បណ្តាញសង្គម

ការវាយប្រហារ​នៅ​បរិវេណ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​២៩​នាក់​

ក្រុមមន្ត្រីបាននិយាយថាយ៉ាងហោចណាស់មនុស្ស២៩នាក់បានស្លាប់នៅក្នុងការវាយប្រហារអត្តឃាតនិងការបាញ់កាំភ្លើងទៅលើបរិវេណរដ្ឋាភិបាលមួយនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទទី២៤ធ្នូ ។ មនុស្ស២០នាក់ផ្សេងទៀត បានរងរបួសក្នុងអំឡុងការវាយប្រហារនៅបរិវេណនៃក្រសួងក្រសួងកិច្ចការសាធារណៈអាហ្វហ្គានីស្ថាននៅក្រុងកាប៊ុល។ បុគ្គលិករាប់រយនាក់បានជាប់នៅខាងក្នុងអគារនោះនៅពេលនោះ ហើយអ្នកខ្លះត្រូវបានរាយការណ៍ថាបានលោតចុះមកខាងក្រោមដើម្បីសុវត្ថិភាព។ គេមិនដឹងច្បាស់ភ្លាមៗទេថាតើនរណាឬក្រុមណាបានធ្វើការវាយប្រហារនោះទេ។ ប៉ុន្តែ ទាំងក្រុមរដ្ឋអ៊ីស្លាមនិងពួកតាលីបានបានធ្វើការវាយប្រហារស្រដៀងគ្នានេះកាលពីអតីតកាល។ ហេតុការណ៍នេះត្រូវបានរាយការណ៍ថាបានចាប់ផ្តើមជាមួយនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតបង្កប់ក្នុងរថយន្តមួយនៅជិតច្រកចូលអគារនោះ នៅមុនពេលដែលក្រុមជនប្រដាប់អាវុធបានសម្រុកចូលខាងក្នុង។ លោក Najib Danish អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា មនុស្សជាង៣៥០នាក់ ត្រូវបានរំដោះចេញពីការិយាល័យកិច្ចការសាធារណៈនោះ។ លោកបាននិយាយថា ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់ បានស្លាប់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ទាំងនេះ។អ្នកវាយប្រហារ៣នាក់ ក៏ត្រូវបានបាញ់សម្លាប់ផងដែរ៕