បណ្តាញសង្គម

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នៅតែ​ឈរលើ​ទី​កំពូល​ក្នុង​ការស្ទង់មតិ​មុន​ការបោះឆ្នោត តែ​ព្យុះភ្លៀង​កំពុង​រង់ចាំ​នៅពេល​ខាងមុខ

ការកាន់តំណែងកំពូលដ៏យូររបស់នាយករដ្ឋមន្ត្រីបេនចាមីន ណេតាន់យ៉ាហ៊ូនៅក្នុងនយោបាយអ៊ីស្រាអែលបានឃើញគាត់យកឈ្នះលើក្រុមគូប្រជែងជាមួយការដឹកនាំពោរពេញដោយជំនាញនិងភាពស្តាំនិយមរបស់គាត់ ប៉ុន្តែល្បែងនយោបាយចុងក្រោយបំផុតរបស់គាត់បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថាតើវានឹងជាល្បែងចុងក្រោយរបស់គាត់ឬយ៉ាងណា។ អ៊ីស្រាអែលកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតនៅថ្ងៃទី៩ខែមេសា ហើយខណៈពេលដែលការស្ទង់មតិបង្ហាញថាលោកណេតាន់យ៉ាហ៊ូទំនងជានឹងយកឈ្នះម្តងទៀត ការស៊ើបអង្កេតអំពីអំពើពុករលួយជាបន្តបន្ទាប់បាននាំឱ្យមានការរំពឹងទុកថាតើគាត់នឹងត្រូវបង្ខំឱ្យចុះចេញពីតំណែងនាពេលខាងមុខឬយ៉ាងណានោះ។ គាត់នឹងមិនត្រូវតម្រូវឱ្យលាលែងពីតំណែងតាមច្បាប់នោះទេប្រសិនបើត្រូវបានចោទប្រកាន់ ប៉ុន្តែសម្ពាធនយោបាយច្បាស់ជានឹងមានភាពខ្លាំងក្លា ហើយដៃគូចម្រុះនាពេលអនាគតនឹងត្រូវសម្រេចថាត្រូវប្រកាន់ខ្ជាប់ជាមួយគាត់ឬយ៉ាងណា។ ការសម្រេចរបស់អគ្គរដ្ឋអាជ្ញាអំពីការចោទប្រកាន់ទាំងនោះត្រូវគេរំពឹងថានឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខ។ ក្រុមអ្នកវិភាគជាច្រើននាក់ជឿថា លោកណេតាន់យ៉ាហ៊ូបានជំរុញឱ្យបោះឆ្នោតមុនកាលកំណត់៧ខែ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់ដែលអាចធ្វើឡើងណាមួយ ជាមួយនឹងអាណត្តិថ្មីពីអ្នកបោះឆ្នោត។ វាមិនមែនជារឿងឆ្លាតទេដែលនាំគ្នាភ្នាល់អំពីការដួលរលំរបស់គាត់ពីឥឡូវនេះទៅ។ ប្រសិនបើគាត់ឈ្នះនៅខែមេសា គាត់នឹងស្ថិតនៅលើផ្លូវដើម្បីដណ្ដើមឯតទគ្គកម្មពីបិតាស្ថាបនិកលោកដេវីត បេន ហ្គោរៀន (David Ben-Gurion) ដែលកាន់តំណែង ១៣ ឆ្នាំ ហើយលោកណេតាន់យ៉ាហ៊ូច្បាស់ណាស់គឺដឹងអំពីរឿងដ៏សំខាន់នេះ។ លោក អានសែល ហ្វេសហ្វើ អ្នកសារព័ត៌មាននៅកាសែតអ៊ីស្រាអែល Haaretz និងជាអ្នកនិពន្ធសៀវភៅជីវប្រវត្តិរបស់លោកណេតាន់យ៉ាហ៊ូដែលបានចេញផ្សាយថ្មីៗនេះបាននិយាយថា “គាត់គ្មានផែនការលាឈប់ពីតំណែងនិងគ្មានផែនការចុះចាញ់នោះទេ ហើយគាត់ជឿថាគាត់អាចផ្តួលរាល់ការចោទប្រកាន់ប្រឆាំងនឹងគាត់បាន”៕