បណ្តាញសង្គម

កងកម្លាំង​គាំទ្រ​ដោយ​តួ​ក​គី​ត្រៀមខ្លួន​ជំនួស​កងទ័ព​អាមេរិក​នៅ​ស៊ី​រី​

ពួកអ្នកប្រយុទ្ធគាំទ្រដោយតួកគីបាននិយាយកាលពីថ្ងៃចន្ទទី២៤ធ្នូថាពួកគេកំពុងរៀបចំធ្វើដំណើរទៅភាគខាងកើតប្រទេសស៊ីរីរួមជាមួយកងទ័ពតួកគីនៅពេលដែលកងកម្លាំងអាមេរិកដកចេញ ហើយកំពុងប្រមូលផ្ដុំគ្នានៅជួរមុខនៃទីក្រុងដែលគ្រប់គ្រងដោយកងកម្លាំងឃឺដ។ ការដកទ័ពអាមេរិកនេះនឹងទុកឱ្យគ្រប់ភាគីនាំគ្នាដណ្តើមកាន់កាប់តំបន់ភាគខាងកើតស៊ីរីដែលសម្បូរដោយប្រេង។ បច្ចុប្បន្ន តំបន់ខាងកើតនេះត្រូវបានគ្រប់គ្រងដោយកងកម្លាំងឃឺដ ដែលអាមេរិកបានគាំទ្រអស់រយៈពេលជាង៤ឆ្នាំ ជាមួយភាគីជាច្រើនកំពុងចង់ដណ្តើមកាន់កាប់ក្នុងតំបន់នេះ។ បច្ចុប្បន្ន តំបន់ខាងកើតនេះកំពុងប្រឈមនឹងការគំរាមកំហែងពី៣ភាគីគឺរដ្ឋាភិបាលស៊ីរី ក្រុមរដ្ឋអ៊ីស្លាម និងតួកគី ដែលចាត់ទុកពួកឃឺដជាភេរវករ ដោយសារតែការផ្សាភ្ជាប់របស់ពួកគេទៅនឹងក្រុមបះបោរឃឺដនៅក្នុងប្រទេសតួកគី។លោកយូសសេហ្វ ហាមម៉ូដ (Youssef Hammoud) អ្នកនាំពាក្យរបស់ក្រុមប្រឆាំងស៊ីរីដែលគាំទ្រដោយតួកគីបាននិយាយថា ពួកគេមានអ្នកប្រយុទ្ធហ្វឹកហាត់ច្បាស់លាស់រហូតដល់ទៅ ១៥.០០០ នាក់ត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយជាមួយកងកម្លាំងតួកគី ហើយពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលទៅកាន់ទីក្រុងម៉ានប៊ីស (Manbij) ជាក្រុងរដ្ឋបាលគ្រប់គ្រងដោយពួកឃឺដនៅភាគខាងជើងស៊ីរី កន្លែងដែលកងទ័ពអាមេរិកឈរជើង។ លោកហាមម៉ូដបាននិយាយថា “គ្មានជម្រើសអ្វី” ចំពោះកងកម្លាំងតួកគីនិងសម្ព័ន្ធមិត្តរបស់ពួកគេក្រៅតែពីជំនួសកងទ័ពអាមេរិកនោះឡើយ។ លោកហាមម៉ូដបាននិយាយថា “យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស” ទោះបីពួកសកម្មប្រយុទ្ធអាយស៊ីសភាគច្រើនបានដកថយទៅកាន់តំបន់ដាច់ស្រយាលរាប់រយគីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានប៊ីសក៏ដោយ។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសកាលពីសប្តាហ៍មុនថា អាមេរិកនឹងដកកងកម្លាំងសរុបចំនួន ២.០០០ របស់ខ្លួននៅក្នុងប្រទេសស៊ីរី ជាចំណាត់ការមួយដែលនឹងទុកឱ្យតំបន់ខាងកើតស៊ីរីសម្បូរប្រេងត្រូវភាគីដទៃដណ្តើមគ្នាកាន់កាប់៕