បណ្តាញសង្គម

កម្មករ​មី​យ៉ាន់​ម៉ា​២១​នាក់​ឆេះ​ស្លាប់​ក្នុង​រថយន្តក្រុង​នៅ​ថៃ​

រថយន្តក្រុងមួយដែលដឹកកម្មករមីយ៉ាន់ម៉ាមកពីកន្លែងចុះឈ្មោះសុំធ្វើការបានឆេះនៅក្នុងខេត្តតាកកាលពីព្រឹកថ្ងៃសុក្រទី៣០មីនាដោយសម្លាប់អ្នកដំណើរ២១នាក់។ អ្នកដំណើរ២៧នាក់ទៀត រួមទាំងអ្នកបើកនិងប្រពន្ធគាត់បានគេផុតពីអណ្តាតភ្លើង តែរងរបួសនិងត្រូវបាននាំទៅកាន់មន្ទីរពេទ្យ។ របាយការណ៍មកពីខេត្តតាកបាននិយាយថា រថយន្តដែលឆេះបានដឹកកម្មករមីយ៉ាន់ម៉ាប្រមាណ៥០នាក់មកពីខេត្តមេសុត ទៅកាន់តំបន់ស្សាហកម្មមួយក្នុងខេត្តផាធូម ថានី បន្ទាប់ពីពួកគេបានបញ្ចប់ការចុះបញ្ជីសុំលិខិតការងារ។ ជនចំណាកស្រុកទាំងនេះស្ថិតចំណោមមនុស្សរាប់សែននាក់ដែលបានទៅចុះឈ្មោះសុំធ្វើការងារនៅថៃខណៈកាលបរិច្ឆេទឈប់ទទួលការចុះឈ្មោះចូលដល់ទីបញ្ចប់។ គ្រោះថ្នាក់បានកើតឡើងនៅផ្លូវHighway 12ក្នុងឃុំ មេថរ នៅម៉ោងប្រមាន១រំលងអធ្រាត។ របាយការណ៍ដំបូងបាននិយាយថា ម៉ាស៊ីនឡានបានឆេះនិងបានរាលដាលយ៉ាងលឿនទៅតួរថយន្តទាំងមូល តែបើតាមអ្នកនៅមានជីវិតនិយាយថា ភ្លើងបានចាប់ផ្តើមនៅកណ្តាលរថយន្ត ហើយរាលដាលលឿន ដោយធ្វើអោយជាប់មនុស្សនៅពាក់កណ្តាលទៅក្រោយ។ បើតាមប៉ូលិស អគ្គិភ័យនេះមានសភាពខ្លាំងរហូតដល់សាកសព្វខ្លះទាមទារអ្នកជំនាញមកពិនិតដើម្បីកំណត់អត្តសញ្ញាណ ឬភេទ៕

ពលរដ្ឋ​រុស្ស៊ី​រាប់ពាន់នាក់​ថ្កោលទោសអាជ្ញាធរ​ចំពោះ​ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​ទំនើប​

រុស្ស៊ី ៖ ពលរដ្ឋរាប់ពាន់នាក់បានបន្តធ្វើការតវ៉ានៅក្នុងទីក្រុងកេម៉េរ៉ូនៃតំបន់ស៊ីបេរីក្នុងប្រទេសរុស្ស៊ីដោយសារខឹងសម្បានឹងក្រុមមន្ត្រីប្រទេសនេះនៅក្នុងករណីឆេះផ្សារទំនើបមួយកន្លែងដែលបានសម្លាប់មនុស្សយ៉ាងតិច៦៤នាក់ដោយក្នុងនោះ៤១នាក់គឺជាកុមារ។ ក្រុមអ្នកតវ៉ាបាននិយាយថា ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងអគ្គិភ័យនោះគឺច្រើនជាងចំនួនអ្នកបាត់បង់ជីវិតដែលអាជ្ញាធរប្រកាស និងបានថា អាជ្ញាធរកំពុងតែលាក់បាំងចំនួនអ្នកបាត់បង់ជីវិតពិតប្រាកដនៅក្នុងហេតុការណ៍នោះ។ ចំណែកក្រុមសាច់ញាតិជនរងគ្រោះបាននិយាយថា ពួកគេបានចាប់ផ្ដើមប្រមូលទិន្នន័យ ហើយបានរកឃើញថាមនុស្ស៧៨នាក់ទៀតឯណោះដែលកំពុងបាត់ខ្លួនក្នុងនោះរួមទាំងកុមារផង។ ដោយមិនមានការឆ្លើយតបពីអាជ្ញាធរក្នុងតំបន់ ក្រុមប្រជាពលរដ្ឋបានទាមទារឲ្យអភិបាល និងរដ្ឋាភិបាលតំបន់នោះលាលែងពីតំណែង។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា កណ្ដឹងប្រកាសអាសន្នពេលមានអគ្គិភ័យកើតឡើងត្រូវបានបិទ ហើយច្រកចេញនៅពេលមានគ្រាអាសន្ននៅក្នុងផ្សារទំនើបនោះក៏ត្រូវបានបិទដែរនៅពេលដែលអគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅក្នុងផ្សារទំនើបនោះ។ សូមជម្រាបថា យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សចំនួន៤ហើយត្រូវបានចោទប្រកាន់នៅក្នុងហេតុការណ៍នេះ៕

 

 

ក្រុម អាយ សុី អាយ សុី បង្កើន​ការវាយប្រហារ​ជាថ្មី​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​

អ៊ីរ៉ាក់ ៖ ក្រុមរដ្ឋឥស្លាម ISIS បាននិងកំពុងបង្កើនការវាយប្រហារឡើងសាជាថ្មីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសទទួលជ័យជំនះទៅលើក្រុមបះបោរនេះ។ សូមរំលឹកថា ក្រុមអាយស៊ីសអស់ដែនដីគ្រប់គ្រង បន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់វាយដណ្តើមបានមកវិញនូវបន្ទាយរបស់ពួកគេនៅក្នុងភាគខាងជើង និងភាគកណ្តាលប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះក្រុមអាយស៊ីសកំពុងវិលត្រឡប់ទៅរកការបះបោរឡើងវិញហើយ។ ជាង១សប្តាហ៍កន្លងមកនេះ, ក្រុមអាយស៊ីសបានចេញមកអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារចំនួន៦ករណីនៅប៉ុស្តិ៍ត្រួតពិនិត្យក្លែងក្លាយជាច្រើនកន្លែង ដោយរួមទាំងការវាយប្រហារមួយដែលបានបំផ្លាញនាវាដឹកប្រេង និងការវាយប្រហារមួយផ្សេងទៀតដោយដាក់គោលដៅទៅលើអ្នកធម្មយាត្រានិកាយស៊ីអ៊ីត។ ក្រុមមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា សមាជិកកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ចន្លោះពី១៥០ទៅ២០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលអះអាងដោយក្រុមអាយស៊ីសនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កាលពីសប្តាហ៍មុន មន្ត្រីប៉ូលិសសហព័ន្ធរបស់ប្រទេសអ៊ីរ៉ាក់ចំនួន៩នាក់ត្រូវបានចាប់ពង្រត់នៅតាមផ្លូវភាគខាងត្បូងទីក្រុងគ័រគុក (Kirkuk) នៅប៉ុស្តិ៍ត្រួតពិនិត្យក្លែងក្លាយមួយកន្លែងដែលក្រុមអាយស៊ីសបានបង្កើតឡើង។ មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយមួយដែលមានទំនាក់ទំនងជាមួយក្រុមអាយស៊ីសបានបង្ហោះការអះអាងមួយនៅលើប្រព័ន្ធអ៊ីនធឺណេតថា ការវាយប្រហារផ្សេងទៀតក៏ត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន២ដែលស្ថិតនៅក្នុងភាគខាងកើតនិងខាងលិចប្រទេសអ៊ីរ៉ាក់ផងដែរ៕

លោក U Win Myint ត្រូវ​សភា​មី​យ៉ាន់​ម៉ា​បោះឆ្នោត​គាំទ្រ​ឡើងជា​ប្រធានាធិបតី​ថ្មី​

មីយ៉ាន់ម៉ា ៖ នៅថ្ងៃពុធនេះសភានៃសហភាពមីយ៉ាន់ម៉ាបានបោះឆ្នោតគាំទ្រឱ្យលោក U Win Myint កាន់តំណែងជាប្រធានាធិបតីថ្មី បន្ទាប់ពីលោក U Htin Kyaw ប្រកាសលាលែងពីមុខតំណែង កាលពីសប្ដាហ៍មុន។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។ ការបោះឆ្នោតប្រធានាធិបតីនេះ ត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីអនុប្រធានាធិបតីបីរូប ក្នុងនោះរួមមាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe), លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) និង លោក យូ វីន ម្យីនត៍ (U Win Myint)។ សម្រាប់ លោក U Win Myint ត្រូវបានសភាបោះឆ្នោតផ្ដល់ទំនុកចិត្តឱ្យកាន់តំណែង ជាអនុប្រធានាធិបតីកាលពីសប្ដាហ៍មុន។ លោក U Win Myint មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (LND) ក៏ជាអតីតប្រធានសភាជាន់ទាបមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែលោក បានសុំលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី៕

ប្រទេស​នៅ​តំបន់​អឺរ៉ុប​ចំនួន​១៤ ប្រកាស​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ចេញពី​ប្រទេស​

ប៊ែរឡាំង ៖ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយថា ស្របពេលសហរដ្ឋអាមេរិកដែលបានបណ្តេញមន្ត្រីទូតរុស្ស៊ីចំនួន៦០នាក់ចេញពីប្រទេស ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន១៤ក៏បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេសផងដែរ។ ការសម្រេចចិត្តបែបនេះគឺជាផ្នែកមួយនៃការចូលរួមជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងការធ្វើសង្គ្រាមការទូតបណ្ដេញមន្ត្រីទូតរុស្ស៊ី ចេញពីប្រទេស សម្រាប់ការមិនធ្វើការបកស្រាយទាក់ទិននឹងការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ីម្នាក់នៅលើទឹកដីអង់គ្លេស។ ប្រទេសប៉ូឡូញ លីតទុយអានី អ៊ុយក្រែន បារាំង និយាយជារួមគឺ ប្រទេសជាសមាជិក សហភាពអឺរ៉ុបចំនួន១៤ សុទ្ធតែបានសម្រេចចិតបណ្ដេញមន្ត្រីទូតរុស្ស៊ី ជាការឆ្លើយតបនឹងសំណុំរឿងពាក់ព័ន្ធនឹងការបំពុលសម្លាប់ អតីតចារកិច្ចរុស្ស៊ីម្នាក់និងកូនស្រីរបស់លោក នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស។ បារាំង អាល្លឺម៉ង់ និងកាណាដា បានប្រកាសបណ្ដេញមន្ត្រីរុស្ស៊ី០៤នាក់ រីឯអ៊ុយក្រែនបណ្ដេញ១៤នាក់។ សូមបញ្ជាក់ថា លោក Sergei Skripal ជាអតីតចារកិច្ចរុស្ស៊ី និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពេលសម្លាប់នៅក្នុងទីក្រុង Salisbury កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយរហូតមក ទល់ពេលនេះ អ្នកទាំងពីរនៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែរុស្ស៊ីបាន ច្រានចោល រាល់ការចោទប្រកាន់ទាំងឡាយ។ ជាមួយគ្នានេះផងដែរ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា រុស្ស៊ីនឹងចាត់វិធានការសងសឹកចំពោះការបណ្ដេញមន្ត្រីទូតរបស់ខ្លួន ដោយបណ្ដាប្រទេសជាសមាជិសហភាពអឺរ៉ុប នៅក្នុងពេលឆាប់ៗនេះ។ សារព័ត៌មាន RIA ផ្អែកលើប្រភពពីក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «ការឆ្លើយតបវិញនឹងត្រូវធ្វើឡើងជាលក្ខណៈស៊ីមេទ្រី ហើយយើងនឹងធ្វើការងារនេះ នៅប៉ុន្មានថ្ងៃខាងមុខទៀតដោយឆ្លើយតបទៅនឹងប្រទេសទាំងអស់ម្ដងមួយៗ»៕

មនុស្ស​៣៧ នាក់​ស្លាប់​និង​៦៩​នាក់​បាត់​ខ្លួន​ដោយ​អគ្គិភ័យ​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​រុស្ស៊ី​

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ីបានរាយការណ៍ថាចំនួនអ្នកស្លាប់នៅក្នុងអគ្គិភ័យនៅក្នុងផ្សារទំនើបនៅទីក្រុងKemerovo ប្រទេសរុស្ស៊ី បានកើនឡើងដល់៣៧នាក់ និងមនុស្សចំនួន៦៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។សារព័ត៌មានTass បានដកស្រង់សម្តីរបស់ក្រុមអ្នកពន្លត់អគ្គិភ័យដែលបាននិយាយថាមនុស្ស៤០នាក់ដែលបាត់ខ្លួននៅផ្សារទំនើប Cherryនៅទីក្រុងនេះ គឺជាកូនក្មេង។ របាយការណ៍នេះក៏បាននិយាយផងដែរថាមនុស្ស៤៣នាក់បន្ថែមទៀតបានរងរបួសនៅក្នុងអគ្គិភ័យនេះ។ មិនមានព័ត៌មានភ្លាមៗអំពីមូលហេតុនៃអគ្គិភ័យដែលបានឆេះកាលពីថ្ងៃអាទិត្យនេះទេ ប៉ុន្តែសារព័ត៌មាន Tass បានរាយការណ៍ថាអគ្គិភ័យនេះ បានចាប់ផ្តើមនៅជាន់ខាងលើនៃផ្សារទំនើបនេះ ហើយបានបំផ្លាញតំបន់មួយដែលមានទំហំប្រហែល១.៥០០ម៉ែត្រការ៉េ៕

ត្រាំ​បញ្ចេញ​ពន្ធ​ថ្មី​ជាការ​ដាក់ទោស​ចិន​ចំពោះ​ការ​លួច​បច្ចេកវិទ្យា​អាមេរិក​

ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី២២មីនា បានវាយប្រហារចិនជាមួយនឹងការកំណត់ពន្ធថ្មីលើទំនិញនាំចូលតំលៃ៦០.០០០លានដុល្លារដើម្បីសងសឹកអ្វីដែលខ្លួនអះអាងថា«ការលួច»ទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាអាមេរិក ជាហេតុនាំអោយមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ដោយអះអាងថាវាជា«ចំណាត់ការដំបូងមួយក្នុងចំណោមវិធានការជាច្រើន» លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជាដែលអាចនាំដល់ការរឹតត្បិតការវិនិយោគរបស់ចិននៅអាមេរិក។ ចំណាត់ការរបស់អាមេរិកនេះបានរុញតំលៃភាគហ៊ុនអោយដាំក្បាលចុះចំពេលមានការព្រួយបារម្ភក្នុងទីផ្សារថា អាមេរិកអាចបង្កសង្គ្រាមពាណិជ្ជកម្មមួយ នៅពេលចិនធ្វើតបវិញ។ តែក្នុងពេលជាមួយគ្នា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បាននិយាយថា យ៉ាងហោចណាស់ខ្លួននឹងលើកលែងការយកពន្ធថ្មីនេះលើទំនិញដែកនិងអាលុយមីញ៉ូមមកពីសហភាពអឺរ៉ុបនិងប្រទេស៦ផ្សេងទៀតជាបណ្តោះអាសន្ន ដោយសម្រាលការគំរាមភ្លាមៗអំពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយសម្ពន្ធមិត្តអាមេរិក។ ក្នុងពេលចុះហត្ថលេខាលើបទបញ្ជាថ្មី ត្រាំបាននិយាយថា«យើងកំពុងមានស្ថានភាពចោរកម្មលើកម្មសិទ្ធិបញ្ញាធំធេងណាស់»។ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានម្នាក់ បាននិយាយថា ពន្ធនាំចូលថ្មីនឹងផ្តោតលើវិស័យឧស្សាហកម្ម ជាកន្លែងដែលចិនបានស្វះស្វែងរកភាពជឿនលឿនមួយតាមរយៈការរកបានមកដោយមិនត្រឹមត្រូវឬ ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំមកពីបណ្តាក្រុមហ៊ុនអាមេរិក។ តំណាងពាណិជ្ជកម្មអាមេរិកលោករ៉ូប៊ឺត ឡាយធីហ្សឺ មានពេលកន្លះខែដើម្បីចេញផ្សាយបញ្ជីមុខទំនិញដែលនឹងរងការយកពន្ធថ្មី។ ចំណែកអនុប្រធានាធិបតីអាមេរិកលោកម៉ៃ ផេនស៍ បានអបអរវិធានការថ្មីនេះ ដោយចាត់ទុកវាជា«គ្រាន់តែជាការអនុវត្តន៍និងការរក្សាការសន្យាតែមួយប៉ុណ្ណោះ»ដោយប្រធានាធិបតីត្រាំ ហើយវាបង្ហាញច្បាស់ថា«យុគលើកទង់សសេដ្ឋកិច្ចកន្លងផុតហើយ»៕

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Lee Myung-bak ត្រូវ​ចាប់ខ្លួន​

សេអ៊ូល ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបាននាំខ្លួនទៅកាន់មណ្ឌលឃុំឃាំងដែលស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូលតាមដីកាតុលាការ ដែលលោកបានក្លាយជាអតីតប្រធានាធិបតីទី៤ របស់ប្រទេសកូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួនពីបទពុករលួយបែបនេះ។ តុលាការកូរ៉េខាងត្បូងនាថ្ងៃកាលពីម្សិលមិញបានចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ បន្លំពន្ធ និងបទចោទប្រកាន់ផ្សេងៗទៀតជាបន្តបន្ទាប់។ នេះបើយោងតាមសេចក្តីរាយការណ៍ភ្នាក់ងាសារព័ត៌មាន Yonhap។ អតីតមេដឹកនាំអភិរក្សនិយមវ័យ៧៧ ឆ្នាំរូបនេះប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់១២ករណី ក្នុងនោះរួមទាំងការទទួលសំណូកជាង១១ពាន់លានវ៉ុន (១០,២ លានដុល្លារអាមេរិក) ពីទីភ្នាក់ងារចារកម្មរដ្ឋនិងក្រុមហ៊ុនឯកជន។ មិនតែប៉ុណ្ណោះលោក ក៏ត្រូវបានគេសង្ស័យថា បានកិបកេងប្រាក់ប្រមាណ៣៥ពាន់លានវ៉ុន ពីក្រុមហ៊ុនមួយដើម្បីបានការគេចវេះពីការបង់ពន្ធ។ ក្រៅពីនេះនៅមានការចោទប្រកាន់ផ្សេងទៀត រួមមានការរំលោភអំណាច ការរំលោភលើសេចក្តីទុកចិត្ត និងការរំលោភច្បាប់បោះឆ្នោតជាដើម។ សូមជម្រាប់ថា ប្រសិនបើតុលាការរកឃើញមែននោះ អតីតប្រធានាធិបតីកូរ៉េខាងត្បូងចាប់ពីឆ្នាំ ២០០៨ ដល់ដើមឆ្នាំ ២០១៣ និងធ្លាប់ជាអភិបាលក្រុងសេអ៊ូល ជាតំណាងរាស្ត្រ និងជានាយកប្រតិបត្តិក្រុមហ៊ុន Hyundai Engineering and Construction រូបនេះអាចប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធធនាគាររហូតដល់៤៥ឆ្នាំ៕

មេធាវី​មួយរូប​របស់លោក ដូ​ណា​ល់ ត្រាំ ប្រកាស​លាលែង​ពី​តំណែង​

វ៉ាស៊ីនតោន ៖ មេធាវីនាំមុខមួយរូបរបស់លោកប្រធានាធិបតី Donald Trump គឺលោក John Dowd បានប្រកាសលាលែងពីតំណែងបន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយលោកប្រធានាធិបតីរូបនេះ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រផ្នែកច្បាប់។ ជាក់ស្តែង លោក Trump ចង់អង្គុយផ្តល់បទសំភាសន៍ជាមួយលោក Robert Mueller ខណៈលោក Dowd ថា ទង្វើនេះជារឿងមិនល្អ។ នេះបើយោងតាមសារព័ត៌មាន New York Times ។ លោក Dowd ដែលបានចាប់ផ្តើមដឹកនាំក្រុមការងារច្បាប់ការពារលោក Trump កាលពីរដូវក្តៅកន្លងទៅនេះ ដែលមាននាទីឆ្លើយតបករណីស៊ើបអង្កេតរឿងរុស្ស៊ីលូកដៃ ក្នុងការបោះឆ្នោតអាមេរិក ហើយធ្លាប់បានលើកឡើងពីគំនិតលាលែងពីតំណែងម្តងហើយម្តងទៀត ដោយសារលោក Trump មិនបានធ្វើតាមការប្រឹក្សារបស់លោក។ ការខ្វែងគំនិតគ្នាផ្សេងៗទៀតបានធ្វើឱ្យប្រធានាធិបតី Donald Trump បាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោក Dowd ក្នុងការការពារលោកដែលជាហេតុជំរុញឱ្យមានការលាលែងពីតំណែងតែម្តង៕

 

 

កូរ៉េខាងត្បូង​ស្នើ​ឲ្យ​មាន​កិច្ចសន្ទនា​កម្រិត​ជាមួយ​កូរ៉េខាងជើង​នៅ​សប្តាហ៍​ក្រោយ​

សេអ៊ូល ៖ កូរ៉េខាងត្បូងកាលពីម្សិលមិញបានស្នើឱ្យមានកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាស្ដីពីការរៀបចំជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅខែមេសា។ នេះបើតាមទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់។ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បានឱ្យដឹងថា ការសម្រេចចិត្តស្នើឱ្យមានកិច្ច សន្ទនាកំរិតខ្ពស់ជាមួយកូរ៉េខាងជើង នៅថ្ងៃទី២៩ ខែមីនានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មាធិការរៀបចំ កិច្ចប្រជុំកំពូល នៅឯវិមានប្រធានាធិបតីកូរ៉េខាងត្បូង។ ទន្ទឹមនោះលោកបញ្ជាក់ថា ទីក្រុងសេអ៊ូល សង្ឃឹមថា កិច្ចសន្ទនាអន្តរកូរ៉េ អាចនឹងប្រពឹត្តទៅនៅឯភូមិ Panmunjom ហើយសំណើនេះនឹងត្រូវប្រគល់ដល់ដៃកូរ៉េខាងជើង ក្នុងពេល ឆាប់ៗនេះ៕

មន្ត្រី​ទូត​រុស្ស៊ី​ទាំង​២៣​រូប​វេច​បង្វិច​ចាក​ចេញពី​ប្រទេស​អង់គ្លេស​ហើយ

ឡុងដ៍ ៖ សារព័ត៌មាន BBC ចេញផ្សាយថា មន្ត្រីទូតរុស្ស៊ីទាំង២៣នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានវេចបង្វិចចាកចេញពីប្រទេសអង់គ្លេសហើយកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានទីក្រុងឡុងដ៍ បណ្ដេញចេញឱ្យត្រឡប់ទៅស្រុកទៅវិញ ដោយសារតែរឿងអតីតចារកិច្ចរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកត្រូវបានគេបំពុលសម្លាប់។ សារព័ត៌មានដដែលបញ្ជាក់ថា ក្រុមមន្ត្រីទូតរុស្ស៊ីបានជិះរថយន្ដចាកចេញពីស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងឡុងដ៍នៅថ្ងៃអង្គារម្សិលមិញនេះ ស្រាបពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May នឹងបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាគ្នាថាគួរតែបន្ថែមការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ឬក៏យ៉ាងណា។ សូមជម្រាបថា អង់គ្លេសបានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់ ចេញពីប្រទេស ដោយចោទប្រកាន់ថាទីក្រុងម៉ូស្គូ ជាអ្នកនៅពីក្រោយការបំពុល សម្លាប់លោក Sergei Skripal និងកូនស្រីរបស់លោក កាលពីថ្ងៃទី០៤ ខែមីនា នៅឯទីក្រុង Salisbury។ ចំណែកឯ រុស្ស៊ីខ្លួន ឯង មិនបានបកស្រាយតាមការស្នើសុំពីអង់គ្លេសឡើយថា តើហេតុអ្វីបានជាសារធាតុគីមីពុលផលិតនៅរុស្ស៊ី ត្រូវបានគេ ប្រើប្រាស់ ដើម្បីបំពុលសម្លាប់អ្នកទាំងពីរនាក់នេះ៕

យូអិន​ព្រមាន​ពី​គ្រោះមហន្តរាយ​មនុស្សជាតិ​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​កុង​ហ្គោ​

យូអិន ៖ ប្រធានជំនួយមនុស្សធម៌នៅអង្គការសហប្រជាជាតិបាននិយាយកាលពីដើមសប្តាហ៍នេះថា តម្រូវការជំនួយមនុស្សធម៌ដែលបណ្តាលមកពីជម្លោះនៅក្នុងប្រទេសកុងហ្គោបានកើនឡើងទ្វេដងនៅក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ ហើយការខ្វះខាតថវិកាគឺជាឧបសគ្គដ៏ធំបំផុតតែមួយគត់នៅក្នុងការឆ្លើយតបឲ្យបានសមស្រប។ លោក ម៉ាក ឡូខក (Mark Lowcock) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អំពើហិង្សាលើផ្លូវភេទមានការរីករាលដាលផងដែរ ដែលភាគច្រើននៃករណីនេះមិនត្រូវបានរាយការណ៍ និងគ្មានការដោះស្រាយ ហើយភាគច្រើនទៀតគឺកើតទៅលើកុមារ។ គួរបញ្ជាក់ថា ការបោះឆ្នោតដើម្បីជំនួសតំណែងប្រធានាធិបតីកុងហ្គោលោក ចូសេព្វ កាប៊ីឡា (Joseph Kabila) ដែលបានអូសបន្លាយពេលយ៉ាងយូរមកនោះគឺជាឫសគល់នៃអំពើហិង្សាដែលបានបំផ្លិចបំផ្លាញប្រទេសក្នុងតំបន់អាហ្វ្រិកកណ្តាលមួយនេះ។ លោក ឡូខក (Lowcock) បាននិយាយថា បូករួមទាំងអ្នកកំពុងត្រូវការជំនួយមនុស្សធម៌ប្រហែល១៣លាននាក់, កុមារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរជាង៤លាន៦សែននាក់ និងការផ្ទុះឡើងនៃជំងឺអាសន្នដ៏អាក្រក់បំផុតនៅក្នុងរយៈពេល១៥ឆ្នាំមកនេះ, កម្មវិធីជំនួយមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោត្រូវការប្រាក់ប្រហែល១.៧ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំនេះ ដែលច្រើនជាងជំនួយដែលរកបានកាលពីឆ្នាំមុនជិត៤ដង។ លោកបាននិយាយថា ប្រសិនបើអំពើហិង្សាមិនត្រូវបានបញ្ឈប់ និងគ្មានការផ្លាស់ប្តូរគោលនយោយបាយដែលទទួលជោគជ័យនោះទេ, វិបត្តិមនុស្សជាតិនេះនឹងបន្តកាន់តែខ្លាំងឡើង៕

 

 

 

មន្ត្រី​ស៊ី​រី ៖ ក្រុម​ឧទ្ទាម​នៅក្នុង​តំបន់​ហ្គូ​តា​ខាងកើត​អាច​នឹង​ដកខ្លួន​ចេញ​

ស៊ីរី ៖ រដ្ឋមន្ត្រីរដ្ឋាភិបាលស៊ីរីបាននិយាយថា ក្រុមឧទ្ទាមមួយចំនួននៅក្នុងតំបន់ហ្គូតា (Ghouta) ភាគខាងកើតប្រហែលជានឹងយល់ព្រមដកខ្លួនចេញពីតំបន់មានជម្លោះ ឬព្រមស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរីក្នុងពេលឆាប់ៗ បន្ទាប់ពីមានការកើនឡើងនៃចំនួនយោធាស៊ីរីនៅក្នុងតំបន់នោះ។ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានបំបែកតំបន់ហ្គូតាភាគខាងកើតទៅជាតំបន់៣ផ្សេងៗគ្នានៅក្នុងការប្រយុទ្ធរយៈពេល១ខែមកនេះដើម្បីកម្ទេចបន្ទាយដ៏សំខាន់ចុងក្រោយរបស់ក្រុមឧទ្ទាមនៅក្បែរទីក្រុងដាម៉ាស់នេះ។ ប្រទេសស៊ីរីនិងសម្ព័ន្ធមិត្តរុស្ស៊ីកំពុងផ្តល់លក្ខខណ្ឌទៅឲ្យក្រុមឧទ្ទាមនៅក្នុងតំបន់ហ្គូតាភាគខាងកើតដែលរួមមានដូចជា ការចាកចេញដោយសុវត្ថិភាពសម្រាប់អ្នកដែលយល់ព្រមប្រគល់ដែនដីដែលគេគ្រប់គ្រង ឬការផ្សះផ្សារកិច្ចព្រមព្រៀងសម្រាប់អ្នកដែលចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ រដ្ឋមន្ត្រីស៊ីរីទទួលបន្ទុកក្នុងកិច្ចព្រមព្រៀងទាំងនោះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា ក្រុមឧទ្ទាមនៅក្នុងតំបន់ជុំវិញសង្កាត់ហារ៉ាស្តា (Harasta) ដែលស្ថិតនៅក្នុងចំណោមក្រុមឧទ្ទាមចំនួន៣នៅក្នុងតំបន់ហ្គូតាភាគខាងកើតនោះប្រហែលជាត្រៀមរួចរាល់ហើយដើម្បីចុះកិច្ចព្រមព្រៀង៕

ឆេះ​សណ្ឋាគារ​នៅ​ហ្វីលីពីន​សម្លាប់​មនុស្ស​កើនឡើង​ដល់​៥​នាក់​ហើយ

ហ្វីលីពីន ៖ ក្រុមអ្នកពន្លត់អគ្គីភ័យបានរកឃើញសាកសពចំនួនពីរនាក់បន្ថែមទៀតកាលពីថ្ងៃចន្ទនៅក្នុងកាស៊ីណូសណ្ឋាគារដែលឆេះយ៉ាងខ្មួលខ្មាញ់នៅលើរដ្ឋធានីនៃប្រទេសហ្វីលីពីនដោយបង្កើនចំនួនអ្នកស្លាប់ឡើងដល់ទៅ ៥ នាក់ ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅរសៀលនេះ។ មន្ត្រីការិយាល័យពន្លត់អគ្គីភ័យបាននិយាយថា មនុស្សម្នាក់ក្នុងចំនោមមនុស្សជាច្រើននាក់ដែលបានរងរបួសនៅក្នុងការឆាបឆេះនៅសណ្ឋាគារ និងកាស៊ីណូ Manila Pavilion គឺកំពុងសង្គ្រោះជីវិតរបស់នាងនៅក្នុងមន្ទីរពេទ្យ ដោយបន្ថែមថា ភ្ញៀវដទៃទៀត និងបុគ្គលិកសណ្ឋាគារទាំងអស់ត្រូវបានគេរាប់បញ្ចូលផងដែរ ។ មន្ត្រីបាននិយាយថា សាកសពរបស់ប្រតិបត្តិករកាមេរ៉ាសុវត្ថិភាពពីរនាក់ត្រូវបានគេរកឃើញ បន្ទាប់ពីអ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងភ្លើងដែលបានឆេះតាំងកាលពីព្រឹកថ្ងៃអាទិត្យរហូតដល់ព្រឹកថ្ងៃចន្ទ ។វានៅមិនទាន់ច្បាស់ថាតើអគ្គីភ័យបានចាប់ផ្តើមឆេះនៅក្នុងកាស៊ីណូនៅជាន់ក្រោមឬនៅក្នុងតំបន់ឡៅតឿដែលកំពុងជួសជុលឡើងវិញ ។ លោកប្រធានាធិបតី Rodrigo Duterte បានឃើញផ្សែងហុយឡើង ហើយបានធ្វើការត្រួតពិនិត្យពីលើអាកាសកាលពីថ្ងៃអាទិត្យ នៅពេលដែលគាត់ហោះហើរត្រលប់ទៅកាន់ទីក្រុងម៉ានីលពីទីក្រុងភាគខាងជើងដែលគាត់បានថ្លែងសុន្ទរកថាមុនពេលបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធាហ្វីលីពីន ។ភ្ញៀវសណ្ឋាគារជាង ៣០០ នាក់រួមទាំងអ្នកទេសចរបរទេស និងបុគ្គលិកសណ្ឋាគារ និងកាស៊ីណូត្រូវបានគេជម្លៀសចេញនៅកន្លែងដែលមានអគ្គីភ័យដោយឧទ្ធម្ភាគចក្រ ។ ប៉ូលីស និងអ្នកពន្លត់អគ្គីភ័យបានបិទតំបន់ជុំវិញសណ្ឋាគារដែលស្ថិតនៅចំកណ្តាលសង្កាត់នៃតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម Ermita របស់ក្រុងម៉ានីលដើម្បីអនុញ្ញាតឲ្យរថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿងចូលមក និងពន្លត់អគ្គីភ័យ ៕

លោកពូ​ទីន​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី សម្រាប់​តំណែង​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​

លោកវ្ល៉ាឌីមៀរ ពូទីនបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យសម្រាប់អាណត្តិរយៈពេល ៦ ឆ្នាំបន្តទៀតក្នុងនាមជាប្រធានាធិបតីរុស្ស៊ី ហើយលោកបានប្រាប់ក្រុមអ្នកគាំទ្រដែលកំពុងអបអរសាទរក្នុងសុន្ទរកថាខ្លីតែខ្លឹមយ៉ាងដូច្នេះថា “យើងមុខតែនឹងទទួលបានជោគជ័យ”។គ្មានអ្វីសង្ស័យទេដែលថាលោកពូទីននឹងទទួលបានជ័យជម្នះនៅក្នុងការប្រកួតប្រជែងការបោះឆ្នោតលើកទី៤របស់គាត់។ គាត់បានប្រឈមមុខនឹងបេក្ខជនតូចតាច ៧ នាក់ ហើយគូប្រជែងលេចធ្លោបំផុតរបស់គាត់ត្រូវបានរារាំងពីការបោះឆ្នោតរួចទៅហើយ។ បញ្ហាប្រឈមពិតប្រាកដតែមួយគត់របស់គាត់គឺប្រឹងយ៉ាងណាដណ្តើមសំឡេងឆ្នោតឱ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។ ជាមួយសន្លឹកឆ្នោត ៨០ ភាគរយនៃមណ្ឌលបោះឆ្នោតទាំងអស់របស់រុស្ស៊ីត្រូវបានរាប់កាលពីព្រឹកថ្ងៃចន្ទទី ១៩មីនា លោកពូទីនទទួលបានសំឡេងគាំទ្រ ៧៦ ភាគរយ។ ក្រុមអ្នកសង្កេតការណ៍និងអ្នកបោះឆ្នោតនីមួយៗបានរាយការណ៍ថាមានការរំលោភបំពានជាច្រើន រួមមានការបោះឆ្នោតច្រើនដងដោយមនុស្សតែម្នាក់ និងការបង្ខំឱ្យបោះឆ្នោត ប៉ុន្តែការអះអាងបែបនេះទំនងជាមិនធ្វើឱ្យស្រកស្រុតអំណាចរបស់មេដឹកនាំបម្រើការយូរជាងគេរបស់រុស្ស៊ីរូបនេះ ចាប់តាំងពីសម័យលោក យ៉ូសេហ្វ ស្តាលីន នោះឡើយ។ ក្នុងនាមជានិមិត្តរូបនៃការងើបឡើងវិញនៃអំណាចរបស់រុស្ស៊ីនៅលើឆាកពិភពលោក លោកពូទីនបានទទួលនូវភក្ដីភាពដ៏ធំធេងយ៉ាងរហ័សក្នុងចំណោមប្រជាជនរុស្ស៊ី។ មនុស្សជាង ៣០.០០០ នាក់បាននាំគ្នាចូលមកទីលានម៉ាណេស នៅជិតវិមានក្រឹមឡាំងក្រោមសីតុណ្ហភាពអប្បបរមាដក ១០ អង្សា សម្រាប់ការប្រគុំតន្ត្រីជ័យជម្នះ និងរង់ចាំសុន្ទរកថារបស់គាត់។ លោកពូទីនបានសរសើរមហាជនចំពោះការគាំទ្ររបស់ពួកគេ ដោយនិយាយថា “ខ្ញុំគឺជាសមាជិកម្នាក់ក្នុងក្រុមរបស់អ្នកទាំងអស់គ្នា” ហើយគាត់បានសន្យានឹងពួកគេថា “យើងមុខតែនឹងទទួលបានភាពជោគជ័យ” ។ បន្ទាប់មកគាត់បានចាកចេញពីឆាក បន្ទាប់ពីនិយាយតិចជាង២នាទី។ ចាប់តាំងពីលោកបានកាន់តំណែងប្រធានាធិបតីរុស្ស៊ីកាលពីឆ្នាំ ១៩៩៩ បន្ទាប់ពីការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកបូរីស យែលស៊ីន អំណាចទទួលបានពីការបោះឆ្នោតរបស់លោកពូទីនចាប់ផ្តើមមានស្ថិរភាព ដែលជាលក្ខណៈសម្បត្តិមួយ ប្រជាជនរុស្សីនាំគ្នាអបអរសាទរ បន្ទាប់ពីការដួលរលំរបបសហភាពសូវៀតដ៏ចលាចល និង “មូលធននិយមដ៏អនាធិបតេយ្យ” អំឡុងការដឹកនាំរបស់លោកយែលស៊ីន។ ប៉ុន្តែស្ថិរភាពនេះគឺបានមកដោយសារការបង្ក្រាបលើក្រុមអ្នកប្រឆាំង ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង ការគ្រប់គ្រងនយោបាយពីកំពូលមកថ្នាក់ក្រោម ដែលគេហៅថា “លទ្ធិប្រជាធិបតេយ្យដែលគេគ្រប់គ្រង”៕

សេដ្ឋី​ថៃ បង្កើត​គណបក្ស​ថ្មី​ដើម្បី​ចូលរួម​ការបោះឆ្នោត​

លោក Thanathorn Juangroongruangkit សេដ្ឋីពាណិជ្ជកម្ម អាយុ៣៩ឆ្នាំ បានចុះឈ្មោះគណបក្សថ្មីរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ទី១៥មីនាដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតសកលថៃ ជាមួយគណបក្សចំនួនជាង៥០ផ្សេងទៀត។ ការបោះឆ្នោតសកលនេះ ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ។ លោក Thanathorn Juangroongruangkit សេដ្ឋីពាណិជ្ជកម្មនៃក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត”Thai Summit Group ” បានប្រកាសអំពីបំណងចូលរួមសកម្មភាពនយោបាយនិងគោលនយោយបាយរបស់គណបក្សកាលពីដើមខែនេះ ដោយសារតែ លោកបានធ្វើការរិះគន់ខ្លាំងៗទៅលើការធ្វើរដ្ឋប្រហារ ជាពិសេសរដ្ឋប្រហារ ឆ្នាំ២០០៦ និង រដ្ឋប្រហារ ឆ្នាំ២០១៤ និងបានរិះគន់ទៅលើតួនាទីថ្មីៗរបស់យោធានៅក្នុងនយោយបាយថៃ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានហៅលោក Thanathorn Juangroongruangkit ថាជា”កសិករសេដ្ឋី”ដោយសារការជំទាស់ប្រឆាំងរបស់លោកចំពោះពួកមន្ត្រីមានអំណាចនិងឥទ្ធិពល នៅក្នុងនយោយបាយថៃ ដែលតំណាងដោយពួកយោធានិងអ្នកដែលប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់។ លោក Thanathorn Juangroongruangkitបានបង្កើតគណបក្ស ” សម្លឹងអនាគត (Future Forward) ” ជាមួយនឹង លោកPiyabutr Sangkanokkul អាយុ៣៨ឆ្នាំ ជាសាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យThammasat ។ អ្នកទាំង២នាក់បាននិយាយរិះគន់យ៉ាងខ្លាំងនៅក្នុងជំហររបស់ពួកគេប្រឆាំងរដ្ឋប្រហារជាហេតុនាំអោយមានការចោទប្រកាន់បកវិញថាពួកគេជាមនុស្សគណបក្សភឿថៃ ដែលគាំទ្រដោយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់៕

តំណាង​រុស្ស៊ី ៖​មិនអាច​ទទួលយកបាន​ការដែល​អង់គ្លេស​ចោទប្រកាន់​ក្រុង​មូ​ស្គូ​អំពី​ការវាយប្រហារ​ដោយ​ភ្នាក់ងារ​ស​សៃ​ប្រសាទ​

ក្នុងអំឡុងកិច្ចប្រជុំគ្រាអាសន្នមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការបំពុលភ្នាក់ងារចារកម្មមុខពីររុស្ស៊ីដែលបានចុះចូលអង់គ្លេសលោកសឺហ្គេ ស្គ្រីប៉ាល់(Sergei Skripal)នោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោកវ៉ស៊ីលី ណេបេនហ្ស៍យ៉ា( Vasily Nebenzya)បានហៅការចោទប្រកាន់របស់អង់គ្លេសថារដ្ឋាភិបាលក្រុងមូស្គូជាអ្នកទទួលខុសត្រូវនោះ ជា«ការមិនអាចទទួលយកបានទាំងស្រុង»និងបានទាមទារឃើញភស្តុតាងជាក់លាក់ដើម្បីគាំទ្រអំណះអំណាង។Nebenzyaបាននិយាយថា«សហព័ន្ធរុស្ស៊ីគិតថាវាមិនអាចទទួលយកបានទាំងស្រុងចំពោះការចោទប្រកាន់មិនត្រឹមត្រូវមានក្នុងលិខិតរបស់នាយករដ្ឋមន្ត្រី អង់គ្លេស ផ្ញើមកកាន់អគ្គលេខាអង្គការសហប្រជាជាតិ។យើងទាមទារភស្តុងតាងជាសម្ភារៈជាក់លាក់ដែលថារុស្ស៊ីមានការជាប់ពាក់ព័័ន្ធ ។បើមិនអាចបញ្ជាក់ភស្តុតាងទេ វាមិនមែនជាការទទួលខុសត្រូវរបស់យើងទេ»។ លោកឯកអគ្គរដ្ឋទូតថែមទាំងបាននិយាយថា ភ្នាក់ងារបំពុលសសៃប្រសាទដែលគេប្រើលើលោកSkripal អាចមកពីអង់គ្លេសខ្លួនឯងហើយលោកបានអំពាវនាវអោយអង្គការសហប្រជាជាតិបញ្ចេញខ្លឹមសារនៃកិច្ចប្រជុំទៅកាន់សាធារណជន ដោយ«យើងគ្មានអ្វីត្រូវខ្លាច គ្មានអ្វីត្រូវលាក់បាំង»។Skripal ត្រូវរុស្ស៊ីចាប់ដាក់គុកដោយសារជាភ្នាក់ងារបង្កប់របស់អង់គ្លេស។លោកត្រូវបានរុស្ស៊ីបញ្ជូនទៅអង់គ្លេសក្នុងកម្មវិធីដោះដូរអ្នកទោសចារកម្មមួយ ចំណែកកូនស្រីដែលទៅលេងឪពុកនៅអង់គ្លេសក៏ក្លាយជាជនរងគ្រោះជាមួយឪពុក Skripal វ័យ៦៦ឆ្នាំត្រូវបានបំពុលនៅក្រុងសាលីស្បឺរី ប្រទេសអង់គ្លេស ជាមួយកូនស្រីរបស់លោកកាលពីថ្ងៃ៤មីនា។អង់គ្លេសបានអះអាងថាអ្នកទាំងពីរត្រូវបំពុលដោយភ្នាក់ងារសសៃប្រសាទNovichokដែលត្រូវបានផលិតដំបូងនៅសហភាពសូវៀក្នុងអំឡុងទសវត្សរ៍១៩៧០។មនុស្ស២១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងហេតុការណ៍នេះ។ ជុំវិញការចោទប្រកាន់នេះ កាលពីថ្ងៃម្សិលមិញ រដ្ឋាភិបាលក្រុងឡុងដ៍បានបញ្ជាអោយអ្នកការទូតរុស្ស៊ី២៣នាក់ចាកចេញពីអង់គ្លេស ជាហេតុនាំអោយរដ្ឋមន្ត្រីការបរទេសរស្ស៊ីសន្យាថា រុស្ស៊ីនឹងឆ្លើយតបទៅកាន់អង់គ្លេសវិញក្នុងពេលយ៉ាងយូរដប់ថ្ងៃ៕

ម្តាយ​ភ្លេច​កូន​ក្នុង​ឡាន​៤​ម៉ោង ត្រឡប់មកវិញ​កូន​ស្លាប់បាត់​

ក្មេងស្រីម៉ាឡេស៊ីអាយុ ២ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីនាងត្រូវបានទុកចោលក្នុងឡានរបស់ម្ដាយនាងអស់រយៈពេល៤ម៉ោងនៅឯចំណតរថយន្តនៅមហាវិទ្យាល័យមួយ កាលពីថ្ងៃពុធទី១៤ខែមីនា ។ ប៉ូលីសបាននិយាយថាម្តាយរបស់នាងបានចតរថយន្ត Proton Saga របស់គាត់ នៅម៉ោង៩ព្រឹកនៅឯមហាវិទ្យាល័យ Port Dickson នៅទីក្រុង Port Dickson ប៉ុន្តែ ម្តាយនេះបានភ្លេចកូនក្មេងនេះនៅក្នុងរថយន្តនោះ ។ លោក Zainudin Ahmad មន្ត្រីប៉ូលិសជាន់ខ្ពស់នៅទីក្រុងនេះ បាននិយាយថាម្តាយនេះ ដែលជាគ្រូបង្រៀននៅមហាវិទ្យាល័យនេះ បានដឹងថា នាងបានទុកកូនចោលនៅម៉ោងប្រហែល១ រសៀល។ លោក Zainudin Ahmad បាននិយាយថានៅពេលដែលម្តាយនេះបានប្រញាប់ប្រញាល់ទៅកាន់រថយន្តនោះជនរងគ្រោះនោះបានសន្លប់ ហើយ។ ម្តាយនេះ បានប្រញាប់យកកូនស្រីរបស់គាត់ទៅមន្ទីរពេទ្យប៉ុន្តែ បន្តិចក្រោយមក ក្មេងអាយុ២ឆ្នាំនេះ ត្រូវបានប្រកាសថាបានស្លាប់។ លោក Zainudin Ahmad បានបន្ថែមថា ការពិនិត្យមើលសាកសពក្មេងនេះ នឹងត្រូវបានធ្វើឡើងដើម្បីស៊ើបអង្កេតមូលហេតុនៃការស្លាប់នេះ តែវាគ្មានអ្វីក្រៅពីថប់ដង្ហើមនោះទេ៕

សិស្ស​ទូទាំង​សហរដ្ឋអាមេរិក​ដើរ​ចេញពី​ថ្នាក់រៀន​ដើម្បី​ប្រឆាំង​អំពើហិង្សា​ដោយ​កាំភ្លើង​

ពីទីក្រុងវ៉ាស៊ីនតោនរហូតដល់ទីក្រុងឡូសអ៊ែនជែលឡេស សិស្សានុសិស្សបាននាំគ្នាដើរចេញពីបន្ទប់រៀននៅអាមេរិកកាលពីថ្ងៃពុធទី១៤មីនាក្នុងការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើងដែលគេពុំធ្លាប់ឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយទាមទារឱ្យធ្វើចំណាត់ការ ពោលគឺមួយខែគត់បន្ទាប់ពីការបាញ់ប្រហារដ៏ឃោរឃៅមួយនៅវិទ្យាល័យរដ្ឋផ្លរីដា។ ក្មេងជំទង់រាប់រយនាក់មកពីសាលារៀននានាក្នុងទីក្រុងវ៉ាស៊ីនតោនបានប្រមូលផ្តុំគ្នានៅខាងក្រៅសេតវិមាន ដោយកាន់បដានានា សរសេរថា “សៀវភៅ មិនមែនគ្រាប់កាំភ្លើងទេ” និង “ការពារប្រជាជន មិនមែនកាំភ្លើងទេ” មុនពេលដើរក្បួនទៅវិមានកាពីតូលអាមេរិក។ សិស្សឈ្មោះ ប្រេនណា ឡេវីតាន អាយុ ១៧ ឆ្នាំ ដែលកំពុងតវ៉ាជាមួយម្តាយរបស់នាងបាននិយាយថា “យើងចង់បង្ហាញដល់សភានិងអ្នកនយោបាយថា យើងមិនឈរទ្រឹង យើងមិននៅស្ងៀមទៀតទេ។ ទីក្រុងផាកលែននឹងក្លាយទៅជាកន្លែងបាញ់សម្លាប់ក្នុងសាលាលើកចុងក្រោយ”។ សិស្សនៅតាមទីក្រុងរាប់សិបកន្លែងផ្សេងទៀតនៅក្នុងរដ្ឋទាំង ៥០ បានធ្វើបាតុកម្មស្រដៀងគ្នានេះដែរ ហើយបានសង្កេតឃើញការស្មឹងស្មាធិ៍មួយភ្លែតដើម្បីគោរពដល់សិស្ស ១៤ នាក់និងបុគ្គលិកពេញវ័យ ៣ នាក់ ដែលគេបាញ់ស្លាប់កាលពីមួយខែមុននៅវិទ្យាល័យម៉ាចូរីស្តូនមែនឌូក្លាស ក្នុងទីក្រុងផាកលែន រដ្ឋផ្លរីដា។ នៅវ៉ាស៊ីនតោន ប៉ុន្មានម៉ោងបន្ទាប់ពីការតវ៉ាបានផ្ទុះឡើង ពួកសមាជិកសភាអាមេរិកបានចាត់វិធានការសំខាន់មួយដើម្បីដោះស្រាយអំពើហិង្សាដោយកាំភ្លើងនៅតាមសាលារៀន ចាប់តាំងពីការបាញ់ប្រហារនៅទីក្រុងផាកលែន។ សភាបានបោះឆ្នោត ៤០៧-១០ ដើម្បីផ្តល់មូលនិធិដល់វិធានការបង្ការអំពើហិង្សានៅតាមសាលារៀនរួមទាំងការបង្កើនសន្តិសុខ ការត្រួតពិនិត្យសុខភាពផ្លូវចិត្ត និង ការបង្កើតប្រព័ន្ធរាយការណ៍អនាមិកដើម្បីឱ្យសិស្សអាចរាយការណ៍អំពីការគំរាមកំហែងនានា។ ប៉ុន្តែសភាមិនទាន់ដោះស្រាយបញ្ហាចម្រូងចម្រាស់នៃការគ្រប់គ្រងកាំភ្លើងដែលគេទាមទារនោះទេ បន្ទាប់ពីការបាញ់ប្រហារនៅផាកលែន។ បញ្ហាទាំងនោះរាប់មានការត្រួតពិនិត្យប្រវត្តិរូបបន្ថែមទៀតមុននឹងលក់អាវុធ ការហាមឃាត់លើអាវុធសាហាវ និង ការបង្កើនអាយុអប្បបរមាសម្រាប់ការទិញកាំភ្លើងមួយចំនួន៕

 

 

ទិន្នផល​ឧស្សាហកម្ម​ចិន​កើនឡើង​ចំនួន​៧.២% រយៈពេល​២​ខែ​ដំបូង​ឆ្នាំនេះ​

ប៉េកាំង ៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធម្សិលមិញថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិននៅក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៨បានកើនឡើងចំនួន៧.២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគលើទ្រព្យសកម្មបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៧.៩% បើធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងសេវាកម្មបានឈានមុខគេលើវិស័យដទៃទៀតទើបនាំឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ។ រីឯការលក់រាយសរុបនៅក្នុងរយៈពេល២ខែដំបូងនេះបានកើនឡើង៩.៧% បើធៀបទៅនឹងឆ្នាំមុន ដែលខុសបន្តិចបន្តួចពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នៅឆ្នាំនេះ ប្រទេសចិនក៏កំពុងកំណត់គោលដៅកំណើននៃការលក់រាយឲ្យបានប្រហែល១០%ផងដែរ ប៉ុន្តែមិនបានប្រកាសពីគោលដៅសម្រាប់ទិន្នផលឧស្សាហកម្ម ឬការវិនិយោគទ្រព្យសកម្មនោះទេ។ សូមជម្រាបថា ទិន្នផលឧស្សាហកម្មដែលមានឈ្មោះផ្លូវការថា តម្លៃបន្ថែមលើឧស្សាហកម្ម ត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់សកម្មភាពសហគ្រាសធំៗដែលត្រូវបានកំណត់ជាមួយចំណូលប្រចាំឆ្នាំប្រហែល៣លានដុល្លារអាមេរិក៕

លោក ត្រាំ បណ្តេញ​រដ្ឋមន្ត្រីការបរទេស លោក រិច ធី​ល្លឺ​សុន ចេញពី​តំណែង​

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញលោក រិច ធីល្លឺសុន ចេញពីតំណែង រដ្ឋមន្ត្រីការបរទេសអាមេរិកហើយ ដោយនឹងឱ្យនាយកទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក CIA លោក Mike Pompeo មក កាន់តួនាទីជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post។ តាមរយៈបណ្តាញ Twitter ផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ បានលើកឡើងថា «ខ្ញុំពិតជាមោទនភាពក្នុងការតែងតាំងនាយក CIA លោក Mike Pompeo ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់យើង...ប៉ុន្តែខ្ញុំក៏សូមអរគុណដល់លោក រិច ធីល្លឺសុនផងដែរសម្រាប់ការបំពេញតួនាទីមួយរយៈពេលកន្លងមកនេះ»។ ជាមួយគ្នានោះលោក ត្រាំ ក៏បានកោតសរសើរលោក Pompeo យ៉ាងខ្លាំងផងដែរ។ បើតាម Washington Post លោក Mike Pompeo នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ជំនួស លោក រិច ធីល្លឺសុន រីឯលោកស្រី Gina Hapsel ជានាយករងទីភ្នាក់ងារ CIA នឹងត្រូវបន្តតំណែងជានាយក CIA ជំនួសលោក CIA ហើយដែលលោកស្រីនឹងក្លាយជាស្ត្រីដំបូងគេបានអង្គុយកៅអីមួយនេះ៕