បណ្តាញសង្គម

ចំនួន​មនុស្ស​ស្លាប់​ដោយ​ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​១៦៨​នាក់ និង​៧៤៥​នាក់​រងរបួស​

រលកសមុទ្រធំៗដែលអាចបង្កឡើងពីការផ្ទុះភ្នំភ្លើងលើកោះមួយ បានសម្លាប់មនុស្សយ៉ាងតិច១៦៨នាក់ នៅចន្លោះច្រកសមុទ្រស៊ុនដារបស់ឥណ្ឌូនេស៊ី។មនុស្សប្រមាណ៧៤៥នាក់ទៀតក៏បានរងរបួសនិង៣០នាក់កំពុងបាត់ខ្លួនក្នុងគ្រោះមហន្តរាយដែលបានវាយប្រហារគ្មានការព្រមានជាមុនកាលពីយប់ថ្ងៃសៅរិ៍ទី២២ធ្នូ ។ ពួកអ្នកវិទ្យាសាស្ត្រមកពីទីភ្នាក់ងារភូមិសាស្ត្រនិងរញ្ជួយដីឥណ្ឌូនេស៊ីបាននិយាយថា វាអាចបង្កឡើងពីការបាក់ដីនៅបាតសមុទ្រដោយសារតែការផ្ទុះភ្នំភ្លើង អាណាកក្រាកាតាវ។ពួកគេក៏និយាយដល់ជំនោរសមុទ្របង្កឡើងដោយព្រះចន្ទពេញវង់ផងដែរ។ តំបន់រងគ្រោះខ្លាំងជាងគេគឺ ប៉ានដេកឡាង នៅខេត្តបាន់តេនលើកោះជ្វា ។ ក្នុងពេលជាមួយគ្នា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងបានបញ្ជាទៅបណ្តាទីភ្នាក់ងាររដ្ឋអោយឆ្លើយតបជាប្រញាប់ចំពោះគ្រោះមហន្តរាយនេះ។ភ្នំភ្លើងអាណាក ក្រាកាតាវ(Anak Krakatau )ដែលភ្ជាប់មហាសមុទ្រឥណ្ឌានិងសមុទ្រជ្វា បានផ្ទុះនៅប្រមាណ២៤នាទីមុនកើតមានស៊ូណាមិ។ត្រីនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវស៊ូណាមិឥណ្ឌូនេស៊ី បាននិយាយថា រលកយក្សទាំងនេះទំនងជាបង្កឡើងដោយការបាក់ផ្ទាំងដី នៅពេលមួយផ្នែកធំនៃជំរាលភ្នំភ្លើងបាក់ស្រុត។ការផ្ទុះក៏អាចបង្កបំណាក់ដីនៅលើគោកឬនៅបាតសមុទ្រ ដែលកម្លាំងបាក់ទាំងពីរសុទ្ធតែអាចបង្កជាស៊ូណាមិ។ លោកបានបន្ថែមថា« តាមពិតស៊ូណាមិនេះមិនជាធំប៉ុន្មានទេ កំពស់ប្រមាណ១ម៉ែត្រ។បញ្ហានៅត្រង់ថា ប្រជាជនរស់នៅនិងសង់អ្វីៗនៅជាប់ឆ្នេរ»។ ការខូចខាតសម្ភាររួមមាន ផ្ទះខូវខាតខ្លាំង៤៣០ សណ្ឋាគារ៩ខូចខាតនិងនាវាចំនួន១០ក៏ខូចខាតផងដែរ។ រំលឹកថា កាលពីខែកញ្ញា មនុស្សជាង២.៥០០នាក់ត្រូវបានសម្លាប់ដោយរញ្ជួយដីនិងរលកស៊ូណាមិ ដែលបានវាយប្រហារក្រុងប៉ាលូនៅលើកោះស៊ូឡាវេស៊ី របស់ឥណ្ឌូនេស៊ី៕