនជនជាតិកាណាដាលោកមីសែល ស្ប៉ាវ័រ អស់ពេល៦ថ្ងៃ។តែការចាប់ឃាត់ខ្លួនជនជាតិកាណាដាទី៣ទំនងជាមិនដូច២ករណីមុនទេដោយមិនស្ថិតក្នុងបញ្ជីចោទប្រកាន់អំពីសន្តិសុខ តែអាចជាបញ្ហាទិដ្ឋាការ នេះបើតាមលោកទ្រុយដូ ដែលថា«មានជនជាតិកាណាដារាប់ពាន់នាក់ដែលរស់នៅនិងធ្វើដំណើរនិងធ្វើការនៅចិន»។ នៅពេលត្រូវបានសួរថាតើដល់កំរិតណាទើបលោកបញ្ជូនការព្រួយបារម្ភទៅកាន់ប្រធានាធិបតីចិន លោកទ្រុយដូបាននិយាយថាមិនទាន់មានភាពចាំបាច់ត្រូវបញ្ជាក់ជំហរនយោបាយឬធ្វើសេចក្តីថ្លែងការណ៍ដើម្បីជួយជនដែលត្រូវចាប់ខ្លួនទាំងនេះទេ។«ការបង្កើនជម្លោះនិងសេចក្តីថ្លែងការណ៍នយោបាយអាចគ្រាន់តែបង្កអំពើមិនស្ថាបនា។វាមិននាំមកលទ្ធផលដូចយើងចង់បានទេ»។ តែមេដឹកនាំប្រឆាំងលោក អ៊ែនឌ្រូ សៀ បាននិយាយថា លោកទ្រុយដូ ចាំបាច់ត្រូវទូរស័ព្ទជួបប្រធានាធិបតីចិន។លោកថា«វាល្មមគ្រប់គ្រាន់ហើយសំរាប់នាយករដ្ឋមន្ត្រីលើកទូរស័ព្ទ ហៅប្រធានាធិបតីស៊ី ទាមទារប្រគល់សុវត្ថិភាពដល់ជនជាតិកាណាដាដែលចិនចាប់ខ្លួន។ការចាប់ឃាត់ខ្លួនជនជាតិកាណាដាណាម្នាក់ដោយហេតុផលនយោបាយឬការទូត ជាការមិនអាចទទួលយកបាន»។ ចំណែកលោកណែលសុន វ៉ាយមែន សាស្ត្រាចារ្យនៅសកលវិទ្យាល័យTorontoបាននិយាយថាលោកទ្រុយដូមើលទៅខ្សោយនិងសម្តីរបស់លោកជនជាតិកាណាដាមិនអាចទទួលយកបានឡើយ៕