បណ្តាញសង្គម

អ្នក​ឡើង​ភ្នំ​ជាង​៥០០​នាក់ ត្រូវបាន​សង្គ្រោះ​ពី​ភ្នំភ្លើង​ឥណ្ឌូនេស៊ី​

ក្រុមមន្ត្រីបាននិយាយនៅអង្គារទី៣១ខែកក្កដាថា អ្នកឡើងភ្នំជាង៥០០នាក់ និងក្រុមអ្នកនាំផ្លូវរបស់ពួកគេត្រូវបានសង្គ្រោះដោយជោគជ័យពីភ្នំភ្លើងឥណ្ឌូនេស៊ី បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំង បានបង្កការបាក់ដីដែលធ្វើឱ្យពួកគេជាប់នៅលើភ្នំនោះ។ រញ្ជួយដីដែលបានកើតឡើងនៅកោះLombok ប្រទេសឥណ្ឌូនេស៊ីនេះ បានសម្លាប់មនុស្សចំនួន១៦នាក់ កាលពីថ្ងៃអាទិត្យ។ ថ្មធំៗនិងបំណាក់ដីល្បាប់ បានបាក់និងហូរបាក់នៅភ្នំRinjani ដោយសាររញ្ជួយដីកម្លាំង៦,៤រិច្ឆទ័រនេះ ដោយបានបណ្តាលឱ្យមានបំណាក់ដីដែលបានបាក់រាំងផ្លូវចេញចូលនៅតំបន់ភ្នំនោះ។ ពីដំបូង ពួកអ្នកទេសចរឡើងភ្នំប្រហែល៥៦០នាក់ ដែលភាគច្រើនជាជនបរទេសនោះ ត្រូវបានគេជឿថាបានជាប់នៅលើភ្នំនោះ ។ តែអ្នកនាំពាក្យអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថាអ្នកឡើងភ្នំ៥៤៣នាក់ ត្រូវបានសង្គ្រោះ រហូតមកដល់ពេលនេះ។ ឥឡូវ នៅមានមនុស្ស៦នាក់ នៅលើភ្នំនោះ ប៉ុន្តែ ពួកគេទាំងអស់នោះ មានសុខភាពល្អជាធម្មតានិងមានសុវត្ថិភាព។អ្នកឡើងភ្នំជាច្រើននាក់ អាចចុះពីភ្នំនេះបានដោយខ្លួនឯង កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមអ្នកនាំផ្លូវបានរកឃើញផ្លូវចុះទៅខាងក្រោមវិញបានដោយសុវត្ថិភាព៕

រញ្ជួយ​ដី​នៅ​កោះ​ឡុ​ម​បុក​របស់​ឥណ្ឌូនេស៊ី​សម្លាប់​មនុស្ស​១៤​នាក់​និង​របួស​១៦២​នាក់​

មនុស្ស១៤នាក់បានបាត់បង់ជីវិតនិង១៦២នាក់រងរបួស តែចំនួនស្លាប់អាចកើនឡើងក្រោយរញ្ជួយដីខ្លាំងមួយវាយប្រហារកោះកម្សាន្តឡុមបុក នៅខាងកើតកោះបាលី។ រញ្ជួយដីកំលាំង៦,៤រិច្ឆទ័រ បានវាយប្រហារកោះទេសចរណ៍ឡុមបុកកាលពីព្រលឹមថ្ងៃអាទិត្យទី២៩កក្កដា ខណៈប្រជាជននៅដេកនៅឡើយ និងបានបញ្ជូនអ្នកភូមិអោយភៀសខ្លួនចេញពីគ្រែដេករបស់គេដើម្បីគេចពីអាគារដែលអាចរលំបាក់។រញ្ជួយដីនេះបានបង្ករបួសមនុស្ស១៦២នាក់ និងបំផ្លាញផ្ទះរាប់ពាន់។អគ្គិសនីត្រូវកាត់ផ្តាច់នៅតំបន់រងគ្រោះខ្លាំងបំផុតសេមបាលុម តំបន់ដាំស្រូវនិងជាជម្រាលភ្នំMount Rinjani នៅប៉ែកខាងជើងនៃកោះ។ រញ្ជួយដីកំលាំង៦,៤រិច្ឆទ័រមួយត្រូវបានគេគិតថាខ្លាំងនិងអាចបង្កការខូចខាតគួរសម ហើយរញ្ជួយដីនៅឡុមបុកពេលនេះស្នូលរបស់វានៅជំរៅតែ៧គីឡូម៉ែត្រប៉ុណ្ណោះដែលអាចបង្កផលប៉ះពាល់ខ្លាំង។ បើតាមទីភ្នាក់ងារភូមិសាស្ត្រនិងរញ្ជួយដីឥណ្ឌូនេស៊ី មានរំញ័រតិចៗជិត៨០លើកទៀតក្រោយការរញ្ជួយធំ ហើយរំញ័រខ្លាំងជាងគេគឺ៥,៧រិច្ឆទ័រ។ រញ្ជួយដីនេះស្ថិតនៅលើដី ដូច្នេះវាមិនបង្ករលកស៊ូណាមិទេ៕

 

ប្រាក់រៀល​អ៊ីរ៉ង់​ធ្លាក់​ថ្លៃ​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដោយ​១០២.០០០​រៀល​ដូរ​បាន​១​ដុល្លារ​

រូបិយវត្ថុរបស់អ៊ីរ៉ង់បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតកាលពីថ្ងៃអាទិត្យទី២៩កក្កដា ដោយប្រាក់អ៊ីរ៉ង់ខ្ទង់ ១០០.០០០ រៀលស្មើនឹង១ដុល្លារ ស្របពេលកំពុងមានវិបត្តិសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅ និងការវិលត្រឡប់មកវិញនូវទណ្ឌកម្មអាមេរិកពេញលេញ។ យោងតាមវេបសាយតាមដានរូបិយវត្ថុគួរឱ្យទុកចិត្តរបស់រដ្ឋ Bonbast អត្រាក្រៅផ្លូវការគឺ ១០២.០០០ រៀលដូរបាន១ដុល្លារ។ អត្រានេះត្រូវបានបញ្ជាក់ដោយពាណិជ្ជករម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP)។ ប្រាក់រៀលបានបាត់បង់តម្លៃរបស់ខ្លួនពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលត្រឹមតែ ៤ ខែ ដែលបានបំបែកកំណត់ត្រាលើស ៥០.០០០ រៀល ជាលើកដំបូងកាលពីខែមីនា។ រដ្ឋាភិបាលបានព្យាយាមកំណត់អត្រាប្រាក់រៀលត្រឹម ៤២.០០០ រៀលកាលពីខែមេសាហើយបានគំរាមបង្ក្រាបអ្នកជួញដូរលើទីផ្សារងងឹត។ ប៉ុន្តែការជួញដូរក្នុងទីផ្សារងងឹតនៅតែបន្ត ខណៈប្រជាជនអ៊ីរ៉ង់ដែលព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចយូរអង្វែងបានងាកទៅរកប្រាក់ដុល្លារជាមធ្យោបាយសុវត្ថិភាពដើម្បីរក្សាទុកប្រាក់សន្សំរបស់ពួកគេ ឬជាការវិនិយោគ ដោយសាររំពឹងថាប្រាក់រៀលនឹងបន្តធ្លាក់ចុះ។ ជាមួយធនាគារជាច្រើនបានបដិសេធមិនលក់ប្រាក់ដុល្លាររបស់ខ្លួនក្នុងអត្រាទាបបំផុតនោះ រដ្ឋាភិបាលបានបង្ខំចិត្តបន្ធូរបន្ថយវិធានការរបស់ខ្លួនកាលពីខែមិថុនា ដោយអនុញ្ញាតឱ្យមានភាពបត់បែនបន្ថែមទៀតសម្រាប់ក្រុមអ្នកនាំចូលមួយចំនួន។ ការដោះស្រាយវិបត្តិនេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលនៅពីក្រោយការសម្រេចចិត្តកាលពីសប្តាហ៍មុនដោយប្រធានាធិបតី ហាសសាន់ រូហានី ដើម្បីជំនួសតំណែងអគ្គទេសាភិបាលធនាគារកណ្តាល លោក វ៉ាលីអូលឡា សេអ៊ីហ្វ។ ការដួលរលំរូបិយវត្ថុនេះត្រូវបានជំរុញដោយការប្រកាសរបស់អាមេរិកកាលពីខែឧសភាថាខ្លួនបានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានលុបចោលទណ្ឌកម្មខ្លះដើម្បីជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មពេញលេញរបស់ខ្លួននៅដំណាក់កាល២ គឺនៅថ្ងៃទី ៦ ខែសីហានិងថ្ងៃទី ៤ ខែវិច្ឆិកា ដោយជំរុញឱ្យក្រុមហ៊ុនបរទេសជាច្រើនកាត់បន្ថយពាណិជ្ជកម្មជាមួយអ៊ីរ៉ង់៕

 

 

 

បំណាក់​ដី​នៅ​ខេត្ត​Nan របស់​ថៃ សម្លាប់​មនុស្ស​៨​នាក់​

មនុស្ស៨នាក់នៃគ្រួសារមួយ បានស្លាប់បន្ទាប់ពីបំណាក់ដីល្បាប់ភក់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភូមិមួយនៅស្រុកBo Klue នៅខេត្តNan ប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍។ បំណាក់ដីដែលបង្កឡើងដោយភ្លៀងខ្លាំងនេះ បង្កជាល្បាប់ភក់ដែលហូរកប់លំនៅដ្ឋានជាច្រើននៅសហគមន៍នេះ ដោយមានល្បាប់ភក់ជាង១០ម៉ែត្រនៅតំបន់មួយចំនួននៅសហគមន៍នោះ។ ក្រុមអ្នកសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់ភូមិរងគ្រោះនោះដើម្បីធ្វើការសង្គ្រោះនិងស្វែងរកពួកអ្នកបាត់ខ្លួន ខណៈដែល ភ្លៀងបានបន្តធ្លាក់ដោយបណ្តាលអគ្គិសនីនៅតំបន់នោះបានដាច់។ លោក Preecha Somchai ប្រធានស្រុកBo Klue បានបញ្ជាកឱ្យជម្លៀសអ្នកស្រុកទាំងអស់ចេញពីភូមិដែលរងគ្រោះនោះ។

ជប៉ុន​បញ្ចេញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ដើម្បី​ហោះ​បណ្តេញ​យន្តហោះ​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត​

កាសែតចិន South China Morning Post បានរាយការណ៍ថា កាលពីថ្ងៃសុក្រទី២៧កក្កដា កងទ័ពជប៉ុនបានបញ្ចេញយន្តហោះចម្បាំងច្រើនគ្រឿងដើម្បីហោះបណ្តេញយន្តហោះស៊ើបការណ៍និងប្រយុទ្ធមួយគ្រឿងរបស់ចិននៅពីលើសមុទ្រជប៉ុន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុនបាននិយាយថា យន្តហោះប្រយុទ្ធជប៉ុនទាំងនេះ បានហោះចេញតាម បន្ទាប់ពីយន្តហោះចិនY-9 មួយគ្រឿង បានហោះមកពីសមុទ្រចិនខាងកើត និងបានហោះនៅជិតកោះSocotra Rock ឬ កោះSuyan Rock នេះ នៅមុនពេលវាបានហោះត្រឡប់ទៅតាមផ្លូវដើមវិញ ទៅកាន់សមុទ្រចិនខាងកើត ដោយមិនបានហោះចូលដែនអាកាសជប៉ុននោះទេ។ កងទ័ពជប៉ុន មិនបានបញ្ជាក់ថាតើយន្តហោះចិននោះ បានស្ថិតនៅតំបន់នោះ អស់រយៈពេលប៉ុន្មាននោះទេ។ នេះជាលើកទី២ហើយ ដែលយន្តហោះស៊ើបការណ៍ចិន ត្រូវបានហោះបណ្តេញដោយកងទ័ពអាកាសជប៉ុន។ ហេតុការណ៍នេះ បានកើតឡើង តែប៉ុន្មានម៉ោង បន្ទាប់ពីយន្តហោះប្រយុទ្ធF-15 ជាច្រើនគ្រឿងរបស់កូរ៉េខាងត្បូង បានហោះបណ្តេញយន្តហោះចម្បាំងចិនមួយគ្រឿង ដែលហោះចូលដែនអាកាសរបស់ប្រទេសនេះ កាលពីថ្ងៃសុក្រ។ យន្តហោះចម្បាំងចិននេះបានហោះហើរអស់ជាង៤ម៉ោងនៅក្នុងតំបន់កាពារដែនអាកាសនោះ បន្ទាប់ពីវាបានហោះហើរនៅក្បែរកោះថ្មលិចទឹកមួយ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងសេអ៊ូល ប៉ុន្តែ វាត្រូវបានបានអះអាងសិទ្ធិកាន់កាប់ដោយរដ្ឋាភិបាលប៉េកាំង។ នេះបើយោងតាមកាសែតនេះ៕

​ពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​នៅតាម​ការិយាល័យ​ទាំង​១.៤៨២​ទូទាំង​ខេត្ត​ថ្ងៃទី​២៩​កក្កដា​

កំពង់ស្ពឺៈមន្ត្រីការិយាល័យបោះឆ្នោតនិងការិយាល័យបោះឆ្នោតទាំងអស់នៅគោលដៅនានានៃឃុំសង្កាត់ទាំង៨៧ក្រុងស្រុកទាំង៨ខេត្តកំពង់ស្ពឹបានដំណើរការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យទី២៩ខែកក្កដាឆ្នាំ២០១៨។ លោកព្រុំគឹមថៃប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺបានឲ្យរស្មីកម្ពុជាថ្ងៃទី២៩ខែកក្កដាថាមកទល់ថ្ងៃត្រង់នេះ ទូទាំងខេត្តមានអ្នកមកបោះឆ្នោតប្រមាណ៧០ភាគហើយនៅក្រុងច្បារមននិងស្រុកទាំង៧សរុបមានឈ្មោះអ្នកបោះឆ្នោតជាង៥០៣.៤៨៣នាក់ប្រជាពលរដ្ឋទៅបោះឆ្នោតតាំងពីព្រឹករហូតដល់ម៉ោង៣នឹង០០រសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ប្រជាពលរដ្ឋបានទៅបោះឆ្នោតមានចំនួន៤៤៦.៥១១នាក់ស្មើនឹង៨៨,៦៨ភាគរយបានទៅបោះឆ្នោតរួចហើយ។ សូមរំលឹកថាក្នុងការបោះឆ្នោតសាកលជ្រើសរើសអ្នកតំណាងរាស្ត្រថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះមានការិយាល័យបោះឆ្នោតសរុប១.៤៨២ការិយាល័យនៅក្នុងខេត្តកំពង់ស្ពឺកម្លាំងសន្តិសុខដែលមកពីកងកម្លាំងប្រដាប់អាវុធអ្នកសង្កេតការណ៍ជាតិអន្តរជាតិក៏បានបញ្ជូនទៅតាមគោលដៅទាំងនៅការិយាល័យបោះឆ្នោតនិងតាមកន្លែង។ចំពោះអ្នកបោះឆ្នោតដែលធ្វើបច្ចុប្បន្នភាពរួចនៅខេត្តនេះមានចំនួន៥២៧.៤៨៦នាក់មានភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍ចំនួន៤.១២៦នាក់ស្រី៦៤៦នាក់មានគណបក្ស១៨ចូលរួមបោះឆ្នោតមានភ្នាក់ងារសង្កេតការណ៍ជាតិមកពី១៣អង្គការសមាគមសរុបចំនួន១.៦៦៥នាក់។ចំពោះលទ្ធផលការបោះឆោតគ៏មិនដឹងទេនៅល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះពីព្រោះខាងស្រុកនឹងក្រុងមិនទាន់ប្រកាស់លទ្ធផល៕

រា​ហ៊ូ​ចាប់​ចន្ទ​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​ទី​២១​នៅ​យប់​នេះ​ជា​ប្រផ្នូល​នៃ​ទីបញ្ចប់​របស់​ពិភពលោក​?

មិនថាពិភពលោកជិតមកដល់ទីបញ្ចប់ឬយើងកំពុងស្ថិតនៅក្នុងរាត្រីដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍២ក្នុងពេលតែមួយឬយ៉ាងណានោះទេ តែយប់នេះច្បាស់ណាស់គឺរាហ៊ូចាប់ចន្ទយូរបំផុតប្រចាំសតវត្សរ៍ទី ២១ នឹងកើតឡើងស្របពេលដែលផ្កាយព្រះអង្គាររះភ្លឺត្រចង់។ ផែនដីនឹងមិនត្រឹមតែបាំងកាំរស្មីព្រះអាទិត្យដោយធ្វើឱ្យព្រះចន្ទក្លាយជាពណ៌ក្រហមប៉ុណ្ណោះទេ តែវានឹងត្រូវបានអមដំណើរដោយផ្កាយព្រះអង្គារ ដែលភ្លឺចែងចាំងមិនគួរឱ្យជឿទៀតផង ខណៈដែលវានឹងខិតមកជិតយើងជាងពេលណាៗទាំងអស់ក្នុងរយៈពេល ២៧០ ឆ្នាំមកនេះ។ចន្ទគ្រាស ឬ “ព្រះចន្ទឈាម” និងភពអង្គាររះនៅពីក្រោមវា នឹងផ្តល់នូវក្តីរំភើបតែម្តងគត់ក្នុងមួយជីវិតសម្រាប់អ្នកស្រឡាញ់ខាងតារាសាស្ត្រ។ ទោះយ៉ាងណា សម្រាប់គ្រិស្តបរិស័ទខ្លះជឿថា ការមកដល់នៃព្រឹត្តិការណ៍ភ្លោះនេះ គឺ ជាប្រផ្នូលនៃការវិនាសហិនហោច។ ពួកគេចាត់ទុកព្រឹត្តិការណ៍នេះថាជាសញ្ញាពីឋានសួគ៌អំពីការព្យាករណ៍ក្នុងព្រះគម្ពីរដែលគេរង់ចាំជាយូរមកហើយ ដូចដែលបានទាយក្នុងសៀវភៅ Book of Joel សៀវភៅ Book of Acts និង សៀវភៅ Book of Revelation។ អ្នកសរសេរគម្ពីគ្រិស្តរបស់ទូរទស្សន៍ប៉ុស្តិ៍អាមេរិក លោក ផូល បេកលី រួមជាមួយមនុស្សជាច្រើននាក់ទៀតជឿថា ការលេចចេញដំណាលគ្នានៃព្រះចន្ទក្រហមនិងភពក្រហម (ភពអង្គារ) គឺជាការកត់សម្គាល់អំពីការទស្សន៍ទាយដែលបានធ្វើឡើងនៅក្នុងព្រះគម្ពីរ។ ការទស្សន៍ទាយមួយក្នុងចំណោមនោះបានសរសេរថា “ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងប្រែទៅជាឈាម មុននឹងថ្ងៃដ៏អស្ចារ្យនិងគួរឱ្យខ្លាចរបស់ព្រះជាម្ចាស់ មកដល់”។ អាចារ្យគ្រិស្តឈ្មោះ ចន ហាហ្គី ដែលដឹកនាំព្រះវិហារ Cornerstone ក្នុងរដ្ឋតិចសាស ដែលមានសមាជិកជាង ២០.០០០ នាក់ ធ្លាប់បានទស្សន៍ទាយថា ចន្ទគ្រាសក្រហមក្នុងខែកញ្ញា ឆ្នាំ ២០១៥ គឺជា “ការបង្ហាញដ៏ធំមួយពីឋានសួគ៌ថាព្រះជាម្ចាស់នឹងយាងចុះមកផែនដី” ដែលនោះហើយជាទីបញ្ចប់របស់ពិភពលោក។ ឆ្លងកាត់ប្រវត្តិសាស្ត្រជាហូរហែមកនេះ ពួកហោរាសាស្ត្រតែងបារម្ភថា ការរះឡើងនៃភពអង្គារ គឺជាសញ្ញាបង្ហាញពីជម្លោះបង្ហូរឈាមលើផែនដី។ ភពអង្គារត្រូវបានចាត់ទុកជា “អាទិទេពសង្គ្រាម” ក្នុងសម័យរ៉ូម៉ាំង ហើយវង្សត្រកូលស្តេចអេលីហ្សាបេតរបស់អង់គ្លេសតែងតែបន្ទោសពន្លឺក្រហមពីផ្កាយព្រះអង្គារចំពោះការផ្ទុះឡើងនៃជំងឺផ្សេងៗ ជាពិសេសគឺជំងឺគ្រុនចាញ់តែម្តង។ សូមបញ្ជាក់ថា ចន្ទគ្រាសយប់ថ្ងៃសុក្រទី២៧កក្កដានេះនឹងចាប់ផ្តើមពីម៉ោង ១២ យប់ដល់ម៉ោង ៦ ទៀបភ្លឺ ហើយរយៈពេលដែលរាហ៊ូចាប់ចន្ទទាំងស្រុងគឺ ១០០ នាទីឯណោះ៕

យន្តហោះ​យោធា​ធ្លាក់​នៅ​វៀតណាម សម្លាប់​មនុស្ស​២​នាក់​

យន្តហោះហ្វឹកហាត់យោធាមួយគ្រឿង បានធ្លាក់នៅខេត្តNghe An កាលពីថ្ងៃព្រហស្បតិ៍ទី២៦កក្កដាដោយបានសម្លាប់អ្នកបើកយន្តហោះទាំង២នាក់ ។ យន្តហោះចម្បាំងSu-22 នេះ បានកំពុងហោះហើរកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការហ្វឹកហាត់ហោះហើរដោយចេញពីអាកាសយានដ្ឋានSao Vang នៅខេត្តThanh Hoa នៅពេលវាបានធ្លាក់នៅខេត្តNghe An ដែលនៅជិតខេត្តThanh Hoa នេះ ។ អ្នកបើកយន្តហោះ២នាក់នៅលើយន្តហោះនេះ បានស្លាប់។ វៀតណាម បានប្រើយន្តហោះចម្បាំងSu-22 ដែលផលិតដោយសហភាពរុស្ស៊ីនេះ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ ក្រុមអាជ្ញាធរនិងក្រុមមន្ត្រីយោធាបានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលនិងធ្វើការស៊ើបអង្កេតបន្ថែមទៀត៕

មេដឹកនាំ​ហ្វីលីពីន​ចុះហត្ថលេខា​លើ​ច្បាប់​សន្តិភាព​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​មូស្លីម​គ្រប់គ្រង​ខ្លួនឯង

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦កក្កដាថាលោកបានចុះហត្ថលេខាលើច្បាប់មួយដែលផ្តល់សិទ្ធិស្វ័យភាពក្នុងការពង្រីកតំបន់គ្រប់គ្រងសម្រាប់តំបន់មូស្លីមភាគខាងត្បូងរបស់ប្រទេសដែលភាគច្រើនកាន់សាសនាកាតូលិកនេះ ហើយនេះជាការបោះជំហានសំខាន់មួយដើម្បី បញ្ចប់ជម្លោះយូរអង្វែងជាងគេ ដោយសម្លាប់មនុស្សច្រើននៅអាស៊ីនេះ ។ វិធានការស្វែងរកសន្តិភាព ដែលមិនបានសម្រេចបានអស់ពេលជាច្រើនឆ្នាំមកនេះ បានក្លាយជាការព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមអ៊ីស្លាមធំបំផុតរបស់ប្រទេសនេះនិងជាមួយក្រុមឧទ្ទាមផេ្សងៗទៀតដែលបានធ្វើការបះបោរនៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីនដោយបានសម្លាប់មនុស្សប្រហែល ១៥០.០០០នាក់ចាប់ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បាននិយាយនៅក្នុងសុន្ទរកថាមួយថា ” នៅក្នុងរាល់ជម្លោះនោះ ជនរងគ្រោះគឺ ជាប្រជាជនដែលគ្មានទោសកំហុស កុមារនិងស្ត្រី ដូច្នេះចូរព្យាយាមគិតពីរឿងនេះពីព្រោះខ្ញុំបានចុះហត្ថលេខាលើច្បាប់សន្តិភាពគឺច្បាប់ស្វ័យភាព ” ។ ដោយគិតចាប់ពីតំបន់Mindanao ភាគខាងត្បូងមកនោះ លោកជាប្រធានាធិបតីលើកទីមួយរបស់ប្រទេសនេះ លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានជំរុញឱ្យសភាអនុម័តច្បាប់ ហើយដំណើរការចរចាសន្តិភាពជាមួយរណសិរ្សរំដោះឥស្លាមម៉ូរ៉ូ (MILF) ត្រូវបានធ្វើឡើង៕

ពី​មនុស្ស​ដើរលេង​ដាច់​យប់​មក​ក្លាយជា​អ្នកនយោបាយ​! លោក​អ៊ី​ម​រ៉ា​ន់ ខាន់ ជិត​ក្លាយជា​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ក្នុងការ​បោះឆ្នោត​ដ៏​ស្វិតស្វាញ

បុរសប្លេប៊យប៉ាគីស្ថាននិងជាអតីតវីរបុរសកីឡាគ្រីឃីត លោក អ៊ីមរ៉ាន់ ខាន់ ពីមុនល្បីឈ្មោះខាងដើរដាច់យប់ រាំវីវក់ជាមួយស្រីអឺរ៉ុបសក់ទង់ដែង និងថែមទាំងដាក់បញ្ចូលក្លិបរាត្រីរបស់ត្រាំ ជាក្លិបពេញនិយមរបស់ខ្លួនទៀតផង។ គាត់បានចាត់ទុកក្លិបរាត្រីនោះជា “បន្ទប់ទទួលភ្ញៀវរបស់គាត់”។ ក្នុងឆ្នាំ ១៩៨៦ គាត់បានជួបជាមួយនាង ស៊ីតា វ៉ាយ កូនស្រីរបស់លោក ហ្គ័រដុន វ៉ាយ ហើយនាងក៏ជាអ្នកស្នងតំណែងក្រុមហ៊ុន Hanson plc ផងដែរ។ ជិត១ទសវត្សរ៍ក្រោយមក បន្ទាប់ពីគេណែនាំឱ្យស្គាល់កូនស្រីស្នងក្រុមហ៊ុនមួយទៀត គឺនាង ជេមីម៉ា ហ្គោលស្មីត នៅពិធីជប់លៀងមួយ គាត់បាននាំនាងទៅរាំក្លិបរាត្រីរបស់ត្រាំ។ ប៉ុន្តែឥឡូវនេះគេពិបាកនឹងស្គាល់បុរសដែលធ្លាប់តែទាក់ស្រីមិនរើសមុខនៅទីក្រុងឡុងដ៍ម្នាក់នេះណាស់ ដែលឥឡូវជិតក្លាយជានាយករដ្ឋមន្ត្រីនៅអាយុ ៦៥ ឆ្នាំ។ ដោយជិតជាប់ឆ្នោតជានាយករដ្ឋមន្ត្រីប៉ាគីស្ថានក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៥កក្កដា ថ្មីៗនេះគាត់ទើបតែរៀបការជាមួយប្រពន្ធទី៣ ដែលពាក់ឈុតអ៊ីស្លាមបាំងមុខជិតឈឹង។ ដំណើរជីវិតផ្ទាល់ខ្លួននិងជីវិតនយោបាយរបស់លោកអ៊ីមរ៉ាន់ ខាន់ បានចាប់ផ្តើម នៅពេលគាត់ ដែលជាកូនប្រុសមហាសេដ្ឋីវិស្វករម្នាក់គត់ បានមកដល់អង់គ្លេសពីប្រទេសប៉ាគីស្ថាន ក្នុងនាមជាបុរសវ័យជំទង់ និងកីឡាករគ្រីឃីតដ៏មានទេពកោសល្យម្នាក់ ដែលចូលរៀននៅសាលា Royal Grammar School Worcester។ គាត់បានបន្តរៀនផ្នែកទស្សនវិជ្ជា នយោបាយ និង សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Keble College ក្នុងទីក្រុងអក់ស្វត ដោយទទួលបានសញ្ញាបត្រលំដាប់ទី៣ និង បានបង្ហាញខ្លួនធ្វើតេស្តកីឡាគ្រីឃីតជាលើកដំបូង។ នៅដើមទសវត្សរ៍ ១៩៨០ គាត់លេងគ្រីឃីតឱ្យក្រុម Sussex និងធ្វើជាប្រធានក្រុមជម្រើសជាតិប៉ាគីស្ថាន ហើយបានលង់ស្នេហ៍ជាមួយនឹងក្លិបរាត្រីនៅទីក្រុងឡុងដ៍។ លោកខាន់ធ្លាប់និយាយថា ការជួបស្រីៗគឺជាក្តីរីករាយបំផុតក្នុងជីវិតរបស់គាត់។ ប៉ុន្តែនៅត្រឹមឆ្នាំ ១៩៩២ ពេលដែលគាត់ចូលនិវត្តន៍ពីកីឡាគ្រីឃីត គាត់ចាប់ផ្តើមបោះបង់ទម្លាប់ញ៉ែស្រីមិនរើសមុខ ហើយក្នុងឆ្នាំ ១៩៩៤ គាត់ចាប់ផ្តើមចូលនយោបាយតិចៗ ដោយរៃអង្គាសលុយជួយខាងមន្ទីរពេទ្យ និងក្នុងឆ្នាំ ១៩៩៦ គាត់ចាប់ផ្តើមបើកគណបក្សនយោបាយរបស់គាត់ ឈ្មោះ ប៉ាគីស្ថានថេរីកអេអ៊ីនសាហ្វ (PTI)។ គណបក្សរបស់លោកមិនបានឈ្នះសូម្បីមួយអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៧ និងក្នុងឆ្នាំ ២០០៤ បានឈ្នះមួយអាសនៈ។ នេះគឺដោយសារគេប្រើប្រាស់ដើមកំណើតជ្វីហ្វរបស់ប្រពន្ធមុនៗរបស់គាត់ដើម្បីវាយប្រហារគាត់។ ឥឡូវនេះ បក្សរបស់គាត់កំពុងជិតក្លាយជាបក្សកាន់អំណាចនៅប៉ាគីស្ថាន បន្ទាប់ពីការបោះឆ្នោតដ៏ស្វិតស្វាញកាលពីថ្ងៃពុធ៕

 

 

ត្រាំ​និង​មេដឹកនាំ​សហភាព​អឺរ៉ុប​ដកថយ​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​

ប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុបបានដកថយពីការប៉ះទង្គិចខាងពាណិជ្ជកម្មផ្នែកយានយន្តកាលពីថ្ងៃពុធទី២៥កក្កដានិងបានយល់ព្រមបើកកិច្ចពិភាក្សាដើម្បីលុបបំបាត់របាំងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ ប៉ុន្តែកិច្ចព្រមព្រៀងនោះគឺមិនច្បាស់លាស់ ការចរចារនាពេលខាងមុខជាមួយអឺរ៉ុបប្រាកដជាមានភាពចម្រូងចម្រាស់ និងសហរដ្ឋអាមេរិកនៅតែជាប់ពាក់ព័ន្ធក្នុងជម្លោះពាណិជ្ជកម្មជាមួយចិននិងដៃគូពាណិជ្ជកម្មដទៃទៀត។ ក្នុងពេលបង្ហាញខ្លួនជាមួយលោកត្រាំនៅសេតវិមាន ប្រធានគណៈកម្មការអឺរ៉ុបលោក ហ្សង់ក្លោដ ចាំងឃើ បាននិយាយថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាផ្អាកវាយពន្ធថ្មី ដោយលើកឡើងថា សហរដ្ឋអាមេរិកនឹងផ្អាកគម្រោងវាយពន្ធលើការនាំចូលរថយន្តអឺរ៉ុប។ ចំណាត់ការវាយពន្ធនេះហើយត្រូវបានគេកត់សម្គាល់ថាជាការកើនឡើងក្នុងភាពតានតឹងខាងពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តនេះ។ លោកត្រាំក៏បានថ្លែងផងដែរថាសហភាពអឺរ៉ុបបានយល់ព្រមទិញ “សណ្ដែកសៀងច្រើន” និងបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិក ហើយភាគីទាំង២បានយល់ព្រមដោះស្រាយជម្លោះជុំវិញការវាយពន្ធរបស់អាមេរិកលើដែកថែបនិងអាលុយមីញ៉ូមផងដែរ។ លោក រូហ្វូស យើសា ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជាតិនិងជាអតីតមន្ត្រីពាណិជ្ជកម្មអាមេរិកបាននិយាយថា “វាជាការលើកទឹកចិត្តដែលពួកគេជជែកគ្នាអំពីការធ្វើពាណិជ្ជកម្មសេរីជាជាងរបាំងពាណិជ្ជកម្មនិងសង្គ្រាមពន្ធដែលកំពុងកើនឡើង” ។ ប៉ុន្តែលោកបាននិយាយថា ការឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មលម្អិតជាមួយសហភាពអឺរ៉ុបទំនងជានឹងមានការលំបាក៕

 

 

វេ​នេ​ស៊ុយ​អេ​ឡា បញ្ចេញ​ក្រដាសប្រាក់​ថ្មី ខណៈ​អតិ​ថ​រណា​អាច​ឡើងដល់​១​លាន​ភាគរយ​

ប្រធានាធិបតីវេនេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ និយាយថា ប្រទេសលោកនឹងចេញលុយក្រដាសថ្មី ជាមួយនឹងលេខសូន្យតិចជាង៥ខ្ទង់ដើម្បីប្រយុទ្ធនឹងអតិផរណាឡើងដូចកាំជណ្តើរ។លោកថា ក្រដាសប្រាក់ថ្មីនឹងចាប់ផ្តើមចរាចរនៅថ្ងៃ២០ខែសីហាខាងមុខ។ ការប្រកាសនេះធ្វើឡើង២ថ្ងៃបន្ទាប់ពីអង្គការរូបិយវត្ថុអន្តរជាតិIMFបានប៉ាន់ប្រមើលថាអតិផរណារបស់វេនេស៊ុយអេឡា អាចឡើងដល់១លានភាគរយនៅឆ្នាំនេះ។ ធ្លាប់ជាប្រទេសបានបានដោយសារប្រេង វេនេស៊ុយអេឡា ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចអស់ពេល៥ឆ្នាំមកហើយ ដោយសារខ្វះស្បៀងនិងថ្នាំពេទ្យ ដែលបង្ខំអោយមានចំណាកស្រុកទ្រង់ទ្រាយធំ។ ការបោះពុម្ពក្រដាសប្រាក់ជាមធ្យោបាយមួយរបស់រដ្ឋាភិបាលវេនេស៊ុយអេឡា ដើម្បីទប់ទល់នឹងអតិផរណា។ លោកប្រធានាធិបតី ម៉ាឌូរ៉ូ បាននិយាយក្នុងទូរទស្សន៍ទៅកាន់ក្រុមសេដ្ឋកិច្ចមួយ និងបានប្តេជ្ញាផ្តោតការយកចិត្តទុកដាក់ជាថ្មីលើវិស័យប្រេងដែលជួបបរាជ័យរបស់ប្រទេស។ លុយក្រដាសនៅវេនេស៊ុយអេឡា សឹងគ្មានតំលៃនិងពិបាកទុកដាក់ ដោយសារក្រដាសប្រាក់ថ្លៃខ្ពស់បំផុតគឺ ១សែនបូលីវ៉ា តែមានតំលៃស្មើ៣០សេនដុល្លារ៕

សង្គ្រាម​ស៊ី​រី​៖ មនុស្ស​ជាង​២២០ នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​អត្តឃាត​

ក្រុមមន្រ្តីបាននិយាយថាយ៉ាងហោចណាស់មនុស្ស២២១នាក់បានស្លាប់និងមនុស្សចំនួន១៨០នាក់បានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់នៅប្រទេសស៊ីរីភាគនិរតីកាលពីថ្ងៃពុធទី២៥កក្កដា។ ការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនគ្រាប់នេះ បានកើតឡើងនៅក្នុងនិងនៅក្រៅទីក្រុងSuweida ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ហើយក្រុមរដ្ឋអ៊ីស្លាម(ក្រុមISIS) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនេះ។ ក្រោយមក កងទ័ពគាំទ្ររដ្ឋាភិបាល ត្រូវបានរាយការណ៍ បានវាយប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធនៃក្រុមISIS នៅភាគខាងកើតនៃទីក្រុងនេះ ។ រដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការមួយ កាលពីពេលថ្មីៗនេះដើម្បីវាយយកតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមដែលនៅសល់មកវិញនៅទូទាំង ភាគខាងត្បូងនៃប្រទេសនេះ ។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី Observatory បាននិយាយថា មនុស្សចំនួន១២៧នាក់ក្នុងចំណោមអ្នកស្លាប់ចំនួន២២១នាក់នេះ ជាជនស៊ីវិល៕

ក្រុម​ក្មេង​ថៃ ដែល​ត្រូវបាន​សង្គ្រោះ​ពី​ល្អាង​ភ្នំ កោ​សក់​បួស​ជា​សង្ឃ​ដើម្បី​អរគុណ​ការវិល​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​

ក្មេង១១នាក់ក្នុងចំណោមក្មេង១២ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃដែលលិចទឹក ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍នៅទូទាំងពិភពលោកនោះ បានកោសក់បួស ជាស ង្ឃ ពុទ្ធសាសនា ជាលើកដំបូងក្នុងជីវិតរបស់ពួកគេកាលពីថ្ងៃអង្គារទី២៤កក្កដាដើម្បីអរគុណការវិលត្រឡប់មកវិញដោយសុវត្ថិភាពរបស់ពួកគេ។ ក្មេងម្នាក់ក្នុងចំណោមក្មេង១២នាក់នេះ មិនបានបួសជាសង្ឃទេ ដោយសារគាត់មិនមែនជាពុទ្ធសាសនិក។ ក្រុមកេ្មងបាល់ទាត់ Wild Boarsនេះ និងគ្រូបង្វឹករបស់ពួកគេ បានកោសក់ដើម្បីត្រៀមខ្លួនរស់នៅជាសង្ឃរយៈពេល៩ថ្ងៃនៅក្នុងវត្តមួយ ដើម្បីជាការអគុណនិងដឹងគុណដល់ លោក Saman Kunanអ្នកមុជទឹកសង្គ្រោះថៃ ដែលបានស្លាប់ នៅពេលដែលជួយសង្គ្រោះពួកគេ និងជាការគុណដល់ក្រុមអ្នកសង្រ្គោះទាំងឡាយដែលបានជួយ សង្គ្រោះពួកគេពីល្អាងភ្នំលិចទឹកថាំលួងនៅខេត្តឈៀងរ៉ៃ។ ពិធីកោសក់បួសនេះ ត្រូវបានធ្វើឡើងនៅវត្តWat Phra Thart Doi Wao នៅខេត្តឈៀងរ៉ៃ។ក្មេង១១នាក់ក្នុងចំណោមក្មេង១២ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃដែលលិចទឹក ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍នៅទូទាំងពិភពលោកនោះ បានកោសក់បួស ជាស ង្ឃ ពុទ្ធសាសនា ជាលើកដំបូងក្នុងជីវិតរបស់ពួកគេកាលពីថ្ងៃអង្គារទី២៤កក្កដាដើម្បីអរគុណការវិលត្រឡប់មកវិញដោយសុវត្ថិភាពរបស់ពួកគេ។ ក្មេងម្នាក់ក្នុងចំណោមក្មេង១២នាក់នេះ មិនបានបួសជាសង្ឃទេ ដោយសារគាត់មិនមែនជាពុទ្ធសាសនិក។ ក្រុមកេ្មងបាល់ទាត់ Wild Boarsនេះ និងគ្រូបង្វឹករបស់ពួកគេ បានកោសក់ដើម្បីត្រៀមខ្លួនរស់នៅជាសង្ឃរយៈពេល៩ថ្ងៃនៅក្នុងវត្តមួយ ដើម្បីជាការអគុណនិងដឹងគុណដល់ លោក Saman Kunanអ្នកមុជទឹកសង្គ្រោះថៃ ដែលបានស្លាប់ នៅពេលដែលជួយសង្គ្រោះពួកគេ និងជាការគុណដល់ក្រុមអ្នកសង្រ្គោះទាំងឡាយដែលបានជួយ សង្គ្រោះពួកគេពីល្អាងភ្នំលិចទឹកថាំលួងនៅខេត្តឈៀងរ៉ៃ។ ពិធីកោសក់បួសនេះ ត្រូវបានធ្វើឡើងនៅវត្តWat Phra Thart Doi Wao នៅខេត្តឈៀងរ៉ៃ។

បាក់​ទំនប់​នៅ​ឡាវៈ អភិបាលខេត្ត​ធ្វើដំណើរ​ទៅ​ស្រុក​សៀម​ប៉ាង​ទាំងយប់ ខណៈ​ទីនោះ​ប្រឈម​គ្រោះថ្នាក់​មុនគេ​

ស្ទឹងត្រែងៈមន្ត្រីក្រុមការងារសាលាខេត្តស្ទឹងត្រែងបានប្រាប់រស្មីកម្ពុជានារាត្រីថ្ងៃទី២៤កក្កដាឆ្នាំ២០១៨នេះថាលោកអភិបាលខេត្តស្ទឹងត្រែងបានធ្វើដំណើរទៅកាន់ស្រុមសៀមប៉ាងទាំងយប់បន្ទាប់ពីដឹងថាស្រុកមួយនេះប្រឈមនឹងទឹកជំនន់បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនីនៅក្នុងខេត្តអត្តពឺប្រទេសឡាវដែលមានចំងាយមិនដល់១០០គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹងត្រែង។ចំណែកអាជ្ញាធរស្រុកសៀមប៉ាងវិញក៏កំពុងធ្វើការប្រកាសទាំងយប់ប្រាប់ដល់ប្រជាជននៅជាប់ដងទន្លេតាមមេក្រូពីការត្រៀមលក្ខណៈទុកជាមុនសម្រាប់ហានិភ័យមួយនេះ។ក៏មានការត្រៀមជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាពផងដែរ។ប្រភពប្រាប់ថាលោកអភិបាលខេត្តស្ទឹងត្រែងចុះទៅកាន់ស្រុកសៀមប៉ាងទាំងយប់។គឺធ្វើដំណើរតាមផ្លូវគោកដែលមានចំងាយមិនក្រោម១០០គីឡូម៉ែត្រ។ ចំណែកលោកម៉ែន គង់ នាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅយប់នេះថា ខាងខេត្តក៏បានឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តមានការប្រុងប្រយ័ត្នអំពីទឹកជំនន់ផងដែរ និងរកទីទួលសុវត្ថិភាព។ រីឯលោកលោកផាន់ យ៉ុត អភិបាលស្រុកសៀមប៉ាងបានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានរស្មីកម្ពុជាប្រចាំ ខេត្តស្ទឹងត្រែងនាយប់ថ្ងៃទី២៤ខែកក្កដានេះថា នៅពេលនេះអាជ្ញាធរកំពុងផ្សព្វផ្សាយដល់ប្រជាពល រដ្ឋដែលរស់នៅតាមដងទន្លេសេកុងឲ្យជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដោយសារតែទឹកបានលិចបណ្តើរៗ។លោកបន្តថាពេលនេះលោកនិងអាជ្ញាធរពាក់ព័ន្ធកំពុងតែប្រកាសតាមមេក្រូដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងរកទីទួលសុវត្ថិភាព។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា វារីអគ្គិសនីដែលបាក់នេះ ស្ថិតនៅខេត្តអត្តពឺ របស់ប្រទេសឡាវ។ ទំនប់នេះ ស្ថិតនៅទន្លេសេទៀន ហើយហូរចាក់មកទន្លេសេកុង ហើយហូរចាក់មកទន្លេមេគង្គ ត្រង់ក្រុងស្ទឹងត្រែង។ ខាងក្រសួងកំពុងតែធ្វើការតាមដានអំពីស្ថានភាពទឹក។ លោកបានបញ្ជាក់ថា ធម្មតាកាលណាបាក់ទំនប់វាហូរចូលមកទន្លេសេកុង ធ្វើឲ្យទឹកទន្លេសេកុងហក់ឡើង។យើងឲ្យប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ រដ្ឋបាលខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៤ ខែកក្កដាបានសេចក្ដីជូនដំណឹងទាន់ហេតុការណ៍ ស្ដីពីករណីគ្រោះទឹកជំនន់ ការត្រៀមបង្ការ និងការអន្តរាគមន៍ ក្រោយទទួលបានសេចក្ដីប្រកាសព័ត៌មាន ទាន់ហេតុការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម និងការទំនាក់ទំនងទទួលព័ត៌មានពីអាជ្ញាធរខេត្តអត្តពឺ នៃប្រទេសឡាវ អំពីករណីបាក់ទំនប់វារីអគ្គិសនីសេពានសេណាម ណយ ត្រូវហូរចូលមកក្នុងទន្លេសេកុងក្នុងភូមិសាស្ដ្រស្រុកសៀមប៉ាងនិងហូរចុះមកផ្នែកខាងក្រោមចូលទៅទន្លេសេសាន ស្រែពក និងទន្លេមេគង្គ ដោយល្បឿនលឿនបំផុត។ សេចក្ដីជូនដំណឹងបានសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ត្រូវរៀបចំដាក់ចេញនូវផែនការសរុប វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ដែលរងផលប៉ះពាល់ទាំងអស់ឲ្យបានទាន់ពេលវេលា និងធានាបានប្រសិទ្ធភាពខ្ពស់៕

សិង្ហ​បុរី​សុំ​ផ្តល់ជំនួយ​និង​គ្រឿង​ផ្គត់ផ្គង់​ទៅកាន់​តំបន់​បាក់​ទំនប់ទឹក​នៅ​ឡាវ ​ខណៈ​មនុស្ស​រាប់សិប​នាក់​សង្ស័យថា​ស្លាប់​

ប្រទេសសិង្ហបុរីបានសុំផ្តល់ជំនួយនិងគ្រឿងផ្គត់ផ្គង់បន្ទាន់ទៅជួយការងារជួយសង្រ្គោះនៅតំបន់រងគ្រោះដោយមហន្តរាយបាក់ទំនប់ទឹកវារីអគ្គិសនីនៅឡាវ។ ក្រសួងការបរទេសសិង្ហបុរីបាននិយាយកាលពីថ្ងៃអង្គារទី២៤កក្កដាថា ” រដ្ឋាភិបាលសិង្ហបុរីព្រួយចិត្តក្រោយទទួលដំណឹងអំពីការបាត់បង់អាយុជីវិតមនុស្សនិងការបំផ្លាញផ្ទះសម្បែងដោយសារតែការបាក់ទំនប់វារីអគ្គិសនីនៅក្នុងខេត្តអត្តពឺនៅឡាវកាលពីថ្ងៃចន្ទ។សមានចិត្តអាណិតអាសូររបស់យើងនៅជាមួយជនដែលរងគ្រោះ”។ ក្រសួងបានបន្ថែមថា ស្ថានទូតសិង្ហបុរីនៅក្រុងវៀងចន្ទមិនបានទទួលព័ត៌មានថា មានជនជាតិសិង្ហបុរីណាម្នាក់រងគ្រោះពីទឹកជំនន់បាក់ទំនប់នេះទេ។ការងារជួយសង្រ្គោះកំពុងជួបការលំបាកនៅថ្ងៃពុធនេះ ដោយមនុស្សរាប់សិបនាក់សង្ស័យថាស្លាប់និងរាប់រយនាក់កំពុងបាត់ខ្លួនក្រោយបាក់ទំនប់ទឹកហូរចូលលិចភូមិត្រឹមៗដំបូលផ្ទះ នេះបើតាមមន្រ្តីឡាវម្នាក់បញ្ជាក់ប្រាប់នៅព្រឹកថ្ងៃពុធទី២៥កក្កដានេះ។ សារព័ត៌មានរដ្ឋបង្ហាញរូបភាពរបស់ពួកអ្នកភូមិ ខ្លះជាកូនក្មេង ជាប់លើដំបូលផ្ទះដែលត្រូវជន់លិច និងខ្លះកំពុងជិះទូកឈើភៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅក្នុងខេត្តអត្តពឺជាប់កម្ពុជា។ មន្រ្តីជាន់ខ្ពស់ឡាវម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះដោយសារលោកមិនត្រូវបានអនុញ្ញាតអោយនិយាយទៅកាន់អ្នកសារព័ត៌មាន បាននិយាយថា មនុស្សរាប់សិបនាក់ត្រូវសង្ស័យថាស្លាប់និងរាប់រយនាក់នៅបាត់ដំណឹងមិនដឹងស្លាប់ឬរស់ ក្រោយបាក់ទំនប់វារីអគ្គិសនីដែលកំពុងសាងសង់នៅឡើយ។ មន្រ្តីនៅក្រុងវៀងចន្ទនេះបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា”យើងនឹងបន្តការងារជួយសង្រ្គោះនៅថ្ងៃនេះ តែពិបាកណាស់ស្ថានភាពពិបាកណាស់។មនុស្សរាប់សិបនាក់អាចស្លាប់ និងអាចខ្ពស់ជាងនេះ”៕

គ្រូបង្រៀន​ឥណ្ឌា​ជាង​មួយ​ពាន់​នាក់ គំរាម​ធ្វើអត្តឃាត នៅ​ថ្ងៃទី​២៦​ខែកក្កដា​

ក្រុមគ្រូបង្រៀនដែលកំពុធ្វើការតវ៉ានេះ បានអះអាងថា ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះប្រព័ន្ធគ្រប់គ្រងថ្មីបច្ចុប្បន្ននៅរដ្ឋ Assam ប្រទេសឥណ្ឌា បានបញ្ឈប់ការបង់ប្រាក់ឱ្យគ្រូបង្រៀនជាង១២.០០០នាក់នៅសាលារៀនរដ្ឋ។ ពួកគេបានអះអាងថា គ្រូបង្រៀនចំនួន៣.០០០នាក់បានចូលនិវត្តន៍ ខណៈពេលដែល គ្រូបង្រៀន៩១នាក់ បានធ្វើអត្តឃាត។ គ្រូបង្រៀនចំនួន១.៥១៤នាក់នៅក្នុងរដ្ឋ Assam បាននិយាយថាពួកគេត្រូវបានដកហូតប្រាក់ខែរបស់ពួកគេ អស់រយៈពេលជាច្រើនឆ្នាំ ដោយសារកំហុសរដ្ឋបាល។ ពួកគេបានដាក់សំណើជាច្រើនរាប់មិនអស់ទៅរដ្ឋនេះនិងរដ្ឋបាលកណ្តាលប៉ុន្តែបញ្ហារបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ គ្រូបង្រៀនទាំងនេះ ដោយរួមជាមួយក្រុមគ្រួសាររបស់ពួកគេ ឥឡូវនេះ បានគំរាមធ្វើអត្ត ឃាតនៅថ្ងៃទី២៦ខែកក្កដា។ លោក Basanta Neog លេខាធិការសមាគមជំនួយការគ្រូបង្រៀននៅរដ្ឋAssam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា ក្រុមបង្រៀននៅសាលាបឋមសិក្សា ត្រូវបានផ្តល់លិខិតតែងតាំងដោយរដ្ឋាភិបាលនៃរដ្ឋនេះ ជាមួយនឹងសំណើសុំហិរញ្ញវត្ថុត្រឹមត្រូវ។ ទោះយ៉ាងនេះក្តី នៅឆ្នាំ២០០៦ ពួកគេត្រូវបានប្រកាសថាត្រូវបានតែងតាំងដោយខុសច្បាប់។ជាលទ្ធផលគ្រូបង្រៀនប្រហែល១២.០០០នាក់ ដែលបានធ្វើការងារពី២០-២៤ឆ្នាំនោះ ត្រូវបានផ្អាកការងារ នៅឆ្នាំ២០០៦។ លោក Basanta Neog បាននិយាយថាគ្រូបង្រៀនមួយចំនួនត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃរដ្ឋនេះ រវាងឆ្នាំ១៩៩៦ និង ២០០១ ។ លោក Ramen Saikia អ្នកតំណាងម្នាក់ទៀតនៃសមាគមជំនួយការគ្រូបង្រៀននេះ បាននិយាយថា” គ្រូបង្រៀនទាំងនេះ បានទទួលប្រាក់ខែជាទៀងទាត់រហូតដល់ឆ្នាំ១៩៩៦ ។ប្រាក់ខែនេះត្រូវបានបញ្ឈប់ មួយរយៈពេលប៉ុន្តែរដ្ឋាភិបាលនៃរដ្ឋនេះ បានបន្តបើកប្រាក់ខែរបស់យើងឡើងវិញចាប់ពីឆ្នាំ២០០១មក ។ ប៉ុន្តែកាលពីឆ្នាំ ២០០៦ រដ្ឋាភិបាលបានបញ្ឈប់ប្រាក់ខែរបស់យើង បន្ទាប់ពីការប្រកាសថាការតែងតាំងនោះខុសច្បាប់។ ទោះបីជាមានការប្រកាសថាការតែងតាំងរបស់ពួកគេខុសច្បាប់ក៏ដោយ ក៏គ្រូបង្រៀនចំនួន ១២.០០០នាក់ នេះ បាននិងកំពុងបង្រៀនជាទៀងទាត់ជាធម្មតា៕

កំដៅ​ពិឃាត​សម្លាប់​មនុស្ស​៧៧​នាក់​នៅ​ជប៉ុន ដល់​ថ្នាក់​រដ្ឋាភិបាល​ចាត់ទុកជា​គ្រោះមហន្តរាយធម្មជាតិ​

ទីក្រុងតូក្យូនៅថ្ងៃអង្គារទី២៤កក្កដា កត់សំគាល់រយៈពេល២ឆ្នាំនៃការចាប់ផ្តើមរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាអូឡាំពិក តែវាក៏ជាពេលត្រូវចងចាំថាប្រទេសកំពុងជួបរលកកំដៅមិនធ្លាប់ជួប រហូតដល់ថ្នាក់រដ្ឋាភិបាលចាត់ទុកជាគ្រោះមហន្តរាយធម្មជាតិមួយ។ សីតុណ្ហភាពឡើងដល់៤១,១អង្សាសេនៅក្រុងគូម៉ាហ្កាយ៉ា ត្រូវបានកត់សំគាល់ឃើញកាលពីរសៀលថ្ងៃចន្ទ ទី២៣កក្កដា ដែលអាចចាត់ទុកជាការឡើងក្តៅបំផុតមិនដែលធ្លាប់មាននៅជប៉ុន។ កាលពីឆ្នាំ២០១៣ តំបន់កូជីនៅជប៉ុនខាងលិចសីតុណ្ហភាពបានឡើងដល់៤១អង្សាសេម្តង។ នៅក្នុងរដ្ឋធានីជប៉ុន សីតុណ្ហភាពក៏បានឡើងដល់៤០អង្សាសេជាលើកដំបូងកាលពីថ្ងៃចន្ទ និងសង្កាត់អូមេ បានឡើងដល់៤០,៨អង្សាសេ។ យ៉ាងតិចមនុស្ស៧៧នាក់ ភាគច្រើនជាមនុស្សចាស់ រួមមានសិស្សម្នាក់ ដែលបានដួលសន្លប់ បានស្លាប់ពាក់ព័ន្ធនឹងកំដៅ ហើយមនុស្សជាង៣០.០០០នាក់ត្រូវបាននាំចូលមន្ទីរពេទ្យ ដោយសារក្តៅហត់ហេវឬរងកំដៅនៅខែនេះ។ ទូរទស្សន៍NHK កាលពីថ្ងៃចន្ទបានផ្សាយថា អ្នកស្រុកតំបន់តូក្យូដល់ទៅ៣៨នាក់អាចបាត់បង់ជីវិតដោយសាររលកកំដៅនៅខែនេះ ក្នុងនោះ២១នាក់ត្រូវបានកត់ត្រាឃើញនៅរវាងថ្ងៃសុក្រនិងថ្ងៃអាទិត្យ។ជនរងគ្រោះមានអាយុចាប់ពី៤០ដល់៩០ឆ្នាំផ្លាយ។ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បាននិយាយមនុស្សយ៉ាងតិច៩នាក់បានស្លាប់កាលពីថ្ងៃចន្ទ។ជនជាតិសិង្ហបុរី២នាក់ដែលរស់និងធ្វើការនៅជប៉ុនរងរោគសញ្ញារលាកកំដៅផងដែរកាលពីចុងសប្តាហ៍។ រលកកំដៅវាយប្រហារជប៉ុននេះដោយសារសម្ពាធខ្ពស់២ដែលទប់ខ្យល់ក្តៅអោយនៅជាប់នឹងផែនដីលើ៣៥អងស្សាសេ ដូចជាគ្នានឹងស្រទាប់កំដៅ២គ្របលើជប៉ុន៕

មនុស្ស​ជាង​៦០០​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​រត់ពន្ធ​មនុស្ស ចូល​អូស្ត្រាលី​

មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃអង្គារទី២៤ខែកក្កដាថា អ្នករត់ពន្ធមនុស្សជាង៦០០នាក់ត្រូវបានចាប់ខ្លួននៅប្រទេសចំនួន៦ ចាប់តាំងពីប្រទេសអូស្ត្រាលីបានដាក់ចេញវិធានការការពារព្រំដែនដ៏តឹងរឹងរបស់ខ្លួនដោយទូកដឹកជនស្វែងរកសិទ្ធិជ្រកកោនចំនួន៣០គ្រឿង ត្រូវបានបញ្ជូនត្រឡប់ទៅវិញ។ លោក Peter Dutton រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលី បាននិយាយថា “ប្រតិបត្តិការអធិបតេយ្យភាពនេះ ” បានជួយសង្គ្រោះជីវិតមនុស្សទាំងនេះ ។ប្រតិបត្តិការយោធានេះ បានចាប់ផ្តើមកាលពីខែកញ្ញាឆ្នាំ២០១៣ ហើយបានបញ្ឈប់ការមកដល់នៃទូកដឹកជនអន្តោប្រវេសន៍ជាច្រើន។ នៅមុនពេល រដ្ឋាភិបាលអភិរក្សនិយមនេះ បានឡើងកាន់អំណាចនិងបានប្រកាន់យកជំហរអត់ធ្មត់នោះជនស្វែងរកសិទ្ធិជ្រកកោនចំនួន៥០.០០០នាក់ បានចូលមកដល់ប្រទេសអូស្រ្តាលីតាមទូកជាង៨០០គ្រឿង ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ។ ជនអន្តោប្រវេសន៍រាប់រយនាក់បន្ថែមទៀត ដែលភាគច្រើនមកពីប្រទេសអាហ្វហ្គានីស្ថានដែលមានសង្គ្រាម និងមកពីប្រទេសស្រីលង្កា ព្រមទាំងមកពី តំបន់មជ្ឈិមបូព៌ាបានស្លាប់នៅសមុទ្រក្នុងអំឡុងធ្វើដំណើរតាមទូកដ៏គ្រោះថ្នាក់នេះ។ លោក Peter Duttonបាននិយាយថា ការប៉ុនប៉ងរត់ពន្ធមនុស្សចំនួន២.៥០០នាក់ ត្រូវបានបញ្ឈប់ ដោយទូកដឹកជនអន្តោប្រវេសន៍ចំនួន៣៣គ្រឿងត្រូវបានបញ្ជូនត្រឡប់ទៅវិញ គឺភាគច្រើននៃទូកដឹកជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានបញ្ជូន ទៅប្រទេសឥណ្ឌូនេស៊ីវិញ៕

យ៉ាងតិច​២៤​នាក់​ស្លាប់​និង​ជាង​១០០​នាក់​របួស​ដោយ​ភ្លើងព្រៃ​នៅ​ក្រិច​

យ៉ាងតិចមនុស្ស២៤នាក់បានស្លាប់និងជាង១០០នាក់រងរបួស ដោយភ្លើងព្រៃនៅក្រិច។ អគ្គិភ័យផ្តាច់ផ្តិលជីវិតនេះបានបំផ្លាញរមណីយដ្ឋានកម្សាន្តនៅជិតទីក្រុងអាថែន ហើយមនុស្សយ៉ាងតិច១០៤នាក់បានរងរបួសដោយមហាអគ្គិភ័យនេះក្នុងនោះ៦៩នាក់ត្រូវការចូលព្យាបាលនៅមន្ទីរពេទ្យ និង១១នាក់ធ្ងន់ធ្ងរ។ ក្រិចកំពុងស្វះស្វែងរកជំនួយអន្តរជាតិតាមរយៈសហភាពអឺរ៉ុប ខណៈភ្លើងព្រៃនៅសងខាងក្រុងអាថែនបណ្តាលអោយឆេះរថយន្តរាប់សិប ដុតកំឡោចកសិដ្ឋាននិងព្រៃ ព្រមទាំងបញ្ជូនមនុស្សរាប់ពាន់នាក់ទៅកាន់ឆ្នេរសមុទ្រមុនត្រូវបានជម្លៀសដោយនាវានៃកងទ័ពជើងទឹក នាវាកម្សាន្តនិងទូកនេសាទ។ ខ្យល់មានល្បឿនដល់៥០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈអាជ្ញាធរបានបញ្ជូនកងយន្តហោះនិងឧទ្ធម្ភាគចក្រទម្លាក់ទឹកមួយប្រទេសដើម្បីទម្លាក់ទឹកបើកផ្លូវជម្លៀសមនុស្ស។ខណៈនេះដ្រូនយោធានៅក្នុងអាកាសដើម្បីជួយពួកមន្រ្តីណែនាំបញ្ជាអោយពួកអ្នកពន្លត់ភ្លើងប្រមាណ៦០០នាក់ចូលចំគោលដៅ។ ទីប្រជុំជនកំពង់ផែ រ៉ាហ្វីណា ឥឡូវក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្នខណៈគ្រូពេទ្យពិនិត្យព្យាបាលអ្នករងរបួសនិងអ្នកដែលត្រូវបានជម្លៀសតាមនាវានិងទូកឯកជន៕

យោធា​ចេញមក​ព្រោងព្រាត​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន នៅមុន​ការបោះឆ្នោត​

យោធាប៉ាគីស្ថានបានចល័តទ័ពទូទាំងប្រទេសមុនពេលការបោះឆ្នោតនៅថ្ងៃពុធទី២៥កក្កដា ដោយដាក់ពង្រាយទាហានរាប់សែននាក់ដើម្បីត្រួតពិនិត្យស្ថានីយ៍បោះឆ្នោតនៅក្នុងការប្រកួតប្រជែងដ៏ក្តៅគគុក ដែលក្រុមអ្នកវិភាគនិយាយថា បក្សនីមួយៗនៅតែ “មានឱកាសឈ្នះរៀងៗខ្លួន” ។ ទាហានប្រដាប់អាវុធបានឃ្លាំមើលយ៉ាងដិតដល់ខណៈក្រុមមន្ត្រីបោះឆ្នោតនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដកាលពីថ្ងៃអង្គារបានចែកចាយប្រអប់សន្លឹកឆ្នោតនិងសម្ភារៈបោះឆ្នោតសម្រាប់ស្ថានីយ៍បោះឆ្នោតនៅទូទាំងទីក្រុង។ កងកម្លាំងប្រដាប់អាវុធបានដាក់ពង្រាយទាហានជាង ៣៧ ម៉ឺននាក់នៅទូទាំងប្រទេសដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ដែលជាការដាក់ពង្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថាននៅថ្ងៃបោះឆ្នោត។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “ការដាក់ពង្រាយទាហានគឺធ្វើឡើងទូទាំងប្រទេស” ដោយនិយាយថា កងទ័ពនឹងធ្វើការជាមួយនឹងមន្ត្រីពង្រឹងច្បាប់ក្នុងមូលដ្ឋានដើម្បីធានាឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់ការបោះឆ្នោត។ ការដាក់ពង្រាយទាហានដ៏ធំសម្បើមនេះគឺគាប់ជួនជាមួយនឹងការសម្រេចចិត្តនាពេលថ្មីៗនេះដោយអាជ្ញាធររៀបចំការបោះឆ្នោតដើម្បីផ្តល់អំណាចទូលំទូលាយដល់យោធានៅខាងក្នុងមណ្ឌលបោះឆ្នោត ដោយធ្វើឱ្យមានការព្រួយបារម្ភថាការកេងបន្លំសន្លឹកឆ្នោតអាចនឹងកើតមានឡើង។ ការចល័តទ័ពដ៏ធំសម្បើមនេះគឺគ្រាន់តែជាប្រភពនៃភាពចម្រូងចម្រាស់ចុងក្រោយប៉ុណ្ណោះនៅក្នុងរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលខ្លីប៉ុន្តែពោរពេញដោយភាពជូរចត់ ដែលក្នុងនោះមានទាំងការចោទប្រកាន់អំពី “លួចបន្លំសន្លឹកឆ្នោតនៅមុនការបោះឆ្នោត” ការរីកដុះដាលគណបក្សប្រកាន់សាសនារឹងត្អឹង និងការវាយប្រហារដោយពួកសកម្មប្រយុទ្ធដ៏បង្ហូរឈាម ដែលសម្លាប់មនុស្សប្រមាណ ១៧៥ នាក់ រួមទាំងបេក្ខជនឈរឈ្មោះបោះឆ្នោត។ ទោះបីជាមានភាពចម្រូងចម្រាស់និងការបង្ហូរឈាមក៏ដោយ ក៏គណបក្សនយោបាយទាំងអស់នៅតែបន្តឃោសនាទូទាំងប្រទេសនៅថ្ងៃចុងក្រោយ មុនការបោះឆ្នោតមកដល់ ដោយរៀបចំការប្រមូលផ្តុំគ្នារាប់សិបកន្លែងនៅតំបន់ប្រជែងសំខាន់ៗ។ គេមើលឃើញរួចទៅហើយនូវភាពស្វិតស្វាញដ៏ប្រកៀកប្រកិតរវាងបក្សធំៗ២ គឺបក្សកាន់អំណាច ឈ្មោះ សម្ព័ន្ធប៉ាគីស្ថានមូស្លីមណាវ៉ាស (PML-N) របស់អតីតនាយករដ្ឋមន្ត្រីធ្លាប់ជាប់គុក លោក ណាវ៉ាស់ សារីហ្វ និង បក្សប៉ាគីស្ថានថេរីកអេអ៊ីនសាហ្វ (PTI) របស់វីរបុរសកីឡាគ្រីឃីត លោក អ៊ីមរ៉ាន់ ខាន់។ មេដឹកនាំបក្សទាំង២សុទ្ធតែអះអាងរៀងៗខ្លួនថា គណបក្សរបស់ពួកគេនឹងឈ្នះការបោះឆ្នោត៕