បណ្តាញសង្គម

ក្រុមមន្ត្រី​និយាយថា បុរស​ដែល​បាញ់ប្រហារ​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក បាន​ស្លាប់​ក្នុងការ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​

អាជ្ញាធរបារាំងបាននិយាយថា បុរសម្នាក់ដែលអាជ្ញាធរនិយាយថាបានសម្លាប់មនុស្ស៣នាក់នៅជិតទីផ្សារបុណ្យណូអែលក្នុងទីក្រុងស្ត្រាសស្បឺក បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី១៣ធ្នូក្នុងការបាញ់ប្រហារជាមួយប៉ូលិសនៅចុងបញ្ចប់នៃការតាមប្រមាញ់រយៈពេល២ថ្ងៃ។ ការិយាល័យរដ្ឋអាជ្ញារបស់ក្រុងប៉ារីស ដែលកាន់ករណីភេរវកម្មនៅប្រទេសបារាំង បានបញ្ជាក់អត្តសញ្ញាណជាផ្លូវការរបស់បុរស ដែលគេបាញ់ស្លាប់នៅក្នុងទីក្រុងភាគខាងកើតប្រទេសបារាំងនេះ ដែលមានឈ្មោះថា ឆឺរីស ឆឺកេត (Cherif Chekatt) អាយុ ២៩ ឆ្នាំ ជាបុរសកើតនៅទីក្រុងស្ត្រាសស្បឺក ដែលមានប្រវត្តិនៃការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋផ្សេងៗរួមទាំងការប្លន់ផងដែរ។ ឆឺរីស ឆឺកេត ក៏ស្ថិតនៅក្នុងបញ្ជីឃ្លាំមើលនៃមុខសញ្ញាក្រុមជ្រុលនិយមផងដែរ។ ព័ត៌មាននេះបានកើតឡើងពីរបីម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកគ្រីស្តូប កាស្តាណែរ (Christophe Castaner) បាននិយាយថា បុរសម្នាក់ដែលគេជឿថាជាឆឺកេតត្រូវបានបាញ់ស្លាប់អំឡុងប្រតិបត្តិការប៉ូលិសនៅសង្កាត់នូដូហ្វនៃទីក្រុងស្ត្រាសស្បឺក។ លោកកាស្តាណែរបាននិយាយថាជនសង្ស័យបានបើកការបាញ់ប្រហារទៅលើប៉ូលិសកាលពីយប់ថ្ងៃព្រហស្បតិ៍នៅពេលដែលក្រុមមន្ត្រីបានព្យាយាមចាប់ខ្លួនគាត់។ លោកកាស្តាណែរបាននិយាយថា “នៅពេលពួកគេព្យាយាមចាប់ខ្លួនគាត់ គាត់បានបែរក្រោយហើយបើកការបាញ់ប្រហារ ហើយពួកគេក៏បានបាញ់តដៃវិញ”។ មន្ត្រីប៉ូលិសក្នុងតំបន់មួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយសារតែគាត់មិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈបាននិយាយថា បុរសដែលបាញ់ដាក់ប៉ូលិស មានកាំភ្លើងខ្លីមួយនិងកាំបិតមួយ៕

 

 

 

ជនជាតិ​កាណាដា​ទី​២​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ គីម ជុង​អ៊ុន

មានមនុស្សតិចណាស់អាចអះអាងថាបានទទួលស្រាក្រឡុក(cocktail)នៅលើនាវាកម្សាន្តឯកជនរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែ លោកម៉ៃឃើល ស្ប៉ាវឺ ជនជាតិកាណាដានេះគឺជាមនុស្សម្នាក់នៅក្នុងចំណោមពួកគេទាំងនោះ។លោក ម៉ៃឃើល ស្ប៉ាវឺ ពាណិជ្ជករកាណាដាដែលមានទំនាក់ទំនងជាយូរមកហើយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនេះត្រូវបានចាប់ឃុំខ្លួននៅប្រទេសចិនហើយកំពុងត្រូវបានស៊ើបអង្កេតដោយសង្ស័យថាបានធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិរបស់ចិន។ ការបាត់ខ្លួនរបស់លោកបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននិងកាណាដាក្រោយពីកាណាដាបានចាប់ខ្លួនស្រ្តីពាណិជ្ជករជនជាតិចិនម្នាក់ តាមសំណើរបស់សហរដ្ឋអាមេរិក។ លោកម៉ៃឃើល ស្ប៉ាវឺ គឺជាជនជាតិកាណាដាទី២ដែលត្រូវបានចាប់ឃុំខ្លួននៅប្រទេសចិននៅសប្តាហ៍នេះ។កាលពីថ្ងៃចន្ទ លោកម៉ៃឃើល កូវរិកអតីតអ្នកការទូតកាណាដា ត្រូវបានចាប់ខ្លួននៅទីក្រុងប៉េកាំងក្រោមកាលៈទេសៈស្រដៀងគ្នា។ ប៉ុន្តែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកម៉ៃឃើល ស្ប៉ាវឺជាមួយកូរ៉េខាងជើង ដែលជាសម្ពន្ធមិត្តរបស់ចិននោះគឺកាន់តែបន្ថែមភាពស្មុគស្មាញជុំវិញជម្លោះការទូតដែលកំពុងកើនឡើងនេះ។ លោកម៉ៃឃើល ស្ប៉ាវឺ ជាអ្នកគ្រប់គ្រងអង្គការមួយឈ្មោះ ” អង្គការផ្លាស់ប្តូរវប្បធម៌ Paektu ” ដែលលើកទឹកចិត្តវិស័យទេសចរណ៍និងការវិនិយោគទៅប្រទេសកូរ៉េខាងជើង៕

ស្ត្រី​រុស្ស៊ី​សារភាព​ទោស​ពីបទ​លួច​ធ្វើ​ចារកម្ម​នៅ​ទឹកដី​អាមេរិក​

ស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារចារកម្មរបស់រុស្ស៊ីដើម្បីជ្រៀតចូលក្រុមអ្នកគាំទ្រកាំភ្លើងដ៏មានឥទ្ធិពលនិងដាក់ឥទ្ធិពលមកលើនយោបាយសហរដ្ឋអាមេរិកឆ្ពោះទៅរកក្រុងម៉ូស្គូ បានសារភាពថាមានពិរុទ្ធភាពចំពោះការឃុបឃិតមួយករណីនៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ទី១៣ធ្នូនៅក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញា ដែលអាចផ្តល់ឱ្យពួកគេនូវការយល់ដឹងទូលំទូលាយអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងនយោបាយរបស់អាមេរិក។ នាងម៉ារីយ៉ា ប៊ូទីណា (Maria Butina) អតីតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនដែលបានតស៊ូមតិជាសាធារណៈដើម្បីការពារសិទ្ធិប្រើកាំភ្លើង បានសារភាពកំហុសនៅឯសវនាការមួយនៅទីក្រុងវ៉ាស៊ីនតោននៅចំពោះមុខចៅក្រមអាមេរិក លោក តាន់យ៉ា ឈូតខាន់ (Tanya Chutkan)។ នាងក៏បានយល់ព្រមសហការជាមួយរដ្ឋអាជ្ញាផងដែរ។ នាងប៊ូទីណាត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាកាលពីខែកក្កដាពីបទដើរតួជាភ្នាក់ងាររបស់រដ្ឋាភិបាលរុស្ស៊ីនិងឃុបឃិតធ្វើសកម្មភាពជំនួសឱ្យរដ្ឋាភិបាលក្រុងមូស្គូ។ ពីមុនមក នាងមិនបានសារភាពទោសទេ មុនពេលផ្លាស់ប្តូរចិត្តរបស់នាងនៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍៕

 

 

ខ្លា​សម្លាប់​លោកសង្ឃ​ដែល​គង់​សម្មាធិ​ក្នុងព្រៃ​នៅ​ប្រទេស​ឥណ្ឌា

លោកសង្ឃមួយអង្គដែលគង់សម្មាធិក្នុងព្រៃក្នុងរដ្ឋមហារ៉ាស្រា្ត របស់ឥណ្ឌាបានសុគតដោយសារត្រូវខ្លារខិនខាំ នេះបើតាមការបញ្ជាក់អះអាងពីមន្រ្តី។ ពួកមន្រ្តីព្រៃឈើបានប្រាប់ទីភ្នាក់ងារសារព័ត៌មានPTI ថាលោកសង្ឃនាម រ៉ាហ៊ុល វ៉ាល់កេ បានកំពុងធ្វើសម្មាធិនៅក្រោមដើមឈើមួយក្នុងព្រៃ តាដូបា ដែលជាតំបន់អភិរក្សសត្វខ្លា ។វ៉ាល់កេ គង់នៅក្នុងវត្តមួយនៅក្នុងព្រៃនោះតែបាននិមន្តទៅកាន់កន្លែងស្ងាត់មួយដើម្បីធ្វើសម្មាធិ។ ពួកមន្រ្តីព្រៃឈើកន្លងមកបានព្រមានកុំអោយលោកសង្ឃចេញទៅឆ្ងាយៗពីវត្តដោយខ្លាចខ្លាវាយប្រហារ។ព្រៃតាដូបាជាជម្រកសត្វខ្លាធំចំនួន៨៨ក្បាល និងសត្វខ្លារខិនខ្លាឃ្មុំ និងឆ្កែចចក។ ក្រោយការវាយប្រហារនោះ ពួកមន្រ្តីព្រៃឈើមានផែនការចាប់សត្វកំណាចនេះដើម្បីកុំអោយវាវាយប្រហារជាថ្មី។លោកជេភី ណារ៉ាវ៉ាណេ មន្រ្តីព្រៃឈើប្រចាំតំបន់នោះបាននិយាយថា«យើងបានបង្កើតទ្រុង២និងអង្គប់មួយ ហើយយើងនឹងបាញ់ថ្នាំអោយសត្វនេះសន្លប់ដើម្បីចាប់បញ្ចូលទ្រុង»៕

ជ័យលាភី​រង្វាន់​ណូបែល​ត្រឡប់​ទៅ​អ៊ីរ៉ាក់​វិញ ដោយ​ប្តេជ្ញា​ធ្វើការ​ដើម្បី​សន្តិភាព

លោកស្រីណាឌៀ មូរ៉ាត( Nadia Murad) សកម្មជនអ៊ីរ៉ាក់មកពីក្រុមជនជាតិភាគតិចយ៉ាហ្ស៊ីឌី បានជួបប្រធានាធិបតីនៃប្រទេសរបស់លោកស្រីនៅទីក្រុងបាកដាដកាលពីថ្ងៃពុធទី១២ធ្នូបន្ទាប់ពីទទួលបានរង្វាន់ណូបែលសន្តិភាពសម្រាប់ការតស៊ូមតិរបស់លោកស្រីក្នុងនាមជនរងគ្រោះទាំងឡាយនៃអំពើហិង្សាផ្លូវភេទក្នុងពេលសង្រ្គាម។លោកស្រីមូរ៉ាត ជាសមាជិកនៃជនជាតិភាគតិចយ៉ាហ្ស៊ីឌី របស់អ៊ីរ៉ាក់ បានស្ថិតនៅក្នុងចំណោមស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់ដែលត្រូវបានចាប់ខ្លួននិងបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៤ ។ លោកស្រីបានក្លាយជាសកម្មជនម្នាក់ក្នុងនាមស្ត្រីនិងក្មេងស្រីច្រើននាក់ បន្ទាប់ពីបានគេចខ្លួននិងស្វែងរកការជ្រកកោននៅប្រទេសអាល្លឺម៉ង់។ លោកស្រីបានមកដល់ទីក្រុងបាកដាដពីទីក្រុងស្តុកខុល ប្រទេសស៊ុយអែត កាលពីថ្ងៃពុធហើយ ត្រូវបានទទួលជួបដោយប្រធានាធិបតីអ៊ីរ៉ាក់ លោកបាហាម សាលី។ លោកស្រីមូរ៉ាត បានប្រាប់ក្រុមអ្នកដឹកនាំសហគមន៍និងឯកអគ្គរដ្ឋទូតបរទេសនៅវិមានប្រធានាធិបតីថា«វាមិនមានន័យចំពោះរង្វាន់ណូបែលនេះទេ បើគ្មានការងារដែលត្រូវបន្តធ្វើដើម្បីប្រយោជន៍សន្តិភាពនោះ»។ ជនជាតិភាគតិចយ៉ាហ្ស៊ីឌីគឺជាអ្នកដើរតាមនៃជំនឿពីបុរាណដែល ត្រូវបានចាត់ទុកដោយខុសឆ្គងថាជាអ្នកគោរពបូជាខ្មោចអារក្សដោយពួកជ្រុលនិយមនិកាយស៊ុននី។ នៅពេលដែលក្រុមរដ្ឋអ៊ីស្លាម បានវាយលុកចូលភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤ នោះ ពួកសកម្មប្រយុទ្ធនេះបានសម្លាប់រង្គាលបុរសជនជាតិយ៉ាហ្ស៊ីឌីរាប់ពាន់នាក់និងបានចាប់ឃុំឃាងស្រ្តីនិងក្មេងស្រីប្រមាណជា៧.០០០នាក់ ដោយបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ៕

ជនជាតិ​កាណាដា​ទី​២​ត្រូវបាន​ចាប់ខ្លួន​សួរចម្លើយ​ដោយ​ចិន

រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រីគ្រីស្ទៀ ហ្រ្វីលឹន បាននិយាយកាលពីថ្ងៃពុធទី១២ធ្នូថា ជនជាតិកាណាដាទី២ត្រូវបានចិនចាប់សួរចម្លើយ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងនៅសប្តាហ៍នេះបានជូនដំណឹងដល់រដ្ឋាភិបាលក្រុងអូតាវ៉ាអំពីការចាប់ខ្លួនអតីតអ្នកការទូតកាណាដាម្នាក់។ លោកស្រីរដ្ឋមន្រ្តីបានប្រាប់សន្និសីទកាសែតមួយថា« យើងដឹងថាជនជាតិកាណាដាម្នាក់ដែលទាក់ទងមកយើងដោយសារអាជ្ញាធរចិនចាប់សួរចម្លើយ»។វាបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីអតីតអ្នកការទូតកាណាដាលោក ម៉ៃឃើល កូវរិក ត្រូវបានចិនចាប់ខ្លួនក្នុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។ ហ្រ្វីលែនបានផ្តល់ព័ត៌មានពិស្តារតិចតួច តែបានបន្ថែមថាក្រសួងរបស់លោកស្រីមិនអាចទាក់ទងបានចាប់តាំងពីការជូនដំណឹងអំពីការចាប់ខ្លួនជនជាតិកាណាទី១នោះមក។«យើងកំពុងខិតខំខ្លាំងណាស់ដើម្បីស្វែងរកកន្លែងស្នាក់នៅរបស់គាត់ហើយយើងក៏បានលើកបញ្ហានេះជាមួយអាជ្ញាធរចិន»។ ហ្រ្វីលែន បាននិយាយថា«កាណាដាមានការព្រួយបារម្ភជាខ្លាំងអំពីការចាប់ខ្លួនលោកកូវរិកនិងកាណាដាបានលើកករណីនេះដោយផ្ទាល់ជាមួយមន្រ្តីចិន»។ កាលពីសប្តាហ៍មុន កាណាដាបានចាប់ឃាត់ខ្លួន ប្រធានហិរញ្ញវត្ថុក្រុមហ៊ុនហួរវៃរបស់ចិន តាមសំណើរបស់អាមេរិក ជាហេតុនាំអោយចិនទាមទារអោយដោះលែងភ្លាមនិងព្រមានអំពីផលវិបាក។ មិត្តភ័ក្តិនិងអ្នកជំនាញការនិយាយដា លោកកូវរិកអាចជាចំណាប់ខ្មាំងនិងជាកូនអុកនៅក្នុងជម្លោះនេះ។ កាណាដានិយាយថាខ្លួនកំពុងស្វះស្វែងចូលជួបលោកកូវរិកដែលត្រូវចិនចាប់ឃុំខ្លួនខណៈហេតុផលនៃការចាប់ខ្លួននេះមិនមានភាពច្បាស់លាស់។តែសារព័ត៌មានរដ្ឋចិនបានរាយការណ៍ថាបុរសនេះត្រូវបានចាប់ខ្លួនពីបទសង្ស័យថា«ជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលប៉ះពាល់សន្តិសុខរដ្ឋចិន»៕

៤​នាក់​ស្លាប់​និង​១១​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​នៅ​ផ្សារ​ណូអែល​បារាំង​

ខ្មាន់កាំភ្លើងតែម្នាក់បានបាញ់សម្លាប់មនុស្សយ៉ាងតិច៤នាក់និងបង្ករបួស១១នាក់ផ្សេងទៀតនៅជិតផ្សារណូអែល(គ្រីសម៉ាស)មួយនៅក្រុងស្រ្តាសបួកកាលពីយប់ថ្ងៃអង្គារទី១១ធ្នូ មុនពេលភៀសខ្លួន។ ហេតុផលនាំអោយមានការបាញ់ប្រហារនេះនៅមិនទាន់ច្បាស់តែខណៈវាបានកើតឡើងចំពេលបារាំងនៅមានការប្រុងប្រយ័ត្នខ្ពស់អំពីការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម(ISIS)ចាប់តាំងពីឆ្នាំ២០១៥មក រដ្ឋអាជ្ញាប្រឆាំងភេរវកម្មបានបើកការស៊ើបអង្កេត។ រដ្ឋមន្រ្តីមហាផ្ទៃ លោកគ្រីស្តូប កាស្ទែនែ( Christophe Castaner) បាននិយាយថាខ្មាន់កាំភ្លើងត្រូវផ្នែកសន្តិសុខស្គាល់និងពីមុនត្រូវបានកំណត់ថាជាជនគ្រោះថ្នាក់ចំពោះសន្តិសុខម្នាក់។ នៅប្រមាណ២ម៉ោងក្រោយការវាយប្រហារ ប៉ូលិសបានឡោមព័ទ្ធជនសង្ស័យនិងសម្លេងបាញ់កាំភ្លើងបានឮឡើង។សារព័ត៌មានបារាំងបាននិយាយថា ឃាតករបានសម្ងំក្នុងហាងមួយ។ប្រជាជននៅតំបន់នូដហ្វ និងឧទ្យានអេធ័ល ត្រូវបានប្រាប់អោយនៅកន្លែងដែលពួកគេកំពុងនៅដើម្បីអោយសមត្ថកិច្ចងាយស្រួលប្រមាញ់ជនល្មើសនៅលើដីនិងតាមអាកាស។ ផ្សារណូអែលត្រូវបានបើកក្រោមការការពារសន្តិសុខយ៉ាងតឹងរឹងនៅឆ្នាំនេះ ដោយរថយន្តគ្មានការអនុញ្ញាតមិនត្រូវបានអោយចូលវិថីជុំវិញក្នុងពេលបើកផ្សារនិងមានការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យផង។ ប្រធានាធិបតីបារាំងអេមម៉ានុយអែល ម៉ាក្រុងត្រូវបានគេប្រាប់អំពីការបាញ់ប្រហារនេះ។ សូមបញ្ជាក់ថា បណ្តាទីភ្នាក់ងារសន្តិសុខអឺរ៉ុបបារម្ភខ្លាចក្រែងពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលបានចាកចេញពីអឺរ៉ុបទៅប្រយុទ្ធនៅអ៊ីរ៉ាក់និងស៊ីរីវិលមកកាន់អឺរ៉ុបវិញក្រោយក្រុមនិយមជ្រុលនេះជួបបរាជ័យ និងធ្វើការវាយប្រហារ។ កាលពីឆ្នាំ២០១៦ រថយន្តធំមួយបានបើកបំបុកចូលហ្វូងមនុស្សនៅក្រុងនីសដោយសម្លាប់មនុស្សជាង៨០នាក់និងនៅឆ្នាំ២០១៥ការវាយប្រហារនៅក្រុងបាតាយក្លង់និងប៉ារីសបានឆក់យកជីវិតមនុស្សប្រមាណ១៣០នាក់៕

មនុស្ស​រាប់ពាន់នាក់​ធ្វើ​ការតវ៉ា​ប្រឆាំង​ការដាក់​គុក​ក្រុម​សកម្មជន​ប្រឆាំង​សង្គ្រាម​មី​យ៉ាន់​ម៉ា

ក្រុមអ្នកតវ៉ារាប់ពាន់នាក់កាលពីថ្ងៃអង្គារទី១១ធ្នូបានធ្វើដើរតវ៉ាតាមដងផ្លូវនៅប្រទេសមីយ៉ាន់ម៉ាភាគខាងជើងប្រឆាំងនឹងការចាប់ដាក់គុកក្រុមសកម្មជនប្រឆាំងសង្គ្រាមចំនួន៣នាក់ នៅក្នុងការបង្ហាញជាសាធារណៈនូវកំហឹងតវ៉ាដ៏កម្រ។បុរស៣នាក់ឈ្មោះ Lum Zawng លោក Nang Pu និង លោក Zau Jet ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃសុក្រឱ្យជាប់គុក៦ខែនិងពិន័យជាប្រាក់ ៣២០ដុល្លារក្នុងម្នាក់ៗ ពីបទនិយាយបង្ខូចឈ្មោះយោធា បន្ទាប់ពីបានជួយរៀបចំបាតុកម្មមួយនៅទីក្រុងMyitkyinaនៅរដ្ឋ Kachin កាលពីខែមេសា។ ពួកគេបានលើកឡើងអំពីស្ថានភាពនៃជនស៊ីវិលរាប់ពាន់នាក់ដែលជាប់នៅក្នុងការប្រយុទ្ធគ្នារវាងកងទ័ពនិងក្រុមបះបោរជនជាតិភាគតិចកាឈីននៅក្នុងសង្គ្រាមមួយក្នុងចំណោមសង្គ្រាមស៊ីវិលដែលអូសបន្លាយពេលយូរជាងគេលើពិភពលោក។ កាលពីថ្ងៃអង្គារ ក្រុមបាតុករបានកាន់បដាតវ៉ានិងស្រែកតវ៉ាប្រឆាំងការចាប់ដាក់គុកក្រុមសកម្មជននេះនិងប្រឆាំងការសម្រេចរបស់តុលាការ។ លោក Naw Aung មេដឹកនាំការតវ៉ានេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង ថា ” យើងទាមទារឱ្យក្រុមអាជ្ញាធរ ដោះលែងមនុស្សរបស់យើងជាបន្ទាន់ “។ ក្រុមអ្នករៀបចំការតវ៉ានេះ បាននិយាយថា មនុស្ស៤.០០០នាក់ បានចូលរួមធ្វើបាតុកម្មនេះ ។ សហភាពអឺរ៉ុបនិងក្រុមអង្គការសិទ្ធិមនុស្សបានជំរុញរដ្ឋាភិបាលមីយ៉ាន់ម៉ា ឱ្យលុបចោលការផ្តន្ទាទោសនិងដោះលែងសកម្មជនទាំង៣នាក់នេះ។ លោកស្រីYanghee Lee អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ការកាត់ទោសឱ្យជាប់គុកសកម្មជនទាំងនេះ គឺមិនអាចទទួលយកបានទេ។ លោកស្រីបាននិយាយថា “នេះគឺជាករណីមួយទៀតដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាខកខានមិនបាន លើកកម្ពស់សិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យហើយកំពុងប្រើច្បាប់ចាស់ដែលផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្ស ធ្វើជាអាវុធប្រឆាំងក្រុមអ្នកការពារសិទ្ធិមនុស្ស ” ៕

ប្រជាជន​ថៃ​នឹង​ទៅ​ហោះ​ឆ្នោត​នៅ​ថ្ងៃទី​២៤​កុម្ភៈ​ខណៈ​រដ្ឋាភិបាល​ដក​បម្រាម​លើ​សកម្មភាព​នយោបាយ​

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅលើវេបសាយរាជវាំងបានឱ្យដឹងថា ប្រទេសថៃបានដកចេញនូវបម្រាមដាក់ចេញដោយយោធាលើសកម្មភាពនយោបាយ ដែលបានដាក់ចេញនៅនឹងកន្លែងចាប់តាំងពីឆ្នាំ ២០១៤ ដោយត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០១៩។ រដ្ឋាភិបាលយោធាបានដាក់ចេញការហាមឃាត់យ៉ាងតឹងរ៉ឹងនៅពេលដែលខ្លួនបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ដោយលើកឡើងពីតម្រូវការច្បាប់និងសណ្តាប់ធ្នាប់ បន្ទាប់ពីមានបាតុកម្មតាមដងផ្លូវជាច្រើនខែប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតបែបប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់។ យោធាបានចាប់ផ្តើមបន្ធូរបន្ថយការហាមឃាត់នៅខែកញ្ញានៅពេលដែលខ្លួនអនុញ្ញាតឱ្យគណបក្សនយោបាយនានាបន្តរៀបចំឡើងវិញ។ នៅក្នុងបទបញ្ជាមួយដែលត្រូវបានចេញផ្សាយដោយវេបសាយរាជវាំងកាលពីថ្ងៃអង្គារទី១១ធ្នូ របបនេះបានលើកឡើងពីតម្រូវការសម្រាប់គណបក្សនយោបាយនិងសាធារណៈដើម្បីធ្វើយុទ្ធនាការដោយសេរីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តរបស់ខ្លួន។ រដ្ឋាភិបាលយោធាបាននិយាយថា “ប្រជាជននិងគណបក្សនយោបាយនឹងអាចចូលរួមក្នុងសកម្មភាពនយោបាយក្នុងអំឡុងពេលនេះរហូតដល់ការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ”។ បទបញ្ជានេះត្រូវបានចុះហត្ថលេខាដោយមេយោធានិងនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា៕

ដូ​ណា​ល់ ត្រាំ គំរាម​បិទ​រដ្ឋាភិបាល ពីព្រោះ​សភា​របស់​បក្ស​ប្រជាធិបតេយ្យ​មិន​ព្រម​អនុម័ត​ថវិកា​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​

លោកដូណាល់ ត្រាំដ៏ក្រេវក្រោធបានប្រាប់មេដឹកនាំបក្សប្រជាធិបតេយ្យនៅសេតវិមានកាលពីថ្ងៃអង្គារទី១១ធ្នូថា លោកនឹងបិទរដ្ឋាភិបាលអាមេរិកពីព្រោះពួកគេបដិសេធមិនព្រមអនុម័តថវិការាប់ពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងព្រំដែនម៉ិកស៊ិកដ៏ចម្រូងចម្រាស់របស់លោក។ ប្រធានាធិបតីត្រាំនិងមេដឹកនាំសភារបស់គណបក្សប្រឆាំងកំពូលរបស់អាមេរិកតាមពិតគ្រោងជួបគ្នាថតរូបនៅការិយាល័យពងក្រពើ។ ផ្ទុយទៅវិញ ជម្លោះជូរចត់របស់ពួកគេនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោកបានបង្ហាញឱ្យឃើញពីអនាគតពោរពេញដោយព្យុះភ្លៀងកំពុងប្រឈមនឹងលោកត្រាំ ខណៈរឿងអាស្រូវផ្លូវច្បាប់កំពុងកើនឡើង ហើយគណបក្សសាធារណរដ្ឋរបស់លោកបានរបូតការគ្រប់គ្រងរបស់ខ្លួនលើសភា។ លោកឆាក់ ស៊ូមឺ (Chuck Schumer) ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យជាន់ខ្ពស់នៅក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ និងលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលទំនងជាក្លាយទៅជាប្រធានសភានៅក្នុងសភាតំណាងរាស្ត្រថ្មីដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យនៅខែមករាខាងមុខ បានប្រាប់លោកត្រាំម៉ាត់ៗថា លោកគ្មានឱកាសទទួលបានប្រាក់ ៥ ពាន់លានដុល្លារ ដែលគាត់ចង់បានដើម្បីសង់ជញ្ជាំងនោះទេ។ ដោយកំពុងក្តៅក្រហាយពេញខ្លួន លោកត្រាំបានបង្កើនការគំរាមសងសឹកទ្វេដង ដោយបដិសេធមិនចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការចំណាយរបស់សហព័ន្ធ ដែលតម្រូវឱ្យធ្វើឡើងនៅថ្ងៃទី ២១ ធ្នូដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលដោយសារគ្មានមូលនិធិ។ លោកត្រាំបាននិយាយថា “ល្អ ប្រសិនបើយើងមិនទទួលបានអ្វីដែលយើងចង់បានតាមមធ្យោបាយមួយឬមធ្យោបាយផ្សេងទៀតទេ… ខ្ញុំនឹងបិទរដ្ឋាភិបាល។ ខ្ញុំមានមោទនភាពក្នុងការបិទរដ្ឋាភិបាលដើម្បីសន្តិសុខតាមព្រំដែន”។ លោកស៊ូមឺបានជំទាស់ ខណៈដែលលោកស្រីផេឡូស៊ីបានលើកឡើងថា ការជជែកវែកញែកមិនគួរធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មានឡើយ។ ប៉ុន្តែលោកត្រាំ ដែលគំនិតសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិកស៊ិករបស់គាត់គឺជាប្រធានបទសំខាន់នៃជ័យជម្នះដ៏ភ្ញាក់ផ្អើលនៃការបោះឆ្នោតឆ្នាំ២០១៦នោះ មិនអាចគ្រប់គ្រងកំហឹងរបស់គាត់បានទេ។ ដោយដកកាតកត់ចំណាំរបស់គាត់ចេញពីហោប៉ៅនោះ គាត់បានអានតួលេខដែលគាត់និយាយថាបានបង្ហាញពីការបញ្ចប់អន្តោប្រវេសន៍ខុសច្បាប់ជិតបានសម្រេចនៅតាមផ្នែកខ្លះនៃព្រំដែន ដែលមានរបងជញ្ជាំងខ្ពស់ៗ។ លោកត្រាំបាននិយាយថា “វាមានប្រសិទ្ធភាពខ្លាំងណាស់”។ លោកស្រីផេឡូស៊ីនិយាយថា ស្ថិតិនោះមិនត្រឹមត្រូវទេ។ លោកស្រីផេឡូស៊ីបាននិយាយថា “អ្វីដែលលោកប្រធានាធិបតីកំពុងធ្វើបទបង្ហាញឡើងវិញ (ជាមួយ) កាតរបស់គាត់នៅទីនោះគឺមិនមែនជាការពិតនោះទេ។ យើងត្រូវតែមានការសន្ទនាផ្អែកលើភស្តុតាងអំពីអ្វីដែលធ្វើទៅមានប្រសិទ្ធភាព និងថាតើលុយត្រូវបានចំណាយយ៉ាងដូចម្តេច និងតើវាមានប្រសិទ្ធិភាពកម្រិតណា”។ ក្រោយមកទៀត នៅខាងក្រៅសេតវិមាន លោកស៊ូមឺបានរិះគន់បន្ថែមទៀតទៅលើលោកត្រាំ។ គាត់បាននិយាយថា “កំហឹងច្របូកច្របល់ ដែលគាត់ (ត្រាំ) ហាក់ដូចជាជះចេញមកនេះ នឹងមិនធ្វើឱ្យគាត់ទទួលបានជញ្ជាំងរបស់គាត់ទេ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន”៕

 

 

សហរដ្ឋអាមេរិក​បាញ់​សាកល្បង​មី​ស៊ី​ល​ផលិត​រួមគ្នា​ជាមួយ​ជប៉ុន ដោយ​ជោគជ័យ​

កងទ័ពអាមេរិក បានបាញ់សាកល្បងប្រព័ន្ធមីស៊ីលស្ទាក់បាញ់កម្ទេចដែលអភិវឌ្ឍរួមគ្នាជាមួយជប៉ុន ដោយជោគជ័យកាលពីថ្ងៃអង្គារទី១១ខែធ្នូ។ ការបាញ់សាកល្បងនេះគឺជាការសាកល្បងជោគជ័យលើកទី២ក្នុងរយៈពេលជិត២ខែសម្រាប់ប្រព័ន្ធមីស៊ីលSM-3 Block IIA នេះ ។ ការបាញ់សាកល្បងនេះ ត្រូវបានធ្វើឡើងនៅកោះKauai នៃរដ្ឋ Hawaii ។ មីស៊ីលនេះ ត្រូវបានបាញ់សាកល្បងចេញពីយន្តហោះចម្បាំងដែលហោះពីលើសមុទ្រប៉ាស៊ីហ្វិច។ អង្គភាពកងទ័ពប្រឆាំងមីស៊ីលអាមេរិក(MDA) បាននិយាយនៅឆ្នាំនេះថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានចំណាយ២,២ពាន់លានដុល្លារ ទៅលើប្រព័ន្ធមីស៊ីលនេះ ហើយជប៉ុនបានចំណាយជិត១ពាន់លានដុល្លារ៕

កូន​អាយុ​៨​ខែ​នៅ​ជាមួយ​ម្តាយ លូន​ក្រោម​របង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ស្វែងរក​សិទ្ធ​ជ្រកកោន​

បុរសជនជាតិហុងឌូរ៉ាសម្នាក់ ត្រូវបានថតជាប់ខណៈដែលគាត់បានហុចកូនប្រុសអាយុ៨ខែរបស់គាត់តាមរន្ធប្រហោងមួយនៅក្រោមរបងព្រំដែនអាមេរិក ទៅមិត្តស្រីរបស់គាត់ដើម្បីស្វែងរកសិទ្ធិជ្រកកោន។ បុរសជនជាតិហុងឌូរ៉ាស ឈ្មោះ Joel Mendez អាយុ២២ឆ្នាំនេះ ត្រូវបានថតជាប់កំពុងបីឱបកូនរបស់គាត់នៅជិតទីក្រុងTijuanaម៉ិកស៊ិកកាលពីថ្ងៃសុក្រខណៈដែលមិត្តស្រីរបស់គាត់ ឈ្នោះ Yesenia Martinez អាយុ២៤ឆ្នាំ បានបីឱបវាក្នុងពេលលូនតាមរន្ធប្រហោងមួយនៅរបងព្រំដែននោះ។នៅពេលដែល នាង Yesenia Martinez បានឆ្លងទៅទឹកដីម្ខាងទៀតដោយសុវត្ថិភាពនោះ លោក Joel Mendez បានហុចកូនអាយុ៨ខែនេះ តាមក្រោមរបងពំ្រដែននោះទៅឱ្យម្តាយរបស់វា។ ស្ត្រីនេះ ត្រូវបានថតជាប់ខណៈដែលលូនក្រោមរបងព្រំដែនដោយកាន់ដបទឹកដោះគោរបស់កូនប្រុសរបស់គាត់ នៅមុនពេលរត់ភៀសខ្លួន។ លោក Joel Mendez បានស្ថិតនៅទីក្រុងTijuana ដើម្បីធ្វើការ ដោយសារ គាត់ភ័យខ្លាចថាគាត់អាចនឹងត្រូវបាននិរទេស បើសិនគាត់ឆ្លងព្រំដែនចូលប្រទេសអាមេរិក។ មិត្តស្រីរបស់គាត់ បានប្រគល់ខ្លួនឱ្យប៉ូលិសអន្តោប្រវេសន៍និងគយអាមេរិក ខណៈដែលនាងបានឱបកូនរបស់ពួកគេ។ ពួកគេស្ថិតនៅក្នុងចំណោមជនន្តោប្រវេសន៍មកពីអាមេរិកកណ្តាលកាលពីពេលថ្មីៗដែលបានធ្លាក់ទឹកចិត្តអស់ក្តីសង្ឃឹមដោយការរង់ចាំយូរក្នុងការស្នើសុំសិទ្ធិជ្រកកោនតាមរយៈកន្លែងត្រួតពិនិត្យព្រំដែននានានៃចក្រចូលទៅកាន់សហរដ្ឋអាមេរិក។ មនុស្សជាច្រើនដូចជា នាងYesenia Martinez និងកូនប្រុសរបស់នាងបានឆ្លង កាត់ជញ្ជាំងព្រំដែនដោយខុសច្បាប់ហើយប្រគល់ខ្លួនទៅឱ្យភ្នាក់ងារល្បាតព្រំដែន។ ជនអន្តោប្រវេសន៍អាមេរិកកណ្តាលរាប់ពាន់នាក់បានចំណាយពេលជាច្រើនសប្តាហ៍ធ្វើដំណើរទៅតំបន់ភាគខាងជើងកាត់តាមប្រទេសម៉ិកស៊ិកដោយដើរនិងសុំគេជិះឡាន នៅពេលមនុស្សជាច្រើនបានបោះបង់ចោលក្តីសង្ឃឹមនិងវិលត្រឡប់ទៅក្រោយវិញ នៅពេលពួកគេជួបការរារាំងខ្លាំងនៅតាមព្រំដែនសហរដ្ឋអាមេរិក។ កាលពីខែមុន ក្នុងចំណោមជនអន្តោប្រវេសន៍៦.០០០នាក់បានមកដល់ទីក្រុងTijuana នេះ មនុស្ស១.០០០ នាក់ បានរត់ឡើងរបងព្រំដែនដើម្បីចូញក្នុងទឹកដីអាមេរិកហើយមនុស្សភាគច្រើននៃពួកគេនេះ ត្រូវបានចាប់ឃុំខ្លួន៕

 

សន្និសីទ​អ​.​ស​.​ប​អនុម័ត​កតិកាសញ្ញា​ស្តីពី​អន្តោប្រវេសន៍ ទោះបី​ប្រទេស​ជាច្រើន​បាន​ដើរចេញ​

សន្និសីទអង្គការសហប្រជាជាតិមួយបានអនុម័តកតិកាសញ្ញាអន្តោប្រវេសន៍នៅចំពោះមុខមេដឹកនាំនិងអ្នកតំណាងមកពីជាង ១៦០ ប្រទេសនៅក្នុងប្រទេសម៉ារ៉ុកកាលពីថ្ងៃចន្ទទី១០ធ្នូ បើទោះបីជាប្រទេសជាច្រើនបានដើរចេញ ដែលជំរុញដោយប្រជានិយមប្រឆាំងនឹងអន្តោប្រវេសន៍ក៏ដោយ។ កិច្ចព្រមព្រៀងជាសកលសម្រាប់អន្តោប្រវេសន៍ដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងទៀងទាត់ ដែលរៀបចំរួចរាល់នៅអង្គការសហប្រជាជាតិកាលពីខែកក្កដាបន្ទាប់ពីកិច្ចចរចារយៈពេល ១៨ ខែមកនោះ ត្រូវបានអនុម័តជាផ្លូវការជាមួយការគោះនឹងញញួរមួយនៅទីក្រុងម៉ារ៉ាកេស (Marrakesh) នៅពេលចាប់ផ្តើមសន្និសីទរយៈពេលពីរថ្ងៃ។ ប៉ុន្តែសហរដ្ឋអាមេរិកនិងប្រទេសយ៉ាងហោចណាស់ ១៦ ផ្សេងទៀតបានជ្រើសរើសដើរចេញឬសម្តែងការព្រួយបារម្ភ ដោយប្រទេសខ្លះអះអាងថាកិច្ចព្រមព្រៀងនេះរំលោភលើអធិបតេយ្យភាពជាតិ។ ដោយត្រូវបានចាត់ទុកថាជាឯកសារអន្ដរជាតិដំបូងគេស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ កិច្ចព្រមព្រៀងនេះដាក់ចេញកម្មវត្ថុចំនួន ២៣ ដើម្បីបើកទូលាយដល់ការធ្វើអន្តោប្រវេសន៍ស្របច្បាប់និងទប់ស្កាត់ការឆ្លងកាត់ព្រំដែនខុសច្បាប់ ខណៈចំនួនមនុស្សដែលធ្វើបំលាស់ទីទូទាំងពិភពលោកបានកើនឡើងដល់ជាង ២៥០ លាននាក់។ ដោយពណ៌នាវាថាជា “ផែនទីបង្ហាញផ្លូវ” ដើម្បីទប់ស្កាត់ទុក្ខវេទនានិងភាពវឹកវរនោះ អគ្គលេខាធិការអ.ស.បលោកអង់តូនីញ៉ូ គូថេរ៉េស បានព្យាយាមលុបបំបាត់ចោលនូវអ្វីដែលលោកហៅថា “រឿងមិនពិត” ជុំវិញកតិកាសញ្ញានេះ រួមមានទាំងការអះអាងថាវានឹងអនុញ្ញាតឱ្យអង្គការសហប្រជាជាតិដាក់ចេញគោលនយោបាយអន្តោប្រវេសន៍លើរដ្ឋជាសមាជិក។ លោកគូថេរ៉េសបាននិយាយថា “កតិកាសញ្ញានេះមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ទេ។ វាគឺជាក្របខ័ណ្ឌមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ”។ លោកបានប្រាប់ទស្សនិកជនដែលរួមមានអធិការបតីអាល្លឺម៉ង់លោកស្រីអ៊ែនជែឡា មឺគែល ប្រធានាធិបតីប៉ាណាម៉ាលោកវ័ន កាឡូស វ៉ារ៉េឡា នាយករដ្ឋមន្ត្រីក្រិកលោកអាឡិចស៊ីស ស៊ីប្រាស់ នាយករដ្ឋមន្ត្រីដាណឺម៉ាកលោក ឡាស ឡុកកេ រ៉ាសមូសសិន និងនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកប៉េត្រូ សាន់ឆេស យ៉ាងដូច្នេះថា “យើងមិនត្រូវចុះញ៉មនឹងការភ័យខ្លាចនិងរឿងមិនពិតនោះឡើយ”៕

ឥណ្ឌា​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដោយ​ជោគជ័យ​

ដោយចាត់ទុកថាជាការទប់ទល់នឹងចិននោះ មីស៊ីលឆ្លងទ្វីបAgni-V ត្រូវបានរំពឹងថានឹងដាក់ឱ្យប្រើក្នុងវិស័យការពារជាតិឥណ្ឌានា ពេលឆាប់ៗនេះ។ មីស៊ីលនេះមានសមត្ថភាពវាយប្រហារគោលដៅ នៅគ្រប់ទីកន្លែងនៅក្នុងតំបន់អាស៊ីនិងផ្នែកខ្លះនៅអាហ្វ្រិកនិងអឺរ៉ុប។ ឥណ្ឌាបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបAgni-V រយៈចម្បាយដ៏ឆ្ងាយបំផុតរបស់ខ្លួន ដោយជោគជ័យកាលពីថ្ងៃចន្ទទី១០ធ្នូ ។ មីស៊ីលឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាននេះ ត្រូវបានបាញ់សាកល្បងចេញពីតំបន់សាកល្បងអាវុធរបស់កងទ័ព នៅរដ្ឋOdisha ។ នេះជាការសាកល្បងមីស៊ីលដោយជោគជ័យលើកទី៣របស់ឥណ្ឌា នៅឆ្នាំនេះ៕

 

ម៉ា​ក្រុង​ប្តេជ្ញា​បន្ធូរ​បន្ថយពន្ធ​និង​អំពាវនាវ​អោយ​ស្ងប់ស្ងាត់ តែ​ថា​គ្មាន​ការបោះឆ្នោត​មុន​កាលកំណត់​ទេ​

ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុង បានបាត់បង់ការនៅស្ងៀមស្ងាត់របស់លោកអំពីការតវ៉ាប្រឆាំងដែលបានធ្វើអោយកក្រើកបារាំងនិងតំណែងប្រធានាធិបតីរបស់លោក ដោយលោកបានចេញមកប្រកាសតាមទូរទស្សន៍ថានឹងបន្ធូរបន្ថយពន្ធសំរាប់កម្មករនិយោជិតនិងអ្នកចូលនិវត្តន៍ដែលតស៊ូនឹងជីវភាពរស់នៅហើយលោកបានទទួលស្គាល់ការទទួលខុសត្រូវរបស់លោកនៅក្នុងការបង្កអោយមានកំហឹងជាតិ។ ថ្លែងក្នុងសម្តីសុភាពនិងសម្លេងទន់ភ្លន់ លោកម៉ាក្រុងបានសុំអង្វរអោយមានការវិលមករកភាពស្ងប់ស្ងាត់ឡើងវិញបន្ទាប់ពីការតវ៉ាប្រឆាំងអស់ពេលជិត៤សប្តាហ៍ដែលបានចាប់ផ្តើមនៅបណ្តាខេត្តដែលគេមិនអើពើដើម្បីប្រឆាំងនឹងការដំឡើងពន្ធប្រេង និងវិវត្តមកជាកុបកម្មនៅកណ្តាលទីក្រុងប៉ារីស។ មេដឹកនាំបារាំងរូបនេះបានថ្លែងតាមទូរទស្សន៍ចេញពីវិមានប្រធានាធិបតី អេលីហ្សេ ថា« យើងកំពុងស្ថិតនៅក្នុងពេលប្រវត្តិសាស្រ្តមួយសំរាប់ប្រទេសរបស់យើង។យើងនឹងមិនបន្តមាគ៌ារស់នៅតាមធម្មតារបស់យើងទៀតទេ»ក្រោយពីហេតុការណ៍ទាំងនេះបានកើតឡើង។សូមបញ្ជាក់ថា ពួកបាតុករបានចំណាយពេលជាច្រើនថ្ងៃទាមទារអោយប្រធានាធិបតីនិយាយជាសាធារណៈអំពីទុក្ខកង្វល់របស់ពួកគេ តែវានៅមិនទាន់ប្រាកដថាតើចម្លើយតបរបស់ប្រធានាធិបតីពេលនេះវាគ្រប់គ្រាន់ដែរឬអត់ ខណៈតំណាងបាតុកម្មខ្លះបាននិយាយថានឹងមានបាតុកម្មបន្ថែមនៅថ្ងៃសៅរិ៍ខាងមុខ បន្ទាប់ពីការតវ៉ាកាលពីថ្ងៃសៅរិ៍កន្លងទៅបានប្រែក្លាយកណ្តាលក្រុងប៉ារីសជាសមរភូមិ។ លោកម៉ាក្រុងបានប្រកាស«ស្ថានភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងភាពអាសន្ន» ដោយបានបញ្ជារដ្ឋាភិបាលនិងសភាចាត់វិធានការបន្ទាន់ដើម្បីផ្លាស់ប្តូរច្បាប់ពន្ធនិងគោលនយោបាយដទៃទៀតដែលបានធ្វើអោយប៉ះពាល់ចំណូលរបស់វណ្ណៈកម្មករនៅទូទាំងបារាំង។ លោកបានឆ្លើយតបទៅនឹងការទាមទារជាច្រើនរបស់បាតុករ ដោយបានសន្យាចាត់វិធានការរួមមាន៖ -បង្កើនកំរៃឈ្នួលអប្បរមា១០០អឺរ៉ូ(១១៣,៦៥ដុល្លារ)ដោយចាប់ផ្តើមនៅដើមឆ្នាំក្រោយដោយរដ្ឋជាអ្នកចំណាយ

-លុបចោលពន្ធលើថ្លៃឈ្នួលការងារលើសម៉ោង(overtime)នៅឆ្នាំ២០១៩

-ស្នើសុំបណ្តាក្រុមហ៊ុនរកប្រាក់ចំណូលអោយផ្តល់កម្មករនិយោជិតនូវប្រាក់រង្វាន់ចុងឆ្នាំ(bonus)ដោយមិនគិតពន្ធ

 -លុបចោលការដំឡើងពន្ធលើសោធនតូចតាចលោកប្រធានាធិបតីបានបន្តថា «ខ្ញុំសូមចូលរួមទទួលខុសត្រូវ»ចំពោះការបង្កកំហឹងក្នុងចំណោមប្រជាជនបារាំង។«ខ្ញុំប្រហែលជាបានធ្វើអោយប៉ះពាល់អារម្មណ៍ប្រជាជនដោយសារតែសម្តីរបស់ខ្ញុំ»។ មេដឹកនាំនិយមកណ្តាលរូបនេះបានចាត់ទុកទុក្ខព្រួយរបស់អ្នកតវ៉ាប្រឆាំងថាមានអាយុកាលយូរឆ្នាំ គឺមានចំណាស់៤០ឆ្នាំដូចរូបលោកដែរនិងវាកើតឡើងចំពេលបារាំងតស៊ូដើរអោយទាន់សកលូបនីយកម្មនៅប៉ុន្មានទសវត្សរ៍មកនេះ។លោកក៏បានថ្កោលទោសអំពើហិង្សាក្នុងពេលតវ៉ាប្រឆាំងដែលបាននាំដល់ការរងរបួសរាប់រយនាក់និងការចាប់ខ្លួនជាង១.០០០នាក់ រួមទាំងការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជននៅក្នុងទីក្រុងប៉ារីស។ ទោះជាបានធ្វើសម្បទានមួយចំនួនធំ តែការទាមទារអោយលោកចុះចេញពីតំណែងត្រូវបានលោកម៉ាក្រុងឆ្លើយថា«មិនមានការបោះឆ្នោតប្រធានាធិបតីឬសភានៅមុនឆ្នាំ២០២២ទេ»៕

រថយន្តក្រុង​រអិល​ចុះ​ផ្លូវ​ចោទ​នៅពេល​ឈប់​ចត​នៅ​ទីក្រុង​ហុងកុង សម្លាប់​មនុស្ស​៤​នាក់​និង​របួស​១០​នាក់

មនុស្ស៤នាក់បានស្លាប់នៅពេលរថយន្តក្រុងមួយដែលគ្មានដឹកមនុស្សបានរអិលចុះផ្លូវចោទនៅពេលឈប់ចតនៅសង្កាត់មួយដែលមានមនុស្សច្រើននៅទីក្រុងហុងកុង ដោយបានបុកនិងកិនអ្នកដំណើរច្រើននាក់ ដោយបណ្តាលឱ្យស្លាប់៤នាក់និងរបួស១០នាក់កាលពីថ្ងៃចន្ទទី១០ធ្នូ។អ្នកដើរតាមផ្លូវចំនួន៤នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងនេះ បានរអិលចុះផ្លូវចោទ ដោយអ្នកបើកមិនអាចគ្រប់គ្រប់បាននៅសង្កាត់North Point នៅទីក្រុងនេះ ។ ប៉ូលិសបាននិយយថា រថយន្តក្រុងនេះបានរអិលបន្ទាប់ពីវាបានចត ។ ប្រធាអធិការប៉ូលិស បាននិយាយប្រាប់អ្នកយកព័ត៌មានថា ” យើងជឿថាអ្នកបើករថយន្តក្រុងនេះ ទំនងជាបានភ្លេចដាក់ហ្វ្រាំងដៃឬក៏ដាក់ហ្វ្រាំងដៃមិនបានជាប់ល្អត្រឹមត្រូវ”។ ប៉ូលិសបាននិយាយ រថយន្តក្រុងនេះ បានរត់អស់ចម្ងាយជាង១០០ម៉ែត្រ ដោយបុករថយន្តតាក់ស៊ី២គ្រឿង នៅមុនពេលវាបុកចូលអគារមួយ នៅផ្លូវតូចដោយមានហាងលក់ដូរ។ អ្នកបើករថយន្តនេះ បានរងរបួស ក្នុងចំណោមអ្នករងរបួស៩នាក់ដែលបានរងរបួសធ្ងន់៕

មនុស្ស​រាប់ម៉ឺន​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ទីក្រុង​ញូវដែលី​អំពី​ទីតាំង​សាសនា​ដែលមាន​ជម្លោះ​

ក្រុមអ្នកកាន់សាសនាហិណ្ឌូរាប់ម៉ឺននាក់បានដើរក្បួននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី៩ធ្នូដើម្បីអំពាវនាវឱ្យសាងសង់ប្រាសាទមួយនៅលើទីតាំងសាសនាដែលមានជម្លោះដ៏ក្តៅគគុក។ក្រុមអ្នករៀបចំបាននិយាយថាពួកគេនឹងមិនផ្លាស់ប្តូរជំហរទេរហូតទាល់តែវិហារធំមួយត្រូវបានកសាងនៅទីក្រុងអាយុទ្យា(Ayodhya) ភាគខាងជើងនៃប្រទេសនេះ។តំបន់នេះ គឺជាចំណុចនៃជម្លោះដ៏តានតឹងជាយូរមកហើយរវាងក្រុមអ្នកកាន់សាសនាហិណ្ឌូនិងអ៊ីស្លាម។ ក្រុមអ្នកកាន់សាសនាហិណ្ឌូជឿថាទីតាំងសាសនានេះគឺជាកន្លែងកំណើតនៃព្រះLord Ramដ៏គោរពបូជារបស់ពួកគេ ប៉ុន្តែក្រុមអ៊ីស្លាមនិយាយថាពួកគេបានថ្វាយបង្គំសូត្រធម៌នៅទីនោះ ជាច្រើនជំនាន់មកហើយ។ តំបន់នេះ មានព្រះវិហារអ៊ីស្លាមមួយនៃមជ្ឈិមសម័យអស់រយៈពេលជាង៤៥០ឆ្នាំមកហើយរហូតដល់ក្រុមហិណ្ឌូបានវាយបំផ្លាញវាចោលនៅឆ្នាំ១៩៩២ដែលបង្កឱ្យមានកុបកម្មរីករាលដាលខ្លាំង ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ មនុស្សជាង៥០.០០០នាក់ បានដើរជាក្បួនដ៏ធំកាលពីថ្ងៃអាទិត្យ ដែលរៀបចំធ្វើដោយក្រុមអ្នកជាតិនិយមហិណ្ឌូដ៏តឹងរឹង ដែលបានអំពាវនាវឱ្យសាងសង់ប្រាសាទមួយនៅទីតាំងនោះ៕

កិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ស្តីពីការអនុវត្គផែនការ យុទ្ធសាស្រ្តគណនេយ្យភាពសង្គម និងផែនការអនុវត្តបន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

ហាងទំនិញនានាបានបិទទ្វារនៅមុនបុណ្យណូអែលជិតមកដល់ ខណៈភាពវឹកវរកំពុងកើតមានពេញដងផ្លូវ។ ការតវ៉ាដែលមានឈ្មោះថា “អាវកាក់ពណ៌លឿង” របស់បារាំងកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិយាយថា មិនខុសអីពី “មហន្តរាយ” នោះទេ។ ខណៈដែលកុបកម្មបានផ្ទុះឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ទី៨ធ្នូ លោកលីវីអូ ហ្វត អ្នកទេសចរមកពីទីក្រុងញូវយ៉កបានត្រឹមឈរមើលប៉ុណ្ណោះ ខណៈរថយន្តប៉ូលិសដាក់តម្រៀបជួរត្រៀបត្រាពេញទីលានវ៉ង់ដឹម។ ហាងលក់គ្រឿងអលង្ការប្រណីតនានាបានបិទក្តារបន្ទះបាំងកញ្ចក់ការពារចោរវាយបំបែក ហើយពេជ្រនិងនាឡិកាត្រូវបានយកចេញពីបង្អួចដើម្បីការពារកុំឱ្យចោរប្លន់។ ការធ្វើដំណើរកម្សាន្តមួយត្រូវបានគេគិតថាជាពញ្ញាក់អារម្មណ៍មួយសម្រាប់ខួបកំណើតភរិយារបស់លោកម៉ាក្រុង គឺលោកស្រីខាមេឡា អាយុ ៥៩ ឆ្នាំ។ យ៉ាងហោចណាស់ អ្នកទាំង២បាននិយាយលេងសើចថា វាជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ លោកស្រីខាមេឡាបាននិយាយថា “អ្វីគ្រប់យ៉ាងត្រូវបានបិទអស់ហើយ”។ ប្តីប្រពន្ធនេះបានគ្រោងធ្វើដំណើរទៅកាន់ន័រម៉ង់ឌី (Normandy) ដើម្បីមើលឆ្នេរដែលឪពុករបស់លោកស្រីខាមេឡាប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី ២ ប៉ុន្តែបានលុបចោលវិញ ដោយសារតែការបិទផ្លូវប្រឆាំងរដ្ឋាភិបាល។ ប៉មតួអេហ្វែល សារមន្ទីរ ផ្សារទំនើប គឺបិទទ្វារទាំងអស់ នៅចំថ្ងៃសៅរ៍ ដែលជាធម្មតាគឺជាថ្ងៃដ៏មមាញឹកបំផុតនៅមុនបុណ្យណូអែលជិតមកដល់។ ស្ថានទូតអាមេរិកបានចេញការព្រមានដល់ជនជាតិអាមេរិកឱ្យចៀសវាងហ្វូងមនុស្សនៅក្នុងទីក្រុងប៉ារីសខណៈដែលបែលហ្ស៊ិក ព័រទុយហ្គាល់ និងសាធារណរដ្ឋឆែក បានផ្តល់យោបល់ឱ្យពលរដ្ឋខ្លួនពន្យារពេលធ្វើដំណើរ។ សម្រាប់៣សប្តាហ៍ចុងក្រោយនេះ ហាងនានាត្រូវបានចោរលួចនៅក្នុងរដ្ឋធានីរបស់បារាំង បង្អួចហាងត្រូវបានវាយបំបែក រថយន្ដត្រូវគេដុតបំផ្លាញ និង របាំងការពារនៅតាមដងផ្លូវក៏គេដុតដែរ។ កុបកម្មក៏បានអង្រួនទីក្រុងបារាំងផ្សេងទៀតដែលមានប្រជាប្រិយភាពជាមួយអ្នកទេសចរផងដែរ ដូចជា ទីក្រុងប័រដូ និងទីក្រុងទូលូស។ លោកព្រូណូ ឡឺមែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុបាននិយាយនៅពេលលោកទៅសួរសុខទុក្ខអ្នកលក់ដូរនៅទីក្រុងប៉ារីសថា “វាជាពេលដែលហាងលក់ដូរនានាជាធម្មតាមានភាពអ៊ូអរខ្លាំង មុនពេលបុណ្យណូអែល ប៉ុន្តែនេះជាគ្រោះមហន្តរាយ”។ លោកបានសន្យាថាជួយ “ផ្ទាល់” ដល់អាជីវកម្មដែលរងផលប៉ះពាល់ ខណៈដែលលោកអេមម៉ានូអែល ម៉ាក្រុង កំពុងត្រៀមថ្លែងសុន្ទរកថាទៅកាន់ប្រទេសទាំងមូលនៅសប្តាហ៍នេះក្នុងគោលបំណងដើម្បីបញ្ចប់វិបត្តិដ៏ជ្រាលជ្រៅបំផុតក្នុងការកាន់តំណែងប្រធានាធិបតីរបស់លោក។ ដោយពាក់អាវកាក់ចរាចរណ៍លឿងៗ ចលនា “អាវកាក់ពណ៌លឿង” មិនបានបង្ហាញសញ្ញាណាមួយពីការបញ្ឈប់ការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍ជុំវិញការកើនឡើងថ្លៃរស់នៅ និង ការចោទប្រកាន់ថា លោកម៉ាក្រុងផ្គាប់ចិត្តតែអ្នកមាន។ រដ្ឋាភិបាលមិនទាន់បានចេញផ្សាយនូវការប៉ាន់ប្រមាណអំពីចំនួននៃការខូចខាតដែលបាតុកម្មនេះបានជះមកលើសេដ្ឋកិច្ចនៅឡើយទេ។ ក្រសួងហិរញ្ញវត្ថុបានប៉ាន់ប្រមាណកាលពីខែមុនថា អ្នកលក់រាយធំៗបានថយចុះចំណូល ១៥ ភាគរយ និងអាជីវកម្មខ្នាតតូចធ្លាក់ចុះ ៤០ ភាគរយ។ លោក ហ្វ្រង់ស៊ីស អាសសេលីន ប្រធានសហព័ន្ធអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ CPME បានសរសេរនៅក្នុងកាសែត Journal du Dimanche ថា “អាជីវកម្មខ្នាតតូចគឺមានភាពផុយស្រួយជាងនេះ។ យើងព្រួយបារម្ភខ្លាំងណាស់”។ លោកអាសសេលីន ព្យាករណ៍ថាជាទូទៅថា ចលនា “អាវកាក់ពណ៌លឿង” នឹងធ្វើឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមខាតបង់ប្រហែល ១០ ពាន់លានអឺរ៉ូ (ស្មើនឹង ១១,៤ ពាន់លានដុល្លារអាមេរិក)។ លោកបានអំពាវនាវដល់រដ្ឋាភិបាលឱ្យជួយនិងជំរុញឱ្យធនាគារផ្តល់ឥណទានកាន់តែច្រើនដល់អាជីវកម្មនានានិងទទួលយកការពន្យារពេលទូទាត់សងប្រាក់កម្ចី ខណៈវិបត្តិកំពុងតែកើតឡើង៕

អាចារ្យ​អាមេរិក​នៅ​ហ្វីលីពីន ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​ក្មេងប្រុស​ច្រើន​នាក់​

ក្រុមអាជ្ញាធរអន្តោប្រវេសន៍ហ្វីលីពីនបានចាប់ខ្លួនអាចារ្យរ៉ូម៉ាំងកាតូលិកអាមេរិកម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើក្មេងប្រុសច្រើននាក់ដែលធ្វើការនៅព្រះវិហារនៅទីប្រជុំជនដាច់ស្រយាលមួយនៅប្រទេសហ្វីលីពីន។ ករណីនេះ ត្រូវបានមន្ត្រីម្នាក់បាននិយាយថា វាគួរឱ្យរន្ធត់និងគួរឱ្យភ័យខ្លាច។ លោកស្រី Dana Sandoval អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ធ្នូថាលោក Kenneth Bernard Hendricks អាចារ្យអាមេរិក ដែលត្រូវបានចោទប្រកាន់នៅរដ្ឋOhio សហរដ្ឋអាមេរកិ ពីបទរំលោភបំពានផ្លូវភេទនៅប្រទេសហ្វីលីពីននេះ ត្រូវបានចាប់ខ្លួននៅក្នុងព្រះវិហារមួយនៅទីក្រុង Naval នៅខេត្ត Biliran កាលពីថ្ងៃពុធ។ លោក Benjamin Glassman មេធាវីអាមេរិក បាននិយាយនៅសន្និសីទកាសែតមួយនៅរដ្ឋOhio ថា ទោសកំហុសករណីនីមួយៗ គឺអាចជាប់គុកដល់ទៅ៣០ឆ្នាំ។កំណត់ត្រារបស់តុលាការសហព័ន្ធ មិនបង្ហាញមេធាវីរបស់លោក Kenneth Bernard Hendricks ដែលអាចនិយាយបកស្រាយអំពីការចោទប្រកាន់នោះទេ។ តុលាការរដ្ឋOhio បានចេញដីកាចាប់ខ្លួន បុរសអាចារ្យអាយុអាយុ៧៧ឆ្នាំ ដែលបានរស់នៅក្នុងប្រទេសហ្វីលីពីនអស់រយៈពេល៣៧ឆ្នាំមកហើយនេះ។ រឿងក្តីព្រហ្មទណ្ឌអាមេរិកនេះ បានកើតចេញពីពាក្យបណ្តឹងពីអនីតិជនជនជាតិហ្វីលីពីនច្រើននាក់ដែលជាជនរងគ្រោះ នៅហ្វីលីពីន។ លោកស្រីអ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ បាននិយាយថា តាមការចោទប្រកាន់ថា លោក Kenneth Bernard Hendricks បានរំលោភបំពាន់ផ្លូវភេទលើក្មេងប្រុសប្រហែល៥០នាក់ ដែលបម្រើការងារនៅព្រះវិហារនៅទីក្រុងNaval

តម្លៃ​អង្ករ​ឥណ្ឌា​ធ្លាក់ចុះ ខណៈ​ច្បាប់​តឹងរ៉ឹង​របស់​ចិន​ធ្វើឱ្យ​ឈ្មួញ​វៀតណាម​លែង​ហ៊ាន​នាំចេញ​អង្ករ​

តម្លៃអង្ករនាំចេញបានធ្លាក់ចុះនៅ២សប្តាហ៍ជាប់គ្នានៅឥណ្ឌា ខណៈដែលការត្រួតពិនិត្យយ៉ាងតឹងតែងពីចិនបានបិទការនាំចេញពីវៀតណាម។ អង្ករបាក់ ៥ ភាគរយរបស់ឥណ្ឌាគឺមានតម្លៃប្រហែល ៣៦៥ ដុល្លារទៅ ៣៦៨ ដុល្លារក្នុងមួយតោននៅសប្ដាហ៍នេះ ធៀបនឹងសប្តាហ៍មុនគឺ ៣៦៦ ដុល្លារទៅ ៣៧០ ដុល្លារ។ អ្នកនាំចេញម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងកាគីណាដា (Kakinada) នៅភាគខាងត្បូងនៃរដ្ឋអាន់ដ្រាប្រាដេស បាននិយាយថា “តម្លៃបានធ្លាក់ចុះខណៈពួកឈ្មួញកំពុងសម្របទៅតាមការធ្លាក់ចុះតម្លៃលុយរូពី។ តម្រូវការនៅតែខ្សោយដដែល”។ ប្រាក់រូពីឥណ្ឌាបានធ្លាក់ចុះជិត ១ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ទី៦ធ្នូដល់កម្រិតទាបបំផុតក្នុងរយៈពេល២សប្តាហ៍មកនេះ ដោយបង្កើនគម្លាតការលក់នៅក្រៅប្រទេសសម្រាប់ពួកអ្នកនាំចេញ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការនាំចេញ រដ្ឋាភិបាលឥណ្ឌាកាលពីខែមុនបាននិយាយថា ខ្លួននឹងផ្តល់សមវិធានធន ៥ ភាគរយសម្រាប់ការនាំចេញអង្ករមូលមិនបាក់ សម្រាប់រយៈពេល៤ខែដល់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០១៩។ ទិន្នន័យរបស់ក្រសួងស្បៀងអាហាររបស់ឥណ្ឌាបានបង្ហាញថា នៅប្រទេសជិតខាងបង់ក្លាដែស ការនាំចូលអង្ករនៅខែកក្កដាដល់ខែវិច្ឆិកាមានចំនួន ១០៦.៦៤០ តោនបន្ទាប់ពីរដ្ឋាភិបាលបានយកពន្ធ ២៨ ភាគរយលើការនាំចូលដើម្បីគាំទ្រដល់កសិកររបស់ខ្លួន បន្ទាប់ពីផលិតកម្មក្នុងស្រុកបានងើបឡើងវិញ។ ទន្ទឹមនឹងនេះដែរ ពួកឈ្មួញនិយាយថា នៅវៀតណាមតម្លៃអង្ករបាក់ ៥ ភាគរយបានធ្លាក់ចុះមកនៅត្រឹម ៤០០ ដុល្លារក្នុងមួយតោនពី ៤០៨ ដុល្លារកាលពីសប្តាហ៍មុន ខណៈដែលការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ដោយសារការត្រួតពិនិត្យនិងលក្ខខណ្ឌកាន់តែតឹងតែងលើអង្ករវៀតណាម។ ឈ្មួញម្នាក់នៅហូជីមិញបាននិយាយថា “ការនាំចេញទៅចិនគឺស្ទើរតែលែងមាន គ្មាននរណាម្នាក់ហ៊ានទិញឬលក់ទេ។ មនុស្សមួយចំនួនដែលត្រៀមអង្ករនៅកំពង់ផែសម្រាប់នាំចេញនោះ ឥឡូវត្រូវដឹកវាត្រឡប់មកវិញ ព្រោះពួកគេខ្លាចភាគីចិនមិនព្រមទិញ”។ នៅថៃវិញ តម្លៃអង្ករបាក់ ៥ ភាគរយគឺ ៣៩០-៣៩៣ ដុល្លារក្នុងមួយតោន ធៀបនឹងសប្តាហ៍មុនគឺ ៣៨០-៣៩៧ដុល្លារ៕

បារាំង​ដាក់​កម្លាំង​ប៉ូលិស​ជិត​១០​ម៉ឺន​នាក់ បិទ​ប៉ម​តួ​អេ​ហ្វែ​ល ហាង ភោជនីយដ្ឋាន​និង​សារមន្ទីរ​នៅ​ប៉ារីស​ដោយ​ខ្លាច​ផ្ទុះ​អំពើហិង្សា​ធំ

បារាំងដាក់កម្លាំងប៉ូលិសជិត១០ម៉ឺននាក់ បិទប៉មតួអេហ្វែល ហាង ភោជនីយដ្ឋាននិងសារមន្ទីរនៅប៉ារីសដោយខ្លាចផ្ទុះអំពើហិង្សាធំប៉មតួអេហ្វែលត្រូវបិទជាមួយនឹងហាងទំនិញ ភោជនីយដ្ឋាននិងសារមន្ទីរខ្លះ ខណៈប៉ូលិសរាប់ពាន់នាក់បន្ថែមត្រូវដាក់អោយការពារសន្តិសុខ។ការប្រកួតបាល់ទាត់ខ្លះក៏ត្រូវផ្អាក រួមមានការប្រកួតរវាងក្លឹបរវាងទីក្រុងMonaco-Nice,Toulouse – Lyon, Saint-Etienne -Marseille។ នាយករដ្ឋមន្រ្តីបារាំងនិយាយថា ប៉ូលិស៨៩.០០០នាក់នឹងត្រូវដាក់ពង្រាយនៅថ្ងៃសៅរិ៍នៅទូទាំងប្រទេសចំពេលមានការបារម្ភអំពីការផ្ទុះកុបកម្មថ្មីនៅតាមកន្លែងតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង។ ថ្លែងក្នុងទូរទស្សន៍TF1 កាលពីយប់ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីអេឌូអាត ហ្វីលីប បាននិយាយថា ប៉ូលិសនឹងដាក់កម្លាំង៨.០០០នាក់នៅក្រុងប៉ារីស ច្រើនជាងកម្លាំងដែលត្រូវបានដាក់កាលពីចុងសប្តាហ៍មុន។ នៅក្នុងរដ្ឋធានីបារាំង កម្លាំងប៉ូលិសត្រូវបំពាក់ដោយរថពាសដែកផង ដែលនេះជាការបំពាក់អាវុធធុនធ្ងន់ជាលើកដំបូងនៅតំបន់ទីក្រុងចាប់តាំងពីឆ្នាំ២០០៥ដោយសារតែលោកហ្វីលីបនិយាយថា«នៅប៉ារីសនិងកន្លែងផ្សេងទៀតនៅទូទាំងបារាំង យើងប្រឈមមនុស្សដែលមិនមែនចូលមកតវ៉ាទាមទារ តែមកកំទេចបំផ្លាញតែម្តង»។ការប្រឆាំងតវ៉ាកាលពីថ្ងៃ១ធ្នូ បានប្រែក្លាយជាកុបកម្មដ៏អាក្រក់បំផុតមួយ ដោយមនុស្សរាប់រយនាក់រងរបួសនិងត្រូវចាប់ខ្លួន។រដ្ឋាភិបាលនិយាយថា ពួកនិយមជ្រុលបានចាប់ការតវ៉ាទាមទារនេះជាចំណាប់ខ្មាំងនិងញុះញង់បង្កហិង្សា។រដ្ឋាភិបាលក៏ពិចារណាប្រើកម្លាំងយោធាដើម្បីការពារវិមានសំខាន់ៗ ក្រោយពីវិមានដ៏ល្បីលើលោកArc de Triomphe នៅប៉ារីសត្រូវបានបាតុករបំផ្លាញកាលពីសប្តាហ៍មុន។ លោកនាយករដ្ឋមន្រ្តីបានលុបចោលផែនការដំឡើងពន្ធប្រេងតាមការទាមទាររបស់ពួកបាតុករ តែចំណាត់ការរបស់រដ្ឋាភិបាលហាក់យឺតពេលបន្តិចដោយការតវ៉ាប្រឆាំងហាក់ទុំជោដោយវារាលដាលទៅជាការតវ៉ាដោយហិង្សា និងទាមទារហួសពីអ្វីដែលពួកគេតវ៉ាប្រឆាំងពីដំបូង។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកតវ៉ាក្មេងៗបានចេញមកតាមដងវិថី ដោយប្រឆាំងនឹងកំណែទំរង់អប់រំ។ មនុស្សជាង១៤០នាក់ត្រូវចាប់ខ្លួននៅពេលពួកគេតវ៉ាប្រឆាំងនៅក្រៅសាលារៀនមួយនៅក្រុងអ៊ីវីលីន ។សាលារៀនជាច្រើនទៀតនៅទីក្រុងម៉ាស៊ី,ណង់និងប៉ារីសបានបិទទ្វារ៕