បណ្តាញសង្គម

នាវា​ផ្ទុក​យន្តហោះ​ថ្មី​បំផុត​របស់​ចិន​ចាប់ផ្តើម​ការសាកល្បង​ហោះហើរ​និង​ចុះចត​យន្តហោះ​ចម្បាំង​

នាវាផ្ទុកយន្តហោះផលិតក្នុងស្រុកចិនជាលើកដំបូងឈ្មោះថា Type 001A បានចាប់ផ្តើមការសាកល្បងនៅសមុទ្រជាលើកទី ៤ នៅមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសាខាងមុខ។ ការសាកល្បងទាំងនេះនឹងតេស្តទៅលើប្រព័ន្ធអាកាសចរណ៍របស់ខ្លួនជាលើកដំបូង។ ខណៈការប្រកាសជាផ្លូវការអំពីការសាកល្បងនេះពុំត្រូវបានធ្វើឡើងនោះ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ធ្នូដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្រនៃប្រទេសចិនបានកត់សម្គាល់ថា ច្រកសមុទ្រប៉ូហៃ និងផ្នែកខ្លះនៃសមុទ្រលឿងនឹងត្រូវបិទចរាចរណ៍រវាងថ្ងៃទី ២៨ ធ្នូនិងថ្ងៃទី ៤ មករា។ ក្នុងពេលជាមួយគ្នានេះដែរ រូបថតនិងវីដេអូជាច្រើនបានបង្ហាញនាវាផ្ទុកយន្តហោះប្រវែង ៣១៥ ម៉ែត្រ ទម្ងន់ ៧០.០០០ តោននេះដាក់ចុះលើទឹកសមុទ្រនៅកំពង់ផែក្រុងតាលៀនកាលពីថ្ងៃព្រហស្បតិ៍។ លោក វ៉ាង យុនហ្វី អ្នកជំនាញការផ្នែកកងទ័ពជើងទឹកនិងជាមន្ត្រីកងទ័ពជើងទឹកចូលនិវត្តន៍បានប្រាប់កាសែត Global Times កាលពីថ្ងៃព្រហស្បតិ៍អំពីការសាកល្បងដែលបានរាយការណ៍នេះថា “ក្នុងអំឡុងពេលសាកល្បងលើសមុទ្រ ផ្នែកអាកាសចរណ៍របស់នាវាផ្ទុកយន្តហោះនេះនឹងត្រូវបានរៀបចំឡើងជាលើកដំបូង”។ លោកបានកត់សម្គាល់ថានាវានេះក៏នឹងសាកល្បងលើប្រព័ន្ធរ៉ាដា ទូរគមនាគមន៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស រួមជាមួយនឹងឧបករណ៍សម្រាប់ការហោះហើរនិងចុះចតរបស់យន្តហោះចម្បាំងផងដែរ៕