បណ្តាញសង្គម

អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ជាប់ពន្ធនាគារ​៧​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​

តុលាការមួយបានកាត់ទោសអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកណាវ៉ាស សារីហ្វ (Nawaz Sharif) ឱ្យជាប់គុក ៧ ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយកាលពីថ្ងៃចន្ទទី២៤ធ្នូ។ គណបក្សរបស់លោកបាននិយាយថា ការសម្រេចនេះគឺជា “ចំណុចខ្មៅ” នៅក្នុងប្រព័ន្ធយុត្តិធម៌។ សាលក្រមនេះបានកើតឡើងបន្ទាប់ពីលោកសារីហ្វត្រូវបានដកចេញពីអំណាចកាលពីឆ្នាំមុនជុំវិញការចោទប្រកាន់អំពីការប្រព្រឹត្តអំពើពុករលួយ។ លោកសារីហ្វ ដែលធ្លាប់បានបំពេញការងារជានាយករដ្ឋមន្ត្រីអាណត្តិទី៣របស់លោក បានបដិសេធរាល់ការធ្វើខុសណាមួយ។ គាត់ត្រូវបានចោទប្រកាន់ថាមានទ្រព្យសម្បត្តិលើសពីប្រភពចំណូលដែលគេដឹងហើយត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលក្រមត្រូវបានប្រកាសភ្លាមៗ។ គាត់អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ដែលក្រោមសាលក្រមនេះគាត់ក៏ត្រូវបានពិន័យ ២៥ លានដុល្លារផងដែរ ដោយសារមិនបានបង្ហាញពីរបៀបដែលគ្រួសាររបស់គាត់បានបង្កើតរោងចក្រផលិតដែកថែប Al Azizia Steel Mills នៅពេលដែលគាត់ត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយលោកភើវេស មូសារ៉ាហ្វ (Pervez Musharraf) ជាអតីតជនផ្តាច់ការដែលបានផ្តួលរំលំរដ្ឋាភិបាលលោកសារីហ្វកាលពីឆ្នាំ ១៩៩៩។ តុលាការដដែលនេះបានសម្រេចឱ្យលោកសារីហ្វរួចខ្លួនក្នុងករណីទី ២ ទាក់ទងនឹងជំនួញរបស់គ្រួសារគាត់នៅចក្រភពអង់គ្លេស។ យោងតាមអង្គភាពប្រឆាំងអំពើពុករលួយរបស់ប៉ាគីស្ថាន អង្គភាពនេះនឹងតវាប្រឆាំងនឹងការសម្រេចឱ្យរួចខ្លួនក្នុងករណីទី២ដល់លោកសារីហ្វ ដែលត្រូវគេបញ្ជូនចូលគុកមួយថ្ងៃមុនថ្ងៃខួបកំណើតរបស់គាត់។ បន្ទាប់ពីត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារទីក្រុងរ៉ាវ៉ាល់ពីនឌី (Rawalpindi) លោកសារីហ្វត្រូវគេរំពឹងថានឹងត្រូវបញ្ជូនមកពន្ធនាគារក្នុងទីក្រុងឡាហ័រនៅថ្ងៃអង្គារទី២៥ធ្នូតាមសំណើរបស់គាត់៕