បណ្តាញសង្គម

ទឹកជំនន់​នៅ​វៀតណាម​បណ្តាលឱ្យ​ខូចខាត​ជាង​១៩​លាន​ដុល្លារ​ខណៈ​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​២១​នាក់

មនុស្ស២១នាក់ត្រូវបានអះអាងថាបានស្លាប់ដោយសារទឹកជំនន់នៅខេត្តLai Chau និងខេត្តHa Giang ភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃពុធ ខណៈដែលការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ ត្រូវបានប៉ាន់ប្រមាណថាអស់ទឹកប្រាក់១៩,៨លានដុល្លារ។ មនុស្ស៩នាក់ នៅបាត់ខ្លួននៅឡើយនៅខេត្តLai Chau ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះកាលពីយប់ថ្ងៃអាទិត្យ ដោយបានបណ្តាលឱ្យមានទឹកជំនន់ឡើងភ្លាមៗនិងបំណាក់ដី។ គិតត្រឹមថ្ងៃអង្គារ ផ្ទះចំនួន១២៤ខ្នងបានដួលរលំនិងហូរនាំទៅដោយទឹកជំនន់ ខណៈដែលផ្ទះចំនួន៥៩៧ខ្នងផ្សេងទៀត បានខូចខាតធ្ងន់ធ្ងរនិង មានការជម្លៀសមនុស្សចេញ។ ផ្ទះជិត១.៥០០ខ្នងនៅលិចទឹកនៅឡើយទេ ។ ដំណាំស្រូវចំនួន៧១៧ហិកតានិងដំណាំចម្ការចំនួន៤៨៦ហិកតាត្រូវបានទឹកជន់លិចហើយកសិដ្ឋានចិញ្ចឹមត្រីប្រហែល៤៦ហិកតា ក៏ត្រូវបានបំផ្លាញផងដែរ។ សត្វគោក្របីជាង ១៩៥ក្បាលនិងសត្វមាន់ទា ចំនួន៥.៩០០ ក្បាល បានងាប់ ដោយសារទឹកជំនន់ខ្លាំងនេះ៕

អាមេរិក​និយាយថា​ការវិលត្រឡប់​របស់​រុស្ស៊ី​មកកាន់​ឆាក​អន្តរជាតិ​ជា “​រឿង​មិនអាច​ចៀសផុត​” ខណៈ​កិច្ចប្រជុំ​កំពូល​ត្រាំ​-​ពូ​ទីន​ជិត​មកដល់

ខណៈដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីបានបញ្ចប់រួចរាល់នូវផែនការសម្រាប់កិច្ចប្រជុំកំពូល រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ៃ ផមផេវ បាននិយាយកាលពីថ្ងៃពុធទី២៧មិថុនាថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកការវិលត្រឡប់របស់មូស្គូមកកាន់ឆាកអន្តរជាតិជារឿងមិនអាចចៀសផុត ហើយថា “កិច្ចព្រមព្រៀងជាច្រើន” អាចនឹងអនុញ្ញាតឱ្យរុស្ស៊ីចូលរួមក្រុមប្រទេសឧស្សាហកម្ម G7 ឡើងវិញ ដោយមិនចាំបាច់ប្រគល់តំបន់គ្រីមេឱ្យទៅអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់លោកផមផេវទៅកាន់គណៈកម្មាធិការសម្របសម្រួលព្រឹទ្ធសភាបានកើតឡើង ខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូ ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំទាំង២នៅខែក្រោយនៅអឺរ៉ុប។ លោកត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថាលោកប្រហែលជានឹងជួបពិភាក្សាជាមួយលោកពូទីនអំឡុងពេលធ្វើដំណើរទៅអឺរ៉ុបនៅខែកក្កដា។ លោកបាននិយាយអំពីទីក្រុងហែលស៊ិនគីរបស់ហ្វាំងឡង់និងទីក្រុងវីយែនរបស់អូទ្រីសថាអាចជាទីតាំងសម្រាប់កិច្ចប្រជុំកំពូល ដោយបន្ថែមថា លោកនឹងទទួលយកព័ត៌មានថ្មីៗពីទីប្រឹក្សារបស់គាត់ គឺ លោក ចន បូលតុន។ លោកបូលតុនបាននិយាយនៅទីក្រុងមូស្គូមុននេះថា ទីកន្លែងនិងកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលរវាងត្រាំ និង ពូទីន នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី២៨មិថុនានេះដោយភាគីទាំង២។ លោកត្រាំបាននិយាយថា “ខ្ញុំបាននិយាយវាតាំងពីថ្ងៃទីមួយថា ការស្រុះស្រួលគ្នាជាមួយរុស្ស៊ីនិងជាមួយប្រទេសចិននិងជាមួយប្រទេសផ្សេងទៀតគឺជារឿងល្អណាស់។ វាល្អសម្រាប់ពិភពលោក វាល្អសម្រាប់យើង វាល្អសម្រាប់អ្នករាល់គ្នា”។ លោកត្រាំនិយាយថា ពួកគាត់អាចនឹងពិភាក្សាអំពីស៊ីរី អ៊ុយក្រែន និង “ប្រធានបទផ្សេងទៀតជាច្រើន” ។ នៅក្នុងសេចក្តីថ្លែងរបស់ខ្លួន លោកផមផេវបាននិយាយថា លោកអាចស្រមៃឃើញ “កិច្ចព្រមព្រៀង” ជាច្រើនជាមួយរុស្ស៊ីដើម្បីអនុញ្ញាតឱ្យរុស្ស៊ីវិលត្រឡប់មកកាន់ G7 វិញ។ លោកមិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែបានសង្កត់ធ្ងន់ថាជំហររបស់សហរដ្ឋអាមេរិកគឺនៅតែថា រុស្ស៊ីបានកាត់យកតំបន់គ្រីមេដោយខុសច្បាប់ក្នុងឆ្នាំ ២០១៤ ជាចំណាត់ការមួយដែលនាំឱ្យមានការព្យួរប្រទេសរុស្ស៊ីពី G7 ។ លោកផមផេវបានប្រាប់គណៈកម្មាធិការសម្របសម្រួលព្រឹទ្ធសភាដើម្បីឆ្លើយតបទៅនឹងសំណួរអំពីទស្សនៈរបស់លោកត្រាំដែលថាប្រទេសរុស្ស៊ីគួរតែត្រូវបានបញ្ចូលក្នុងកិច្ចពិភាក្សារបស់ក្រុមប្រទេស G7 ឡើងវិញ យ៉ាងដូច្នេះ “ប្រធានាធិបតីជឿជាក់យ៉ាងមុតមាំថា ការដែលមានរុស្ស៊ីជាផ្នែកមួយនៃកិច្ចសន្ទនាភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់ទាំងនេះគឺជារឿងមិនអាចចៀសផុតបានឡើយ។ មានប្រវត្តិវែងឆ្ងាយណាស់អំពីរឿងនេះ”។ លោកផមផេវបានបន្ថែមថាទំនាក់ទំនងនាពេលបច្ចុប្បន្នជាមួយរុស្ស៊ីមានលក្ខណៈអាក្រក់ខ្លាំងដែលគាត់មិនធ្លាប់ជួបក្នុងមួយឆាកជីវិត ហើយបានអះអាងជាថ្មីម្តងទៀតថារដ្ឋបាលត្រាំមានភាពតឹងរ៉ឹងលើរុស្ស៊ីជាងរដ្ឋបាលមុនៗទៅទៀត។ លោកបានបន្ថែមថា លោកត្រាំជឿជាក់ថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទាំងនោះគឺចាំបាច់៕

វើលខាប់៖ បុរស​វៀតណាម​សំរេចចិត្ត​លួច​រថយន្ត​ពេទ្យ​ក្រោយ​ចាញ់​បាល់​វើ​ល​ខាប់

បុរសអត់ផ្ទះសម្បែងម្នាក់នៅក្រុងហូ ជីមីញ ត្រូវបានចាប់ខ្លួនក្នុងពេលព្យាយាមបើករថយន្តពេទ្យដែលខ្លួនលួចចេញពីមន្ទីរពេទ្យរដ្ឋមួយដើម្បីលក់សងបំណុលដោយសារចាញ់ការភ្នាល់បាល់ទាត់ពិភពលោក(វើលខាប់)។ ប៉ូលិសនៅសង្កាត់ប៊ីញតាន់ក្នុងទីក្រុងភាគខាងត្បូងនេះនិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើបុរសឈ្មោះ ង្វៀន មីញ ហូ អាយុ៣៨ឆ្នាំ ចំពោះចោរកម្មក្រោយពីឃាត់ខ្លួនបុរសនេះកាលពីថ្ងៃអាទិត្យក្នុងពេលព្យាយាមលួចរថយន្តពេទ្យពីមន្ទីរពេទ្យរដ្ឋមួយ។ ហូ ដែលរស់នៅតាមចិញ្ចើមថ្នល់នៃទីក្រុងនេះ បានចូលក្នុងបរិវេណនៃមន្ទីរពេទ្យTrieu An Hospitalក្នុងសង្កាតប៊ីញតាន់នៅម៉ោង៥និង១៥នាទីព្រឹកថ្ងៃអាទិត្យដើម្បីសុំអាហារ។ក្រោយបានអាហារបំពេញក្រពះហើយ ហូបានឃើញរថយន្តពេទ្យចតចោលក្នុងកន្លែងចតនៃមន្ទីរពេទ្យដោយមានទាំងកូនសោរនៅជាប់នឹងកន្លែងចាក់បញ្ឆេះតែម្តង។ ឃើញឱកាសល្អដូច្នេះ ហូបានចូលក្នុងរថយន្តនិងបើកចេញទៅក្នុងបំណងលក់វាថោកៗដើម្បីបានលុយលឿនយកទៅសងបំណុល។តែផែនការនេះបានរលាយដូចអំបិលត្រូវទឹក នៅពេលនិយោជិតនៅកន្លែងយកលុយសេវាផ្លូវមួយចម្ងាយប្រមាណ១១គីឡូម៉ែត្រពូមន្ទីរពេទ្យ បានសង្ស័យលើអ្នកបើករថយន្តពេទ្យនិងមិនអនុញ្ញាតអោយឆ្លងកាត់ហើយទាក់ទងសមត្ថកិច្ចជាបន្ទាន់។ ទីបំផុតនៅស្ថានីយប៉ូលិស ហូ បានសារភាពចំពោះបទល្មើសរបស់ខ្លួន។

ភ្លើង​ឆេះ​ការដ្ឋាន​សំណង់​អគារ​កម្ពស់​២៤​ជាន់​នៅ​កូរ៉េខាងត្បូង សម្លាប់​មនុស្ស​២​នាក់ និង​របួស​៣៧​នាក់​

ក្រុមអាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យមួយឆាបឆេះនៅការដ្ឋានសំណង់អាគារផ្ទះល្វែង ដែលកំពុងសាងសង់នៅទីក្រុង Sejongប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទី២៦មិថុនា ដោយបានសម្លាប់មនុស្ស២នាក់បាត់ខ្លួនម្នាក់និង៣៧នាក់ទៀតរងរបួស។ អ្នកនាំពាក្យអង្គភាពពន្លត់អគ្គិភ័យបាននិយាយថា កម្មករចិន១៤នាក់ក្នុងចំណោមអ្នកស្លាប់និងរបួសទាំងនោះ ប៉ុន្តែវាមិនទាន់ដឹងច្បាស់ទេថាតើអ្នកស្លាប់ ជាជនជាតិចិនឬ មិនមែននោះទេ។ អ្នកនាំពាក្យនេះ បានប្រាប់សារព័ត៌មានAFPថា អគ្គិភ័យ ដែលបានឆាប់ឆេះនៅអគារកម្ពស់២៤ជាន់នោះ គឺទំនងជាបានចាប់ផ្តើមឆេះនៅកន្លែងចតរថយន្តនៅក្រោមដី៕

ទាហាន​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ត្រូវបាន​សម្លាប់​នៅ​ស៊ូដង់​ខាងត្បូង​

ក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថាទាហានថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជនជាតិបង់ក្លាដែសម្នាក់ ត្រូវបានសម្លាប់នៅប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃអង្គារទី២៦មិថុនានៅ ពេលដែលក្បួនរថយន្តដឹកជំនួយត្រូវបានស្ទាក់វាយប្រហារនៅតំបន់ភាគខាងលិចនៃប្រទេសនេះ។ ក្រុមបេសកកម្មUNMISSរបស់អង្គការសហប្រជាជាតិនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Ashraf Siddiquiមេបញ្ជាការ ជនជាតិបង់ក្លាដែសបានស្ថិតនៅក្នុងក្បួនរថយន្តដឹកជំនួយ ដែលដឹកនាំការពារដោយក្រុមកងទ័ពថែរក្សាសន្តិភាពជនជាតិនេប៉ាល់ ដើម្បីការពារបុគ្គលិកផ្តល់ជំនួយមនុស្សធម៌ដែលធ្វើដំណើរពីទីក្រុងYei ទៅទីក្រុងLasu នៅពេលដែលការបាញ់ប្រហារជាច្រើនគ្រាប់ ត្រូវបានបាញ់សំដៅមកលើក្បួនរថយន្តនេះដោយជនប្រដាប់អាវុធមួយក្រុម។ ក្រុមបេសកកម្មនេះ បាននិយាយថាជនរងគ្រោះនេះ ត្រូវបានបាញ់ចំហើយបានស្លាប់ដោយសារមុខរបួសនៅពេលបន្តិចក្រោយមក ។ អង្គការសហប្រជាជាតិបាននិយាយថា កងទ័ពថែរក្សាសន្តិភាពរបស់ខ្លួន បានបាញ់តតបវិញភ្លាមៗហើយពួកអ្នកវាយប្រហារនោះ បានដកថយចូលទៅក្នុងព្រៃ។ ស៊ូដង់ខាងត្បូង បានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីខែធ្នូឆ្នាំ២០១៣ដែលក្នុងនោះ ក្រុមបុគ្គលិកអ្នកផ្តល់ជំនួយនិងកងទ័ពថែរក្សាសន្តិភាពជាញឹកញាប់ ត្រូវបានវាយប្រហារមកលើ៕

សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ចំពោះ​ការរំលោភបំពាន​លើ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទទី២៥មិថុនា បានដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាចំនួន៧នាក់ចំពោះវិបត្តិជនជាតិរ៉ូហ៊ីងយ៉ាដោយចោទប្រកាន់ពួកគេពីបទការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយរួមទាំងការសម្លាប់និងអំពើហិង្សាផ្លូវភេទ។ សមាជិកប្រហែល៧០០.០០០នាក់នៃជនជាតិភាគតិចអ៊ីស្លាមរត់ភៀសខ្លួនចេញពីការបង្ក្រាបដោយយោធានៅរដ្ឋរ៉ាឃីនភាគខាងជើងនៃប្រទេសនេះ ចាប់តាំងពីខែសីហាឆ្នាំមុន គឺជាទង្វើមួយដែលអង្គការសហប្រជាជាតិនិងក្រុមមហាអំណាចបស្ចិមប្រទេសបាននិយាយថា ជាការបោសសម្អាតជនជាតិភាគតិច។ ក្រុមមន្ត្រីការបរទេសសហភាពអឺរ៉ុបដែលជួបប្រជុំគ្នានៅប្រទេសលុចសំបួ បានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍យោធាចំនួន៥នាក់ មេបញ្ជាការព្រំដែនម្នាក់និងមេបញ្ជាការប៉ូលិសម្នាក់ ដោយដាក់បម្រាមហាមធ្វើដំណើរនិងបង្កកទ្រព្យសម្បតិ្តចំពោះតួនាទីជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងវិបត្តិនេះ។ សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេទាំងនេះ ដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយសារតែពួកគេមានការជាប់ពាក់ព័ន្ធអំពើឃោរឃៅនិងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដែលប្រព្រឹត្តឡើងប្រឆាំងក្រុមជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីននៅពាក់កណ្តាលឆ្នាំ២០១៧ ។ ការរំលោភទាំងនេះរួមមានការសម្លាប់ក្រៅច្បាប់ អំពើហឹង្សាផ្លូវភេទនិងការដុតបំផ្លាញផ្ទះនិងអគាររ៉ូហ៊ីងយ៉ា៕

ប្រធានាធិបតី​ហ្វីលីពីន រង​ការរិះគន់​ដោយសារតែ​ហៅ​ព្រះ​គ្រិស្ត​ថា​”​ល្ងីល្ងើ​”

ប្រធានាធិបតីហ្វីលីពីន ដែលល្បីខាងជេរសម្តេចប៉ាបនិងមេដឹកនាំពិភពលោក ដូចជាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបង្កកំហឹងសាជាថ្មីដោយសារតែបានហៅព្រះថា”ល្ងីល្ងើ”នៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាកាតូលិចធំបំផុតនៅអាស៊ី។ សមាជិកព្រឹទ្ធសភាប្រឆាំងម្នាក់កាលពីថ្ងៃចន្ទបានវាយប្រហារដោយបានពណ៌នាប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតេ ថាជា”មនុស្សនរក”និងសម្តីរបស់លោកបញ្ជាក់ថា”គោលនយោបាយរបស់លោក ពោរពេញដោយការបោកបញ្ឆោតណាស់ ចិត្តអាក្រក់ សាហាវនិងគ្មានមេត្តា”។ សូម្បីតែសម្ពន្ធមិត្តនយោបាយរបស់ឌុយទែតេខ្លះក៏រិះគន់លោក។ បព្វជិតកាតូលិក អាទូរ៉ូ បាសតេស បានហៅលោកប្រធានាធិបតីថាជា”មនុស្សឆ្កួត” និងបានអំពាវនាវអោយប្រជាជនហ្វីលីពីនបង់ស្រន់អោយបញ្ចប់និន្នាការផ្តាច់ការនិងការជេរប្រទេចដាក់បណ្តាសារបស់លោកឌុយទែតេ”។ បាសតេស បាននិយាយថា” ការជេរប្រទេចរបស់ឌុយទែតេលើព្រះនិងគម្ពីBibleបង្ហាញជាថ្មីថាគាត់ជាមនុស្សសសៃប្រសាទ វិកលចរិតមានសតិមិនធម្មតាដែលមិនសមត្រូវបានជ្រើសរើសអោយធ្វើជាប្រធានាធិបតីរបស់ប្រជាជាតិកាន់សាសនាគ្រិស្តនិងមានអារយ្យធម៌របស់យើងឡើយ”។ អ្នកបួសម្នាក់ទៀត លោក រុយពែរតូ សាស់តូស បាននិយាយថា ប្រធានាធិបតីបានឆ្លងហួសខ្សែបន្ទាត់ហើយ។ ក្នុងការថ្លែងតាមទូរទស្សន៍កាលពីថ្ងៃសុក្រ លោកឌុយទែតេត្រូវបានសួរអំពីរឿងក្នុងព្រះគម្ពីស្តីពីការបង្កើតមនុស្ស និងត្រូវបានសួរថាហេតុអ្វីព្រះបង្កើតអាដាំនិងនាងអែវដើម្បីគ្រាន់តែអនុញ្ញាតអោយពួកគេបង្អោនទៅតាមចំណង់ដែលបំផ្លាញភាពបរិសុទ្ធរបស់ពួកគេ។ មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះបាននិយាយថា” តើព្រះល្ងីល្ងើនេះជានរណា?កូនមីសំផឹងនេះពិតជាល្ងីល្ងើ។តើអ្នកអាចពន្យល់រកហេតុផលអំពីព្រះម្តេចទៅ?តើអ្នកជឿព្រះ?”។ លោកឌុតទែតេបាននិយាយថា អំពើបាបរបស់អាដាំនិងនាងអែវនៅក្នុងទេវកថាគ្រិស្តសាសនាកើតចេញពីជំនឿស៊ប់ធ្លាក់មកពីលើមេឃ។”អ្នកមិនបានពាក់ព័ន្ធតែឥឡូវលោកអ្នកដិតជាប់នឹងអំពើបាបពីប្រភពដើមមួយ…តើវាជាប្រភេទសាសនាអ្វីមួយ?នោះជាអ្វីដែលខ្ញុំមិនអាចទទួលយកបាន ល្ងីល្ងើណាស់”។ ព្រឹទ្ធសមាជិក ប៉ានហ្វីឡូ ឡាកសុន បាននិយាយថាលោកតែងតែគាំទ្រគោលនយោបាយរបស់ឌុយទែតេ តែក្រោយពីប្រធានាធិបតីវាយប្រហារប្រឆាំងព្រះដែលគ្រប់គ្នាបន់ស្រន់រាល់ថ្ងៃដើម្បីអោយចិត្តស្ងប់ឬលួងលោមចិត្តពេលជួបទុក្ខលំបាក។ ខ្ញុំថែមទាំងមិនគិតអំពីជំរើសរបស់ខ្ញុំ។ព្រះរបស់ខ្ញុំអាចអត់ឱនអោយគាត់ និងលាងកំហុសសំរាប់អំពើបាបទាំងអស់របស់គាត់”។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ឌុយទែតេបានការពារមេរបស់ខ្លួន ដោយបាននិយាយថា លោកប្រធានាធិបតីមានសិទ្ធិបញ្ចេញមតិលើសាសនា ។ កាលពីថ្ងៃចន្ទ លោកឌុយទែតេបានបញ្ជាក់ថា “ហេតុអ្វីអ្នកចងខ្ញុំជាមួយអ្វីដែលល្ងីល្ងើ?ខ្ញុំគ្រាន់តែផ្តល់មតិរបស់ខ្ញុំអំពីព្រះ”។ កាលពីឆ្នាំ២០១៥ លោកឌុយទែតេបានធ្វើអោយសហគមន៍កាតូលិកហ្វីលីពីនមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងបន្ទាប់ពីលោកបានជេរសម្តេចប៉ាបហ្វ្រង់ស៊ីសដែលកំពុងយាងទស្សនកិច្ចក្នុងប្រទេសរបស់លោក ដោយសារតែវត្តមានរបស់សម្តេចប៉ាបបង្កអោយស្ទះចរាចរណ៍នៅក្នុងទីក្រុងម៉ានីល។លោកក្រោយមកបានសុំទោស តែបានវាយប្រហាររិះគន់ពួកអ្នកបួសនិងព្រះវិហារកាតូលិកដែលបានរិះគន់ការបង្ក្រាបដ៏បង្ហូរឈាមរបស់លោកលើឧក្រិដ្ឋកម្មគ្រឿងញៀនខុសច្បាប់៕

ក្រុម​ជន​អន្តោរ​ប្រវេសន៍​ស្ថិតនៅក្នុង​ភាពជាប់គាំង​ដោយ​ភាពមិនច្បាស់លាស់​នៅពេល​អ៊ីតាលី​រារាំង​នាវា​សង្គ្រោះ​

ភាពច្របូលច្របល់បានកើតឡើងនៅសមុទ្រម៉េឌីទែរ៉ាណេ កាលពីថ្ងៃចន្ទទី២៥មិថុនា បន្ទាប់ពីមានភាពវឹកវរកាលពីចុងសប្តាហ៍មុន ដោយកងឆ្មាំសមុទ្រលីប៊ី បានអះអាងថាបានសង្គ្រោះជនអន្តោរប្រវេសន៍១.០០០នាក់។ អ៊ីតាលីបានបង្កើនចំនួននាវានិងជំនួមនុស្សធម៌ជាច្រើន ដោយរង់ចាំឱ្យមានភាពច្បាស់លាស់ជាមុននៅមុនពេលធ្វើប្រតិបត្តិការបន្ថែមទៀត។ ប្រទេសអ៊ីតាលីដែលស្ថិតនៅជួរមុខនៃវិបត្តិអន្តោប្រវេសន៍របស់អឺរ៉ុបនេះបានបង្វែរក្រុមនាវាសង្គ្រោះចាកចេញទៅវិញដោយរដ្ឋាភិបាលថ្មីអ៊ីតាលីនិយាយថា ប្រទេសលីប៊ីបានដឹកពួកគេមក ។ នាវាមួយគ្រឿងឈ្មោះLifeline របស់អង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់ German NGO បានចតនៅចម្ងាយ៤៨គីឡូម៉ែត្រនៅឯនាយប្រទេសម៉ាល់ត៍ ដោយមានជនអន្តោប្រវែសន៍ចំនួន២៣៤នាក់ ដែលត្រូវបានសង្គ្រោះកាលពីថ្ងៃពុធ ដោយរួមទាំងស្ត្រី១៤នាក់និងក្មេងចំនួន៤នាក់។ លោក Axel Steier សហស្ថាបនិកនៃនាវាLifeline បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPថា ក្រុមអាជ្ញាធរអ៊ីតាលី មិនបានអនុញ្ញាតឱ្យ នាវាLifelineនេះចូលចតនៅអ៊ីតាលីនោះទេ ហើយប្រាប់ឱ្យទៅប្រទេសលីប៊ី។ នាវាLifelineនេះ បានស្នើសុំការអនុញ្ញាតដើម្បីចូលចតនៅកំពងផែមួយនៅបារាំងកាលពីថ្ងៃចន្ទ។ លោក Axel Steier បាននិយាយថា ” បញ្ហានោះគឺថា យើងមានមនុស្ស២៣៤នាក់នៅលើនាវាតូចមួយនៅជិតប្រទេសអភិវឌ្ឍន៍ជឿនលឿន ខណៈអឺរ៉ុបកំពុងមើលដោយមិនចាប់អារម្មណ៍ចំពោះមនុស្សទាំងនេះ ដែលនៅក្នុងស្ថានភាពលំបាក ដោយខ្វះជំនួយនេះ។ នៅក្នុងស្ថានភាពជាប់គាំងនេះ នាវាOpen Arms របស់អង្គការអេស្ប៉ាញNGO Pro Activa បានជាប់នៅដែនទឹកសមុទ្រអន្តរជាតិ នៅឯនាយប្រទេសលីប៊ី ។អង្គការអេស្ប៉ាញនេះ បាននិយាយថាក្រុមអាជ្ញាធរអ៊ីតាលីបានច្រានចោលការអំពាវនាវរបស់ខ្លួនក្នុងការសុំឱ្យជួយសង្គ្រោះជនអន្តោប្រវេសន៍ជិត១.០០០នាក់ ៕

ជន​ស៊ីវិល​៣២​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ប្រទេស​ម៉ាលី​

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យទី២៤មិថុនាថាយ៉ាងហោចណាស់ជនស៊ីវិលជនជាតិហ្វូឡានីចំនួន៣២នាក់ ត្រូវបានសម្លាប់និង១០នាក់បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារមួយ នៅប្រទេសម៉ាលី ។ គេជឿថាការវាយប្រហារនេះត្រូវបានធ្វើឡើងដោយពួកអ្នកប្រមាញ់ជនជាតិភាគតិច ខណៈដែល រដ្ឋាភិបាលនេះ បាននិយាយថាសាកសពចំនួន១៦នាក់ ត្រូវបាន គេរកឃើញ។ ក្រុមអ្នកប្រមាញ់Dozo ដែលប្រដាប់ដោយអាវុធហើយដែលមានទំនាក់ទំនងជាមួយក្រុមជនជាតិភាតិចDogon ត្រូវបានសង្ស័យថាបានចូលវាយប្រហារនៅភូមិKoumaga នៅតំបន់ Mopti កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ក្រុមជនជាតិហ្វូឡានី ចំនួន៣២នាក់ ដោយរួមទាំងកូនក្មេងច្រើនាក់ ហើយ មនុស្សចំនួន១០នាក់ផេ្សងទៀតបានបាត់ខ្លួន ។ អំពើហិង្សាបានកើនឡើងអស់រយៈពេលជាង៣ឆ្នាំកន្លងទៅ នៅប្រទេសម៉ាលី ភាគកណ្តាល រវាងក្រុមជនជាតិហ្វូឡានីដែលជាអ្នកចិញ្ចឹមសត្វ និងក្រុមកសិករBambara និងក្រុមកសិករDogon ដែលនាំឱ្យមានការចោទប្រកាន់ក្រុមជនជាតិហ្វូឡានីថាបានចិញ្ចឹមគោក្របីនៅដីរបស់ក្រុមកសិករDogon ហើយហើយជម្លោះបានកើតឡើងអំពីការកាប់ដីនិងតំបន់ដែលមានទឹក៕

ផ្តាសាយ​ជ្រូក​សម្លាប់​មនុស្ស​ទី​២​នៅ​វៀតណាម​ក្នុងឆ្នាំនេះ​

អ្នកជម្ងឺប្រុសម្នាក់បានស្លាប់ដោយជម្ងឺផ្តាសាយជ្រូកកាលពីថ្ងៃចន្ទសប្តាហ៍មុន នៅមន្ទីរពេទ្យមួយក្នុងក្រុងហូជីមីញ , នេះបើតាមព័ត៌មានរបស់មន្ទីរពេទ្យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២៣មិថុនា។វាជាការស្លាប់មនុស្សទី២ដោយជម្ងឺបង្កឡើងដោយវីរុស្សH1N1 នៅក្នុងប្រទេសវៀតណាមនៅឆ្នាំនេះ។ មនុស្ស១២នាក់ទៀតក៏ត្រូវបានរកឃើញវីរុស្សបង្កជម្ងឺនេះ តែ២នាក់ត្រូវបានអនុញ្ញាតអោយចាកចេញក្រោយទទួលការព្យាបាលនិងអ្នកផ្សេងទៀតបន្តនៅព្យាបាល។ នេះជាការស្លាប់មនុស្សទី២បណ្តាលមកពីផ្តាសាយជ្រូក ចាប់តាំងពីស្រ្តីវ័យ២៦ឆ្នាំម្នាក់ដែលត្រូវបានពិនិត្យរកឃើញវីរុស្សH1N1 បានស្លាប់កាលពីថ្ងៃ៣០ឧសភា ក្រោយពីខិតខំព្យាបាលដោយខ្លួនឯងនៅផ្ទះអស់៥ថ្ងៃ។ ការស្លាប់ដោយផ្តាសាយជ្រូកចុងក្រោយបំផុតនៅវៀតណាមគឺបានកើតឡើងនៅឆ្នាំ២០១៤ ។ ការផ្ទុះឡើងជម្ងឺនេះដំបូងក្នុងឆ្នាំ២០១៨បានកើតឡើងកាលពីថ្ងៃ១មិថុនា នៅពេលមនុស្សរាប់សិបនាក់ រួមមានគិលានុបដ្ឋាកយិការនិងអ្នកជម្ងឺ បង្ហាញរោគសញ្ញាផ្តាសាយជ្រូកនៅមន្ទីរពេទ្យទូឌូ នៅក្រុងហូជីមីញ ហើយ១៦នាក់ត្រូវបានពិនិត្យរកឃើញវីរុស្សនេះនៅក្នុងខ្លួនរបស់ពួកគេ។ នៅឆ្នាំ២០០៩ ការឆ្លងរាលដាលវីរុស្សH1N1បានរីករាលដាលពេញវៀតណាម ដោយសម្លាប់មនុស្ស៩ពាន់នាក់,នេះបើតាមក្រសួងសុខាភិបាលវៀតណាម។ យោងតាមអង្គការសុខភាពពិភពលោកWHO វីរុស្សH1N1អាចឆ្លងតាមដំណក់ទឹកឬចំហាយភាយចេញពីការក្អកគ្មានការការពារនិងកណ្តាស ដៃមិនស្អាតនិងការប៉ះគ្នានៅក្នុងហ្វូងមនុស្ស៕

កូរ៉េខាងជើង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​មកឱ្យ​អាមេរិក និង​អំពាវនាវ​ឱ្យ​អាមេរិក​គោរព​កិច្ចព្រមព្រៀង​

នៅពេលដែល កូរ៉េខាងជើងត្រៀមបញ្ជូនអដ្ឋិធាតុទាហានអាមេរិកជាច្រើនរយនាក់ដែលត្រូវបានសម្លាប់ នៅកូរ៉េខាងជើងក្នុងអំឡុងសង្គ្រាមកូរ៉េនោះ រដ្ឋាភិបាលកូរ៉េខាងជើងអំពាវនាវឱ្យរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនគោរពកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររបស់ខ្លួន។ ការបញ្ជូនអដ្ឋិធាតុទាហាននេះគឺជាចំណុចមួយនៃចំណុចកិច្ចព្រមព្រៀងច្រើនផ្សេងទៀត ដែលត្រូវបានព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង នៅកិច្ចជំនួបកំពូលនៅសិង្ហបុរី កាលពីដើមខែនេះ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ពួកគេបានបញ្ជូនត្រឡប់មកវិញឬនៅក្នុងដំណើរការនៃការបញ្ជូនត្រឡប់មកវិញនូវអដ្ឋិធាតុនៃនៃវីរបុរសដ៏អស្ចារ្យរបស់យើងដែលបានស្លាប់នៅប្រទេសកូរ៉េខាងជើងអំឡុងសង្គ្រាម” ។ នេះបើយយោតាមសារព័ត៌មាន New York Times ។ ទាហានអាមេរិកជិត៤០.០០០នាក់ បានស្លាប់ក្នុងសង្គ្រាមកូរ៉េរវាងឆ្នាំ១៩៥០និងឆ្នាំ១៩៥៣ ខណៈដែលទាហានកូរ៉េ ជិត៥លាននាក់បានស្លាប់។ សាកសពទាហានអាមេរិកចំនួន៥.៣០០នាក់ បានសល់នៅខណៈដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកូរ៉េខាងជើង ។នេះជាកិច្ចខំប្រឹងប្រែងលើកទីមួយដើម្បីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុចាប់តាំងពីឆ្នាំ២០០៥មក។ សារព័ត៌មាន New York Times បានរាយការណ៍ថាកងទ័ពអាមេរិកបានចាប់ផ្តើមបញ្ជូនមឈូសជាច្រើនទៅកាន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងជើងនិងកូរ៉ខាងត្បូងកាលពីថ្ងៃសៅរ៍ដើម្បីចាំំទទួលបានអដ្ឋិធាតុទាហានអាមេរិកចំនួន២៥០នាក់៕

អតីត​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់​បាត់បង់​ភាព​នៅ​ស្ងាត់ស្ងៀម​ក្រោយ​ភៀសខ្លួន​ចេញពី​ប្រទេស​

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាតកាលពីថ្ងៃព្រហស្បតិ៍ទី២១មិថុនាបាននិយាយជាសាធារណៈជាលើកដំបូងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហាឆ្នាំ២០១៧ ក្នុងអំឡុងសវនាការកាត់ទោសលោកស្រីអំពីការធ្វេសប្រហែសការងារ។តុលាការកំពូលក្រោយមកបានរកឃើញថាលោកស្រីមានកំហុសនិងបានសំរេចដាក់គុក៥ឆ្នាំ។ យីងឡាក់ ដែលរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានទម្លាក់ក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ បានបដិសេធការចោទប្រកាន់ជុំវិញការដោះស្រាយរបស់លោកស្រីលើគំរោងទិញស្រូវដែលបណ្តាលអោយរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ យីងឡាក់បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រីថា”នេះជាថ្ងៃដំបូងដែលខ្ញុំប្រារព្វខួបកំណើតនៅបរទេស។ខ្ញុំអរគុណប្រជាជនថៃដែលនៅតែគិតអំពីខ្ញុំ”។ លោកស្រីក៏បានធ្វើបច្ចុប្បន្នភាពរូបថតនៅលើគណនីTwitter និង Instagram ផ្លូវការរបស់លោកស្រីផងដែរ។ ត្រកូលស៊ីណាវ៉ាតនៅតែមានប្រជាប្រិយភាពក្នុងនយោបាយថៃ ទោះជាក្រុមយោធាព្យាយាមកំចាត់វាក្តី។បណ្តាគណបក្សដែលស្និទ្ធនឹងថាក់ស៊ីនតែងទទួលបានជោគជ័យនៅរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០១ដោយសារតែត្រូវបានអ្នកបោះឆ្នោតក្រីក្រនិយមចូលចិត្ត។ យីងឡាក់បានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហាមុន នៅប៉ុន្មានថ្ងៃមុនតុលាការកំពូលសំរេចបណ្តឹងប្រឆាំងលោកស្រី។ប្រភពក្នុងគណបក្សភឿថៃរបស់លោកស្រីបាននិយាយថា លោកស្រីបានភៀសខ្លួនទៅក្រុងឡុងដ៍តាមទីក្រុងឌុយបៃ។ចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេស លោកស្រីបានបង្ហាញមុខនៅជាមួយបងប្រុសថាក់ ស៊ីនជារឿយៗក្នុងពេលទៅទស្សនាប្រទេសចិន ជប៉ុន សិង្ហបុរីនិងអាមេរិក៕

អតីត​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់​បាត់បង់​ភាព​នៅ​ស្ងាត់ស្ងៀម​ក្រោយ​ភៀសខ្លួន​ចេញពី​ប្រទេស​

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាតកាលពីថ្ងៃព្រហស្បតិ៍ទី២១មិថុនាបាននិយាយជាសាធារណៈជាលើកដំបូងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហាឆ្នាំ២០១៧ ក្នុងអំឡុងសវនាការកាត់ទោសលោកស្រីអំពីការធ្វេសប្រហែសការងារ។តុលាការកំពូលក្រោយមកបានរកឃើញថាលោកស្រីមានកំហុសនិងបានសំរេចដាក់គុក៥ឆ្នាំ។ យីងឡាក់ ដែលរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានទម្លាក់ក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ បានបដិសេធការចោទប្រកាន់ជុំវិញការដោះស្រាយរបស់លោកស្រីលើគំរោងទិញស្រូវដែលបណ្តាលអោយរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ យីងឡាក់បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រីថា”នេះជាថ្ងៃដំបូងដែលខ្ញុំប្រារព្វខួបកំណើតនៅបរទេស។ខ្ញុំអរគុណប្រជាជនថៃដែលនៅតែគិតអំពីខ្ញុំ”។ លោកស្រីក៏បានធ្វើបច្ចុប្បន្នភាពរូបថតនៅលើគណនីTwitter និង Instagram ផ្លូវការរបស់លោកស្រីផងដែរ។ ត្រកូលស៊ីណាវ៉ាតនៅតែមានប្រជាប្រិយភាពក្នុងនយោបាយថៃ ទោះជាក្រុមយោធាព្យាយាមកំចាត់វាក្តី។បណ្តាគណបក្សដែលស្និទ្ធនឹងថាក់ស៊ីនតែងទទួលបានជោគជ័យនៅរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០១ដោយសារតែត្រូវបានអ្នកបោះឆ្នោតក្រីក្រនិយមចូលចិត្ត។ យីងឡាក់បានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហាមុន នៅប៉ុន្មានថ្ងៃមុនតុលាការកំពូលសំរេចបណ្តឹងប្រឆាំងលោកស្រី។ប្រភពក្នុងគណបក្សភឿថៃរបស់លោកស្រីបាននិយាយថា លោកស្រីបានភៀសខ្លួនទៅក្រុងឡុងដ៍តាមទីក្រុងឌុយបៃ។ចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេស លោកស្រីបានបង្ហាញមុខនៅជាមួយបងប្រុសថាក់ ស៊ីនជារឿយៗក្នុងពេលទៅទស្សនាប្រទេសចិន ជប៉ុន សិង្ហបុរីនិងអាមេរិក៕

សហភាព​អឺរ៉ុប​វាយ​ពន្ធ​លើ​សហរដ្ឋអាមេរិក ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង​

សហភាពអឺរ៉ុបបានវាយពន្ធសងសឹកលើផលិតផលល្បីៗរបស់អាមេរិកដូចជាស្រា ខោខូវប៊យ និងម៉ូតូ នៅថ្ងៃសុក្រទី២២មិថុនានេះ នៅក្នុងការបើកឆាករបស់ខ្លួនក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ យោងតាមទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប ការវាយពន្ធ ដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ (ឆ្លងពីថ្ងៃព្រហស្បតិ៍ចូលថ្ងៃសុក្រ) នឹងធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់ទីផ្សារភាគហ៊ុនពិភពលោក ដែលមានការព្រួយបារម្ភរួចទៅហើយដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ ភ្នាក់ងារគយនៅទូទាំងទីផ្សារដ៏ធំធេងរបស់អឺរ៉ុបចំនួន ៥០០ លាននាក់នឹងចាប់ផ្តើមធ្វើការវាយពន្ធ ដែលធ្វើឱ្យផលិតផលអាមេរិកឡើងថ្លៃខ្ពស់នៅតាមផ្សារទំនើបនិងនៅទូទាំងរោងចក្រទាំងអស់។ ទីក្រុងព្រុចសែលបានវាយពន្ធលើផលិតផលអាមេរិកតម្លៃ ៣,៣ ពាន់លានដុល្លារ ក្នុងការសងសឹកតតបវិញចំពោះការសម្រេចចិត្តរបស់លោកត្រាំក្នុងការវាយពន្ធលើការនាំចេញដែកថែបនិងអាលុយមីញ៉ូមរបស់អឺរ៉ុប។ លោកស្រី សេស៊ីលឡា ម៉ាល់ស្ត្រូម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបាននិយាយនៅសប្តាហ៍នេះថា ប្លុក ២៨ ប្រទេសនេះ “គ្មាននៅសល់ជម្រើសអ្វីក្រៅពីវាយពន្ធរបស់ខ្លួននោះឡើយ” បន្ទាប់ពីសេចក្តីសម្រេចជាឯកតោភាគីនិងដ៏អយុត្តិធម៌របស់សហរដ្ឋអាមេរិក។ រួមគ្នាជាមួយនឹងការវាយពន្ធរបស់អាមេរិកលើម៉ិកស៊ិកនិងកាណាដា សមរភូមិពាណិជ្ជកម្មបានលើកឡើងឱ្យឃើញពីការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មសកលលោក ដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុនានាភ័យខ្លាចថានឹងមានផលវិបាកដ៏ធំធេងចំពោះសេដ្ឋកិច្ចពិភពលោក។ លោក រ៉ូបឺត បឺកគ្វីស ប្រធានសេដ្ឋវិទូប្រចាំ SEB បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងបទសម្ភាសមួយថា “យើងកំពុងមានសង្គ្រាមពាណិជ្ជកម្ម ហើយវាជាសង្គ្រាមពាណិជ្ជកម្មដ៏រីករាលដាល”។ គួររំលឹកថា ដំបូងទីក្រុងព្រុចសែលបានគូសវាសបញ្ជីវាយពន្ធនេះឡើងកាលពីខែមីនា នៅពេលដែលលោកត្រាំបានដំឡើងពន្ធចំនួន ២៥ ភាគរយលើការនាំចូលដែកថែប និង ១០ ភាគរយលើអាលុយមីញ៉ូម ដែលតម្រង់គោលដៅទៅលើកាណាដា ម៉ិកស៊ិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀតជាច្រើន៕

២​ថ្ងៃ សង្គ្រោះ​ជនអន្តោប្រវេសន៍​ជិត​៧០០​នាក់​និង​ជាង​២០០​នាក់​​លង់ទឹក​ស្លាប់​នៅ​សមុទ្រ​លី​ប៊ី​

ទាហានជើងទឹកលីប៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២១មិថុនាថាជនអន្តោប្រវេសន៍ជិត៧០០នាក់ត្រូវបានជួយសង្គ្រោះនៅឯនាយសមុទ្រលីប៊ីក្នុងរយៈពេល៤៨ម៉ោងកន្លងទៅ ដោយមនុស្ស៣នាក់ដែលព្យាយាមទៅដល់អឺរ៉ុបបានលង់ទឹកស្លាប់។ កងឆ្មាំសមុទ្រកាលពីថ្ងៃព្រហស្បតិ៍បានជួយសង្គ្រោះជនអន្តោប្រវេសន៍១៤២នាក់មកពីទ្វីបអាហ្វ្រិកបន្ទាប់ពីទូករបស់ពួកគេបានលិចនៅចម្ងាយ៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រ និងបានស្រង់សាកសពចំនួន៣ពីទឹក។ កាលពីពេលមុននេះ កងទ័ពជើងទឹកនេះ បានិយាយថា ប្រតិបត្តិការ២ផ្សេងទៀត ត្រូវបានធ្វើនៅកន្លែងដដែលនោះ ហើយមនុស្សចំនួន២៣៦នាក់ ត្រូវបានសង្គ្រោះចេញពីទឹកសមុទ្រ។ ក្រុមមន្ត្រីបាននិយាយថា ឧបទ្ទវហេតុចុងក្រោយបំផុតនេះបានកើតឡើងបន្ទាប់ពីកងល្បាតឆ្មាំសមុទ្រមកពីទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ីបានជួយសង្គ្រោះជនអន្តោប្រវេសន៍៣០១នាក់ ដោយរួមទាំងកុមារ៤៦នាក់និងស្ត្រី៣នាក់ កាលពីថ្ងៃពុធ។ ប្រទេសលីប៊ី បានក្លាយជាចំណុចចាកចេញដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលសង្ឃឹមទៅដល់អឺរ៉ុប ដោយមនុស្សរាប់រយនាក់លង់ទឹកស្លាប់រាល់ឆ្នាំ នៅពេលពួកគេព្យាយាមធ្វើដំណើរកាត់សមុទ្រម៉េឌីទែរ៉ាណេ។ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ ជនអន្តោប្រវេសន៍ជាង២០០នាក់ត្រូវបានរាយការណ៍ថាលង់ទឹកស្លាប់នៅឯនាយឆ្នេរប្រទេសលីប៊ីក្នុងរយៈពេល២ថ្ងៃ ជាហេតុនាំអោយចំនួនជនអន្តោប្រវេសន៍ស្លាប់ដោយលង់ទឹកនៅឆ្នាំនេះកើនដល់ប្រមាណ១០០០នាក់ក្នុងពេលធ្វើដំណើរពីអាហ្វ្រិក មកកាន់អឺរ៉ុប៕

ដូ​ណា​ល់ ត្រាំ ៖​កូរ៉េខាងជើង​បាន​បំផ្លាញចោល​វត្ថុ​៤​ក្នុងចំណោម​វត្ថុ​ធំ​ជាច្រើន​សម្រាប់​ការសាកល្បង​នុយក្លេអ៊ែរ​

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងនៅក្នុងអំឡុងការជួបជុំមួយនៅរដ្ឋMinnesotaថា” រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានកំពុងបន្តអនុវត្តផែនការនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរនិងបានបញ្ឈប់អ្វីៗទាំងអស់ដែលយើងចង់ឱ្យពួកគេ បញ្ឈប់”។ លោកបានបន្ថែមថា លោក និង លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងមាន “ការត្រូវគំនិតគ្នាដ៏អស្ចារ្យ” នៅក្នុងកិច្ចជំនួបកំពូលនៅសិង្ហបុរីកាលពីថ្ងៃទី១២ខែមិថុនា។ យោងតាមប្រធានធិបតីអាមេរិកនេះបានឱ្យដឹងថា កូរ៉េខាងជើងបានបំផ្លាញកន្លែងសាកល្បងអាវុធដ៏ធំចំនួន៤កន្លែង ដែលជាគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរំលាយចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ទោះបីជាយ៉ាងក្តី លោក ដូណាល់ត្រាំ មិនបានបញ្ជាក់ច្បាស់កន្លែងណាឬកន្លែងអ្វី ដែលលោកបាននិយាយសំដៅទៅនោះទេ។ ចំពោះអដ្ឋិធាតុទាហានអាមេរិកវិញនោះ កាលពីពេលមុននេះ លោក ដូណាល់ ត្រាំបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជូនមកវិញនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនចាប់តាំងពីការចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥៣ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២នេះ៕

ត្រាំ​បញ្ជា​អោយ​បញ្ឈប់​ការ​បំបែក​សមាជិកគ្រួសារ​

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃពុធទី២០មិថុនាបានបញ្ជាអោយបញ្ចប់ការបំបែកកូនៗអន្តោប្រវេសន៍ចេញពីឪពុកម្តាយរបស់គេនៅព្រំដែនអាមេរិកជាប់ម៉ិកស៊ិច ក្រោយពីស្ថិតក្រោមសម្ពាធជាខ្លាំងពីសហសេវិកក្នុងគណបក្សសាធារណរដ្ឋរបស់លោក ពួកគណបក្សប្រជាធិបតេយ្យនិងសហគមន៍អន្តរជាតិ។ ការផ្លាស់ប្តូរចិត្តនេះកើតឡើងបន្ទាប់ពីកុមារជាង២.៣០០នាក់ត្រូវបានបំបែកចេញពីឪពុកម្តាយនិងសាច់ញាតិរបស់គេក្រោយពីបានឆ្លងដែនចូលទឹកដីអាមេរិកដោយខុសច្បាប់ចាប់តាំងពីថ្ងៃ៥ឧសភាមក និងដាក់ពួកគេក្នុងជំរំជម្រកក្រណាត់ព្រមទាំងកន្លែងផ្សេងៗ ដោយផ្តាច់ការទាក់ទងជាមួយសាច់ញាតិ។ រូបភាពនិងសម្លេងនៃការបំបែកនេះបានបង្កកំហឹងនិងការប្រឆាំងក្នុងចំណោមពួកសាធារណរដ្ឋក្នុងគណបក្សរបស់លោកត្រាំផ្ទាល់ ព្រមទាំងការចោទប្រកាន់ពីអន្តរជាតិថាអាមេរិកប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស។ តែក្នុងពេលចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ លោកត្រាំបាននិយាយថា” អ្វីដែលយើងបានធ្វើនៅថ្ងៃនេះគឺកំពុងរក្សាសមាជិកគ្រួសារអោយនៅជុំគ្នា។ខ្ញុំមិនចង់ឃើញឬឮគេថាសមាជិកគ្រួសារត្រូវបំបែកទេ”។ ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិកបាននិយាយថា ទោះជាមានការផ្លាស់ប្តូរបែបនេះ ក៏ការអនុវត្តច្បាប់នៅព្រំដែននឹង”បើមិនតឹងរឹងឡើងទេ ក៏នៅតែម៉ឺងម៉ាត់ដដែល”។ សូមបញ្ជាក់ថា អស់ពេលរាប់សប្តាហ៍លោកត្រាំនៅតែនិយាយចចេសថា លោកធ្វើតាមច្បាប់ដើម្បីបំបែកកូនៗរបស់ជនអន្តោប្រវេសន៍ពីឪពុកម្តាយរបស់គេនិងថាមានតែសភាទេទើបអាចដោះស្រាយបញ្ហានេះ…មុនពេលលោកផ្លាស់ប្តូរជំហរភ្លាមៗពេលនេះ។ មុននេះខណៈប្រទេសជាច្រើនប្រារព្វទិវាជនភៀសខ្លួនពិភពលោកកាលពីថ្ងៃពុធ ពួកមេដឹកនាំពិភពលោកបានវាយប្រហាររិះគន់ត្រាំចំពោះការបំបែកបំបាក់នេះ។នាយករដ្ឋមន្ត្រីអង់គ្លេស កាណាដា ក្រុមប្រឹក្សាអឺរ៉ុបនិងសម្តេចប៉ាបហ្វ្រង់ស៊ីស សុទ្ធតែបាននិយាយបញ្ហានេះ។ បន្ទាប់ពីធ្លាក់ចុះមួយរយៈមក ចាប់តាំងពីខែតុលាឆ្នាំមុន ចំនួនអន្តោប្រវេសន៍ឆ្លងដែនមិពីទិសនិរតី ដូចជាមកពីក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រនិងហុងឌុយរ៉ាសក៏ដូចជាម៉ិកស៊ិចបានកើនឡើង។ចាប់ពីខែមីនាឆ្នាំនេះ មនុស្សជាង៥០.០០០នាក់ក្នុងមួយខែបានលួចចូលពីព្រំដែនម៉ិកស៊ិច ក្នុងនោះ១៥ភាគរយមកទាំងគ្រួសារនិង៨ភាគ រយនាំកូនៗមកជាមួយ៕

អាល្លឺម៉ង់​ទប់ស្កាត់​ទាន់ពេល​ការវាយប្រហារ​ជីវសាស្ត្រ​និង​ចាប់ខ្លួន​បុរស​ទុយ​នេ​ស៊ី​

មេ ប៉ូលិស ជាតិ អាល្លឺម៉ង់ បាន និយាយថា បុរស ទុយ នេ ស៊ី ម្នាក់ ដែល ត្រូវបាន ចាប់ខ្លួន នៅ ប្រទេស អាល្លឺម៉ង់ ដោយមាន សារធាតុពុល និង សម្ភារៈ សម្រាប់ធ្វើ គ្រាប់បែក នោះ បាន រៀប ផែនការ វាយប្រហារ ជីវសាស្ត្រ ។ លោក Holger Muench មេ ប៉ូលិស ជាតិ អាល្លឺម៉ង់ នេះ បាន ប្រាប់ សារព័ត៌មាន ARD ថា ” ការរៀបចំ ផែនការ ដ៏ ច្បាស់ ត្រូវបាន ធ្វើឡើង សម្រាប់ ការធ្វើសកម្មភាព មួយ ជា មួយ នឹង គ្រាប់បែក ជីវសាស្ត្រ ជា លើកដំបូង សម្រាប់ ប្រទេស អាល្លឺម៉ង់ ” ។ ក្រុមប៉ូលិស ពិសេស អាល្លឺម៉ង់ កាលពី ថ្ងៃទី ១២ ខែមិថុនា បាន សម្រុកចូល អគារ មួយ របស់ ជនអន្តោប្រវេសន៍ ទុយ នេ ស៊ី ម្នាក់ ឈ្មោះ Sief Allah H នៅ ទីក្រុង Cologne ហើយ បាន រកឃើញ វត្ថុ ធាតុ ជាតិគីមី ពុល ជាច្រើន ។ កាសែត អាល្លឺម៉ង់ Der Spiegel បាន រាយការណ៍ ថា បុរស នេះ ត្រូវបាន គេ ជឿថា បាន ធ្វើតាម ការណែនាំ រប ស់ ក្រុម រដ្ឋ អ៊ីស្លាម អំពី របៀប ធ្វើ គ្រាប់បែក ជីវសាស្ត្រ ។ លោក Holger Muench បាន និយាយថា ” យើង បានដឹង ពី បុគ្គល នេះ កាលពី ប៉ុន្មាន ខែ មុន ហើយ បន្ទាប់មក ភស្តុតាង បង្ហាញ អំពី ការជាប់ ទាក់ទង ទៅ អ្វីដែល គេ ហៅថា ក្រុម រដ្ឋ អ៊ីស្លាម នោះ ” ។ កាសែត Bild daily បាន រាយការណ៍ ថា អាល្លឺម៉ង់ បានទទួល ព័ត៌មាន សម្ងាត់ ដែល នាំ ដល់ ការចាប់ ខ្លូន នេះ ពី ក្រុម CIA របស់ អាមេរិក ៕

ជនអន្តោប្រវេសន៍​៥​នាក់​ស្លាប់​និង​ជាង​១០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ឯនាយសមុទ្រ​លី​ប៊ី​

មន្ត្រីកងទ័ពជើងទឹករបស់ប្រទេសលីប៊ីបានប្រាប់សារព័ត៌មានAFPថា សាកសពជនអន្តោរប្រវេសន៍៥ នាក់ត្រូវបានរកឃើញខណៈពេលដែលមនុស្សជាង១០០នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពី ទូករបស់ពួកគេបានលិចនៅឯនាយឆ្នេរសមុទ្រលីប៊ីកាលពីថ្ងៃចន្ទ។ លោក Rami Ghommeidh បាននិយាយថាក្រុមអ្នកសង្គ្រោះលីប៊ីបានចំណាយពេល៣ម៉ោងដើម្បីទៅដល់ទូកដែលលិចនោះ ។ អ្នកនៅរស់ម្នាក់បាននិយាយថា”នៅពេលដែលយើងទៅជិតក្រុមអ្នកជួយសង្គ្រោះអ៊ីតាលីពួកគេមិនសង្គ្រោះយើងទេ ដូច្នេះយើងរង់ចាំនៅទីនោះ សម្រាប់ការជួយសង្គ្រោះពីកងទ័ពជើងទឹកលីប៊ី”។ លោក Rami Ghommeidh មិនបានបញ្ជាក់អំពីអត្តសញ្ញាណក្រុមជនរងគ្រោះនោះទេ ដោយបានបញ្ជាក់ថាមនុស្ស៥នាក់ស្លាប់និង ១១៧នាក់នៅរស់ ដោយរួមទាំងស្រីនិងកុមារច្រើននាក់។ លោកបាននិយាយថា ពួកគេត្រូវបាននាំយកទៅទីក្រុងTripoli ប្រទេសលីប៊ី បន្ទាប់ពីត្រូវបានសង្គ្រោះ។ ប្រទេសលីប៊ីគឺជាចំណុចចាប់ផ្តើមចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលសង្ឃឹមថាអាចទៅដល់អឺរ៉ុប ទោះបីជាមនុស្សរាប់រយនាក់បានលង់ទឹកស្លាប់ក្នុងមួយឆ្នាំៗ ក្នុងពេលព្យាយាមធ្វើដំណើរតាមផ្លូវសមុទ្រក៏ដោយ។រហូតមកដល់ឆ្នាំនេះមានមនុស្សប្រហែល៤០.០០០នាក់បានរស់រានមានជីវិតពីការឆ្លងកាត់សមុទ្រនេះ ខណៈដែលជាង៨០០នាក់បានស្លាប់ឬបាត់ខ្លួន ។ នេះបើយោងតាមភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ៕

ត្រាំ​ចង់​ត្រួតត្រា​ទី​អវកាស ឋាន​ព្រះ​ចន្ទ និង ភព​អង្គារ​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១៨មិថុនាបានអួតអំពីប្រភពធនធានហិរញ្ញវត្ថុដ៏សម្បូរហូរហៀនិងស្មារតីឧស្សាហកម្មរបស់អាមេរិក និងបានប្តេជ្ញាចិត្តក្នុងការរុករកនៅភពព្រះចន្ទនិងភពអង្គារព្រមទាំងការប្រណាំងប្រជែងណាមួយនៅទីអវកាសនាពេលអនាគត។ លោកត្រាំបានថ្លែងក្នុងសុន្ទរកថានៅឯសេតវិមានថា “អាមេរិកនឹងក្លាយជាអ្នកដំបូងគេនៅក្នុងទីអវកាស” ។ លោកបានបន្ថែមថា “យើងមិនចង់ឱ្យចិននិងរុស្ស៊ីនិងបណ្តាប្រទេសដទៃទៀតនាំមុខយើងទេ។ យើងតែងតែនាំមុខគេជានិច្ច។ រដ្ឋបាលរបស់ខ្ញុំកំពុងតែទាមទារយកបេតិកភណ្ឌរបស់អាមេរិកក្នុងនាមជាប្រទេសជាតិដែលមានទីអវកាសធំជាងគេបំផុតនៅលើពិភពលោក”។ ប្រធានាធិបតីអាមេរិករូបនេះបានអំពាវនាវឱ្យមន្ទីរបញ្ចកោណបង្កើត “កងកម្លាំងអវកាស” អាមេរិកថ្មី ដែលនឹងក្លាយទៅជាមែកធាងទី ៦ នៃយោធាអាមេរិក ប៉ុន្តែតម្រូវឱ្យមានការអនុម័តពីសភាដើម្បីចូលជាធរមាន។ គំនិតដែលលោកត្រាំធ្លាប់បានលើកឡើងពីមុននេះ បានធ្វើឱ្យមានភាពចម្រូងចម្រាស់នៅមន្ទីរបញ្ចកោណនិងក្នុងចំណោមសមាជិកសភា។ លោកត្រាំបាននិយាយថា “យើងនឹងមានកងទ័ពអាកាស ហើយយើងនឹងមានកងកម្លាំងអវកាសដាច់ដោយឡែក ប៉ុន្តែស្មើគ្នា”។ នៅឯមន្ទីរបញ្ចកោណឯណោះវិញ លោកស្រី ដាណា វ៉ាយ អ្នកនាំពាក្យបាននិយាយថា “ក្រុមប្រឹក្សាគោលនយោបាយរបស់យើងនឹងចាប់ផ្តើមធ្វើការលើបញ្ហានេះដែលមានផលប៉ះពាល់ដល់ប្រតិបត្ដិការចារកម្មសម្រាប់កងទ័ពអាកាស កងទ័ពជើងគោក កងទ័ពម៉ារីន និងកងទ័ពជើងទឹក”។ លោកស្រីវ៉ាយបានបន្ថែមថា “ដោយធ្វើការជាមួយសភា នេះនឹងក្លាយជាដំណើរការប្រកបដោយភាពផ្ចិតផ្ចង់ ជាមួយការចូលរួមផ្តល់គំនិតយ៉ាងច្រើនពីអ្នកដែលពាក់ព័ន្ធ”។ ការបង្កើតមែកធាងថ្មីរបស់យោធាមិនអាចកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃបាននោះទេ ព្រោះសភានឹងត្រូវអនុម័តច្បាប់ដែលអនុញ្ញាតឱ្យវាកើតឡើងជាមុនសិន។ សមាជិកគណៈកម្មការយោធាជាន់ខ្ពស់របស់សភា លោក អាដាំ ស្មីត មកពីបក្សប្រជាធិបតេយ្យបាននិយាយថា “រាល់ការផ្លាស់ប្តូរណាមួយរបៀបនេះត្រូវតែបង្កើតឱ្យក្លាយជាច្បាប់សិនដោយសភា” ។ លោកបានបន្ថែមថា “ប្រសិនបើប្រធានាធិបតីត្រាំចង់ធ្វើការផ្លាស់ប្តូរបែបនេះនៅក្នុងសេវាយោធា គាត់គួរតែមកពិភាក្សាអំពីសំណើរបស់គាត់ជាមួយយើង”៕

 

 

ត្រាំ​បង្កើន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន ជាមួយនឹង​ការ​គំរាម​វាយ​ពន្ធ​បន្ថែម​

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំកាន់តែឈានទៅជិតសង្គ្រាមពាណិជ្ជកម្មពេញធឹងមួយជាមួយចិនដោយកាលពីថ្ងៃចន្ទទី១៨មិថុនាបានបញ្ចេញផែនការដាក់ពន្ធ១០ភាគរយលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារបន្ថែម ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងមិនឱនតាមការទាមទាររបស់អាមេរិកទេ។ ខណៈមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរកំពុងស្ថិតនៅលើមាត់ជ្រោះនៃការប្រឈមមុខដាក់គ្នាពេញទំហឹង ដែលកំពុងបង្កការព្រួយបារម្ភក្នុងចំណោមមេដឹកនាំជំនួញ ត្រាំបាននិយាយថាលោកកំពុងជំរុញទៅមុខជាមួយនឹងវិធានការដាក់ពិន័យថ្មីលើចំណាត់ការ”មិនអាចទទួលយកបាន”របស់ចិនក្នុងការដំឡើងពន្ធរបស់ខ្លួនលើទំនិញអាមេរិក។ ត្រាំបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា” ត្រូវប្រកាន់យកចំណាត់ការបន្ថែមដើម្បីជំរុញអោយចិនផ្លាស់ប្តូរការប្រតិបត្តិមិនត្រឹមត្រូវរបស់ខ្លួន បើកទីផ្សាររបស់ខ្លួនសំរាប់ទំនិញអាមេរិកនិងទទួលយកទំនាក់ទំនងពាណិជ្ជកម្មមានតុល្យភាពឡើងជាមួយអាមេរិក”។ មេដឹកនាំអាមេរិករូបនេះបានព្រមានថា លោកនឹងកាន់តែធ្វើខ្លាំងឡើង ជាមួយនឹងការដាក់វិធានការពិន័យលើទំនិញចិនតំលៃ២០០លានបន្ថែម សំរាប់ទំនិញសរុបប្រមាណ៤៥០ពាន់លាន ភាគច្រើនបំផុតទំនិញនាំចូលមកពីចិន “ប្រសិនបើចិនបង្កើនពន្ធរបស់ខ្លួនជាថ្មី”។ កាលពីសប្តាហ៍មុន ត្រាំបានប្រកាសយកពន្ធ២៥ភាគរយលើទំនិញចិន៥០ពាន់លានដុល្លារ បណ្តាលអោយចិនធ្វើតាមដោយប្រកាសយកពន្ធក្នុងចំនួនដូចគ្នាលើទំនិញនាំចូលមកពីអាមេរិក។ នៅក្នុងការពន្យល់អំពីជំហររបស់លោក ត្រាំបាននិយាយថា”ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិនត្រូវតែស្មើភាពឡើង។ខ្ញុំមានទំនាក់ទំនងល្អប្រសើរជាមួយប្រធានាធិបតី ស៊ី ជីនពីង និងយើងនឹងបន្តធ្វើការរួមគ្នាលើបញ្ហាជាច្រើន។តែអាមេរិកនឹងលែងអោយចិននិងប្រទេសដទៃទៀតនៅក្នុងលោកកេងចំណេញខាងពាណិជ្ជកម្មទៀតហើយ”។ ចិនបានស្នើសុំទិញទំនិញអាមេរិកតែ៧០ពាន់លានដុល្លារដើម្បីជួយកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយអាមេរិក ខណៈត្រាំទាមទាររហូតដល់២០០ពាន់លាន៕