បណ្តាញសង្គម

អាមេរិក​ចោទប្រកាន់​ហ៊ែ​ក​ឃើ​ចិន​២​នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​

ក្រុមមន្ត្រីអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២០ធ្នូបាននិយាយថា ពួកហ៊ែកឃើ (Hacker) ជនជាតិចិន២នាក់បានធ្វើយុទ្ធនាការយ៉ាងទូលំទូលាយជំនួសឱ្យទីភ្នាក់ងារចារកម្មដ៏សំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីលួចយកអាថ៌កំបាំងពាណិជ្ជកម្មនិងព័ត៌មានផ្សេងៗពីទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិក និង “ជនសំខាន់ៗ” នៃសាជីវកម្មធំៗនៅសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត។ ការចោទប្រកាន់នេះគឺជាសំណុំរឿងព្រហ្មទណ្ឌចុងក្រោយបំផុតនៅក្នុងរឿងក្តីព្រហ្មទណ្ឌរបស់ក្រសួងយុត្តិធម៌អាមេរិកដែលផ្ដោតសំខាន់លើការធ្វើចារកម្មតាមអ៊ីនធឺណេតរបស់ចិននិងគាប់ជួនទៅនឹងសេចក្តីប្រកាសមួយដោយចក្រភពអង់គ្លេសដែលស្តីបន្ទោសក្រសួងសន្តិសុខរដ្ឋចិនចំពោះការលួចអាថ៍កំបាំងពាណិជ្ជកម្មដែលប៉ះពាល់ដល់បណ្តាប្រទេសលោកខាងលិច។ ក្រុមហ៊ែកឃើ ដែលម្នាក់ក្នុងចំណោមនោះមានរហស្សនាមថា “Godkiller” ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើបណ្តាញកុំព្យូទ័រដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០០៦ នៅក្នុងឧស្សាហកម្មជាច្រើនដូចជាអាកាសចរណ៍និងអវកាស ហិរញ្ញវត្ថុប្រេងនិងឧស្ម័ន បច្ចេកវិជ្ជាផ្កាយរណបនិងឱសថ។ ក្រុមរដ្ឋអាជ្ញានិយាយថា ពួកហ៊ែកឃើនេះក៏ទទួលបានឈ្មោះ លេខសន្តិសុខសង្គម និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតរបស់បុគ្គលិកកងទ័ពជើងទឹកជាង ១០០.០០០ នាក់ផងដែរ។ នៅក្នុងការផ្លាស់ប្តូរថ្មីដែលឆ្លុះបញ្ចាំងពីការវិវត្តរបស់សាជីវកម្មកុំព្យូទ័រ ពួកហ៊ែកឃើទាំងនោះបានជ្រៀតចូលទៅក្នុងក្រុមហ៊ុនផ្ទុកទិន្នន័យកុំព្យូទ័រលើអ៊ីនធឺណេត (Cloud Computing) និងក្រុមហ៊ុនផ្តល់បច្ចេកវិជ្ជាសំខាន់ៗដទៃទៀតដើម្បីចូលមើលឯកសារដ៏មានតម្លៃរបស់អតិថិជនដោយប្រយោល។ ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកហ៊ែកឃើបានលួចទិន្នន័យ “រាប់រយជីហ្គាបៃ” ដោយរំលោភបំពានលើកុំព្យូទ័ររបស់អង្គភាពជាង ៤៥ នៅក្នុងរដ្ឋចំនួន ១២ រួមទាំងមន្ទីរពិសោធម៉ាស៊ីនយន្តហោះរបស់ និងមជ្ឈមណ្ឌលអវកាស Goddard របស់អង្គការណាសា។ ពួកហ៊ែកឃើ ដែលគេស្គាល់ថាជាសមាជិកនៃក្រុម APT10 ឬ “Stone Panda” មិនត្រូវបានឃុំឃាំងទេ។ រដ្ឋអាជ្ញាបាននិយាយថា ឈ្មោះរបស់ពួកគេគឺ ជូ ហ៊ួ (Zhu Hua) និងចាង ស៊ីលឡុង (Zhang Shillong)៕