បណ្តាញសង្គម

គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់​អនុម័ត​ផែនការ​ពង្រីក​ទិដ្ឋាការ​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ​

គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បានអនុម័តផែនការមួយដើម្បីពង្រីកប្រព័ន្ធទិដ្ឋាការ ដោយអនុញ្ញាតឱ្យប្រជាជនមកពីខាងក្រៅសហភាពអឺរ៉ុបស្វែងរកការងារធ្វើ ខណៈដែលខ្លួនព្យាយាមដោះស្រាយកង្វះកម្មករជំនាញ។ ក្រុមរដ្ឋមន្ត្រីក៏បានអនុម័តកាលពីថ្ងៃពុធទី១៩ធ្នូនូវផែនការមួយដើម្បីដោះស្រាយស្ថានភាពរបស់ជនសុំសិទ្ធិជ្រកកោនដែលបានស្វែងរកការងាររយៈពេលវែងនៅប្រទេសអាល្លឺម៉ង់និងត្រូវបានធ្វើសមាហរណកម្មយ៉ាងល្អ។ ទិដ្ឋាការមានរយៈពេលកំណត់ដែលបច្ចុប្បន្នអាចរកបានសម្រាប់តែនិស្សិតបញ្ចប់ការសិក្សា នឹងត្រូវបានពង្រីកដល់ជនអន្តោប្រវេសន៍ដែលមានជំនាញវិជ្ជាជីវៈនិងចំណេះដឹងផ្នែកភាសាអាល្លឺម៉ង់។ រដ្ឋមន្ត្រីក្រសួងការងារលោកហ៊ូបឺធូស ហៀល បាននិយាយថា គោលបំណងសំខាន់គឺឱ្យប្រព័ន្ធដែលពួករដ្ឋមន្ត្រីបានព្រមព្រៀងជាគោលការណ៍កាលពីខែតុលា ចូលជាធរមាននៅដើមឆ្នាំ២០២០។ ដូចបណ្តាប្រទេសអឺរ៉ុបដទៃទៀតដែរ អាល្លឺម៉ង់កំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងតម្រូវការទីផ្សារការងាររបស់ខ្លួនដែលសម្បូរមនុស្សចាស់ និងការព្រួយបារម្ភអំពីអន្តោប្រវេសន៍៕