បណ្តាញសង្គម

គីម ជុង​អ៊ុន និង បេសកជន​កូរ៉េខាងត្បូង ពិភាក្សាគ្នា​អំពី​វិធី​ដើម្បី​បន្ធូរ​ប​ន្ធ​យ​ភាព​តានតឹង​

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់រដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអង្គារ (៦មីនា) ថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានពិភាក្សាគ្នាអំពីវិធីដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េជាមួយបេសកជនកូរ៉េខាងត្បូង។

លោកគីម ជុងអ៊ុន “បានស្វាគមន៍យ៉ាងកក់ក្តៅ” នូវមន្ត្រីកូរ៉េខាងត្បូង ដែលប្រគល់លិខិតមួយពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េនេះបាននិយាយថា “ដោយស្តាប់ពីបំណងរបស់លោកប្រធានាធិបតី មូន ចែអ៊ីន ដើម្បីឱ្យមានកិច្ចប្រជុំកំពូលមួយពីបេសកជនពិសេសរបស់ភាគីកូរ៉េខាងត្បូង គាត់បានផ្លាស់ប្តូរទស្សនៈនិងធ្វើកិច្ចព្រមព្រៀងជាទីពេញចិត្តមួយ”។

KCNA បានរាយការណ៍ថា “លោក (គីម ជុងអ៊ុន) ក៏បានធ្វើការផ្លាស់ប្តូរទស្សនវិស័យយ៉ាងស៊ីជម្រៅស្តីពីបញ្ហានានាដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាដ៏តឹងតែងនៅឧបទ្វីបកូរ៉េនិងធ្វើឱ្យមានកិច្ចសន្ទនា ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរល្អប្រសើរឡើងវិញ”។

ជំនួបរបស់លោកគីមជាមួយមន្ត្រីជាន់ខ្ពស់បំផុតរបស់កូរ៉េខាងត្បូងដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងពេលជាងមួយទសវត្សរ៍នេះ គឺជាជំហានចុងក្រោយបំផុតមួយនៅក្នុងការផ្សះផ្សាគ្នាដែលជំរុញដោយព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឧបទ្វីបដែលបែងចែកនេះ។

គណៈប្រតិភូកូរ៉េខាងត្បូងកំពុងជំរុញឱ្យមានកិច្ចពិភាក្សារវាងរបបដែលមានអាវុធនុយក្លេអ៊ែរនេះនិងសហរដ្ឋអាមេរិក បន្ទាប់ពីលោកគីមបានបញ្ជូនប្អូនស្រី គីម យ៉ូជុង របស់គាត់ទៅចូលរួមការប្រកួតកីឡារដូវរងានៅកូរ៉េខាងត្បូង។

លោកគីមបានអញ្ជើញលោក មូន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្យុងយ៉ាង។

ដំណើរទស្សនកិច្ចរបស់នាងគីមយ៉ូជុងគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់កូរ៉េខាងត្បូងដោយសមាជិកនៃគ្រួសារកាន់អំណាចរបស់កូរ៉េខាងជើងចាប់តាំងពីចុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣។

ការបង្ហាញមុខរបស់នាងនៅឯពិធីបើកការប្រកួតអូឡាំពិក កន្លែងដែលអត្តពលិកមកពីកូរ៉េទាំង២ដើរហែក្បួនជាមួយគ្នា បានល្បីពេញសារព័ត៌មានទូទាំងពិភពលោក។

KCNA បានស្រង់សម្តីលោកគីម ជុងអ៊ុន ដោយនិយាយប្រាប់បេសកជនកូរ៉េខាងត្បូងថា អូឡាំពិករដូវរងាបានផ្តល់នូវ “បរិយាកាសល្អនៃការផ្សះផ្សា ឯកភាព និងការសន្ទនាគ្នារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង”។

លោក មូន បានព្យាយាមប្រើប្រាស់ការប្រកួតកីឡាអូឡាំពិកក្រុងព្យឹងចាងដើម្បីបើកការសន្ទនាគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាងក្នុងក្តីសង្ឃឹមថានឹងបន្ថយភាពតានតឹងផ្នែកនុយក្លេអ៊ែរ ដែលបានបង្កើនការភ័យខ្លាចចំពោះសន្តិសុខសកលលោក។

មុនពេលចាកចេញទៅទីក្រុងព្យុងយ៉ាង លោក ជុង អ៊ីវយ៉ុង (Chung Eui-yong) ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា “យើងគ្រោងធ្វើការពិភាក្សាស៊ីជម្រៅអំពីវិធីនានាដើម្បីបន្តមិនត្រឹមតែការចរចារវាងអន្តរកូរ៉េតែប៉ុណ្ណោះទេ ថែមទាំងកិច្ចពិភាក្សារវាងកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិផងដែរ រួមទាំងអាមេរិក”៕

ប្រធានាធិបតីចិន លោក ស៊ី ហ្ស៊ីពីន តែងតាំងឯកអគ្គរដ្ឋទូតថ្មី ចំនួន៦រូប

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ហ្ស៊ីពីន បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតថ្មី ចំនួន៦រូប ដោយអនុលោម តាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាជប្រជាជនរបស់ចិន, នេះបើយោងតាមភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ។

ឯកអគ្គរដ្ឋទូតថ្មីទាំង៦រូប ដែលត្រូវបានតែងតាំងនោះ៖

ទី១៖ លោក Yu Jianhua ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង Geneva និងអង្គការអន្តរជាតិ ដទៃទៀតនៅក្នុងប្រទេសស្វីស ជំនួសលោក Ma Zhaoxu

ទី២៖ លោក Ma Zhaoxu ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ ជំនួសលោក Liu Jieyi

ទី៣៖ លោក Zhang Zuo ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំបង់ក្លាដេស ជំនួសលោក Ma Mingqiang

ទី៤៖ លោក Jiang Yan ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំអ៊ូសបេគីស្ថាន ជំនួសលោក Sun Lijie

ទី៥៖ លោក Shen Zhifei ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំលីទុយអានី ជំនួសលោក Wei Ruixing

ទី៦៖ លោក Jin Zhijian ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំអ៊ីស្លង់ ជំនួសលោក Zhang Weidong៕

ឪពុកម្តាយ​ឥណ្ឌា ត្រូវបាន​ដាក់គុក ដោយសារ​ឱ្យ​កូនក្មេង​បើករថយន្ត​

ឪពុកម្តាយរបស់ក្មេងជំទង់អាយុ១០នាក់ម្នាក់ ត្រូវបានផ្តន្ទាទោសឱ្យជាប់គុកចំនួនមួយថ្ងៃដោយសារអនុញ្ញាតឱ្យកូនរបស់ពួកគេបើកបរនៅទីក្រុង ហាយដឺរ៉ាបាដ ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប៉ូលិសបាននិយាយថា ឪពុកម្តាយចំនួន៣៥នាក់ បានជាប់ទោសមួយថ្ងៃនៅក្នុងគុកកាលពីខែមុន ចំពោះទោសកំហុសដូចគ្នានេះ។ ឪពុកម្តាយនេះបានប្រាប់ទូរទស្សន៍ BBC ថាពួកគេមិនដឹងអំពីច្បាប់ដែលនិយាយថា ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យអនីតិជនបើកបរនោះទេ។ ប៉ូលិសបាននិយាយថា នេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងនេះដើម្បីកាត់បន្ថយការបើកបរដោយអ្នកបើកដែលមិនទាន់គ្រប់អាយុ។ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា លោកសង្ឃឹមថាការចំណាយពេល១ឬ ២ ថ្ងៃនៅក្នុងពន្ធនាគារនឹងលើកទឹកចិត្តឪពុកម្តាយឱ្យគិតពិចារណាជាមុន មុននឹងអនុញ្ញាតឱ្យកុមារប្រើរថយន្តរបស់ពួកគេ៕

កូរ៉េខាងជើង​ព្រមាន​ប្រឆាំង​អាមេរិក បើ​បន្តធ្វើ​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង​

កូរ៉េខាងជើង ៖ ក្នុងវិចារណកថាមួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA កាលពីម្សិលមិញ និយាយថា ៖ “ប្រសិនបើសហរដ្ឋអាមេរិក បន្តធ្វើសមយុទ្ធរួម ខណៈដែលបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនោះ ក្រុងព្យុងយ៉ាងនឹងសងសឹកប្រឆាំងនឹងអាមេរិកតាមវិធីវាយបកដោយឡែក ហើយសហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកកើតមានឡើង។ អាមេរិកគួរតែយល់អំពីរឿងនេះហើយគួរតែបញ្ទាក់ពីការវៃឆ្លាត”។ KCNA បន្តថា សមយុទ្ធយោធាទាំងនេះនឹងប្រឆាំងចំពោះការខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ និងសម្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាពិសេសដោយសារការប្រកួតកីឡាអូឡាំពិករដូវរងានៅ PYEONGCHANG ។ ម្យ៉ាងទៀត របបក្រុងព្យុងយ៉ាងនិយាយជាថ្មីនាថ្ងៃទី៣ មីនា ពីការត្រៀមខ្លួនចរចាជាមួយសហរដ្ឋអាមេរិក ក៏ប៉ុន្តែក៏បញ្ជាក់ដែរថា ការចរចាបែបនេះត្រូវធ្វើដោយគ្មានលក្ខខណ្ឌនានាជាមុន ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើងដកស្រង់សម្តីដោយ KCNA និយាយថា យើងនឹងមិននិយាយពីការចរចាមួយឡើយ ប្រសិនបើយើងប្រឈមមុខនឹងការជ្រើសរើសខាងយោធារបស់សហរដ្ឋអាមេរិក ។ អ្នកនាំពាក្យរូបនេះបន្តថា យើងត្រៀមដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការទូតតាមរយៈការចរចា ប៉ុន្តែយើងមិនចុះញ៉មដាច់ខាតចំពោះការចាប់បង្ខំ ហើយនឹងពុំស្វែងរកដាច់ខាតចៀសវាងការជ្រើសរើសខាងយោធាដែលសហរដ្ឋអាមេរិកតែងនិយាយឥតឈប់។ សូមជម្រាបថា កាលពីពេលថ្មីៗនេះកូរ៉េខាងត្បូងបានបញ្ជូនប្រធានការិយាល័យចារកម្មជាតិលោក Suh Hoon និងនាយកការិយាល័យសន្តិសុខជាតិ លោក Cheng Eui-yong ទៅកាន់ប្រទេសកូរ៉េខាងជើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនៅលើឧបទ្វីបនេះ។ នេះបើតាមសារព័ត៌មាន Yonhap ចេញផ្សាយការពីថ្ងៃទី០១ មិនា៕

ពួកឧទ្ទាម​ស៊ី​រី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​នៅ​ភាគ​ខាងជើង​ប្រទេស​

ស៊ីរី ៖ ពួកឧទ្ទាមស៊ីរីបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ ហើយយន្ដហោះនេះត្រូវបានគេកំណត់គោលដៅថា ស្ថិតនៅក្នុងខេត្តអ៊ីដលីបជាកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ វីដេអូមួយដែលបានបង្ហោះទៅប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា អ្នកបើកយន្តហោះបានគេចចេញដោយប្រើប្រាស់ឆ័ត្រយោងមួយប៉ុន្តែយោងទៅតាមក្រសួងការពារជាតិរបស់រុស្ស៊ីបានឲ្យដឹងថា រូបគាត់ត្រូវបានចាប់ខ្លួននិងសម្លាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនោះផងដែរ។ ក្រុងម៉ូស្គូបាននិយាយថា ខ្លួនបានសងសឹកភ្លាមៗបន្ទាប់ពីមានការវាយប្រហារតាមអាកាសដែលបានសម្លាប់សកម្មប្រយុទ្ធជាង៣០ នាក់នៅក្នុងតំបន់ដូចគ្នាដែលយន្តហោះនោះត្រូវបានទម្លាក់។ ចំណែកក្រុមឧទ្ទាមអះអាងថា ពួកគេបានទម្លាក់យន្តហោះរុស្ស៊ីព្រោះវាបានតម្រង់គោលដៅក្បួនរថយន្តស៊ីវិលដែលគេចចេញតាមបណ្តោយមហាវិថីធំមួយដោយសម្លាប់ជនស៊ីវិល៧ នាក់ និងរងរបួសច្រើនទៀត។ សូមជម្រាបថា ចាប់តាំងពីប្រទេសរុស្ស៊ីបានចូលរួមសង្គ្រាមជាមួយរដ្ឋាភិបាលស៊ីរីក្នុងឆ្នាំ២០១៥ មកពួកឧទ្ទាមបានបាត់បង់ការគ្រប់គ្រងតំបន់ជាច្រើនប៉ុន្តែទោះជាយ៉ាងណាពួកគេនៅតែបន្តរក្សាទីបញ្ជាការរឹងមាំមួយនៅ ខេត្ត Idlib៕

ឥណ្ឌា​ស្នើ​ទិញ​ឧទ្ធម្ភាគចក្រ Apache ច្រើន​គ្រឿង​ពី​អាមេរិក​ដើម្បី​ការពារ​ព្រំដែន​ជាមួយ​ចិន និង​ប៉ា​គី​ស្ថាន​

វេបសាយ Diplomat បានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាកំពុងពន្លឿនដំណើរការនៃការទិញឧទ្ធម្ភាគចក្រប្រយុទ្ធ Boeing AH-64E Apache ថ្មីជាច្រើនគ្រឿង។ រដ្ឋាភិបាលក្រុងញូវដេលីបានផ្ញើលិខិតស្នើ (LoR) មួយទៅរដ្ឋាភិបាលអាមេរិកទាក់ទងនឹងលទ្ធភាពនៃការលក់សម្ភារៈការពារជាតិទាំងនេះ ដែលជាជំហានដំបូងក្នុងការធ្វើកិច្ចព្រមព្រៀងអាវុធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ខណៈដែលគេមិនដឹងច្បាស់ថាលិខិតនោះបានបញ្ជូនទៅពេលណានោះ មន្ត្រីឥណ្ឌាម្នាក់បានប្រាប់កាសែត Hindustan Times កាលពីថ្ងៃអង្គារទី២៧កុម្ភៈថា “លិខិតនោះត្រូវបានចេញនាពេលថ្មីៗនេះហើយឥឡូវនេះសហរដ្ឋអាមេរិកត្រូវតែឆ្លើយតបវិញជាមួយលិខិតទទួល (LoA) ដើម្បីពន្លឿនកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Apache”។ វ៉ាស៊ីនតោនមានពេលប្រហែល ៦ ខែដើម្បីប្រគល់លិខិត LoA។ កងទ័ពអាមេរិកគឺជាអ្នកប្រើប្រាស់ឧទ្ធម្ភាគចក្រ Apache ដ៏ចម្បង។ ជប៉ុន អ៊ីស្រាអែល ក្រិក ហូឡង់ សិង្ហបុរី និងអារ៉ាប់រួមអេមីរ៉ាត ក៏ប្រើឧទ្ធម្ភាគចក្រ Apache ដែរ។ យោងតាមវេបសាយ Diplomat ឧទ្ធម្ភាគចក្រប្រយុទ្ធនេះនឹងចូលរួមជាមួយកងអាកាសចរណ៍របស់កងទ័ពឥណ្ឌា (មិនមែនកងទ័ពអាកាសទេ)។ ក្រសួងការពារជាតិឥណ្ឌាបានអនុម័តមូលនិធិដើម្បីទិញឧទ្ធម្ភាគចក្រនេះកាលពីខែសីហា។ អ្នកនាំពាក្យបានបន្ថែមថា នៅទីបំផុត កងអាកាសចរណ៍នឹងដាក់ពង្រាយកងអនុសេនាធំឧទ្ធម្ភាគចក្រចម្បាំង Apache ចំនួន ៣ កង នៅតាមបណ្តោយព្រំដែនឥណ្ឌា-ចិន និង ឥណ្ឌា-ប៉ាគីស្ថាន។ ខណៈដែលឥណ្ឌាស្វែងរកឧទ្ធម្ភាគចក្រយោធាផលិតនៅបរទេសសម្រាប់កងទ័ពរបស់ខ្លួន យោធាឥណ្ឌាទើបនឹងបញ្ចប់ការធ្វើតេស្តដ្រូនប្រយុទ្ធផលិតក្នុងស្រុកយកគំរូតាមដ្រូន Predator MQ-1 របស់សហរដ្ឋអាមេរិក។ ដ្រូនទាំងនោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាលើសម្ភារៈការពារជាតិដែលផលិតនៅបរទេស។ ទន្ទឹមនេះដែរ ប៉ាគីស្ថានបានចាប់ផ្តើមធ្វើសមយុទ្ធយោធារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងដែលមានចំនួនច្រើនជាងខ្លួន។ ឥណ្ឌានិងចិនបានពាក់ព័ន្ធក្នុងជម្លោះព្រំដែនដ៏តានតឹងនៅតំបន់ដូក្លាំកាលពីឆ្នាំមុន ហើយកាលពីខែមុនភាគីទាំងពីរប៊ិះតែនឹងប្រឈមមុខគ្នាស្រដៀងគ្នានេះមួយទៀតនៅតំបន់អារូណាចាល់ប្រាដេស បន្ទាប់ពីមានការចោទប្រកាន់ថាក្រុមហ៊ុនកសាងផ្លូវរបស់ចិនលុកលុយចូលទឹកដីឥណ្ឌា៕

មនុស្ស​១០​នាក់​ស្លាប់​និង​ច្រើន​នាក់​រងរបួស​ដោយ​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​អេ​ហ្ស៊ី​ប​

ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា មនុស្សយ៉ាងតិចណាស់ចំនួន១០នាក់បានស្លាប់និង១៥នាក់បានរងរបួសកាលពីថ្ងៃពុធទី២៨កុម្ភៈ នៅពេលរថភ្លើងចំនួន២បានបុកគ្នានៅប្រទេសអេហ្ស៊ីប។ ក្រសួងសុខាភិបាលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់រថភ្លើងនេះបានកើតឡើងរវាងរថភ្លើងដឹកទំនិញនិងរថភ្លើងអ្នកដំណើរ នៅខេត្តបេហៃរ៉ា ភាគខាងជើងនៃប្រទេសអេហ្ស៊ីប។ មូលហេតុនៃគ្រោះថ្នាក់នេះមិនត្រូវបានគេដឹងភ្លាមៗនោះទេ ប៉ុន្តែ វាបានកើតឡើង តែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីមនុស្ស៤១ នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់រភ្លើងបុកគ្នា នៅជិតទីក្រុងអាឡិចសាន់ឌ្រា កាលពីខែសីហា៕

 

មនុស្ស​៨​នាក់​ស្លាប់ និង​របួស​ក្នុងករណី​ផ្ទុះ​ក្នុង​ហាង​លក់ទំនិញ​មួយ​ក្នុង​ទីក្រុង Leicester

អង់គ្លេស ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានចេញផ្សាយថា មនុស្ស០៤នាក់បានស្លាប់ និង០៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅក្នុងហាងលក់ទំនិញមួយកន្លែង ស្ថិតនៅទីក្រុង ឡៃសេស្ទើ (Leicester) ភាគកណ្តាលចក្រភពអង់គ្លេស។ ប៉ូលិសបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងតំបន់ថា «មនុស្ស ០៤នាក់ បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ និង០៤នាក់ផ្សេងទៀតរងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ នេះគ្រាន់តែជាចំនួនបឋមប៉ុណ្ណោះ ដោយចំនួនមនុស្សរងរបួស អាចនឹងមានការកើនឡើងបន្ថែមនេះ ដោយក្រុមសង្គ្រោះ និងប៉ូលិសកំពុងស្ថិតនៅកន្លែងកើតហេតុ។ ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់អំពីមូលហេតុនៃការផ្ទុះនេះឡើយ ប៉ុន្តែប៉ូលិស បានអះអាងថា សំឡេងផ្ទុះបានលាន់លឺយ៉ាងកក្រើក ដល់លំនៅឋាននៅជុំវិញហាង។ សម្រាប់ហាងនោះវិញ គឺត្រូវបានឆាបឆេះក្រោយការផ្ទុះ ប៉ុន្តែប៉ូលិសបានបញ្ចេញក្រុមពន្លត់អគ្គីភ័យ រហូតរលត់អស់។ បន្ថែមពីនេះ មិនទាន់មានតម្រុយណាមួយបញ្ជាក់ថា វាជាភេរវកម្មនោះទេ៕

ហេ​រ៉ូ​អ៊ី​ន​តម្លៃ​២.៥ លាន​ដុល្លារ​ត្រូវបាន​ប៉ូលិស​វៀតណាម​បង្ក្រាប​នៅតាម​ព្រំដែន​ចិន

វៀតណាម ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា បុរស ៥ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាមពីបទប៉ុនប៉ងជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនតម្លៃ ២.៥ លានដុល្លារចូលទៅក្នុងប្រទេសចិន បន្ទាប់ពីប៉ូលីសបានបាញ់លើយានយន្តផ្ទុកគ្រឿងញៀនរបស់ពួកគេ ខណៈដែលពួកគេព្យាយាមរត់គេចខ្លួន ។ កាសែត Thanh Nien បានរាយការណ៍ថា បុរសទាំងនោះត្រូវចាប់បាននៅភាគខាងជើងខេត្ត Cao Bang ជាប់ព្រំដែនប្រទេសចិនជាមួយនឹងថ្នាំហេរ៉ូអ៊ីនជិត ១០០ គីឡូក្រាមមកពីឡាវ ។ ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏ចម្បងមួយពីតំបន់ “ត្រីកោណមាស” គ្របដណ្តប់លើប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ាដែលជាតំបន់ផលិតគ្រឿងញៀនធំជាងគេបំផុតនៅលើពិភពលោក ហើយការបង្ក្រាបចុងក្រោយបំផុតគឺជាការបង្ក្រាបធំបំផុតមួយនៅក្នុងប្រទេសវៀតណាមក្នុងប៉ុន្មានខែចុងក្រោយនេះ ។ បុរសជនជាតិវៀតណាម ៥ នាក់ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅពេលដែលពួកគេព្យាយាមបើកឡានឆ្លងកាត់ប៉ូលីសនៅខេត្តភាគខាងជើងដោយជំរុញឲ្យអាជ្ញាធរបើកការបាញ់ប្រហារ ។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា បុរសម្នាក់ដែលត្រូវបានគេចោទប្រកាន់នោះឈ្មោះ Tran Van Bang អាយុ ៣១ ឆ្នាំកំពុងឈរជាមួយគំនរថ្នាំហេរ៉ូអ៊ីនដ៏ច្រើនដុំ ។ សូមបញ្ជាក់ថា ប្រទេសវៀតណាមមានច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយចំនួននៅក្នុងពិភពលោក ហើយអ្នកដែលចាប់បានហួសកំរិតជាង ៦០០ ក្រាមនៃហេរ៉ូអ៊ីន ឬលើសពី ២០ គីឡូក្រាមអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត ៕

តួ​ក​គីស​ម្រេច​បញ្ជូន​កង​កុម្ម៉ង់ដូ​ពិសេស​ទៅកាន់​ទឹកដី Afrin ប្រទេស​ស៊ី​រី​

អង់ការ៉ា ៖ ទីភ្នាក់ងារសារព័ត៌មាន Russian Today នៅព្រឹកនេះបានឲ្យដឹងថា រដ្ឋាភិបាលតួកគីបានបញ្ជូនកងកម្ម៉ង់ដូពិសេសរបស់ខ្លួន ទៅកាន់ទីក្រុងអាហ្វ្រីន (Afrin) នៃភាគខាងជើងប្រទេសស៊ីរី ដើម្បីត្រៀមបើកប្រតិបត្តិការវាយលុកថ្មីមួយ ប្រឆាំងនឹងក្រុមឧទ្ទាមឃើដ YPG។ យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី កងកម្ម៉ង់ដូពិសេសតួកគីបានចាកចេញពីខេត្ត គីលីស (Kilis) និងខេត្ត ហាថាយ (Hatay) នៃភាគខាងត្បូងប្រទេសតួកគី ដោយឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសស៊ីរី។ កងកម្ម៉ង់ដូនេះត្រូវបានគេរំពឹងថា នឹងចូលទៅកាន់កាប់ ភូមិ និងតំបន់ដែលកងទ័ពតួកគីវាយដណ្ដើមបាន ពីក្រុមឧទ្ទាមឃើដ YPG៕

ប្រេង​ពី​នាវា​អ៊ីរ៉ង់​ដែល​លិច​នឹង​អណ្តែត​ទៅដល់​កោះ​ភាគខាងត្បូង​ប្រទេស​ជប៉ុន

ជប៉ុន ៖ យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងនៅថ្ងៃនេះថា ប្រេងពីនាវាប្រេងអ៊ីរ៉ង់ឈ្មោះ Sanchi ដែលលិចដែលបានអណ្តែតទៅដល់កោះភាគខាងត្បូងជប៉ុនកាលពីដើមខែនេះ។ ឆ្មាំឆ្នេរសមុទ្របានបន្តថា គំរូនៃជាតិប្រេងដែលអណ្តែតមកកាលពីថ្ងៃទី៨ខែកុម្ភៈនៅលើឆ្នេរនៃកោះ Okinoerabu និងកោះ Yoron នៅក្នុងខ្សែសង្វាក់កោះ Amami គឺត្រូវបានគេរកឃើញថាត្រូវបានផ្សារភ្ជាប់ជាមួយការលិចរបស់នាវា Sanchi។នាវា Sanchi បានលិចកាលពីថ្ងៃទី១៤ខែមករាបន្ទាប់ពីបុកជាមួយនាវាដឹកទំនិញមួយគ្រឿងនៅថ្ងៃទី៦ខែមករាក្នុងគ្រោះមហន្តរាយនាវាដឹកប្រេងដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ មន្ត្រីឆ្មាំសមុទ្របានប្រាប់រ៉យទ័រតាមទូរស័ព្ទថា “ប្រេងដែលបានមកដល់ឆ្នេរនៃកោះទាំងពីរនេះគឺទំនងជាត្រូវបានផ្សារភ្ជាប់ទៅនឹងឧប្បទ្ទវហេតុនាវាដឹកប្រេង Sanchi ដោយពិចារណាលើភាពស្រដៀងគ្នានៃប្រេងនិងការពិតដែលថា មិនមានគ្រោះមហន្តរាយសមុទ្រណាមួយដែលទាក់ទងនឹងការកំពប់ប្រេងនៅក្នុងតំបន់សមុទ្រក្បែរនោះទេ”។ ប្រេងពណ៌ខ្មៅត្រូវបានគេប្រទះឃើញអណ្តែតជាដំបូងនៅលើឆ្នេរកោះ Takarajima កាលពីថ្ងៃទី ២៨ខែមករាហើយចាប់តាំងពីពេលនោះមកសារធាតុរាវផ្សេងទៀតបានទៅដល់កោះចំនួន២១ ផ្សេងទៀតនៅភាគនិរតីនៃប្រទេសជប៉ុនដែលជាផ្នែកនៃប្រជុំកោះដោយរួមមានទាំងកោះ Amami-Oshima និង Okinawa ផងដែរដែលជាតំបន់ល្បីឈ្មោះដោយសារឆ្នេរដ៏ស្អាតនិងប្រព័ន្ធថ្មប៉ប្រះទឹករបស់វា។ គួរបញ្ជាក់ថា នាវា Sanchi ដែលឆ្មាំសមុទ្របាននិយាយថាមានដឹកប្រេងចំនួន១១១,០០០តោនឬប្រហែល៨១០,០០០បារ៉ែលគឺបានលិចបន្ទាប់ពីផ្ទុះជាច្រើនលើកក្រោយការប៉ះទង្គិច៕

កូរ៉េខាងត្បូង​ចំណាយ​ថវិកា​ប្រមាណ​២៤០​លាន​វ៉ុ​ន​លើ​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​

កូរ៉េខាងត្បូង ៖ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងបានចំណាយថវិកាប្រមាណ២៤០លានវ៉ុន (២២៣,២៣៧ដុល្លារអាមេរិក)ទៅលើប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុននិងក្រុមការងាររបស់នាងក្នុងអំឡុងពេលដំណើររយៈពេលបីថ្ងៃរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុង Pyeongchang ។ មន្ត្រីមួយរូបនៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ភាគច្រើននៃប្រាក់នេះគឺត្រូវបានចំណាយលើការស្នាក់នៅ ដឹកជញ្ជូននិងម្ហូបអាហារសម្រាប់សមាជិកគណៈប្រតិភូចំនួន៤នាក់និងបុគ្គលិករបស់ខ្លួនចំនួន១៨នាក់។ ប្អូនស្រីរបស់លោកគីមនាង Kim Yo Jong និងមន្ត្រីកូរ៉េខាងជើងផ្សេងទៀតបានស្នាក់នៅសណ្ឋាគារ Walkerhill ដែលជាសណ្ឋាគារមាត់ទន្លេលំដាប់ផ្កាយប្រាំនៅភាគខាងកើតទីក្រុងសេអ៊ូល។នាងនិងគណៈប្រតិភូរបស់នាងបានធ្វើដំណើរចន្លោះទីក្រុងសេអ៊ូលនិងទីលាននៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូងហើយមន្ត្រីកូរ៉េខាងត្បូងក៏បានរៀបចំអាហារសម្រាប់ពួកគេនៅសណ្ឋាគារលំដាប់កំពូលក៏ដូចជានៅវិមាន Blue House ផងដែរដែលជាកន្លែងពួកគេបានជួបជាមួយលោកប្រធានាធិបតី Moon Jae-in ។ ជាការប្រៀបធៀប, គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចំណាយប្រាក់ប្រហែល៥០,០០០ ដុល្លារចំពោះការហ្វឹកហាត់និងការរៀបចំសម្រាប់អត្តពលិកអូឡាំពិកទាំង២២នាក់របស់កូរ៉េខាងជើងឬស្មើនឹងប្រហែល២,៣០០ដុល្លារក្នុងម្នាក់។ប៉ុន្មានខែមុនពេលកូរ៉េខាងត្បូងទទួលគណៈប្រតិភូកូរ៉េខាងជើង, យោធារបស់ខ្លួនបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរបស់លោក Moon ដោយដកឈ្មោះមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនចេញពីការផ្សព្វផ្សាយឃោសនានៅឯព្រំដែនរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូង។ ជំនួយការនៅការិយាល័យរបស់លោក Kim Hack-yong ដែលជាប្រធានគណៈកម្មាធិការការពារជាតិរបស់សភាបាននិយាយថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយអគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូងកាលពីចុងឆ្នាំកន្លងទៅដោយការព្រួយបារម្ភថា ការវាយប្រហារដោយពាក្យសម្ដីលើលោកគីមជុងអ៊ុនអាចនាំមកនូវអារម្មណ៍អវិជ្ជមានក្នុងចំណោមប្រជាជនកូរ៉េខាងជើង”៕

កូរ៉េខាងត្បូង​ជំរុញ​ឲ្យ​ជប៉ុន​បញ្ឈប់​ការទាមទារ​ទឹកដី​នៅលើ​កោះ​ដែលមាន​ជម្លោះ​

កូរ៉េខាងត្បូង ៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើការតវ៉ាប្រឆាំងនឹងព្រឹត្តិការណ៍មួយដែលរដ្ឋាភិបាលជប៉ុនបានរៀបចំនៅលើដែនកោះដែលមានជម្លោះ។ កោះតូចមួយដែលមានជម្លោះនោះត្រូវបានគេស្គាល់ថាជាកោះដូកដូ (Dokdo) នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាកោះតាកិស៊ីម៉ា (Takeshima) នៅក្នុងប្រទេសជប៉ុន។ ថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យឲ្យក្រសួងការបរទេសកូរ៉េខាងត្បូងបានជំរុញឲ្យប្រទេសជប៉ុនលុបចោលព្រឹត្តិការណ៍នោះ និងបញ្ឈប់ការទាមទារទឹកដីនៅលើប្រជុំកោះនោះផងដែរ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ដែលជាតំណាងរដ្ឋាភិបាលទៅកាន់កោះនោះដើម្បីចូលរួមព្រឹត្តិការណ៍មួយអបអរសាទរទិវាកោះតាកិស៊ីម៉ា (Takeshima) ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងជាអ្នកគ្រប់គ្រងប្រជុំកោះដូកដូ (Dokdo) ប៉ុន្តែប្រទេសជប៉ុនបានប្រឆាំងទៅនឹងអធិបតេយ្យភាពរបស់ពួកគេ ហើយចាប់តាំងពីឆ្នាំ២០០៥មកជប៉ុនបានកំណត់យកថ្ងៃទី២២ ខែកុម្ភៈនេះជាទិវាកោះតាកិស៊ីម៉ា (Takeshima)៕

កូរ៉េខាងត្បូងចង់ចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្រោយកីឡាអូឡំាពិកបញ្ចប់

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួននឹងផ្ដោតសំខាន់លើកិច្ចចរចាស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិរដូវរងាលើកទី២៣ នៅទីក្រុង PyeongChang បិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមរបាយការណ៍ របស់ក្រសួងការបរទេសកូរ៉េខាងត្បូងដាក់ជូនសភាជាតិ កូរ៉េខាងត្បូងនឹងផ្ដោតសំខាន់លើកិច្ច ប្រឹងប្រែងផ្នែកការទូតលើសន្ទុះនៃកិច្ចសន្ទនា បង្កើតឡើងដោយការចូលរួមពីសំណាក់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិក ក្នុងគោលបំណងឆ្ពោះទៅរកការផ្សះផ្សា និងឈានដល់កិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េដោយសន្តិវិធី។

គួររំលឹកថា កូរ៉េខាងជើង ធ្លាប់បានអះអាងជាច្រើនដងថាខ្លួននឹងមិនយកសំណុំរឿងនុយក្លេអ៊ែរទៅពិភាក្សាជាមួយ កូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិកជាដាច់ខាត ដារាបណា ទីក្រុងវ៉ាស៊ីនតោនមិនព្រមបោះបង់ចោលគោលនយោបាយប្រឆាំង នឹងទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត របបកុម្មុយនីស្ដមួយនេះក៏បានអះអាងដែរថាអាវុធនុយក្លេអ៊ែររបស់ខ្លួនមាន គោលដៅតែទៅលើសហរដ្ឋអាមេរិកតែមួយគត់ ហើយថាវាគឺជាវិធានការដ៏សំខាន់ក្នុងការចូលរួមចំណែករក្សាសន្តិភាព នៅក្នុងតំបន់ ក៏ដូចជាបង្កើតតុល្យភាពជាមួយអាមេរិក៕

នាវាចម្បាំងមហាយក្ស​ចិន​១១​គ្រឿង​ធ្វើដំណើរ​ចូល​មហាសមុទ្រ​ឥណ្ឌា​ខាងកើត​

ឥណ្ឌា ៖ ស្របពេលមានវិបត្តិធម្មនុញ្ញក្នុងប្រទេសម៉ាល់ឌីវ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមភាពអាសន្ន នាវាចម្បាំងចិនចំនួន១១គ្រឿងត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរចូលទៅមហាសមុទ្រ ឥណ្ឌាខាងកើតនៅក្នុងខែនេះ។ គេហទំព័រព័ត៌មានចិន Sina.com.cn បាននិយាយថា កងនាវាពិឃាត នាវាចម្បាំងតិចបំផុតមួយគ្រឿង នាវាដឹកជញ្ជូនបើកបានទាំងក្នុងទឹកនិងលើគោក ទម្ងន់៣០ពាន់តោនមួយគ្រឿង និងនាវាដឹកគ្រឿងផ្គត់ផ្គង់ចំនួន៣គ្រឿង បានចូលទៅក្នុងដល់មហាសមុទ្រឥណ្ឌា ប៉ុន្តែមិនប្រាប់ពីពេលដែលនាវាចម្បាំងទាំងនេះ ត្រូវបញ្ជូនទៅ ឬក៏នឹងស្ថិតនៅយូរប៉ុណ្ណានោះទេ។ ការប្រកួតប្រជែងគ្នា សម្រាប់ឥទ្ធិពលក្នុងប្រទេសម៉ាលឌីវ រវាងមហាយក្សឥណ្ឌានិងចិន ដែលជាសត្រូវ ចាស់នឹងគ្នា តាមសេចក្តីរាយការណ៍ បានក្លាយជាជាក់ស្តែងឡើង បន្ទាប់ពីលោកប្រធានាធិបតីនៃ ប្រទេសម៉ាលឌីវ លោក Abdulla Yameen បានចុះហត្ថលេខាលើគោលគំនិត ក្រវ៉ាត់ផ្លូវរបស់ទីក្រុងប៉េកាំង ដើម្បីកសាងការតភា្ជប់ផ្នែកពាណិជ្ជកម្ម និងគមនាគមន៍ នៅទៅទាំងអាស៊ីនិងលើសពីនោះ៕

ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំង​២​កំពុង​រលាយ​ទៅវិញ​បន្តិច​ម្ដងៗ​

កូរ៉េខាងត្បូង ៖ ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២ ដែលផ្ដើមចេញពីកីឡាអូឡាំពិករដូវរងាកំពុងរលាយទៅវិញបន្តិចម្ដងៗ ហើយអាចឈានទៅរកភាពជាប់គាំងម្ដងទៀតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកូរ៉េខាងត្បូងប្រកាសធ្វើសមយុទ្ធយោធារួមជាមួយសហរដ្ឋអាមេរិកឡើងវិញ។ ក្រសួងការពារជាតិក្រុងសេអ៊ូលនិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្ហាញនូវផែនការនានាសំរាប់សមយុទ្ធប្រចាំឆ្នាំ ជាមួយសហរដ្ឋអាមេរិកនៅមុនខែមេសាខាងមុខ បន្ទាប់ពីបានពន្យារពេលធ្វើសមយុទ្ធយោធារួមជាមួយសហរដ្ឋអាមេរិក ដោយសារតែមានការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាជនពិការមក។ ក្រុមមន្ត្រីនិយាយថា កិច្ចពិភាក្សាស្តីពីសមយុទ្ធនោះកំពុងចាប់ដំណើរការទៅមុខហើយ។ សូមជម្រាប់ថា នៅពេលដែលសមយុទ្ធត្រូវបានគេផ្អាកទៅវិញ កូរ៉េខាងជើងបានយល់ព្រមទៅចូលរួមកីឡាអូឡាំពិក ហើយក៏បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ឲ្យទៅជួបលោក គីម ជុងអ៊ុន នៅក្នុងប្រទេសកូរ៉េខាងជើងទៀតផង៕

 

 

DARPA ប្រគល់​នាវា​ឥត​មនុស្ស​បើក​ដល់​កងទ័ពជើងទឹក​អាមេរិក​

នាវាស្វ័យប្រវត្តិមួយ ដែលមានឈ្មោះថា “អ្នកប្រមាញ់លើសមុទ្រ” (Sea Hunter) ត្រូវបានប្រគល់ជាផ្លូវការដល់កងទ័ពជើងទឹកអាមេរិក បន្ទាប់ពីបញ្ចប់សព្វគ្រប់នូវការធ្វើតេស្តរយៈពេល២ឆ្នាំនៅក្នុងទីតាំងរបស់ទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិកម្រិតខ្ពស់ (DARPA)។ នាវា Sea Hunter ត្រូវបានបង្កើតឡើងដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងនាវាមុជទឹក និងអាចធ្វើបដិវត្តសង្គ្រាមជើងទឹក ព្រោះវាគឺជា “នាវាដំបូងគេនៃអ្វីដែលអាចក្លាយជាប្រភេទនាវាថ្មីដែលអាចបើកកាត់លើសមុទ្ររាប់ពាន់គីឡូម៉ែត្ររយៈពេលជាច្រើនខែក្នុងមួយជើង ដោយមិនចាំបាច់មាននាវិកសូម្បីតែម្នាក់នៅលើនោះ”។ នេះបើតាម DARPA និយាយនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣០ ខែមករា។ ខណៈពេលគេមិនទាន់ច្បាស់ថាពេលណាដែលការិយាល័យស្រាវជ្រាវកងទ័ពជើងទឹកនឹងបញ្ជូននាវានេះទៅក្នុងកងនាវាប្រតិបត្តិការប្រចាំថ្ងៃនោះ សេចក្តីថ្លែងការណ៍របស់ DARPA បានចង្អុលបង្ហាញថា វាអាចត្រូវបានដាក់បញ្ចូលជាមួយកងទ័ពជើងទឹកអាមេរិកនៅដំណាច់ឆ្នាំនេះ។ អតីតអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក រ៉ូបឺត វើក និយាយក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងឆ្នាំ ២០១៦ ថា “ឈ្មោះរបស់នាវានេះអាចធ្វើឱ្យគេយល់ច្រឡំចំពោះសមត្ថភាពរបស់វា។ នាវាប្រវែង ៣៩ ម៉ែត្រនេះត្រូវបានបំពាក់សម្ភារៈយ៉ាងគត់មុតបំផុតសម្រាប់ឈ្លបយកការណ៍ និងមិនត្រូវបានបំពាក់ដោយអាវុធណាមួយឡើយ ដោយហេតុថាវាមិនមានមនុស្សសម្រាប់បើកឡើយ។ គ្មានហេតុផលអ្វីដែលត្រូវខ្លាចនាវាបែបនេះទេ”។ យោងតាមវេបសាយ Digital Trends បានឱ្យដឹងថា នាវានេះមានតម្លៃថោកជាងនាវាដទៃទៀតក្នុងការសាងសង់ ដោយមានតម្លៃត្រឹមតែ ២០ លានដុល្លារប៉ុណ្ណោះ៕

ឧទ្ធម្ភាគចក្រ​ដឹក​មន្ត្រីជាន់ខ្ពស់​ច្រើន​នាក់ ធ្លាក់ ស្លាប់​១៤​នាក់ ក្នុងពេល​កំពុងធ្វើការ​វាយតម្លៃ​ការខូចខាត​នៃ​រញ្ជួយ​ដី​នៅ​ម៉ិ​ក​ស៊ិ​ក​

ឧទ្ធម្ភាគចក្រដែលដឹកមន្ត្រីជាន់ខ្ពស់ច្រើននាក់បានធ្លាក់ ខណៈដែលពួកគេបានកំពុងធ្វើការវាយតម្លៃការខូចខាតនៃការរញ្ជួយដីកាលពីថ្ងៃសុក្រទី១៦កុម្ភៈនៅម៉ិកស៊ិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ ដោយរួមទាំងទារកម្នាក់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអភិបាលរដ្ឋអូអាសាកា បានជិះឧទ្ធម្ភាគចក្រនេះ ប៉ុន្តែពួកគេមិនរងរបួសទេ។ លោក អាល់ហ្វុនសូ ណាវ៉ារ៉េត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា អ្នកបើកឧទ្ធម្ភាគចក្រនេះបានបាត់បង់ការគ្រប់គ្រងនៅពេលវាបានកំពុងចុះចត។ រញ្ជួយដីកម្លាំង៧,២រិច្ឆទ័រ បានកើតឡើងនៅរដ្ឋអូអាសាកា ប៉ុន្តែ វាបានរង្គើរញ័រអគារជាច្រើននៅទីក្រុងម៉ិកស៊ីកូ ចម្ងាយ៣៥០គីឡូម៉ែត្រ ពីរដ្ឋនេះ។ មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ដោយការរញ្ជួយដីនេះទេ។ គេមិនច្បាស់ទេថាតើអ្នកណាខ្លះដែលស្ថិតនៅក្នុងឧទ្ធម្ភាគចក្រនោះ បានស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះទេ ប៉ុន្តែ លោក អាល់ហ្វុនសូ បាននិយាយថាអ្នកដំណើរខ្លះបានរងរបួស៕

យន្តហោះ​អាកាសចរណ៍​អ៊ីរ៉ង់​ធ្លា​ក់នៅ​តំបន់ភ្នំ​ស្លាប់​អ្នកដំណើរ​ទាំងអស់​

តេហេរ៉ង់ ៖ មនុស្សចំនួន៦៦នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាតបង់ជីវិតទាំងអស់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿងដែលពួកគេជិះបានធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសនោះ ខណៈមូលហេតុពិតប្រាកដនៃការធ្លាក់ នៅមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។ យន្តហោះខាងលើនេះត្រូវបានផ្នែកអាកាសចរណ៍អ៊ីរ៉ង់អះអាងថា ATR-72 ធ្វើដំណើរពីទីក្រុងតេហេរ៉ង់ សំដៅទៅទីក្រុង Yasuj ភាគខាងត្បូង ដែលមានចម្ងាយ៦២០គីឡូម៉ែត្រពីគ្នា ប៉ុន្តែយន្តហោះបានធ្លាក់នៅក្នុងតំបន់ភ្នំ Dena ភាគខាងត្បូងប្រទេសអ៊ីរ៉ង់៕

ប្រធានាធិបតី​កូរ៉េខាងត្បូង​អាច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុងយ៉ាង ប្រសិនបើ​កូរ៉េខាងជើង​ផ្លាស់ប្តូរ​ជំហរ​

លោក វូ យុន គឿន ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ កុម្ភៈ បាននិយាយអំពីលទ្ធភាពនៃការចរចារវាង សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ព្រមទាំងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិកនៅកូរ៉េខាងត្បូង។ លោក វូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងមើលឃើញលទ្ធភាពសម្រាប់កិច្ចសន្ទនារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ហើយសមាជិកសភាអាមេរិកចង់បង្កើតកិច្ចសន្ទនាបែបនេះ។ លោក វូ បានននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “សមាជិកសភា នៅសហរដ្ឋអាមេរិក គិតថាការសន្ទនាជាមួយកូរ៉េខាងជើងគួរតែត្រូវបានបង្កើតឡើងឥឡូវនេះ។ នោះហើយជាមូលហេតុដែលខ្ញុំមើលឃើញលទ្ធភាពសម្រាប់កិច្ចសន្ទនារវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក” ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនេះបានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងតូក្យូបានឃើញការផ្លាស់ប្តូរចុងក្រោយនៃជំហរបស់កូរ៉េខាងជើង ដែលជាលទ្ធផលមកពីការដាក់ទណ្ឌកម្ម៕

 

 

ចិន ៖ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​នឹងមាន​ការបំពុល​ខ្យល់អាកាស​ខ្លាំង​ 15-February-2018 / ព័ត៌មានអន្តរជាតិ

ចិន ៖ ក្រសួងការពារបរិស្ថានបានព្រមានថាតំបន់មួយចំនួននៃប្រទេសចិនអាចនឹងរងការបំពុលយ៉ាងធ្ងន់ធ្ងរដោយសារតែកាំជ្រួចនិងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីទោះជាមានការហាមប្រាមការដុតផាវនៅក្នុងទីក្រុងជាង ៤០០ ក៏ដោយ ។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “តំបន់ខ្លះទំនងជានឹងមានការបំពុលបរិស្ថានធ្ងន់ធ្ងរ ដោយសារតែការដុតកាំជ្រួច និងផាវ” ។ បុណ្យចូលឆ្នាំចិនដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំនេះគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតរបស់ប្រទេសចិន ហើយក្រុមគ្រួសារ និងការប្រារព្ធពិធីប្រពៃណីនេះមានការដុតកាំជ្រួច និងផាវជាច្រើនយប់ផងដែរ ។ ប្រពៃណីនេះត្រូវបានគេជឿជាក់ថានឹងធ្វើឲ្យស្មារតីអាក្រក់ចៀសឆ្ងាយ និងនាំមកនូវការចាប់ផ្ដើមដ៏ល្អដល់ឆ្នាំនេះ ។ យ៉ាងណាក៏ដោយទីក្រុងជាង ៤០០ នៅទូទាំងប្រទេសចិនបានហាមឃាត់ការដុតកាំជ្រួចចាប់តាំងពីឆ្នាំមុនមកម្ល៉េះដើម្បីទប់ស្កាត់ការបំពុលបរិយាកាសអំឡុងថ្ងៃឈប់សម្រាករយៈពេល ១៥ ថ្ងៃ និងកាត់បន្ថយគ្រោះថ្នាក់ផងដែរ ។ ក្រសួងបរិស្ថានបានឲ្យដឹងថា តំបន់ភាគខាងជើងប្រទេសចិនដែលមានផ្សែងអ័ព្ទរួមមានទាំងទីក្រុងប៉េកាំងផងដែរនោះអាចមានការបំពុលខ្លាំងចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសៅរ៍ ។ការបំពុលខ្យល់អាកាសធ្ងន់ធ្ងរនេះក៏ទំនងជានឹងមាននៅខេត្ត Heilongjiang និងខេត្ត Liaoning ភាគឦសាននៃប្រទេសចិន ចំណែកនៅភាគខាងកើតមានខេត្ត Anhui និងខេត្ត Zhejiang ខណៈដែលនៅភាគខាងលិចមានខេត្ត Sichuan និងតំបន់ Xinjiang ហើយក្នុងនោះក៏មានតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសផងដែរ ។ សូមបញ្ជាក់ផងដែរថា អាជីវកម្មមួយចំនួននឹងពន្យារពេលថ្ងៃឈប់សម្រាករហូតដល់ថ្ងៃទី ៣ ខែមីនា បើទោះជាថ្ងៃឈប់សម្រាកជាផ្លូវការនឹងបន្តរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ក៏ដោយ ៕