បណ្តាញសង្គម

រញ្ជួយដី​នៅជប៉ុន សម្លាប់មនុស្ស០៩នាក់ និង៣០០នាក់របួស

តូក្យូ ៖ អាជ្ញាធរបញ្ជាក់ថា មនុស្ស០៩នាក់បានបាត់បង់ជីវិត និង៣០០នាក់បានរងរបួស ក្រោយពីគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារមកលើកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។

បើតាមអាជ្ញាធរជប៉ុន មនុស្សប្រហែលខ្ទង់៣០នាក់ នៅតែបន្តបាត់ខ្លួន និងជិត២,០០០នាក់ កំពុងជ្រកកោណនៅតាមទីតាំងជម្លៀសខ្លួនបណ្តោះអាសន្ន ដែលត្រូវបានរៀបចំឡើងនៅតាមតំបន់ជាង៤០០កន្លែង។ ជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ ត្រូវអាជ្ញាធរអះអាងថានឹងអាចមានការកើនឡើងខ្ពស់ថែមទៀត ដោយសារតែលំនៅឋានជាច្រើនខ្នង បានកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយរញ្ជួយដី។ ក្រៅពីជើងហោះហើរ ផ្លូវធ្វើដំណើរ និងបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ក៏បានទទួលរងផលប៉ះពាល់ផងដែរ។

ហេតុការណ៍រញ្ជួយដីកម្រិត៦.៧រ៉ិចទ័រខាងលើ បានកើតមានឡើងចំពេលដែលប្រទេសជប៉ុន ទើបតែរងគ្រោះដោយសារតែខ្យល់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានផ្ដាច់ជីវិតមនុស្ស១១នាក់ និង៦០០នាក់ផ្សេងទៀតរងរបួស នៅក្នុងសប្ដាហ៍នេះ៕

ចិន​ចាប់​ផ្ដើម​ផលិត​នាវា​មុជ​ទឹក​ឲ្យ​កងទ័ព​ថៃ តម្លៃ៤១១​លាន​ដុល្លារ

ប៉េកាំង ៖ យោងតាមការប្រកាសរបស់ក្រុមហ៊ុនចិនឈ្មោះ CSIC (China Shipbuilding Industry Corporation) ដែលជាក្រុមហ៊ុនផលិតនាវានាំមុខគេឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមផលិតនាវាមុជទឹក ដែលកងទ័ពជើងទឹកភូមិន្ទថៃបានចុះកិច្ចព្រមព្រៀងទិញនៅក្នុងតម្លៃ៤១១លានដុល្លារ កាលពីឆ្នាំ២០១៧កន្លងទៅ។ ពិធីបើកដំណើរការការផលិតនាវារវាងយោធាថៃ និងយោធាចិន នៅក្នុងទីក្រុង Wuhan ខេត្ត Hubei កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។

កងទ័ពជើងទឹកភូមិន្ទថៃ បានចុះកិច្ចសន្យាជាមួយ CSIC ទិញនាវាមុជទឹកមួយគ្រឿងម៉ាក S26T ដែលអាចដំណើរការដោយសាំង និងអគ្គិសនី នៅអំឡុងខែឧសភា ឆ្នាំ២០១៧ ហើយរំពឹងនឹងត្រូវដឹកមកដល់ទឹកដីថៃ ក្នុងឆ្នាំ២០២៣ខាងមុខ។ នាវាដែលថៃទិញ នឹងអាចផ្ទុករបស់របរដល់ទម្ងន់ ២៦០០តោន ហើយអាចបើកបរក្នុងល្បឿនប្រមាណ ៣៣គីឡូម៉ែត្រក្នុង១ម៉ោង និងស្ថិតនៅក្រោមទឹកបាន ២០ថ្ងៃ។ បន្ថែមពីនេះ វាក៏នឹងត្រូវបានបំពាក់បច្ចេកវិទ្យាអគ្គិសនី និងស្ដាប់សូរសព្ទទំនើបចុងក្រោយគេផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នាវានោះអាចផ្ទុកនូវគ្រាប់បែក និងមីស៊ីលបានចំនួន ១៦គ្រាប់ ព្រមទាំងគ្រាប់មីនដល់ ៣០គ្រាប់។

ដំបូងឡើយ រដ្ឋាភិបាលរបបយោធាថៃ មានគម្រោងទិញនាវាមុជទឹកចំនួន ៣គ្រឿងពីចិន ប៉ុន្តែបន្ទាប់ពីមានមតិរិះគន់ និងជំទាស់ខ្លាំង ទើបកាត់បន្ថយមកត្រឹមការទិញតែ ១គ្រឿងប៉ុណ្ណោះ។ យ៉ាងណាមិញ ការទិញនេះត្រូវបានចាត់ទុកជាការចំណាយថវិកាការពារជាតិធំបំផុតមិនធ្លាប់មានរបស់ថៃ៕

​គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ វាយប្រហារលើប្រទេសជប៉ុន ដែលទើបតែរងគ្រោះ ដោយសារព្យុះទីហ្វុង

(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារលើកោះហុកកៃដូ (Hokkaido) នៃភាគខាងជើងប្រទេស ជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបណ្ដាលឱ្យមានគ្រោះរអិលបាក់ដី ដែលបានបាក់សង្កត់លើផ្ទះជាច្រើនខ្នង និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរជប៉ុន មនុស្ស១០នាក់ បានរងរបួស ហើយក្នុងនោះមានម្នាក់រងរបួសធ្ងន់។ ប៉ុន្តែមិន មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ឡើយ ខណៈផ្ទះជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ គ្រោះរញ្ជួយដីនេះ បានកើត ឡើងនៅម៉ោង ៣៖០៨នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី៦៨គីឡូម៉ែត្រ តែមិនមាន
ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិននោះទេ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រខាងលើ កើតមានឡើងចំពេលដែលប្រទេសជប៉ុន ទើបតែរងគ្រោះ ដោយសារតែខ្យល់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានផ្ដាច់ជីវិតមនុស្ស១១នាក់ និង៦០០នាក់ផ្សេងទៀតរងរបួស នៅក្នុងសប្ដាហ៍នេះ៕

ក្រុមប្រតិភូកូរ៉េខាងត្បូង ប្រគល់សំបុត្រមួយច្បាប់របស់លោក មូន ជែអ៊ីន ឱ្យលោក គីម ជុងអ៊ុន

(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាជាមួយ ក្រុមប្រតិភូពិសេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ជាមួយការប្រគល់សំបុត្រផ្ទាល់ខ្លួនមួយរបស់លោក មូន ជែអ៊ីន ដល់ដៃលោកគីម ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់បានគូសបញ្ជាក់ដូច្នេះថា៖«ក្រុមប្រតិភូ ពិសេស បានជួបពិភាក្សាការងារជាមួយលោកប្រធានគីម ជុងអ៊ុន ដើម្បីប្រគល់សំបុត្រផ្ទាល់ខ្លួនពីលោកប្រធានាធិបតី មូន ជែអ៊ីន និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក»។ ប៉ុន្តែទន្ទឹមគ្នា អ្នកនាំពាក្យរូបនេះ ក៏បានអះអាងដែរថាលទ្ធផលនៃជំនួបនេះនឹងត្រូវ ប្រកាសនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខរបស់លោក មូន គឺលោក Chung Eui-yong បានដឹកនាំក្រុមប្រតិភូពិសេសកូរ៉េខាងត្បូង ធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះក្នុងគោលបំណង បញ្ជាក់ពីកាលបរិច្ឆេកនិងរបៀបវារៈសម្រាប់ជំនួបរវាងលោក គីម និងលោក មូន ដែលគ្រោងនឹងធ្វើឡើងនៅមុនដំណាច់ ខែកញ្ញានេះ៕

ព្យុះទីហ្វុង Jebi វាយប្រហារភាគខាងលិចប្រទេសជប៉ុន ស្លាប់មនុស្ស០៦នាក់

តូក្យូ ៖ អាជ្ញាធរជប៉ុនបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន០៦នាក់បានស្លាប់បាត់បង់ជីវិត និងប្រជាជនច្រើនជាង០១លាននាក់ត្រូវបានជម្លៀស ព្រមទាំងលុបជើងហោះហើរជាច្រើន ខណៈខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Jebi បានវាយប្រហារតំបន់ភាគខាងលិចនៃប្រទេស នៅថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមអាជ្ញាធរជប៉ុន ព្យុះទីហ្វុង Jebi ក៏បានបង្កជាទឹកជំនន់ និងរអិលបាក់ដីផងដែរ ស្របពេលជើងហោះហើរច្រើនជាង៧០០ត្រូវបានលុបចោល ហើយសេវាកម្មផ្លូវដែកមួយចំនួន ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ ជាងនេះទៀត ព្យុះទីហ្វុងមួយនេះ ដែលមានកម្លាំងខ្យល់បក់ ២០៨ គីឡូម៉ែត្រក្នុងមួយម៉ោង ថែមទំាងបានបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារ មួយចំនួនទៀតផង៕

អ្នកនាំពាក្យ​ ៖ ការធ្វើ​បាតុកម្ម​នៅ​អូស្ត្រាលី​មិន​ប៉ះពាល់​ដល់​ការប្រជុំ​សភា​លើកដំបូង​ឡើយ​

រាជធានីភ្នំពេញ ៖ តាមព័ត៌មានទទួលបានគឺមានពលរដ្ឋខ្មែរមួយក្រុមតូចដែលកំពុងរស់នៅ ប្រទេសអូស្ត្រាលីបានប្រមូលប្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដែលខ្លួនកំពុងរស់នៅ កុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយចោទថា រដ្ឋាភិបាលនេះ កើតចេញពីការបោះឆ្នោតក្លែងក្លាយ នឹងបង្កឲ្យមានវិបត្តិសង្គមទៅថ្ងៃអនាគត។

ទន្ទឹមនោះពួកគេបានហែរញត្តិ និងស្រែកបំពងសំឡេង ទាមទារឲ្យដោះលែង អតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា និងទាមទារកុំឲ្យប្រទេសអូស្ត្រាលីបញ្ជូនមន្ត្រីការទូតរបស់ខ្លួនទៅចូលរួមសម័យប្រជុំបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលថ្មីផងដែរ ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការសម្រេចចិត្ត ចូល ឬមិនចូល របស់អង្គទូតឬក៏ភ្ញៀវ មិនប៉ះពាល់ដល់ដំណើរការបង្កើតរាជរដ្ឋាភិបាលថ្មីរបស់ កម្ពុជាទេ។ លោកថា តាមដឹងទូតអាមេរិក និងសភាពអឺរ៉ុបបានជូនដំណឹងថា ពួកគេមិនបានចូលរួមដោយជាប់រវល់កិច្ចការនៅខាងក្រៅ។

ដោយឡែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងដូចគ្នាដែរថា ការទាមទារ របស់ខ្មែរមួយចំនួននៅអូស្ត្រាលីនោះមិនមានឥទ្ធិពលអ្វីដល់ដំណើរការប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៦នោះទេ ហើយក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីនោះដែរ ។ ទន្ទឹមនោះការចូលរួម ឬមិនចូលរួមរបស់អង្គទូត គឺជាការសម្រេចចិត្តរបស់ភ្ញៀវតែប៉ុណ្ណោះ ព្រោះសភានៅតែបន្តកិច្ចប្រជុំ និងបន្តភាពស្របច្បាប់របស់ខ្លួនដដែល៕

គ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ វាយប្រហារលើតំបន់ Xinjiang ភាគអាគ្នេយ៍ប្រទេសចិន

(ប៉េកាំង)៖ មជ្ឈមណ្ឌលបណ្ដាញគ្រោះរញ្ជួយដីចិន (CENC) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ បានវាយប្រហារលើតំបន់ Jiashi ស្ថិតនៅក្នុងខេត្ត Kashgar នៃតំបន់ Xinjiang ភាគអាគ្នេយ៍ប្រទេសចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាម CENC គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី០៨គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរង គ្រោះឬការបំផ្លិចបំផ្លាញនៅឡើយទេ៕

លោក ដូណាល់ ត្រាំ ព្រមានស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ កុំឱ្យបើកការវាយប្រហារលើខេត្ត Idlib

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ រុស្ស៊ី និងអ៊ីរ៉ង់ កុំឱ្យបើកការវាយប្រហារលើខេត្ត Idlib ដ្បិតវាអាចនឹងបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ហើយសហរដ្ឋអាមេរិក ក៏នឹងមិនឈរឱបដៃមើលដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖«រុស្ស៊ី និងអ៊ីរ៉ង់អាចនឹង បង្កកំហុសដ៏ធំមួយក្នុងការចូលរួមក្នុងសោកនាដកម្មមនុស្សជាតិ...ហើយមនុស្សរាប់ពាន់នាក់អាចនឹងត្រូវបានសម្លាប់។ ប៉ុន្តែកុំឱ្យ រឿងបែបនេះកើតឡើងឱ្យសោះ»។

សូមជម្រាបថា ខេត្ត Idlib ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមស៊ីរី មានប្រជាជនស៊ីវិលរស់នៅប្រមាណជា ០៣លាននាក់។ ចំណែកឯ ការព្រមានរបស់លោកត្រាំ កើតមានឡើង ក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងកម្លាំង រដ្ឋាភិបាលស៊ីរី កំពុងរៀបចំការវាយលុកដណ្ដើមយកខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ៕

អ្នកទោស៤០០នាក់ ហែកគុករត់គេចខ្លួន ខណៈអំពើហិង្សាផ្ទុះឡើងកាន់តែក្តៅគគុក នៅក្រុងទ្រីប៉ូលី ប្រទេសលីប៊ី

(ទ្រីប៉ូលី)៖ ទណ្ឌិតប្រមាណ៤០០នាក់ នៅពន្ធនាគារ Ain Zara ក្នុងរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី បានហែកគុករត់គេចខ្លួនបាត់ ខណៈដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ កាន់តែមានភាពតានតឹងឡើង។ នេះបើតាមការឲ្យដឹងពីក្រសួងយុត្តិធម៌លីប៊ី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌លីប៊ី នៅពេលក្រុមអ្នកទោសទាំង៤០០នាក់ បានព្យាយាមរត់ចេញពីពន្ធនាគារ កម្លាំងសន្តិសុខនៃមន្ទីរឃុំឃាំងខាងលើ បានបង្ខំចិត្តអនុញ្ញាតឲ្យពួកគេចេញតាមសម្រួល ដើម្បីបញ្ចៀសការបាត់បង់ជីវិតមនុស្ស ប៉ុន្តែប្រតិបត្តិការតាមស្វែងរកនិងចាប់ខ្លួនអ្នកទោសមកវិញ ក៏កំពុងប្រព្រឹត្តទៅផងដែរ។

គួរជម្រាបថា ពន្ធនាគារ Ain Zara ស្ថិតនៅភាគខាងត្បូងទីក្រុងទ្រីប៉ូលី ដែលបាននិងកំពុងបន្តកើតមាននូវអំពើហិង្សាប៉ះទង្គិចគ្នាដ៏ក្តៅគគុកចាប់តាំងតែពី ដើមសប្តាហ៍មុនមក រវាងកងទ័ពរដ្ឋាភិបាលលីប៊ី និងក្រុមសកម្មប្រយុទ្ធ Seventh Brigade ដែលមកពីទីក្រុង Tarhuna នៅក្បែររដ្ឋធានីលីប៊ី ពោលគឺនៅចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគឦសានក្រុងទី្រប៉ូលី ហើយហេតុការណ៍ប្រយុទ្ធគ្នាទាំងនេះ បានសម្លាប់ជីវិតមនុស្សសរុប៤១នាក់ និងបង្កឲ្យរបួស១២៣នាក់៕

សារមន្ទីរជាតិប្រេស៊ីល មានអាយុកាលជាង២០០ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះ

(ប្រេស៊ីល)៖ សារមន្ទីរជាតិប្រេស៊ីលនៅក្នុងទីក្រុង Rio de Janeiro ដែលមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានគេអគ្គិភ័យឆាបឆេះ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មកទល់នឹងពេលនេះមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬក៏មូលហេតុនៃ អគ្គិភ័យនេះនៅឡើយទេ ខណៈអាជ្ញាធរកំពុងព្រួយបារម្ភខ្លាចក្រែង អគ្គិភ័យនេះបំផ្លាញដល់វត្ថុបុរាណជាង២០លាន ដែលរក្សាទុក នៅក្នុងសារមន្ទីរដ៏ចំណាស់ជាងគេមួយនេះនៅក្នុងប្រទេសប្រេស៊ីល។

គួរបញ្ជាក់ថា សារមន្ទីរខាងលើ ដែលប្រៀបបានដូចជារាជវាំងសម្រាប់គ្រួសាររាជវង្សព័រទុយហ្កាល់ មានអាយុកាលជាង២០០ឆ្នាំ ហើយ ដោយវាត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨១៨មកម្លេះ៕

ទីបំផុត លោក ត្រាំ ព្រមចេញមុខ​បន្ថយកម្តៅ និងកោតសរសើរ​ទំនាក់ទំនង​ជាមួយ គីម ជុងអ៊ុន ខណៈសមយុទ្ធយោធាឡើងវិញគឺគ្មាននោះទេ...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរពីទំនាក់ទំនងដ៏ល្អជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបញ្ជាក់ទៀតថា មិនមានហេតុផលណាមួយក្នុងការធ្វើសមយុទ្ធយោធាឡើងវិញ ជាមួយកូរ៉េខាងត្បូងនោះទេ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

ការលើកឡើងខាងលើរបស់លោក ត្រាំ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកផ្ទាល់បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង និងនៅក្រោយពេលលោក ចេមស៍ ម៉ាត់ទីស (James Mattis) រដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងដំណើរការឡើងវិញ នូវការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ ដែលពិតណាស់គឺជាការដុតកម្តៅកូរ៉េខាងជើង។

សេតវិមានបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ ជឿជាក់លើទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយលោក គីម ជុងអ៊ុន ហើយលោកយល់ថា មិនមានហេតុផលណាមួយ ក្នុងការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្នុងពេលនេះឡើយ...ប៉ុន្តែបើលោកចង់ សមយុទ្ធយោធាអាចនឹងត្រូវធ្វើឡើងគ្រប់ពេលវេលា»។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោក ដូណាល់ ត្រាំ ក៏បានបន្ទោសទីក្រុងប៉េកាំងជាថ្មីផងដែរថា មិនបានជួយសហរដ្ឋអាមេរិកនោះទេ តែបែរជានៅតែលួចផ្ដល់ជំនួយក្នុងនោះមានទាំង លុយ ប្រេងឥន្ធនៈ និងជំនួយដទៃៗទៀតឱ្យទីក្រុងព្យុងយ៉ាង ដែលទង្វើទាំងនេះហើយជាមូលហេតុបណ្ដាលឱ្យប៉ះពាល់ដល់ភាពជឿនលឿនក្នុងការរំសាយអាវុធនុយក្លេអ៊ែរ៕

លោក ដូណាល់ ត្រាំ ទប់ចិត្តមិន​បានក៏ចេញ​មុខព្រលះ Google, Facebook និង Twitter ដោយ​ចោទថា ក្រុមហ៊ុនទាំងនេះលើកស្ទួយ​តែព័ត៌មានអាក្រក់ៗ​ពី​លោក!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានក៏ដូចជាចោទប្រកាន់ផងដែរថា ក្រុមហ៊ុន Google, Facebook និង Twitter មានភាពលម្អៀងខាងនយោបាយ តាមរយៈការលើកកម្ពស់តែព័ត៌មានមានភាពអវិជ្ជមានប្រឆាំងនឹងរូបលោកដូចជាការចុះផ្សាយរបស់ CNN នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់លើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះយ៉ាងដូច្នេះថា «ក្រុមហ៊ុន Google ពិតជាកំពុងទាញ ប្រយោជន៍ពីប្រជាជនរបស់យើង... ហើយជាការពិតណាស់ Google Facebook និង Twitter ពួកគេកំពុងបង្កបញ្ហាជាពិសេសគឺ ការលើកកម្ពស់តែព័ត៌មានមានភាពអវិជ្ជមានប្រឆាំងតែនឹងរូបខ្ញុំ ដូចជាអ្វីដែល CNN ធ្លាប់បានធ្វើហើយដែលនេះ គឺជាការអនុវត្តខុសច្បាប់... ដូច្នេះហើយពួកគេគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបានបង្ហាញភស្ដុតាងដើម្បីការពារការលើកឡើងរបស់លោកឡើយ ខណៈក្រុមហ៊ុន Google បានច្រានចោលការចោទប្រកាន់របស់លោក ត្រាំ រីឯ Facebook និង Twitter ក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយនោះដែរ៕

សហរដ្ឋអាមេរិក​អំពាវនាវឲ្យប្រមុខ​ដឹកនាំយោធាកំពូលៗ​មីយ៉ាន់ម៉ា បង្ហាញខ្លួន​ចំពោះ​មុខតុលាការ​អន្តរជាតិ ពាក់ព័ន្ធ​បញ្ហាជនជាតិ​ដើមរ៉ូហ៊ីងយ៉ា!

(ញូយ៉ក)៖ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ បានអំពាវនាវឱ្យថ្នាក់ដឹកនាំយោធាកំពូលៗរបស់មីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា បង្ហាញខ្លួននៅចំពោះមុខតុលាការអន្តជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត UN បានជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខ យកសំណុំរឿងការសម្លាប់រង្គាល ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡើងតុលាការឧក្រិដ្ឋកម្មអន្តជាតិ ទីក្រុងឡាអេ ឬក៏បង្កើតតុលាការអន្តរជាតិដូចធ្លាប់ បានធ្វើលើអតីតសាធារណរដ្ឋយ៉ូហ្គោស្លាវី។

នៅឯក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley ក៏បានបង្ហាញការគំាទ្រផងដែរ ក្នុងការនាំយកអ្នកទទួលខុសត្រូវ លើការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា ឡើងតុលាការអន្តរជាតិផងដែរ។ លោកស្រី Haley បានលើកឡើងយ៉ាងដូច្នេះថា «ការពិតនៃការបោសសំអាតជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា គួរតែត្រូវបានលាតត្រដាង... ហើយក្រុមប្រឹក្សាសន្តិសុខត្រូវតែនាំខ្លួនអ្នកទទួលខុសត្រូវលើអំពើហិង្សា ឱ្យមកទទួលខុស ត្រូវចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត»។

សូមជម្រាបថា កាលពីថ្ងៃចន្ទ ក្រុមអ្នកស៊ើបអង្កេត UN បានចេញផ្សាយរបាយការណ៍ថ្មីមួយដោយចោទប្រកាន់ មេដឹកនាំយោធា មីយ៉ាន់ម៉ាចំនួន០៦រូប ក្នុងនោះរួមមានទំាងប្រមុខយោធា លោក Min Aung Hlaing គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាល ជនជាតិរ៉ុហ៊ីងយ៉ា និងគួរតែត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍។

តែយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី និងក្រុមយោធា បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយដោយអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងរដ្ឋ Rakhine ធ្វើឡើងដើម្បីការពារជនស៊ីវិលតែប៉ុណ្ណោះ ខណៈជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រូវបានសម្លាប់ និងច្រើនជាង ៧០០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស។ អំពើហិង្សានៅក្នុងរដ្ឋ Rakhine បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាលមីយ៉ាន់ម៉ាចោទថា ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានបើកការវាយប្រហារលើកងកម្លាំងសន្តិសុខរបស់ខ្លួន៕

នៅសប្ដាហ៍ក្រោយនេះ! រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចជាលើកទី៤ ទៅកាន់កូរ៉េខាងជើង

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ ដើម្បីបន្តកិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

លោក ប៉ុមប៉េអូ ក៏បានប្រកាសតែងតាំងអនុប្រធានក្រុមហ៊ុន Ford លោក Stephen Biegun ជាបេសកជនពិសេសអាមេរិក
សម្រាប់កូរ៉េខាងជើងផងដែរ ដោយថែមទាំងនិយាយទៀតថា អ្នកទាំងនឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងជាមួយគ្នា។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់នៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដូច្នេះថា៖ «លោក Stephen នឹងដឹកនាំ គោលនយោបាយអាមេរិកចំពោះកូរ៉េខាងជើង ក៏ដូចជាប្រឹងប្រែងសម្រេចឱ្យបាននូវវត្ថុបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើ ឧបទ្វីបកូរ៉េ...ហើយគាត់ និងខ្ញុំនឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាមួយគ្នានៅសប្ដាហ៍ក្រោយ»។

គួរបញ្ជាក់ថា លោក ប៉ុមប៉េអូ មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេកជាក់នៃដំណើរទស្សនកិច្ចនៅសប្ដាហ៍ក្រោយនេះទេ ប៉ុន្តែដំណើរ ទស្សនកិច្ចលើកនេះនឹងក្លាយជាលើកទីបួនដែលរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ យកជើងជាន់ទឹកដីកូរ៉េខាងជើងក្នុងឆ្នាំ២០១៨ នេះ៕

​ឥណ្ឌាបដិសេធជំនួយ១០០លានដុល្លារពីអេមីរ៉ាត អារ៉ាប់រួម សម្រាប់រដ្ឋ Kerala

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានច្រានចោលជំនួយ ១០០លានដុល្លារ របស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម សម្រាប់មូលនិធិពិសេស ជួយដល់រដ្ឋ Kerala ដែលបាននិងកំពុងរងគ្រោះដោយសារទឹកជំនន់ដ៏មហាប្រល័យ ដែលបានផ្ដាច់ជីវិតប្រជាជនឥណ្ឌាច្រើនជាង ៤០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

ការបដិសេធជំនួយនេះកើតមានឡើង ខណៈក្រុមមន្ត្រីនៅក្នុងរដ្ឋ Kerala បានអំពាវនាវកញ្ចប់ជំនួយ ៣៧៥លានដុល្លារ ពីរដ្ឋាភិបាលទីក្រុងញូដេលី។ ចំណែកឯ ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃពុធសប្ដាហ៍នេះ មិនបានបញ្ជាក់ពីហេតុផលនោះទេ ដោយគ្រាន់តែបង្ហាញក្ដីរីករាយចំពោះការសន្យាផ្ដល់ជំនួយពីបណ្ដាប្រទេសជាច្រើន។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ មួយចំនួនយល់ថារដ្ឋាភិបាលឥណ្ឌាបដិសេធជំនួយរបស់បរទេស គឺដើម្បីបង្ហាញថាទីក្រុងញូដេលីមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ដោះស្រាយបញ្ហាដោយខ្លួនឯង។

សូមជម្រាបថា គ្រោះទឹកជំនន់នៅក្នុងរដ្ឋ Kerala ចាប់តាំងពីខែមិថុនា បានផ្ដាច់ជីវិតកើនដល់៤២០នាក់ និង១.៣៤លាននាក់ កំពុងស្នាក់នៅតាមជម្រកបណ្ដោះអាសន្នជាង ៣៣០០កន្លែង នៅទូទាំងរដ្ឋមួយនេះ៕

ចិន​ទម្លាក់ការ​នាំចូលធ្យូងថ្ម​របស់សហរដ្ឋ​អាមេរិក

ប៉េកាំង ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់ នៃក្រុមហ៊ុនពាណិជ្ជកម្មធ្យូងថ្មធំមួយរបស់ចិន បានប្រាប់ថា ចិនបានបញ្ឈប់ការនាំចូលធ្យូងថ្មរបស់អាមេរិក កាលពីចុងខែកក្កដា ហើយចិនបានងាកទៅរកប្រភពនាំចូល ៣ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT។

ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អនុវត្តការដំឡើងពន្ធលើផលិតផលចិន ស្មើនឹងទឹកប្រាក់១៦ពាន់លានដុល្លារ កាលពីថ្ងៃអង្គារកន្លងទៅ។ អ្នកគ្រប់គ្រងជាន់ខ្ពស់ដដែល បានបន្តថា ចិននឹងងាកទៅរកការផ្គត់ផ្គង់ធ្យូងថ្មពីប្រភពក្នុងស្រុក ឬ ប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី។

សូមជម្រាបថា ការនាំចេញធ្យូងថ្មរបស់អាមេរិក បានហក់ឡើងយ៉ាងខ្លាំងក្នុងអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បើតាមទិន្នន័យរដ្ឋបាលព័ត៌មានថាមពលអាមេរិក បានឲ្យដឹងថា ការនាំចេញធ្យូងថ្មបានកើនឡើង ៦១% ក្នុងឆ្នាំ២០១៧។ ក្នុងនោះ ឥណ្ឌាជាអ្នកនាំចូលធ្យូងថ្មអាមេរិក ធំបំផុត ដើម្បីប្រើប្រាស់ក្នុងការផលិតអគ្គិសនី ពង្រីកការផ្គត់ផ្គង់ក្នុងស្រុក៕

ថៃអញ្ជើញពាណិជ្ជករខ្មែរ ទៅចូលរួមក្នុងពិព័រណ៍តាំងបង្ហាញទំនិញ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ និងគ្រឿងសង្ហារឹម នៅក្រុងបាងកក នៅខែតុលា !

(ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មថៃ បានអញ្ជើញពាណិជ្ជករខ្មែរ ដើម្បីទៅចូលរួមទស្សនាពិព័រណ៍ STYLE: ASIA'S MOST STYLISH FAIR នៅទីក្រុងបាងកក រយៈពេល៥ថ្ងៃ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ STYLE: ASIA'S MOST STYLISH FAIR ចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ។ នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញ សម្លៀកបំពាក់ ផលិតផលធ្វើពីស្បែក វត្ថុអនុស្សាវរីយ៍ សម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារឹម។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា «ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ទៅទស្សនាពិព័រណ៍ STYLE: ASIA'S MOST STYLISH FAIR តាមកម្មវិធីដូចបានជម្រាបជូនខាងលើ»៕

មនុស្សស្លាប់កើនដល់៣៧០នាក់ និង៧០០,០០០នាក់ ត្រូវជម្លៀសពីគ្រោះទឹកជំនន់នៅឥណ្ឌា

(ញូដេលី)៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃចន្ទនេះ បានអះអាងថាចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់នៅរដ្ឋ Kerala ភាគខាងត្បូង ប្រទេសឥណ្ឌា បានកើនដល់៣៧០នាក់ ខណៈមនុស្សច្រើនជាង ៧០០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

ប្រជាជនឥណ្ឌា ៧២៥,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្តោះអាសន្នជាង១,៥០០កន្លែង ដែលត្រូវបានរៀបចំ ឡើងនៅទូទាំងរដ្ឋ ស្របពេលមនុស្សជាច្រើននាក់ថែមទៀត កំពុងត្រូវជួយសង្រ្គោះចេញពីលំនៅឋានលិចទឹករបស់ពួកគេ។

ជាមួយគ្នានេះ កងកម្លាំងទាំងជើងគោក ជើងទឹក និងជើងអាកាស នៃប្រទេសឥណ្ឌា ត្រូវបានបង្គាប់ឲ្យចូលរួមសង្រ្គោះជីវិតប្រជាជន នៅរដ្ឋ Kerala ដែលកំពុងប្រឈមនឹងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ ក្នុងនោះមានការប្រើប្រាស់ ឧទ្ធម្ភាគចក្រ៦៧គ្រឿង យន្តហោះ២៤គ្រឿង កាណូត៥៤៨គ្រឿង ព្រមទាំងកងទ័ពរាប់ពាន់នាក់។

គួរជម្រាបថា ក្នុងអំឡុងនៃការធ្វើទស្សនិច្ចទៅកាន់រដ្ឋខាងលើ និងសួរសុខទុក្ខជនរងគ្រោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ក៏បានប្រកាសទម្លាក់កញ្ចប់ថវិកាជំនួយប្រមាណ៧៥លានដុល្លារភ្លាមៗ បន្ថែមពីលើថវិការបស់រដ្ឋាភិបាលកណ្តាលចំនួន១៥លានដុល្លារ ដើម្បីជួយដល់រដ្ឋ Kerala ផងដែរ៕

ឧទ្ធម្ភាគចក្រយោធារុស្ស៊ី Mi-26T2V ហោះហើរសាកល្បងជាលើកដំបូង ក្រោយដំឡើងសមត្ថភាពហើយថ្មីៗ

(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រយោធាធុន Mi-26T2V ដែលអភិវឌ្ឍន៍ឡើងសម្រាប់កងទ័ពអាកាសនៃប្រទេសរុស្ស៊ី បានធ្វើការហោះហើរតេស្តជាលើកដំបូង ក្រោយពីត្រូវបានដំឡើងសមត្ថភាពហើយថ្មីៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

ឧទ្ធម្ភាគចក្រខាងលើ ដែលផលិតឡើងដោយក្រុមហ៊ុនរ៉ូស្វឺតុល (Rosvertol) នឹងត្រូវដាក់តាំងបង្ហាញនាពេលឆាប់ៗ ក្នុងពិព័រណ៌យោធានិងបច្ចេកទេសអន្តរជាតិឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី២១ដល់ទី២៦។ ឧទ្ធម្ភាគចក្រនេះ នឹងត្រូវប្រគល់ជូនទៅកាន់យោធារុស្ស៊ី នៅក្រោមកម្មវិធីផ្គត់ផ្គង់សព្វាវុធរបស់រដ្ឋ សម្រាប់ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧។

គួរជម្រាបថា ឧទ្ធម្ភាគចក្រ Mi-26T2V ដែលទើបត្រូវបានបង្កើនសមត្ថភាពនេះ អាចសន្តោងឥវ៉ាន់ធ្ងន់ៗ និងដឹកជញ្ជូនកងទ័ពបានយ៉ាងមានប្រសិទ្ធភាព ហើយវាក៏មានលទ្ធភាពការពារខ្លួនប្រឆាំងនឹងគ្រាប់មីស៊ីលជាច្រើនប្រភេទផងដែរ៕

ទីបំផុត! ពិធីជួបជុំគ្រួសារកូរ៉េ ដែលព្រាត់ប្រាសគ្នាក្នុងសម័យសង្រ្គាម បានចាប់ផ្ដើមហើយ

(សេអ៊ូល)៖ គ្រួសារកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រមាណ១៨០នាក់ ដែលបានព្រាត់ប្រាសគ្នាតាំងតែពីសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) មក នឹងត្រូវជួបគ្នាក្នុងរយៈពេលដ៏ខ្លីមួយនៅថ្ងៃចន្ទនេះ នៅលើទឹកដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

ពិធីជួបជុំមានរយៈពេលមួយសប្ដាហ៍នេះ នឹងចាប់ផ្ដើមធ្វើឡើងនៅឯតំបន់ទេសចរណ៍ភ្នំ Kumgang របស់កូរ៉េខាងជើង នៅម៉ោង ០៣ រសៀលនេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសា កន្លងទៅ។ មួយវិញទៀត បើតាមយ៉ុនហាប់ គ្រួសារកូរ៉េខាងត្បូងច្រើនជាង៥៧,០០០នាក់ ដែលនៅរស់រាន្តមានជីវិតពីសម័យសង្គ្រាម បានចុះឈ្មោះដើម្បីចូលរួម ក្នុងពិធីនេះ ប៉ុន្តែមានតែ៨៩នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងជុំទីមួយនៃពិធីជួបជុំគ្រួសារកូរ៉េ។

សូមជម្រាបថា ខាងភាគីគ្រួសារកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមក្នុងពិធីជួបជុំ ដែលមានរយៈពេលត្រឹម១១ម៉ោង គឺមានអាយុ ចន្លោះពី៧០ រហូតដល់១០១ឆ្នាំ។ ប៉ុន្តែ ពិធីជួបជុំរបៀបនេះតែងតែបញ្ចប់ទៅជាមួយការបន្សល់ទុកនូវភាពសោកសៅ និងការនឹក រលឹកគ្នាពោញដោយភាពឈឺចាប់។ ពិធីជួបជុំលើកទីមួយនឹងត្រូវធ្វើឡើងពីថ្ងៃចន្ទ ដល់ថ្ងៃពុធ រីឯលើកទីពីរនឹងត្រូវប្រព្រឹត្តទៅពី ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ៕

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចជាលើកទីបួន ទៅកាន់កូរ៉េខាងជើងឆាប់ៗនេះ

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ជាលើកទី០៤ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

លោក Bolton ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាលោករដ្ឋមន្ត្រីការបរទេស Pompeo នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងជើងជាលើកទី០៤ក្នុងពេលឆាប់ៗនេះ...ហើយខ្ញុំក៏គិតដែរថាកាលបរិច្ឆេកនៃដំណើរទស្សនកិច្ចនេះនឹងត្រូវបានប្រកាសនៅ ពេលវេលាសាកសមណាមួយដោយក្រសួងការបរទេសអាមេរិក»។

គួរបញ្ជាក់ថា លោក Mike Pompeo បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន០៣លើក រួចមកហើយ កាលពីខែមេសា ឧសភា និងខែកក្កដាកន្លងទៅ ចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨នេះមក៕