បណ្តាញសង្គម

ផ្ទុះ​ភ្នំភ្លើង​ឥណ្ឌូនេស៊ី​ជាថ្មី ខណៈ​ចំនួន​មនុស្ស​ស្លាប់​ពី​ស៊ូ​ណា​មី​កើន​លើស​៤០០​នាក់​

ការផ្ទុះភ្នំភ្លើងAnak Krakatauជាថ្មីកាលពីថ្ងៃអង្គារបានបង្កការភិតភ័យនិងនាំអោយមានការភៀសខ្លួនចេញពីតំបន់ឆ្នេរក្នុងចំណោមអ្នកស្រុកដែលទើបរងការវាយប្រហារដោយស៊ូណាមីដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងនេះដែលរហូតមកទល់ពេលនេះបានសម្លាប់មនុស្សជាង៤០០នាក់និងជាង១ពាន់នាក់រងរបួស។ ពួកអ្នកស្រុកក៏ដូចជាមន្ត្រីនីតំបន់ស៊ូមួរ បានប្រញាប់ប្រញាល់នាំគ្នាឡើងទៅកាន់ទីខ្ពស់ៗក្រោយឮសម្លេងផ្ទុះនៅម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃអង្គារ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថាសម្លេងនោះចេញមកពីការផ្ទុះភ្នំភ្លើង Anak Krakatau ។ ពួកមន្ត្រីបាននិយាយថា ភស្តុតាងបង្ហាញថាមានការផ្ទុះចេញពីភ្នំភ្លើងដែលញ័រមួយនៅច្រកសមុទ្រស៊ុនដា បានបណ្តាលអោយជំរាលភ្នំមួយផ្នែកបាក់ចូលក្នុងសមុទ្រ បុកទឹកបង្កជាស៊ូណាមីកាលពីថ្ងៃ២២ធ្នូ។ ស៊ូណាមីនេះរហូតមកទល់ថ្ងៃអង្គារ បានសម្លាប់មនុស្ស៤២៩នាក់ បាត់ខ្លួន១៥៤នាក់ទៀតនិងជិត១.៥០០នាក់រងរបួស។អ្នកស្រុកជាង១៦.០០០នាក់បានរើទៅស្នាក់នៅកន្លែងខ្ពស់ៗ ខណៈការព្រមានអំពីទឹកសមុទ្រឡើងខ្ពស់ត្រូវបានបន្តដល់ថ្ងៃពុធ៕