បណ្តាញសង្គម

ក្តៅគគុក! កងទ័ពអ៊ីរ៉ាក់ «ចេញប្រតិបត្តិការក្តៅ សម្រុកចូលតំបន់ឃើដជាបណ្តើរៗ» និងព្រមានឲ្យ​លុបចោលលទ្ធផលប្រជាមតិ!

(បាកដាដ)៖ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បានចូលទៅដល់កណ្ដាលទីក្រុង ឃើគួក (Kirkouk) ហើយ បន្ទាប់ពីបានវាយដណ្ដើមយកតំបន់ប្រេងពីរទីតាំង រួមទាំងមូលដ្ឋានទ័ពអាកាសមួយផងដែរ ពីកងកម្លាំងឃើដ។ មុនបើកប្រតិបត្តិការយោធា ទីក្រុងបាកដាដបានដាក់ឱសានវាទដល់កងកម្លាំងឃើដ ឱ្យដកចេញពីតំបន់ជម្លោះនៃទីក្រុងមួយនេះ និងលុបចោលលទ្ធផលបោះឆ្នោតប្រជាមតិ តែឃើដបានទាត់ចោលសំណើទាំងនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។ យោងតាមក្រុមមន្ត្រីឃើដ ប្រជាជនរាប់ពាន់នាក់ បានភៀសខ្លួនចេញពីទីក្រុង Kirkuk មុននឹងកងកម្លាំងអ៊ីរ៉ាក់ចូលមកដល់។ មិនតែប៉ុណ្ណោះពួកគេបានចាត់ទុកថា ប្រតិបត្តិការយោធារបស់ទីក្រុងបាកដាដ គឺជាការសងសឹកទៅនឹងសិទ្ធិនៃប្រជាជនឃើដអ៊ីរ៉ាក់ ដែលបានបោះឆ្នោតប្រកាសឯករាជ្យផ្ដាច់ខ្លួនពីអ៊ីរ៉ាក់ និងជាការប្រកាសសង្រ្គាម ហើយថា ឃើដនឹងឱ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ តបស្នងមកវិញនូវតម្លៃមួយយ៉ាងសាកសម។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) កាលពីថ្ងៃចន្ទបានអះអាងថា ប្រតិបត្តិការក្នុងទីក្រុង Kirkuk គឺជារឿង ចាំបាចត្រូវតែធ្វើដើម្បីការពារឯកភាពជាតិ ដែលកំពុងរងការបំផ្លាញដោយសារ ការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យរបស់ឃើដ កាលពីថ្ងៃទី២៥ ខែកញ្ញា។ គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីឃើដ ក្រុមអ្នកប្រយុទ្ធឃើដ ១០នាក់ បានស្លាប់ និង ២៧នាក់រងរបួស នៅក្នុងការប៉ះទង្គិចដោយអាវុធទាំងយប់ជាមួយកងកម្លាំងរដ្ឋាភិបាលទីក្រុងបាកដាត។ ចំណែកឯ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ក៏បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយគូសញ្ជាក់យ៉ាងដូច្នេះថា «ក្រុមចំរុះអន្តរជាតិស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ជៀសរាល់ សកម្មភាពទាំងឡាយណានាំទៅរកការប៉ះទង្គិចដោយអាវុធ... ហើយយើងនៅតែបន្តជម្រុញ និងលើកកម្ពស់កិច្ចសន្ទនារវាងអាជ្ញាធរអ៊ីរ៉ាក់ និងឃើដក៏ដូចជាចូលរួមប្រយុទ្ធរួមគ្នាប្រឆាំងនឹង សត្រូវរួមរបស់យើង គឺក្រុម ISIS»៕

រន្ធត់! អូស្ត្រាលី៖ «យន្តហោះដឹកអ្នកដំណើរ ១៥១នាក់ ធ្លាក់ពីកម្ពស់ ១០គីឡូម៉ែត្រ ទាំងកម្រោលមកនៅ ៣គីឡូម៉ែត្រ តែនៅអាចរក្សាលំនឹង និងចុះចតវិញបាន»

(ស៊ីដនី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ AirAsia ដែលមានគោលដៅមកពីទីក្រុង Perth នៃរដ្ឋភាគខាងលិចអូស្រ្តាលី ឆ្ពោះទៅកាន់កោះបាលី (Bali) នៃប្រទេសឥណ្ឌូណេស៊ី ត្រូវបានបង្ខំឲ្យធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីវាបានបាត់បង់សម្ពាធយ៉ាងកម្រោល ក្រោយពីទើបហោះហើរបានប្រមាណ ២៥នាទី ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

យ៉ាងណាមិញមនុស្សទាំង ១៥១នាក់ នៅលើយន្តហោះ បានវិលត្រឡប់មកកាន់អាកាសយានដ្ឋានទីក្រុង Perth វិញដោយសុវត្ថិភាព និងពុំមាននរណាម្នាក់រងរបួសឡើយ។ ក្រោយមកដល់លើដីវិញ អ្នកដំណើរមួយចំនួន ដែលស្ថិតនៅលើជើងហោះហើរ QZ535 នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេគិតថាពួកគេពិតជាមិនរស់ឡើយ នៅពេលដែលយន្តហោះបានធ្លាក់ចុះពីកម្ពស់ ៩,៧៥០ម៉ែត្រ មក ៣,០០០ម៉ែត្រយ៉ាងកំហុក។

ជុំវិញរឿងនេះក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រចាំឥណ្ឌូណេស៊ីបានចេញសេចក្តីថ្លែងការណ៍ សុំទោសចំពោះរឿងដែលមិនគួរឲ្យកើតមានឡើយនេះ និងបានអះអាងថា វាគឺជាបញ្ហាបច្ចេកទេស ហើយសុវត្ថិភាពរបស់អ្នកដំណើរ គឺជាអាទិភាពចម្បងបំផុតសម្រាប់ក្រុមហ៊ុន។

គួររំលឹកថា កាលពីជាងមួយសប្តាហ៍មុន យន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតរបស់អាកាសចរណ៍ AirAsia ត្រូវបានបង្ខំឲ្យធ្វើការចុះចតយ៉ាងតក់ក្រហល់នៅក្នុងទីក្រុង Perth ដូចគ្នា ក្រោយពីមានបញ្ហាផ្នែកម៉ាស៊ីនយន្តហោះ បន្ទាប់ពីហោះហើរបាន ៩០នាទី ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរបស់ម៉ាឡេស៊ី ខណៈកាលពីខែកក្កដាកន្លងទៅវិញនោះ ដោយសារតែបុកនឹងហ្វូងសត្វបក្សី យន្តហោះមួយគ្រឿងទៀតរបស់ AirAsia ត្រូវបានបង្ខំឲ្យវិលត្រឡប់ទៅកាន់ព្រលានយន្តហោះក្រុង Brisbane នៃរដ្ឋ Queensland ប្រទេសអូស្រ្តាលីផងដែរ៕

 

លទ្ធផលបោះឆ្នោតនៅអូទ្រីស៖ គណបក្សរបស់លោក Sebastian Kurz ទទួលជ័យជំនះលើការបោះឆ្នោត នឹងក្លាយមេដឹកនាំវ័យក្មេងជាងគេនៅលើពិភពលោក

(អូទ្រីស)៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ជ្រៅឆ្លងចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោក Sebastian Kurz ប្រធានគណបក្សប្រជាជន (People's Party) បានប្រកាសពីការទទួលជ័យជំនះលើការបោះឆ្នោត ហើយការទទួលបានជោគជ័យនេះធ្វើឲ្យលោកក្លាយមេដឹកនាំវ័យក្មេងជាងគេនៅលើពិភពលោក។ People's Party របស់លោក Kurz ទទួលបានជ័យជំនះចំនួន ៣១,៥ភាគរយ នៃលទ្ធផលឆ្នោត, បន្ទាប់មកគណបក្ស Social Democrats ២៧,១ភាគរយ និងគណបក្ស Freedom Party ២៥,៩ភាគរយ។ លោក Sebastian Kurz មានវ័យត្រឹមតែ៣១ឆ្នាំប៉ុណ្ណោះ ហើយលោកក៏ជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់អូទ្រីសដែលមានវ័យក្មេងជាងគេផងដែរ៕

ថ្ងៃនេះគឺខួប ១ឆ្នាំ នៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ខណៈថ្ងៃបូជាព្រះសព​កាន់តែជិត​មកដល់!

(បាងកក)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ គឺខួបគម្រប់មួយឆ្នាំ នៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេ ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា ក្នុងមន្ទីរពេទ្យនៃរាជធានីបាងកក ហើយវាជិតនឹងដល់ពេល ដែលព្រះសពរបស់ព្រះអង្គ ត្រូវយកទៅប្រារព្ធពិធីថ្វាយព្រះភ្លើងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។

សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន នឹងចូលរួមក្នុងព្រះរាជពិធីបុណ្យខួបគម្រប់មួយឆ្នាំគត់ នៃការសោយទិវង្គតរបស់ព្រះបិតា នៅឯមហាវិមាន Grand Palace ក្នុងព្រះបរមរាជវាំងទីក្រុងបាងកក។ នេះបើតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យចាត់ចែងកិច្ចក្នុងព្រះបរមរាជវាំងថៃ។

សម្រាប់ទីកន្លែងថ្វាយព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ គឺនឹងត្រូវបញ្ចប់ការសាងសង់ គឺនៅថ្ងៃទី១៨ ខែតុលា ជាកំហិត។

ព្រះបរមរាជវាំងថៃ (Grand Palace) នៅក្នុងទីក្រុងបាងកក ត្រូវបានបិទទ្វារជាបណ្តោះអាសន្នចាប់ពីដើមខែតុលានេះមកម្ល៉េះ ដើម្បីត្រៀមប្រារព្ធពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត មួយឆ្នាំក្រោយព្រះអង្គសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

យោងតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យទទួលបន្ទុកកិច្ចការរាជវង្ស ដែលបានចេញកាលពីពេលកន្លងទៅនេះ ព្រះរាជវាំងធំ ឬ Grand Palace ព្រមជាមួយនិងប្រាសាទធំមួយផ្សេងទៀត ត្រូវបានបិទទ្វារលែងទទួលស្វាគមន៍អ្នកទស្សនាទាំងជាតិ និងអន្តរជាតិតែម្តង តាំងពីថ្ងៃទី៣០ ខែកញ្ញា និងត្រូវរហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។

គួរបញ្ជាក់ថា ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះសពអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ដល់ ទី២៩ ខែតុលាខាងមុខនេះហើយ៕

សហរដ្ឋអាមេរិក ប្រកាសដកសមាជិកភាពចេញពីអង្គការយូណេស្កូ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដកសមាជិកភាព ចេញពីអង្គការយូណេស្កូ បន្ទាប់ពីរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនសម្លឹងឃើញថា អង្គការនេះបានប្រឆាំងនឹងប្រទេស អ៊ីស្រាអែលដោយភាពលំអៀង ព្រមទាំងទាមទារធ្វើកំណែទម្រង់មូលដ្ឋានរបស់ភ្នាក់ងារវប្បធម៌មួយនេះឡើងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។ ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួនបានដាក់ញ្ញត្តិទៅប្រធានអង្គការយូណេស្កូ លោកស្រី Irina Bokova នៅថ្ងៃព្រហស្បតិ៍នេះ។ សហរដ្ឋអាមេរិក មានបំណងស្នើកាន់តួនាទីជាអ្នកអង្កេតការណ៍អចិន្ត្រៃយ៍ក្នុងអង្គការនេះជំនួសវិញ។ ការដកសមាជិកភាពរបស់សហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។ សហរដ្ឋអាមេរិកបានផ្អាកមូលនិធិដល់អង្គការយូណេស្កូ តាំងពីឆ្នាំ២០១១មកម្ល៉េះ បន្ទាប់ពីអង្គការនេះ បោះឆ្នោតដាក់ប៉ាឡេស្ទីនជាសមាជិក។ សូមជម្រាបថា អង្គការយូណេស្កូ(UNESCO) ជាភ្នាក់ងារអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ មានមូលដ្ឋាននៅទីក្រុង ប៉ារីស មានសមាជិកចំនួន១៩៥ប្រទេស

 

 

BREAKING NEWS (Update): ភ្លើងឆេះព្រៃដ៏អាក្រក់បំផុត «បន្តលេបត្របាក់​ភាគខាងជើង​រដ្ឋកាលីហ្វរញ៉ា» និងផ្តាច់ជីវិត​មនុស្ស​កើនដល់ ២១នាក់!

(វ៉ាស៊ីនតោន)៖ មហន្តរាយភ្លើងឆេះព្រៃដ៏មហាប្រល័យនៅភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានផ្តាច់ជីវិតមនុស្សកើនដល់ ២១នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។ លោក រ៉ប ហ្គីអូដាណូ (Rob Giordano) មន្រ្តីតម្រួតតំបន់ សូណូម៉ា (Sonoma) បានថ្លែងឲ្យក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា អាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលអ្នកបាត់ខ្លួន នៅក្នុងតំបន់ Sonoma មានចំនួនដល់ ៥៦០ ហើយនាពេលនេះ។ នៅក្នុងចំណោមអ្នកទាំង ២១នាក់ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នេះ នៅពាសពេញភាគខាងជើងរដ្ឋ ជាពិសេសតំបន់ Sonoma មានចំនួនច្រើនជាងគេ ពោលគឺ ១១នាក់។ គួរបញ្ជាក់ថា មកទល់ពេលនេះគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅខាងលើ បានដុតបំផ្លាញផ្ទៃសរុបប្រមាណ ៦៨,៨០០ហិកតា ហើយកំពុងតែបន្តឆេះនៅក្នុងតំបន់ Sonoma, Napa, Mendocino, និង Mendocion ចាប់តាំងពីប៉ុន្មានថ្ងៃមុនមក។ ជាមួយគ្នានេះ ផ្ទះសម្បែងព្រមទាំងសំណងផ្សេងៗទៀតច្រើនជាង ៣,៥០០ខ្នង ក៏ត្រូវបានឆាបឆេះខ្ទេចខ្ទីរ ដោយសារមហន្តរាយភ្លើងឆេះព្រៃនេះផងដែរ៕

ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថាបើទោះជាមាន ដូណាល់ ត្រាំ ១០នាក់ ក៏មិនអាចរារាំងអ៊ីរ៉ង់បានដែរ

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានីបាននិយាយថា ផលប្រយោជន៍ដែលអ៊ីរ៉ង់ទទួលបានពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក គឺមិនអាចផ្លាស់ប្ដូរបានឡើយ ហើយក៏គ្មាននរណាម្នាក់ រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចយកផលប្រយោជន៍ទំាងនោះត្រឡប់ទៅវិញបានដែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។ លោក រូហានី លើកឡើងបែបនេះ នាឱកាសថ្លែងសុន្ទកថាមួយទៅកាន់ក្រុមនិស្សិត នៅឯសាកលវិទ្យាល័យទីក្រុងតេហេរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ផលប្រយោជន៍ ដែលអ៊ីរ៉ង់ទទួលបានពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក គឺមិនអាចផ្លាស់ប្ដូរបានឡើយ...ហើយបើទោះជាមាន ដូណាល់ ត្រាំ ១០នាក់ លេចមុខលេចមាត់ នៅលើពិភពលោក ឬក៏ចង់យកប្រយោជន៍នេះត្រឡប់ទៅវិញ ក៏ពួកគេមិនអាចធ្វើបានទេ ព្រោះពួកគេនឹងបរាជ័យ។ ម្យ៉ាងវិញទៀត ខ្ញុំចង់ប្រាប់ថា យើងបានចុះកិច្ចព្រមព្រៀងជាមួយមហាអំណាច មិនគ្រាន់តែចង់បង្ហាញ ពីភាពខ្លាំងក្លាក្នុងសង្រ្គាមតែមួយមុខនោះទេ ប៉ុន្តែក៏ដើម្បីបង្ហាញភាពខ្លាំងក្នុងសន្តិភាពដែរ»។ គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ហាសាន់ រូហានី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា លោក ដូណាល់ ត្រាំ អាចនឹងប្រកាសបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ ជាផ្នែកមួយនៃការអនុវត្តន៍តាមពាក្យសន្យារបស់ខ្លួន នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦៕

ការ​ឡើងថ្លៃ​ប្រាក់​បាត​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ

ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១២:១៥ (02-10-2017 12:15) ទីក្រុងបាងកក ៖ លោក Charoen Laothamatas ប្រធានសមាគមនាំចេញអង្ករថៃ បានថ្លែងកាលពីថ្ងៃសុក្រថា កំណើនយ៉ាងខ្លាំងនៃរូបិយប័ណ្ណថៃ បានប៉ះពាល់អវិជ្ជមានដល់ការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀតដូចជា កៅស៊ូ ដំឡូងមី និងស្ករ ។ ផលិតផលទាំងនេះមានបរិមាណក្នុងស្រុក៩០% ដូច្នេះ បើប្រាក់បាតកើនឡើង នឹងធ្វើឱ្យផលិតផលខាងលើមានតម្លៃថ្លៃជាងគូប្រជែង ។ លោកថ្លែងថា ៖« ប្រាក់ថៃបានកើនឡើង៨,៥%ធៀបនឹងប្រាក់ដុល្លារ ខណៈប្រាក់ដុងវៀតណាមកើនឡើង២%ធៀបនឹងប្រាក់ដុល្លារ។ វានាំឱ្យក្រុមហ៊ុននាំចេញអង្ករថៃបាត់បង់ចំណែកទីផ្សាររបស់ខ្លួនទៅឲ្យវៀតណាម » ។ ការនាំចេញអង្កររបស់ថៃមានចំនួនសរុប៩៨៥.៨៧៩តោនកាលពីខែមុន ស្មើប្រមាណ៤៥៣លានដុល្លារ ធ្លាក់ចុះ០,១% និង២%រៀងគ្នា បើធៀបនឹងតួលេខកាលពីខែកក្កដា ។ ការធ្លាក់ចុះនៃការនាំចេញអង្ករស និងអង្ករ ក្រអូប Hom Mali ថៃ ក្នុងខែសីហា បានរួមចំណែកដល់ការធ្លាក់ចុះសរុប បើធៀបនឹងការនាំចេញអង្ករកាលពីខែមុន ។ ការនាំចេញអង្ករ Hom Mali បានធ្លាក់ចុះយ៉ាងគំហុក៣៩% ស្មើនឹង១៦៦.២១៥តោន ស្របពេលតម្រូវការមានកំណត់ ក៏ជាផ្នែកមួយធ្វើឲ្យនាំចេញធ្លាក់ចុះផងដែរ ។ រីឯការនាំចេញអង្ករសបានធ្លាក់ចុះ៤% ស្មើនឹង៣៩៤.៥៤២តោនក្នុងខែសីហា ។ ទោះជាយ៉ាងណា ការនាំចេញអង្ករ parboiled បានកើនឡើង៤៩% ស្មើនឹង៣៩៥.១៦០តោន គឺដោយសារតែពេលថ្មីៗនេះ នៅប្រទេសបង់ក្លាដែសជួបនឹងគ្រោះទឹកជំនន់ ដែលប៉ះពាល់ដល់ផលិតកម្មស្រូវក្នុងប្រទេសនេះ។ នេះបើតាមលោក Charoen ។ លោក Charoen ក៏បានសម្តែងការបារម្ភផងដែរអំពីគុណភាពអង្ករ Hom Mali ព្រោះថា វៀតណាមទទួលជោគជ័យក្នុងការអភិវឌ្ឍពូជស្រូវថ្មីៗដូចជា ពូជស្រូវក្រអូប ។ លោកថា ៖« យើងគ្មានពូជស្រូវថ្មីទេ ប៉ុន្តែវៀតណាមបានបង្កើតពូជស្រូវថ្មី ដែលអាចដាក់លក់លើទីផ្សារសកល។ វាជាក្តីបារម្ភសម្រាប់ក្រុមហ៊ុននាំចេញអង្ករថៃ » ។ ទាក់ទិននឹងប្រាក់បាតកើនឡើង លោក Charoen និយាយថា ក្រុមហ៊ុននាំចេញអង្ករថៃជាច្រើនគ្មានលទ្ធភាពទប់ទល់នឹងការប្រែប្រួលរូបិយប័ណ្ណទេ ខណៈធនាគារយកសេវាខ្ពស់ ។ កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) កាលពីថ្ងៃពុធ បានរក្សាអត្រាគោលនយោបាយរបស់ខ្លួនឱ្យនៅដដែលត្រឹម១,៥% ទោះបីជាក្រសួងហិរញ្ញវត្ថុអំពាវនាវឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបញ្ចុះតម្លៃប្រាក់បាតក្តី ។ លោក Charoen បន្ថែមថា ៖« យើងមិនអាចធ្វើអ្វីបានទេ នៅពេលដែល MPC មិនចាត់វិធានការណាមួយ ។ យើងគ្រាន់តែព្យាយាមប្រាប់អាជ្ញាធរថា យើងមានបញ្ហា » ៕

iPhone​ពណ៌​​ផ្កា​​ឈូក​នេះ ជួយជីវិតមនុស្សម្នាក់ ក្នុងហេតុការណ៍បាញ់​នៅLas Vegas

ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១០:១៦ (05-10-2017 10:16) តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានជួយឱ្យរួចផុតពីសេចក្តីស្លាប់ ដោយសារតែ iPhone ពណ៌ផ្កាឈូក របស់នាងនៅក្នុងការបាញ់ប្រហារមួយ នៅ Las Vegas កាលពីយប់ថ្ងៃអាទិត្យ ។ គួរបញ្ជាាក់ ហេតុការណ៍បាញ់ប្រហារ ក្នុងការប្រគំតន្ត្រី កាលពីយប់ថ្ងៃអាទិត្យ ធ្វើឲ្យមានមនុស្សស្លាប់៥៩នាក់ និងរបួស៥២៧នាក់។ ម្ចាស់ទូរស័ព្ទ iPhone ដែលមិនបញ្ចេញឈ្មោះ ក៏ជាម្នាក់នៅក្នុងចំណោមអ្នកមើលតន្ត្រីនោះដែរ ។ នាងមិនមានរងរបួសអ្វីឡើយ តែទូរស័ព្ទនាង ជាជនរងគ្រោះពិតប្រាកដ។ ទូរស័ព្ទរបស់នាង មិនអាចប្រើបាននោះទេ។ តែវាពិតជាគ្មានបញ្ហាឡើយ ព្រោះវាបានជួយជីវិតរបស់នាងរួចទៅហើយ។ នេះមិនមែនជាលើកទីមួយទេ ដែលទូរស័ព្ទ iPhone បានរងគ្រាប់ជំនួសម្ចាស់នោះ៕

ស្រី​ម្នាក់​នេះ​មិនធម្មតា​មែន ប្រុស​ៗ​ជា​ច្រើន​សុទ្ធតែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​នាង

ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង ០៨:៣០ (06-10-2017 08:30) ថៃ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ស្រីជើងល្អម្នាក់ឈ្មោះ Jariyaporn Nammon Buayai ត្រូវបានប៉ូលិសបញ្ចេញមុខហែករឿងពិតប្រាប់កម្លោះៗកុំឲ្យចាញ់បោកនាងទៀត។ ជនឆបោកអាយុ៣២ឆ្នាំម្នាក់នេះ បានបោកប្រាស់ប្រុសៗអស់ជាច្រើននាក់ អស់រយៈពេលជាយូរឆ្នាំមកហើយ។ ទើបតែពេលនេះ ទើបមុខមាត់ពិតរបស់នាងត្រូវបានគេបញ្ចេញឲ្យដឹងជាសាធារណៈ ក្រោយពេលបុរសម្នាក់ដាក់ពាក្យបណ្តឹង។ លោក Prasarn Tiamyam អាយុ៣២ឆ្នាំ ត្រូវបាននាងបោកយកលុយថ្លៃទឹកដោះអស់៦.០០០ដុល្លារ។ នាងបាន Add Friend លោកនៅលើហ្វេសប៊ុក ហើយពួកគេក៏មានទំនាក់ទំនងស្នេហារហូតទាល់តែខាងស្រីប្រាប់ថា មានកូនក្នុងផ្ទៃ។ លោកជឿនាងហើយក៏សុំនាងរៀបការ ដោយឲ្យថ្លៃទឹកដោះ៦.០០០ដុល្លារ។ គ្រាន់តែរៀបការភ្លាម នាងបាត់ខ្លួនភ្លាមជាមួយនឹងថ្លៃទឹកដោះ។ មានបុរសម្នាក់ទៀត ដែលមិនចង់បញ្ចេញឈ្មោះ ប្រាប់ថា លោកក៏ធ្លាប់ចាញ់បោកនាងអស់ថ្លៃទឹកដោះ១៥.០០០ដុល្លារដែរ។ គ្រាន់តែនាងបានថ្លៃទឹកដោះភ្លាម នាងរត់បាត់ដោយហេតុផលថា ឆ្នាំខែមិនត្រូវគ្នា។ មានមនុស្សប្រុសជាច្រើនទៀត ដែលធ្លាប់ដេកជាមួយនាង ហើយនាងប្រាប់ថាមានផ្ទៃពោះ។ ពួកគេសុទ្ធតែព្រមរៀបការជាមួយនាង។ តែនាងរត់យកថ្លៃទឹកដោះទៅជាមួយរហូត។ ប៉ូលិសរកនាងមិនឃើញទេ សូម្បីតែម្តាយឪពុកនាងក៏រត់បាត់អស់ដែរ។ ពិតជាយកការរៀបការមកធ្វើជាប្រភពចំណូលមែន !

លោក ដូណាល់ ត្រាំ ប្រាប់រដ្ឋមន្ត្រីការបរទេសខ្លួន «ឲ្យឈប់ចំណាយពេលឥតប្រយោជន៍ ជាមួយកូរ៉េខាងជើងទៀត»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខរារាំងមិនឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោក ព្យាយាមស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយលោកគិតថា វាជាការចំណាយពេលអត់ប្រយោជន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។ ការលើកឡើងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងការទាក់ទងគ្នាដោយផ្ទាល់ជាមួយ និងរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ហើយអាមេរិកក៏បានសួរទៅកាន់ ទីក្រុងព្យុងយ៉ាងផងដែរថា តើពួកគេមានបំណងចង់ពិភាក្សាអំពីការធ្វើតេស្តមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរដែរ ឬយ៉ាងណា។ តែយ៉ាងណាក៏ដោយ ថ្លែងនៅនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ លោក រិច ធីល្លឺសុន រដ្ឋមន្ត្រីការបរទេសដ៏អស្ចារ្យរបស់យើង ថា គាត់កំពុងចំណាយពេលអត់ប្រយោជន៍ហើយ ក្នុងការព្យាយាមចរចាជាមួយបុរសគ្រាប់រ៉ុក្កែត (លោក គីម ជុងអ៊ុន)... រក្សាកម្លាំងរបស់អ្នក រិច យើងនឹងធ្វើអ្វីដែលយើងបាន និងកំពុងធ្វើ»។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យនោះដែរ បើតាមក្រសួងការបរទេសអាមេរិក កូរ៉េខាងជើង បានបង្ហាញតំរុយហាក់ដូចជាពុំមានចំណាប់អារម្មណ៍ ដើម្បីចូលមកអង្គុយតុចរចា និងនិយាយពីការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយរបបកុម្មុយនីស្ដមួយនេះ ក៏ធ្លាប់អះអាងដែរថា ខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ត្បិតវាជាវិធានការការពារខ្លួនដ៏ប្រសើរបំផុត ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក៕

បណ្តាញសង្គមធំៗដូចជា Facebook និង Twitter អាចប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរពី EU បើមិនព្រមលុបបំបាត់សាររើសអើង-​ស្អប់​ខ្ពើម​ ឲ្យបានឆាប់ទេនោះ​

(អឺរ៉ុប)៖ សហភាពអឺរ៉ុប បានកំណត់ទាមទារឲ្យ ក្រុមហ៊ុន Facebook និង Twitter ក៏ដូចជាបណ្តាញសង្គមដទៃៗទៀត ធ្វើការលុបបំបាត់ចោល រាល់សារបង្កប់អត្ថន័យចងកំហឹង និងស្អប់ខ្ពើមទាំងឡាយ ចេញជាបន្ទាន់រៀងៗខ្លួន ហើយបើមិនដូច្នោះទេ ប្រព័ន្ធទំនាក់ទំនងសង្គមធំៗទាំងនេះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាក់ជាពុំខាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ក្រុមនិយ័តករនៃសហភាពអឺរ៉ុប (EU) បាននិងកំពុងតែជំរុញឲ្យបណ្តាក្រុមហ៊ុនបណ្តាញសង្គមនានា ធ្វើការលុបបំបាត់ការបង្ហោះសារ ទាំងឡាយណា ដែលមានផ្ទុកខ្លឹមសាររើសអើងពូជសាសន៍ និងបញ្ចេះអំពើហិង្សា ចេញពីវែបសាយប្រតិបត្តិការរៀងខ្លួនៗ របស់ពួកគេ បើគិតជារយៈពេលគឺអស់រាប់ឆ្នាំមកហើយ ទើបមកទល់ពេលនេះ EU ហាក់ដូចជាលែងមានការអត់ធ្មត់ទៀតហើយ។ នាពេលកន្លងមកនេះ Facebook និង Twitter ជាដើម បានសន្យាថានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ ឲ្យបានឆាប់រហ័ស ដោយកាលពីខែឧសភា ឆ្នាំ២០១៦ ពួកគេបានប្តេជ្ញាថានឹងត្រួតពិនិត្យឡើងវិញ ទៅលើសារចងកំហឹងនិងស្អប់ខ្ពើមមួយចំនួន ដែលត្រូវបានរាយការណ៍ដោយអ្នកប្រើប្រាស់ ក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយ រួមទាំងធ្វើការលុបបំបាត់ខ្លឹមសារនានា ដែលផ្ទុយពីច្បាប់ចេញ។ ក៏ប៉ុន្តែគណៈកម្មការអឺរ៉ុប ដែលជានិយ័តករកំពូលរបស់ EU បានបញ្ជាក់ជាចុងក្រោយ នាថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនទាំងនេះ នៅតែធ្វើការដោះស្រាយរឿងនេះ មិនរហ័សគ្រប់គ្រាន់ដដែល ហើយបានព្រមានថា ខ្លួននឹងអនុម័តច្បាប់ ដែលអនុញ្ញាតឲ្យ EU ដាក់ពិន័យទៅលើក្រុមហ៊ុនណា ដែលពុំអាចសម្រេចធ្វើបានតាមការកំណត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ គួរបញ្ជាក់ថា ការពិន័យចំពោះរឿងនេះ អាចនឹងមានកម្រិតធ្ងន់ធ្ងរ ដោយសារតែគណៈកម្មការ EU នេះ ជាទូទៅបានដាក់ពិន័យយ៉ាងចាស់ដៃទៅលើក្រុមហ៊ុនមួយចំនួន ដែលមិនគោរពតាមក្បួនច្បាប់របស់ខ្លួន ដូចជាក្រុមហ៊ុន Google ជាដើម ដែលទើបត្រូវបង់ពិន័យហើយអស់ប្រមាណ២.៨ពាន់លានដុល្លារឯណោះ៕

 

 

អង្គការសិទ្ធិមនុស្សអន្តរជាតិ ចោទប្រទេសមីយ៉ាន់ម៉ាថា កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

(រ៉ង់ហ្គូន)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃអង្គារនេះ បានចោទប្រកាន់មីយ៉ាន់ម៉ាថា កំពុងប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនៅក្នុងយុទ្ធនាការបោសសំអាតក្រុមសកម្មប្រយុទ្ធមូស្លីម នៅឯរដ្ឋរ៉ាឃីន ភាគខាងជើង នៃប្រទេស។

អាន​បន្ត៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ ចោទប្រទេសមីយ៉ាន់ម៉ាថា...

កូរ៉េខាងជើងទាត់ចោលការដាក់ទណ្ឌកម្ម ហើយព្រមានថានឹងធ្វើឱ្យសហរដ្ឋអាមេរិកឈឺចាប់ជាទីបំផុត

(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងលើដំណោះស្រាយដាក់ទណ្ឌកម្មថ្មី របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថែមទាំងព្រមានដែរថា សហរដ្ឋអាមេរិក នឹងបានស្គាល់ការឈឺចាប់ដ៏ខ្លាំងក្លាបំផុតមិនធា្លប់ជួបពីមុនមក។

អាន​បន្ត៖ កូរ៉េខាងជើងទាត់ចោលការដាក់ទណ្ឌកម្ម...

អំពើហិង្សាផ្ទុះឡើង នៅអំឡុងបាតុកម្មតវ៉ាប្រឆាំងនឹងកំណែទម្រង់ច្បាប់ការងារនៅប្រទេសបារាំង

(ប៉ារីស)៖ អំពើហិង្សាបានផ្ទុះឡើងនៅអំឡុងបាតុកម្មតវ៉ាមួយ ក្នុងទីក្រុងប៉ារីស ប្រឆាំងជំទាស់នឹងការធ្វើកំណែទម្រង់ច្បាប់ការងារថ្មី ស្នើឡើងដោយប្រធានាធិបតីបារាំង លោក អែមម៉ានុយ អែល ម៉ាក្រុង។ ព្រមពេលជាមួយគ្នា ប៉ូលិសបារាំងបានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ខណៈក្រុមសហជីពបារាំងបានប៉ានប្រមាណថាមានមនុស្ស ៦០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីដំបូងក្បួនតវ៉ាធ្វើឡើងដោយសន្តិវិធី ក៏ប៉ុន្តែក្រោយមកវាបានក្លាយជាអំពើហិង្សា បន្ទាប់ពីក្រុមបាតុករស្លៀកឈុតខ្មៅមួយចំនួន បានប៉ះទង្គិចជាមួយកម្លាំងរក្សាសណ្ដាប់ធ្នាប់ ដោយពួកគេ បានជេរប្រមាថ និងគប់គ្រាប់បែកផ្សែងជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើឧស្ម័នបង្ហូទឹកភ្នែកបំបែកហ្វូងបាតុករទាំងនេះ។ ជាងនេះទៅទៀត ក្រុមបាតុករស្លៀកឈុតខ្មៅ ក៏បានបំផ្លាញអគារ និងបាញ់ថ្នាំពណ៌លើកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវផងដែរ។ តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីអ្នករងរបួស ឬត្រូវចាប់ខ្លួននៅឡើយទេ។

គួរបញ្ជាក់ថា ការធ្វើកំណែទ្រមង់ច្បាប់ការងារត្រូវបានលោកម៉ាក្រុង បង្ហើបជាសាធារណៈកាលពីចុងខែសីហា។ វិធានការនៃកំណែទម្រង់នេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចបារាំង តាមរយៈការសម្រួលដល់និតិវិធីបណ្ដេញ និងជួលបុគ្គលិក ព្រមទាំងអនុញ្ញាតឱ្យវិវាទការងារមួយចំនួន ត្រូវដោះស្រាយ ឬក៏ចរចាដោយផ្ទាល់នៅថ្នាក់ក្រុមហ៊ុន។ ក៏ប៉ុន្តែ កំណែទម្រង់នេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសហជីពបារាំង ត្បិតពួកគេយល់ថាវាធ្វើឱ្យប៉ះពាល់ដល់តុល្យភាពរវាងកម្មករ និងនិយោជក៕

BREAKING NEWS: ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN «សម្រេចដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង» តបតាមសំណើរបស់អាមេរិក!

(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ទីបំផុតបានសម្រេចអនុម័តគាំទ្រជាឯកច្ឆ័ន្ទ ចំពោះសេចក្តីសម្រេចថ្មី សំដៅដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកូរ៉េខាងជើង ជុំវិញការធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់រដ្ឋកុម្មុយនិស្តដ៏រឹងទទឹងមួយនេះ កាលពីថ្ងៃទី០៣ ខែកញ្ញា ខណៈចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់ព្យុងយ៉ាង បានបង្ហាញជំហគាំទ្រទាំងស្រុងចំពោះចំណាត់ការនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្តីសម្រេចខាងលើ ដែលជាចំណាត់ការសកម្មភាពលើកបីហើយនោះរបស់ UNSC ពាក់ព័ន្ធនឹងកូរ៉េខាងជើងក្នុងអំឡុងពេល ០៥សប្តាហ៍ ចុងក្រោយនេះមានគោលដៅធ្វើការ កាត់បន្ថយការផ្គត់ផ្គង់ ក៏ដូចជានាំចូលប្រេងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងអត្រាជិត ៣០ភាគរយ ហើយដាក់បំរាមលើការនាំចេញវាយនភណ្ឌគ្រប់ប្រភេទ ដែលមានតម្លៃប្រមាណ ៨០០លានដុល្លារ។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជេង ហ្សង Geng Shuang បានថ្លែងថា ទីក្រុងប៉េកាំង គាំទ្រទាំងស្រុងឲ្យ UNSC ចាត់វិធានការចាំបាច់ផ្សេងៗ ទាក់ទិននឹងការធ្វើបំផ្ទុះសាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា បើតាមឯកអគ្គរដ្ឋ ទូតអាមេរិកប្រចាំ UN នាពេលនេះ វិស័យនាំចេញរបស់ កូរ៉េខាងជើង សរុប ៩០ភាគរយ ត្រូវជាប់បម្រាមហាមឃាត់ហើយ។ ដោយឡែកសេចក្តីសម្រេចថ្មីនេះ ធ្វើឡើង ក្រោយពីមានការអនុម័តសេចក្តីសម្រេចរបស់ UNSC មួយផ្សេងទៀត កាលពីថ្ងៃទី០៥ ខែសីហាកន្លងទៅ ដែលបានដាក់បម្រាមទៅលើ ការនាំចេញធ្យូងថ្ម, ដែក, រ៉ែដែក, សំណ, រ៉ែសំណ, និងគ្រឿងសមុទ្រពីកូរ៉េខាងជើង នៅក្នុងចំណោមវិធានការតឹងរ៉ឹងមួយចំនួនទៀត។

ក្រៅពីនេះ កាលពីថ្ងៃទី២៩ ខែដដែល UNSC ក៏បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការផ្លោងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង រំលងពីលើប្រទេសជប៉ុន ក៏ដូចជាការធ្វើតេស្តមីស៊ីលដទៃទៀតកាលពីថ្ងៃទី២៥ ខែសីហា ផងដែរ៕

ព្យុះ Hurricane Irma ផ្ដាច់យកអាយុជីវិតមនុស្ស១០នាក់ នៅប្រទេសគុយបា

ឡាហាវ៉ាន)៖ រដ្ឋាភិបាលគុយបា នៅថ្ងៃចន្ទនេះបានឱ្យដឹងថាមនុស្ស១០នាក់ បានស្លាប់ បន្ទាប់ពីព្យុះ Hurricane Irma បានវាយប្រហារលើតំបន់ឆ្នេរភាគខាងជើងនៃប្រទេសកាលពី ចុងសប្ដាហ៍កន្លងទៅ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបកើនដល់៣៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ ព្យុះ Hurricane Irma ដែលបានប្រែក្លាយជាព្យុះត្រូពិច បានធ្វើដំណើរទៅដល់ទីក្រុងជាច្រើននៃភាគខាងជើងរដ្ឋផ្លូរីដា របស់សហរដ្ឋអាមេរិក ដោយវាបាននិងកំពុងបង្កជា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅថ្ងៃចន្ទនេះ ក៏ដូចជាធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ព្រមទាំងត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នរៀប ចំឡើងដោយអាជ្ញាធរ។ គួរបញ្ជាក់ថា បើតាម National Hurricane Center ព្យុះ Hurricane Irma បានបក់បោកក្នុងល្បឿនខ្យល់១១០គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងកំពុងវាយប្រហារលើតំបន់ស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីក្រុង Gainesville នៃរដ្ឋផ្លូរីដា មុននឹងវាបន្តធ្វើដំណើរទៅកាន់តំបន់ Gulf Coast៕

Update: ទីបំផុតប្រព័ន្ធមីស៊ីល THAAD ចំនួន ០៤គ្រឿង បន្ថែមទៀតត្រូវបានដាក់ពង្រាយ ចំពោះមុខភាពគគ្លើនរបស់កូរ៉េខាងជើង!

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD បានបញ្ចប់ទាំងស្រុងហើយ និងចាត់ទុកថា វាគឺជាវិធានការបន្ទាន់ សំដៅទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។


 ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ពង្រាយបន្ថែម រថយន្ដផ្ទុកជើងទម្របាញ់មីស៊ីល នៃប្រព័ន្ធខែលការពារមីស៊ីល THAAD ចំនួនបួនគ្រឿងនៅឯ មូលដ្ឋានអាមេរិកនៃតំបន់សឹងជូ (Seongju) ស្ថិតក្នុងខេត្តជីយ៉ុងសាងខាងជើង (North Gyeongsang) ដើម្បីទប់ទល់នឹងការគំរាមហែងផ្នែកសន្តិសុខ ជាយថាហេតុណាមួយពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយដល់សហគមន៍អន្តរជាតិ ។ គួរបញ្ជាក់ថា នៅពេលដែលរថយន្ដបាញ់មីស៊ីលទាំងបួននេះ ត្រូវបានដាក់ពង្រាយរួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ នោះប្រព័ន្ធមីស៊ីលអាមេរិកនឹងត្រូវបំពាក់ទាំងស្រុង ក្នុងនោះរួមមានរថយន្ដ បាញ់មីស៊ីលចំនួន ០៦គ្រឿង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ៤៨ អង្គភាពគ្រប់គ្រងការបាញ់មីស៊ីល និងប្រព័ន្ធទំនាក់ទំនង រួមទាំងរ៉ាដា AN/TPY-2 ផងដែរ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងការប្រតិបត្តិការនៅឡើយទេ រីឯចិន និងរុស្ស៊ីត្រូវបានគេរំពឹងនឹងជំទាស់យ៉ាងខ្លាំងនឹងគំរោងនេះ៕

ព្យុះមហាកំណាចមួយទៀតហើយ កំពុងសំដៅមករដ្ឋផ្លូរីដា, អាមេរិក! អាជ្ញាធរកំពុងជម្លៀស​ប្រជាជនចេញ​ជាបន្ទាន់ ដើម្បីសុវត្ថិភាព!

(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានសម្រេចចិត្តចាប់ផ្ដើមជម្លៀសប្រជាជន ចេញពីផ្នែកខ្លះនៃរដ្ឋផ្លូរីដា (Florida) ខណៈព្យុះ Hurricane Irma ត្រូវបានគេរំពឹងថា អាចនឹងវាយសង្គ្រប់មកលើរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ នៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

អាន​បន្ត៖ ព្យុះមហាកំណាចមួយទៀតហើយ កំពុងសំដៅមករដ្ឋផ្លូរីដា, អាមេរិក!...

ប្រធានាធិបតីអាមេរិក និងកូរ៉េខាងត្បូង សម្រេចលុបចោលការដាក់កំហិតក្នុងការផលិតមីស៊ីលរបស់កូរ៉េខាងត្បូង ព្រោះភាពព្រហើនរបស់ប្រទេសក្បែរខាង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាលុបចោលការដាក់កំហិតក្នុងការផលិត គ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូង ហើយដែលនេះគឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាកូរ៉េខាងត្បូង ប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ជុង វ៉ាង ដេ (Cheong Wa Dae) ការព្រមព្រៀងគ្នានេះធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក មូន និងលោក ត្រាំ នៅថ្ងៃចន្ទនេះ។ អ្នកនាំពាក្យ ជុង វ៉ាងដេ គឺលោក ផាក ស៊ូយ៉ុន (Park Soo-hyun) បានឱ្យដឹងដូច្នេះថា៖ «លោកប្រធានាធិបតី មូន បានពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចន្លោះពីម៉ោង១០៖៤៥នាទីយប់ ដល់ម៉ោង១១៖២៥នាទីយប់ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ដោយអ្នកទាំងពីរបានជជែកគ្នាពីវិធានការទប់ទល់នឹងកូរ៉េខាងជើង ក្រោយបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។ បន្ថែមពីលើនេះ អ្នកទំាងពីរ ក៏បានឯកភាពគ្នាលុបចោលការដាក់កំហិតលើការផលិតមីស៊ីលផងដែរ ដើម្បីពង្រឹង សមត្ថភាពយោធាកូរ៉េខាងត្បូងប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់ទីក្រុងព្យុងយ៉ាង»។ គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូល ចង់ផលិតឬក៏ចង់បង្កើនចំនួនសព្វាវុធរបស់ខ្លួន ត្រូវទទួលការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន ជាមុនសិន៕

គ្រោះរញ្ជួយដីកម្រិតស្រាល «៣.៦រ៉ិចទ័រ វាយប្រហារអ៊ីតាលី» បង្កឲ្យមនុស្សម្នាក់ស្លាប់ និង២៥នាក់រងរបួស!

(រ៉ូម)៖ គ្រោះរញ្ជួយដីកម្រិតស្រាល ៣.៦រ៉ិចទ័រ បានវាយប្រហារមកលើភាគខាងត្បូងនៃកោះ អ៊ីសស្យា (Ischia) ប្រទេសអ៊ីតាលី ដោយបានផ្ដាច់យកអាយុជីវិតមនុស្សម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមវិទ្យាស្ថានរញ្ជួយដី និងភ្នំភ្លើងអ៊ីតាលី គ្រោះរញ្ចួយដីនេះបានកើតឡើងនៅម៉ោងប្រមាណ ៨៖៥៧នាទីយប់ (ម៉ោងនៅក្នុងតំបន់) ហើយវាក៏បានបំផ្លាញអគារជាច្រើនខ្នងផងដែរ ខណៈស្ត្រីម្នាក់បានស្លាប់ដោយសារជញ្ជំាងអគារដួលសង្កត់លើ រីឯមនុស្ស ០៧នាក់ត្រូវគេជឿជាក់ថា បានជាប់នៅក្រោមគំនរអគារបាក់បែក និងមនុស្ស ២៥នាក់ផ្សេងទៀត បានរងរបួស។ ដោយឡែក ក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការរបស់ពួកគេ ដើម្បីជួយសង្រ្គោះ និងផ្ដល់ជំនួយបន្ទាន់ដល់ជនរងគ្រោះ៕