បណ្តាញសង្គម

៨​នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ចាប់ពង្រត់​រថយន្តក្រុង​និង​បើក​បុក​ហ្វូង​អ្នកដំណើរ​នៅ​ចិន​

មនុស្ស៨នាក់ត្រូវបានសម្លាប់និង២២នាក់រងរបួសក្រោយរថយន្តក្រុងដែលត្រូវបានចាប់ពង្រត់មួយបានបុកអ្នកដំណើរនៅក្នុងខេត្តហ្វ៊ុយជាំងភាគខាងកើតកាលពីថ្ងៃអង្គារទី២៥ធ្នូ។ទូរទស្សន៍ចិនCGTN បាននិយាយថាជនចាប់ពង្រត់ដែលកាន់កាំបិតត្រូវបានចាប់ខ្លួនសួរចម្លើយដោយប៉ូលិស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ៣និង២០នាទីរសៀលថ្ងៃអង្គារនៅក្នុងទីក្រុងឡុងយ៉ាន ។ប៉ូលិសម្នាក់ស្ថិតចំណោមអ្នកស្លាប់។ រូបវីដេអូបង្ហាញ មនុស្សរងរបួសជាច្រើនដេកដួលលើផ្លូវជិតរថយន្តក្រុងដែលបុកខ្ទេចខាងមុខ។វាក៏បង្ហាញប៉ូលិសចាប់មនុស្សម្នាក់រុញខ្ទប់ទៅនឹងដី។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ជនសង្ស័យជាបុរសអាយុ៤៨ឆ្នាំ។ជននេះបានវាយប្រហារអ្នកដំណើរស្រីម្នាក់មុនចាប់យករថយន្តក្រុមមកគ្រប់គ្រង។ ចិនជួបឧបទ្ទវហេតុស្រដៀងគ្នាដូច្នេះជាបន្តបន្ទាប់នៅឆ្នាំនេះ។កាលពីចុងខែវិច្ឆិកា រថយន្តមួយបានបើកបុកចូលហ្វូងសិស្សមួយក្រុមដែលឆ្លងកាត់ផ្លូវនៅមុខសាលាបឋមសិក្សាមួយក្នុងខេត្តឡាវនិញ ដោយសម្លាប់មនុស្ស៥នាក់និងរបួសយ៉ាងតិច១៩នាក់។ នៅខែតុលា មនុស្ស៣នាក់ត្រូវបានសម្លាប់នៅពេលបុរសម្នាក់ បានបើករថយន្តបុកចូលហ្វូងមនុស្សនៅក្នុងខេត្តហ្សេជាំង ក្រោយចាក់សម្លាប់មនុស្ស។នៅមួយខែមុននោះបុរសម្នាក់ក៏បានបើករថយន្តបុកចូលហ្វូងមនុស្សនៅក្នុងខេត្តហ៊ីណាន មុនចាក់កាប់អ្នកឈរមើលដោយមិនរើសមុខ។ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស១១នាក់ និងរបួស៤៤នាក់។ បទឧក្រិដ្ឋហិង្សាមានកំណើននៅចិននៅរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ខណៈគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែកាន់តែរីគធំយ៉ាងលឿន៕