បណ្តាញសង្គម

កូរ៉េខាងត្បូង​ស្នើ យូ អិន ជួយ​អង្កេត​គម្រោង​បិទ​កន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

សេអ៊ូល ៖ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម អ៊ុយគ្យឹម (Kim Eui-kyeom) បានថ្លែងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឱ្យអង្គការសហប្រជាជាតិចូលរួមអង្កេតលើគម្រោងបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក គីម អ៊ុយគ្យឹម (Kim Eui-kyeom) បានឱ្យដឹងថា លោក មូន បានពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេលកន្លះម៉ោង ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នៅថ្ងៃអង្គារ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣កាលពីសប្ដាហ៍មុន។ បន្ថែមពីលើនេះ លោក មូន ក៏បានប្រាប់លោក Guterres ផងដែរថា លោក គីម ជុងអ៊ុន សន្យាថា នឹងបង្ហាញពីតម្លាភាពក្នុងការបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri ដល់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រួមទាំងសហគមន៍អន្តរជាតិទាំងមូល។ ជាការឆ្លើយតប លោក Guterres បាននិយាយថា លោកមានបំណងសហការក្នុងការអង្កេតការណ៍ស្នើឡើងដោយ លោក មូន ហើយលោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយផ្សះផ្សា ក៏ដូចជាស្វែងរកសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ៕

សាធារណរដ្ឋ​ដូ​មី​នី​ក​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ ហើយ​ងាក​មករក​ចិន​វិញ

ចិន ៖ រដ្ឋាភិបាលសាធារណរដ្ឋដូមីនីកបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងតែបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន និងផ្ដាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ហើយនឹងទទួលស្គាល់កោះតៃវ៉ាន់ថា ជាដែនដីរបស់ចិនដែលមិនអាចកាត់ផ្ដាច់បាន។ នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងសមភាគីដូមីនីកបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតចំណងទំនាក់ទំនងការទូតនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះ ប្រទេសទាំង២បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងដោយស្របតាមការចង់បាន និងផលប្រយោជន៍នៃប្រជាពលរដ្ឋរបស់ប្រទេសទាំង២ និងបានថា ជាលទ្ធផលសាធារណរដ្ឋដូមីនីកនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ ទាក់ទងរឿងរ៉ាវខាងលើនេះកោះតៃវ៉ាន់បានថ្កោលទោសភ្លាមៗចំពោះសកម្មភាពនោះដោយបានហៅទំនាក់ទំនងការទូតនោះថាជាទំនាក់ទំនងការទូតប្រើប្រាស់ឥទ្ធិពលលុយរបស់ចិន ហើយបានប្រកាសថាខ្លួននឹងបញ្ចប់ទំនាក់ទំនងជាមួយសាធារណរដ្ឋដូមីនីកភ្លាមៗរួមទាំងគម្រោង និងជំនួយទាំងអស់ដែលផ្ដល់ទៅដល់ប្រទេសមួយនេះ។ សូមជម្រាបថា កោះតៃវ៉ាន់ត្រូវបានទទួលស្គាល់ថា ជារដ្ឋអធិបតេយ្យដោយប្រទេសតែចំនួន១៩ប៉ុណ្ណោះដែលភាគច្រើនជាប្រទេសតូចៗកំពុងអភិវឌ្ឍន៍៕

អ្នកកាសែត​៨​នាក់ ក្នុងចំណោម​អ្នកស្លាប់​២៩​នាក់ ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​កា​ប៊ុល

កាប៊ុល ៖ អ្នកសារព័ត៌មាន០៨នាក់ដែលមកពីទីភ្នាក់ងារ AFP និង Aljazeera ក្នុងចំណោមមនុស្សស្លាប់២៩នាក់ ខណៈដែល៤៥នាក់ផ្សេងទៀតរងរបួសក្នុងករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនៗគ្នាចំនួន២លើកនៅកណ្តាលរដ្ឋធានីកាប៊ុល។ នេះបើតាមសារព័ត៌មាន CNN។ បើតាមការអះអាងពីក្រុមមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មនុស្សយ៉ាងតិច២៩នាក់ រួមទាំងជនដៃដល់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួនពីរលើកនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅទីក្រុងកាប៊ុល) ក្នុងរដ្ឋធានីរបស់អាហ្វហ្គានីស្ថាន។ ករណីបំផ្ទុះគ្រាប់បែកលើកទីមួយ បានកើតឡើងនៅក្នុងតំបន់ ហ្សាសដារ៉ាក (Shashdarak) ជាទីដែលស្ថានទូតអាមេរិក និងអគារផ្សេងៗទៀតរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានតាំងនៅ ជាហេតុបណ្តាលឲ្យក្រុមអ្នកសារព័ត៌មាន ធ្វើការរួសរាល់ទៅកាន់កន្លែងកើតហេតុ។ ករណីទីពីរបានកើតឡើងនាប្រមាណជា ៤០នាទីក្រោយមក នៅពេលដែលជនដៃដល់ ដែលបានក្លែងបន្លំខ្លួនជាអ្នកកាន់កាមេរ៉ាព័ត៌មាន បានចុះបំផ្ទុះខ្លួនរបស់គេ នៅក្នុងចំណោមក្រុមអ្នកកាសែត ដែលបានប្រមូលផ្តុំគ្នាដើម្បីយកព័ត៌មាននៅជុំវិញកន្លែងកើតហេតុ។ ជាលទ្ធផលអ្នកកាសែត ០៨នាក់ ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់ ដែលអ្នកទាំងអស់នោះ មានប្រភពមកពីបណ្តាញសារព័ត៌មានខុសៗគ្នា។ ហើយក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាទង្វើរបស់ខ្លួន៕

ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការបញ្ជាទិញ​របស់​ចិន​ធ្លាក់ចុះ​ក្នុង​ខែមេសា

ប៉េកាំង ៖ ការិយាល័យស្ថិតិជាតិចិនបាននិយាយកាលពីម្សិលមិញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៅក្នុងវិស័យផលិតកម្មរបស់ប្រទេសចិនមានចំនួន៥១.៤%នៅក្នុងខែមេសា ដោយបានធ្លាក់ចុះចំនួន០.១%បើធៀបទៅនឹងខែមុន។ ការិយាល័យស្ថិតិជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា បើទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចយ៉ាងណាក៏ដោយ, ក៏តួលេខនៅក្នុងខែមេសានេះនៅតែខ្ពស់ជាងមធ្យមភាគ៥១%នៅក្នុងត្រីមាសដំបូង និង៥១.២ %នៅក្នុងខែមេសា ឆ្នាំ២០១៧។ រីឯសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញសម្រាប់សហគ្រាសខ្នាតតូច, មធ្យម និងធំបានកើនឡើងក្នុងរយៈពេល២ខែជាប់គ្នា ដែលជាការបង្ហាញថា អត្ថប្រយោជន៍នៃការលើកទឹកចិត្តផ្នែកពន្ធដាររបស់ប្រទេសចិន និងគោលការណ៍អនុគ្រោះផ្សេងទៀតសម្រាប់អាជីវកម្មត្រូវបានចែកចាយប្រកបដោយប្រសិទ្ធិភាព។ ស្របពេលជាមួយគ្នានោះ ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិនក៏បានបង្ហាញផងដែរថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញមិនមែនផលិតកម្មបានកើនឡើងពី៥៤.៦%នៅក្នុងខែមីនា មក៥៤.៨%នៅក្នុងខែមេសា៕

អង់គ្លេស បារាំង និង អាល្លឺម៉ង់ ឯកភាពគ្នា​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា មេ និយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី២៩មេសាថា អង់គ្លេស បារាំង និង អាល្លឺងម៉ង់ បានឯកភាពគ្នាថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ឈប់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា លោកស្រីមេបានតេទូរស័ព្ទជាមួយប្រធានាធិបតីបារាំង អេមម៉ានូអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកស្រីអ៊ែនជែលឡា មឺគែល កន្លែងដែលពួកគេបានយល់ស្របថាកិច្ចព្រមព្រៀងនេះអាចនឹងត្រូវពង្រីកដើម្បីគ្របដណ្ដប់លើផ្នែកផ្សេងទៀត ដូចជា មីស៊ីលឆ្លងទ្វីប តើនឹងមានអ្វីកើតឡើងនៅពេលកិច្ចព្រមព្រៀងផុតកំណត់ និងសកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍បាននិយាយថា “ពួកគេបានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នានិងជាមួយសហរដ្ឋអាមេរិកលើរបៀបដោះស្រាយបញ្ហាប្រឈមដែលអ៊ីរ៉ង់បង្កឡើង រួមទាំងបញ្ហានានាដែលកិច្ចព្រមព្រៀងថ្មីអាចគ្របដណ្តប់បានផងដែរ” ។ ការឯកភាពគ្នានេះកើតមានឡើង ខណៈការផុតកំណត់ជិតមកដល់នៅខែក្រោយសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តថាតើត្រូវស្តារទណ្ឌកម្មសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញឬអត់។ លោកត្រាំបានរិះគន់កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលបានលុបចោលនូវការដាក់ទណ្ឌកម្មរបស់លោកខាងលិចមួយចំនួនមកលើអ៊ីរ៉ង់ដើម្បីជាថ្នូរសម្រាប់ការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ក្រុម​អង្គការ​សហប្រជាជាតិ​ទៅដល់​បង់​ក្លា​ដែស​ដើម្បី​ពិនិត្យមើល​វិបត្តិ​ជន​រ៉ូ​ហ៊ីង​យ៉ា​

ក្រុមមួយមកពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងធ្វើទស្សនកិច្ចបង់ក្លាដែសនិងកាលពីថ្ងៃអាទិត្យទី២៩មេសាបានសន្យាខិតខំធ្វើការដើម្បីដោះស្រាយបញ្ហារបស់ជនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ដែលបានភៀសខ្លួនចូលក្នុងប្រទេសដើម្បីគេចចេញពីអំពើហិង្សាដឹកនាំដោយយោធានៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ា។ ពួកអ្នកការទូត ដែលបានទៅមើលជំរំនិងចំណុចព្រំដែន កន្លែងដែលជនរ៉ូហ៊ីងយ៉ាប្រមាណ៧០០.០០០នាក់កំពុងស្នាក់អាស្រ័យ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ពួកគេគឺដើម្បីត្រួតមើលសភាពការណ៍ជាមុន។ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោកឌីមីទ្រី ប៉ូលយ៉ានស្គី បាននិយាយថា លោកនិងសមាជិកក្រុមនឹងមិនមើលរំលងវិបត្តិនេះទេបន្ទាប់ពីដំណើរចុះពិនិត្យនេះទៅ ទោះជាយ៉ាងណាលោកបានព្រមានថាមិនមានដំណោះស្រាយស្រួលៗទេ។ លោកបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅជំរំជនភៀសខ្លួនមួយក្នុងទីប្រជុំជនខុកស៍ បាហ្សា ថា”ចាំបាច់ត្រូវមកមើលអ្វីៗនៅទីនេះ នៅបង់ក្លាដែសនិងមីយ៉ាន់ម៉ា។តែមិនមានដំណោះស្រាយងាយស្រួលទេ”។ ពួកអ្នកការទូតត្រូវបញ្ចប់ដំណើររបស់គេនៅបង់ក្លាដែសនៅថ្ងៃចន្ទ មុនបន្តដំណើរទៅមីយ៉ាន់ម៉ា។ សូមបញ្ជាក់ថា ការផ្អើលនាំគ្នាភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស បន្ទាប់ពីពួកបះបោររ៉ូហ៊ីងយ៉ាបានធ្វើការវាយប្រហារជាបន្តបន្ទាប់កាលពីថ្ងៃ២៥សីហាឆ្នាំមុនលើប៉ុស្តិ៍សន្តិសុខតាមព្រំដែន និងគោលដៅផ្សេងទៀតប្រមាណ៣០ ជាហេតុបង្ខំអោយយោធាមីយ៉ាន់ម៉ា ធ្វើការបង្ក្រាបយ៉ាងខ្លាំងក្លារហូតដល់មន្ត្រីអង្គការសហប្រជាជាតិនិងអាមេរិកចោទប្រកាន់អាជ្ញាធរក្រុងណៃពីដោថា “ធ្វើការបោសសម្អាតជាតិសាសន៍” បន្ទាប់ពីមានរបាយការណ៍អំពីការចាប់រំលោភ សម្លាប់ ធ្វើទារុណកម្មនិងដុតផ្ទះពួករ៉ូហ៊ីងយ៉ា ពីសំណាក់យោធាមីយ៉ាន់ម៉ា។ ពួកអ្នកការទូត ផ្សំដោយតំណាងមកពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ បាននិយាយទៅកាន់ជនភៀសខ្លួន រួមទាំងជនរងគ្រោះពីការចាប់រំលោភ។ពួកជនភៀសខ្លួនកំពុងស្នើសុំអោយមានការការពារពីអង្គការសហប្រជាជាតិក្នុងពេលវិលទៅកាន់ភូមិស្រុកនៅឯមីយ៉ាន់ម៉ាវិញ។ សូមបញ្ជាក់ថាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិងបង់ក្លាដែលកាលពីពេលថ្មីៗបានសំរេចកិច្ចព្រមព្រៀងមួយដែលធានាថា ដំណើរការនៃការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញត្រូវតែ” សុវត្ថិភាព ដោយស្ម័គ្រចិត្តនិងដោយសេចក្តីថ្លៃថ្នូរ…ស្រមតាមស្តង់ដាអន្តរជាតិ”៕

ចិន​បញ្ចេញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​”​ជន​ពិឃាត​កោះ​ហ្កា​ម​” ស្រប​ពេល​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់​

កងទ័ពអាកាសចិនបាននិយាយថា យន្តហោះចម្បាំង យន្តហោះស៊ើបការណ៍ និងយន្តហោះទម្លាក់គ្រាប់បែកច្រើនគ្រឿងរបស់ចិនបានចូលរួមនៅក្នុង”សមយុទ្ធហ្វឹកហាត់ប្រយុទ្ធ”នៅជិតកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃការហ្វឹកហាត់ជាបន្តបន្ទាប់ដើម្បីពង្រឹងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ ដោយនិយាយនៅសន្និសីទកាសែតមួយ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយាថាយោធាចិនបានដាក់ឱ្យប្រើប្រាស់មីស៊ីលឆ្លងទ្វីប” DF-26 ” ឬ ហៅថា ” Guam killer ” ដោយមានសមត្ថភាពក្នុងការវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅសមុទ្រប៉ាស៊ីហ្វិក ។ លោក Wu Qian បាននិយាយថា ប្រតិបត្តិការជាបន្តបន្ទាប់ដែលយើងកំពុងធ្វើគឺដើម្បីប្រឆាំងនឹងកង កម្លាំងឯករាជ្យតៃវ៉ាន់ និងសកម្មភាពនៅកោះនេះ។គោលបំណងនៃការធ្វើប្រតិបត្តិការទាំងនេះ គឺដើម្បីរារាំង កុំឱ្យផែនការរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ ធ្វើឱ្យខូចប្រយោជន៍ដល់ប្រជាជនតៃវ៉ាន់។ បើសិនជាកងកម្លាំងឯករាជ្យនេះ នៅតែបន្តធ្វើសកម្មភាពនោះ យើងនឹងចាត់វិធានការបន្ថែមទៀត “។ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានស្តីបន្ទោសការធ្វើសមយុទ្ធទាំងនេះនៅកោះតៃវ៉ាន់ ដោយហៅការធ្វើសមយុទ្ធទាំងនោះថាជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការបង្កហេតុនានារបស់ខ្លួននោះ រដ្ឋាភិបាលក្រុងតៃប៉ិ បានចោទប្រកាន់ចិនថាជា “កំពុងបង្កការគំរាមកំហែងយោធា” ៕

លោក ផុ​ម​ផូ ស្បថ​កាន់តំណែង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក

អតីតប្រធាន CIA លោក ម៉ៃ ផុមផូ (Mike Pompeo) បានស្បថចូលកាន់តំណែងជាអ្នកការទូតជាន់ខ្ពស់របស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៦មេសា បន្ទាប់ពីបានតស៊ូយ៉ាងក្លៀវក្លាជុំវិញកិត្តិនាមជាមនុស្សរឹងរូសរបស់គាត់ ហើយភ្លាមៗបានចាប់ផ្តើមបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបនិងមជ្ឈិមបូព៌ា ដោយមានការប្រកាសគាំទ្រយ៉ាងពេញទំហឹងពីលោកប្រធានាធិបតីដូណាល់ ត្រាំ។ លោកផុមផូបានយកឈ្នះលើការជំទាស់យ៉ាងខ្លាំងនៅក្នុងព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យ ដែលបានព្រមានថា គាត់នឹងបន្ថែមសាំងលើគោលនយោបាយដ៏គឃ្លើនរបស់លោកត្រាំ។ ប៉ុន្តែទីបំផុតអតីតនិស្សិតនៅសាកលវិទ្យាល័យ West Point អាយុ ៥៤ ឆ្នាំ និង ជាអតីតសមាជិកសភារូបនេះ បានផ្តួលអ្នករិះគន់យ៉ាងងាយស្រួល ដោយអាចទទួលបានការបញ្ជាក់ពីព្រឹទ្ធសភាក្នុងការបោះឆ្នោតគាំទ្រក្នុងសំឡេង ៥៧ ទល់ ៤២។ គ្រាន់តែជាងមួយម៉ោងក្រោយមក លោកបានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ដោយចៅក្រមតុលាការយុត្តិធម៌កំពូល លោក សាមូអែល អាលីតូ នៅសេតវិមាន។ ក្រសួងការបរទេសភ្លាមៗបានប្រកាសថា លោកផុមផូ នឹងដឹកនាំគណៈប្រតិភូអាមេរិកទៅកាន់កិច្ចចរចារដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូនៅក្នុងទីក្រុងព្រុចសែលនៅថ្ងៃសុក្រទី២៧មេសា ហើយនឹងបន្តដំណើរទៅកាន់អ៊ីស្រាអែល ហ្ស៊កដានី និងអារ៉ាប៊ីសាអ៊ូឌីត។ លោកត្រាំបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដែលមានទេពកោសល្យដ៏អស្ចារ្យ ថាមពល និងបញ្ញារបស់លោកម៉ៃក្នុងការដឹកនាំក្រសួងការបរទេស នឹងជាទ្រព្យសម្បត្តិមិនគួរឱ្យជឿសម្រាប់ប្រទេសរបស់យើង នៅគ្រាដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រ”៕

 

 

សហរដ្ឋអាមេរិក សង្ឃឹមថាកិច្ចប្រជុំកំពូលអន្តរកូរ៉េ នឹងនាំមកនូវសនិ្តភាពនៅលើឧបទ្វីបកូរ៉េ

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រនេះ បានសម្ដែងការសាទរ ក៏ដូចជាសង្ឃឹមផងដែរថាកិច្ចប្រជុំកំពូលអន្តរកូរ៉េ នឹងនាំកូរ៉េទាំងពីរ ឆ្ពោះទៅរកសនិ្តភាព និងការអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

កិច្ចប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រនេះ ជាមួយការរំពឹងថា ប្រទេសទាំងពីរអាចស្វែងរកសន្ធិសញ្ញាសន្តិភាព ជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ ជំនួបកំពូលនេះ ធ្វើឡើងនៅឯតំបន់ព្រំដែនគ្មានយោធាក្នុងភូមិ Panmunjom ប៉ែកទឹកដីកូរ៉េខាងត្បូង ហើយតាមរយៈ ជំនួបជាប្រវត្តិសាស្ត្រនេះដែរ លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ទឹកដី កូរ៉េខាងត្បូង។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះសង្ឃឹមតិចតួចណាស់ថាកូរ៉េខាងជើង ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ ខណៈកិច្ចប្រជុំកំពូល អន្តរកូរ៉េ ក៏ធ្លាប់បានធ្វើឡើងដែរកាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ តែជំនួបទាំងពីរនេះ មិនមានលទ្ធផលអ្វីជាដុំកំភួនឡើយ រីឯកូរ៉េខាងជើង ចេះតែបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ រហូតដល់ចុងឆ្នាំ២០១៧។

មួយវិញទៀត សហរដ្ឋអាមេរិក ធ្លាប់បានព្រមានទុកជាមុនថា មិនមានឡើយការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ដរាបណាទីក្រុងព្យុង យ៉ាងរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងជាមុនសិន។ មិនតែប៉ុណ្ណោះលោកត្រាំ ថែមទាំងបានតែងតាំងទីប្រឹក្សាសន្តិសុខជាតិ អាមេរិក និងរដ្ឋមន្ត្រីការបរទេសថ្មី ដែលគេមើលឃើញថាសុទ្ធតែមានគោលនយោបាយតឹងរ៉ឹងចំពោះកូរ៉េខាងជើង៕

សភា​កម្ពុជា​ទទួលទង់​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​"(APPF)​លើក​ទី​២៧​ពី​សភា​វៀតណាម

រាជធានីភ្នំពេញ ៖ សភាវៀតណាមបានប្រគល់ទង់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក"(APPF)លើកទី២៧ ជូនសភាកម្ពុជា ខណៈដែលពិធីផ្ទេរតំណែង និងប្រគល់នេះបានប្រារព្ធឡើងនៅវិមានរដ្ឋសភាជាតិកម្ពុជាកាលពីម្សិលមិញ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញា ចក្រី ហេង សំរិនប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ទុង ធីភឿង អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ដែលជាតំណាងលោកជំទាវ ង្វៀង ធីគឹមង៉ាន់ ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាប់ថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ដឹកនាំដោយលោកជំទាវ ធី ភឿង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាអនុ ប្រធានអចិន្ត្រៃយ៏រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា ពីថ្ងៃទី២៥-២៦ ខែមេសាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនេះ ផ្តោតជាសំខាន់គឺការផ្ទេរដំណែង "ប្រធានវេទិកាសភាមអាស៊ី-ប៉ាស៊ីហ្វិក"(APPF)ពីសភាសាធារណរដ្ឋសង្គមនិយមវៀតណាមជូនមកសភាកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងជួបសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូជួបសម្តែងការគួសមជាមួយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា។ ជួបសវនការជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ ជួបសវនាការទ្វេភាគីជាមួយឯកឧត្តមនៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា និងជួបសវនាការ ជាមួយ ឯកឧត្តមបណ្ឌិត ងួនញ៉ិល អនុប្រធានទី២រដ្ឋសភា៕

ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​បើករថយន្ត​បំបុក​អ្នកដើរ​តាម​ចិញ្ចើមផ្លូ​វ​នៅ​ក្រុង​តូ​រ៉ុន​តូកើន​ដល់​១០​នាក់

រថយន្តដឹកទំនិញមានដំបូលដែលគេជួលមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ នៅពេលអ្នកបើកបរបានបើកបំបោលកាត់ចិញ្ចើមផ្លូវដែលមានមនុស្សកុះករនៃក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីរសៀលថ្ងៃចន្ទទី២៣មេសា។ អ្នកបើកកំពុងស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស ខណៈមន្រ្តីប៉ូលិសមិនព្រមបញ្ជាក់ប្រាប់ពីហេតុផលរបស់អ្នកបើកបរ និងក៏មិនបានបញ្ជាក់ថាវាជាអំពើដោយចេតនាឬអចេតនាទេ។ សារព័ត៌មានCBCបានហៅអ្នកបើកបរថា អាឡិច មីណាសសៀន អាយុ២៥ឆ្នាំ និងថាជននេះមិនមានពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធណាមួយទេ។ ឧបទ្ទវហេតុនេះជាការសម្លាប់ទ្រង់ទ្រាយធំដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តកាណាដាសម័យទំនើប។វាបាកើតឡើងនៅម៉ោងប្រមាណ១កន្លះរសៀ(ប្រមាណ១កន្លះរំលងអធ្រាត ម៉ោងនៅកម្ពុជា)ខណៈហ្វូងបុគ្គលិកការិយាល័យកំពុងធ្វើដំណើរទៅទទួលទានអាហារក្រោយការសម្រាកពេលថ្ងៃត្រង់។សាក្សីម្នាក់បាននិយាយថា អ្នកបើកទំនងជាផ្តោតលើជនរងគ្រោះក្នុងការបើកបំបុកចម្ងាយជិត១,៥គីឡូម៉ែត្រនេះ។ យ៉ាងហោចណាស់សាកសពមនុស្ស២នាក់ត្រូវបានគ្របក្រណាត់ទុកនៅកន្លែងកើតហេតុ មនុស្ស៥នាក់រងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ។ រដ្ឋមន្រ្តីសុវត្ថិភាពសាធារណៈកាណាដា មិនព្រមបញ្ជាក់ថាតើអ្វីនៅពីក្រោយនៃការវាយប្រហារនេះ ដោយលោកបាននិយាយថា”ដំណាក់កាលនេះការស៊ើបអង្កេតកំពុងធ្វើឡើងនិងមិនមានព័ត៌មានសំរាប់បញ្ជាក់បន្ថែមទេ។ប៉ូលិសកំពុងធ្វើការដើម្បីកំណត់ថាហេតុអ្វីបានជាវាកើតឡើងនិងកំណត់ហេតុផលដែលជំរុញអោយធ្វើ”។ ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យរបស់ក្រុមហ៊ុនRyder System Inc បានបញ្ជាក់ថា រថយន្តមួយរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះនិងថាក្រុមហ៊ុនសហការជាមួយអាជ្ញាធរ។ សូមបញ្ជាក់ថា អាមេរិកនិងអឺរ៉ុបបានជួបការវាយប្រហារដោយការបើករថយន្តបំបុកសម្លាប់មនុស្សជាបន្តបន្ទាប់ រួមមានការវាយប្រហារកាលពីថ្ងៃ៣១តុលា នៅក្រុងញូវយ៉កដែលបានសម្លាប់មនុស្ស៨នាក់។ ឧបទ្ទវហេតុនេះបានកើតឡើងចម្ងាយតែ៣០គីឡូម៉ែត្រពីកន្លែងដែលរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសឧស្សាហកម្មជឿនលឿនG7 រួមមានកាណាដា អាមេរិក អង់គ្លេស បារាំងអាល្លឺម៉ង់ អ៊ីតាលីនិងជប៉ុនកំពុងជួបប្រជុំកាលពីថ្ងៃចន្ទ៕

ម៉ាឡេស៊ី​រឹតបន្តឹង​សន្តិសុខ​បន្ទាប់ពី​មានការ​បាញ់សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​

ម៉ាឡេស៊ី ៖ ប៉ូលិសកំពុងតែស៊ើបអង្កេតអត្តសញ្ញាណនៃជនសង្ស័យ ហើយការស៊ើបអង្កេតកំពុងតែធ្វើឡើងស្របពេលជាមួយគ្នានោះសន្តិសុខក៏ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅទូទាំងប្រទេស។ ប៉ូលិសប្រទេសម៉ាឡេស៊ីបានបញ្ចេញរូបថតរបស់ជនសង្ស័យ២នាក់ដែលមានជាប់ទាក់ទងនៅក្នុងការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ ប៉ូលិសប្រទេសម៉ាឡេស៊ីបាននិយាយថា ជនរងគ្រោះដែលជាជនជាតិប៉ាឡេស្ទីនត្រូវបានបាញ់សម្លាប់ដោយអ្នកវាយប្រហារ២នាក់ដែលបានជិះម៉ូតូធ្វើសកម្មភាពបាញ់មកលើជនរងគ្រោះយ៉ាងតិច៨គ្រាប់នៅពេលជនរងគ្រោះកំពុងធ្វើដំណើរទៅវិហារដើម្បីសូត្រធម៌។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាបាននិយាយថា បាននិយាយថាជនរងគ្រោះគឺជាសមាជិកដ៏សំខាន់មួយរូបនៅក្នុងក្រុមរបស់ខ្លួន និងបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយអំពើបាញ់ប្រហារក្នុងទីក្រុងកូឡាឡាំពួរនោះ។ ការស្លាប់របស់ជនជាតិប៉ាឡេស្ទីនរូបនោះបានកើតឡើងជាងមួយឆ្នាំបន្ទាប់ពីមានការធ្វើឃាតបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡាំពួរ៕

ប្រជាពលរដ្ឋនៅក្នុង​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​

ឥណ្ឌា ៖ ភូមិមួយនៅក្បែរទីក្រុងភាគខាងត្បូងប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិទឹកយ៉ាងធ្ងន់ធ្ងរ ខណៈដែលពលរដ្ឋកំពុងពិបាកក្នុងការស្វែងរកទឹកសម្រាប់បរិភោគ។ ប្រជាពលរដ្ឋនៅក្នុងភូមិមេឡាយគូវី (Melaykuvi) ចាំបាច់ត្រូវដើររុញរទេះដែលមានដឹកពាងតូចៗក្នុងចម្ងាយ២ទៅ៣គីឡូម៉ែត្រដើម្បីទៅយកទឹកសម្រាប់ប្រើប្រាស់ និងបរិភោគ ហើយត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញ។ អ្នកភូមិម្នាក់បាននិយាយថា ការផ្គត់ផ្គង់ទឹកពីអាជ្ញាធរក្នុងតំបន់គឺមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ ហើយវិបត្តិនេះកាន់តែធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលរលកកម្តៅបានចាប់ផ្តើមកើនឡើង។ ទន្ទឹមនោះក្រុមអ្នកភូមិក៏បានជំរុញឲ្យអភិបាលរដ្ឋផ្តល់ការផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ផងដែរ ប៉ុន្តែសំណើរបស់ពួកគេហាក់ដូចជាគ្មាននរណាម្នាក់អើពើឡើយ។ សូមជម្រាបថា វិបត្តិនេះនឹងកាន់តែអាក្រក់ឡើងថែមទៀតនៅក្នុងខែឧសភា និងមិថុនា ដែលជាខែក្តៅខ្លាំងបំផុតនៅក្នុងប្រទេសឥណ្ឌា ខណៈដែលផ្នែកជាច្រើននៃភាគខាងត្បូង, ខាងជើង និងខាងលិចប្រទេសនេះមានកម្រិតសីតុណ្ហភាពប្រមាណ៤០អង្សាសេរួចទៅហើយ៕

លោក ត្រាំ ព្រមាន​ដើរចេញ​ពី​កិច្ចពិភាក្សា​ជាមួយ​លោក គីម ជុង​អ៊ុន ប្រសិន​មិន​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា​

អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមុនថា លោកនឹងដើរចេញពីកិច្ចពិភាក្សាដែលត្រូវបានគ្រោងនឹងធ្វើឡើងជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រសិនបើមិនបានផ្តល់លទ្ធផលជាផ្លែផ្កាទេ។ ការព្រមានបែបនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមគ្នាមួយរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដោយបានអះអាងថា សម្ពាធជាអតិបរិមានៅតែបន្តដាក់ទៅលើប្រទេសកូរ៉េខាងជើងរហូតទាល់តែអាវុធនុយក្លេអ៊ែរត្រូវបានលុបបំបាត់។ លោក អាបេ និង លោក ត្រាំ បានជួបពិភាក្សាគ្នានៅឯរមណីយដ្ឋានផ្ទាល់ខ្លួនរបស់លោក ត្រាំ ក្នុងរដ្ឋផ្លរីដា មុនពេលមានជំនួបកំពូលដែលអាចនឹងកើតឡើងរវាងលោក ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un)។ កាលពីថ្ងៃពុធដដែលនោះ លោក ត្រាំ បានបញ្ជាក់ថា ប្រធានចារកម្មរបស់អាមេរិក លោក ម៉ៃ ផមភីអូ (Mike Pompeo) បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីជួបជាមួយលោក គីម ជុងអ៊ុន សម្រាប់កិច្ចពិភាក្សាជាសម្ងាត់មួយ ដែលដំណើរទស្សនកិច្ចនេះបានកត់សម្គាល់ពីទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងប្រទេសទាំង២ចាប់តាំងពីឆ្នាំ២០០០មក។ លោក ត្រាំ បានបន្តថា លោក ផមភីអូ (Pompeo) បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយលោក គីម ហើយបានថាកិច្ចពិភាក្សាសម្ងាត់នោះបានប្រព្រឹត្តទៅយ៉ាងរលូនបំផុត។ ទន្ទឹមនោះ លោក ត្រាំ បាននិយាយថា ការចរចាកំពុងត្រូវបានធ្វើឡើងដើម្បីដោះលែងជនជាតិអាមេរិក៣នាក់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកូរ៉េខាងជើង៕

ផ្ទុះ​ម៉ាស៊ីន​ខ្ទាត​អំបែងនាំអោយ​បែក​កញ្ចក់​បង្អួច​យន្តហោះ តែ​សំណាង​បាន​ចុះ​ដោយ​សុវត្ថិភាព​នៅ​អាមេរិក ទោះ​ជា​ស្លាប់​អ្នកដំណើរ​ម្នាក់​

យន្តហោះមួយនៃក្រុមហ៊ុនអាកាសចរណ៍Southwest Airlinesជាមួយនឹងម៉ាស៊ីនខូចនិងកញ្ចក់បង្អួចបែកប្រុងបឺតអ្នកដំណើរចេញទៅក្រៅ បានធ្វើការចុះចតគ្រាអាសន្ននៅអាកាសយានដ្ឋានក្រុងហ្វីឡាដែលហ្វៀ កាលពីថ្ងៃអង្គារទី១៧មេសា បណ្តាលអោយអ្នកដំណើរ៨នាក់រងរបួស ក្នុងនោះម្នាក់របួសធ្ងន់ពួកមន្ត្រីនិយាយថា កញ្ចក់បង្អួចមួយបានបែកខ្ទេចនិងផ្នែកនៃគំរបម៉ាស៊ីនបានខូចខាត។ឧបទ្ទវហេតុព្រលឹងចុងសក់នេះ កើតឡើងខណៈយន្តហោះកំពុងធ្វើដំណើរពីអាកាសយានដ្ឋានLa Guardiaក្រុងញូវយ៉កទៅក្រុងដាឡាស រដ្ឋតិចសាស ជាមួយនឹងអ្នកដំណើរ១៤៣នាក់និងសមាជិកយន្តហោះ៥នាក់។ យន្តហោះBoeing Co 737-700បានធ្វើការចុះចតដោយសុវត្ថិភាព និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានធ្វើការស៊ើបអង្កេត រួមទាំងដឹកម៉ាស៊ីនយន្តហោះទៅត្រូតពិនិត្យផងដែរ។ អ្នកដំណើរម្នាក់នៅលើយន្តហោះបាននិយាយថាស្ត្រីម្នាក់ត្រូវបានខ្យល់ស្រូបចេញពីបង្អួចយន្តហោះបែកមួយខ្លះទៅហើយបន្ទាប់ពីវាបែកដោយសារបំណែកដែកដែលខ្ទាតមកពីម៉ាស៊ីន។តែអ្នកដំណើរក្នុងយន្តហោះបាននាំគ្នាជួយទាញនាងចូលមកវិញ។ រូបបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយបង្ហាញអ្នកដំណើរអង្គុយក្រោមជំនួយពីម៉ាសខ្យល់អុកស៊ីសែន ។ សូមបញ្ជាក់ថា ជាមួយនឹងយន្តហោះប្រមាណ៧០០គ្រឿងសុទ្ធតែស៊េរី 737 Southwestជាក្រុមហ៊ុនធំបំផុតនៅក្នុងលោកដែលប្រើយន្តហោះ Boeing 737ដែលល្បីខាងសុវត្ថិភាពល្អ។ ការមានបញ្ហាម៉ាស៊ីននេះនាំអោយគេនឹកឃើញព្រឹត្តិការណ៍ស្រដៀងគ្នាមួយលើយន្តហោះSouthwest Boeing 737-700 កាលពីខែសីហាឆ្នាំ២០១៦។ពេលនោះអំបែងខ្ទាតមកពីម៉ាស៊ីនបណ្តាលអោយតួយន្តហោះធ្លុះលើស្លាប និងបង្ខំអោយអាកាសយានិកចុះចតគ្រាអាសន្នផងដែរនៅរដ្ឋផ្លរីដា៕។អ្នកដំណើរដែលរបួសធ្ងន់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យនិងបានស្លាប់។

មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស​ជាង​៨៥០០​នាក់​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​

មីយ៉ាន់ម៉ា ៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint បានប្រកាសកាលពីថ្ងៃអង្គារ ទី១៧ មេសាថា អ្នកទោសជាង ៨៥០០នាក់ ត្រូវដោះលែងពីពន្ធនាគារ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក របស់អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Htay។ លោក Win Myint ដែលទើបចូលកាន់តំណែងកាលពីខែមុន ជំនួសលោក U Htin Kyaw បានបញ្ជាក់ថា ការដោះលែងនេះ គឺជាផ្នែកមួយនៃពិធីមនុស្សធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំមីយ៉ាន់ម៉ា ដែលគេហៅថា Thingyan។ លោកបញ្ជាក់ថា អ្នកទោសដែលត្រូវដោះលែង ភាគច្រើនជាអ្នកជាប់ទោសគ្រឿងញៀន។ ក្រៅពីនោះ ក៏មានជនបរទេសជាង៥០នាក់ និងអ្នកទោសនយោបាយ ៣៦នាក់ផងដែរ។ សូមជម្រាបថា មីយ៉ាន់ម៉ា បានដោះលែងអ្នកទោសជាច្រើនម៉ឺននាក់រួចមកហើយ ចាប់តាំងពីរបបយោធា ត្រូវបានបញ្ចប់ កាលពីឆ្នាំ២០១១៕

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​មី​យ៉ាន់​ម៉ា​នៅ​ថៃ សម្លាប់​មនុស្ស​៦​នាក់ របួស​១៧​នាក់​

រថយន្តក្រុងដឹកកម្មករមីយ៉ាន់ម៉ា បានធ្លាក់ចេញពីផ្លូវហាវ៉េមួយនិងក្រឡាប់នៅស្រុកមួង ខេត្តតាក ជិតព្រំដែនមីយ៉ាន់ម៉ា កាលពីដើមថ្ងៃអង្គារទី១០មេសាដោយសម្លាប់មនុស្ស៦នាក់និងរបួស១៧នាក់។ អ្នកដំណើរ៥២នាក់ស្ថិតក្នុងរថយន្តក្រុងពណ៌ក្រហមនេះ ជាកម្មករទើបមកពីមីយ៉ាន់ម៉ា និងពួកគេបានកំពុងធ្វើដំណើរទៅកាន់រោងចក្រមួយនៅថៃ។ រថយន្តបានបុកបង្គោលថ្មតាមដងផ្លូវនិងធ្លាក់ចូលស្នាមភ្លោះមុនក្រឡាប់។ បើតាមអ្នកបើកបរដែលមិនរងរបួស ខ្លួនបានបើករថយន្តចុះចំណោតកូនភ្នំតែមិនអាចបន្ថយល្បឿនដោយសារហ្វ្រាំងមានបញ្ហា ហើយក៏ព្យាយាមប្រើបង្គោលថ្មជួយទប់រថយន្ត តែរថយន្តបានធ្លាក់ចេញពីផ្លូវចូលស្នាមភ្លោះ។ គ្រោះថ្នាក់នេះបានកើតឡើងចម្ងាយប្រមាណតែ៥គ.ម ពីកន្លែងដែលរថយន្តក្រុងមួយទៀតបានឆេះសម្លាប់កម្មករមីយ៉ាន់ម៉ា២០នាក់កាលពីចុងខែមុន៕

រថយន្តក្រុង​ដឹក​សិស្ស​ក្រឡាប់​ធ្លាក់​ជ្រោះឆក់យកជីវិតមនុស្ស​៣០​នាក់​

ឥណ្ឌា ៖ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់កុមារ៣០នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តក្រុងដែលពួកគេជិះបានធ្លាក់ទៅក្នុងជ្រោះ នៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃម្សិលមិញ។ រថយន្តក្រុងមួយគ្រឿងនេះកំពុងបើកបរវិលត្រឡប់ចេញពីសាលារៀនមួយនៅក្នុងរដ្ឋហិម៉ាចាលប្រទេសនៃតំបន់ហិម៉ាល័យ ដែលនៅពេលនោះវាបានជ្រុលធ្លាក់ចេញពីផ្លូវជាតិ និងធ្លាក់ជម្រៅជាង៦០ម៉ែត្រទៅបាតជ្រោះនោះ។ គ្រូបង្រៀនម្នាក់ និងអ្នកបើកបរក៏ត្រូវបានបាត់បង់ជីវិតផងដែរក្នុងគ្រោះថ្នាក់នេះ។ សិស្សជាច្រើនត្រូវគេរាយការណ៍ថា បានប្រឹងប្រែងដើម្បីជីវិតរស់នៅរបស់ពួកគេ នៅមន្ទីរពេទ្យមួយចំនួនដែលនៅក្បែរនោះ។ សូមជម្រាបថា គ្រោះថ្នាក់ចរាចររថយន្តជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ហើយក្នុងឆ្នាំ២០១៦ មានមនុស្ស៤ម៉ឺននាក់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរបែបនេះ៕

មនុស្ស​ច្រើន​នាក់​ស្លាប់ និង​របួស​ក្នុងការ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅ​ស៊ី​រី​

ស៊ីរី ៖ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្នុងប្រទេសស៊ីរីបានរាយការណ៍ថា ប្រព័ន្ធការពារផ្លូវអាកាសរបស់យោធាស៊ីរីបានបាញ់ទម្លាក់មីស៊ីលចំនួន៨ដើមបន្ទាប់ពីមូលដ្ឋានទ័ពអាកាសដ៏ធំមួយកន្លែងស្ថិតក្នុងភាគកណ្ដាលប្រទេសស៊ីរីបានទទួលការវាយប្រហារដោយមីស៊ីល។ ទីភ្នាក់ងារព័ត៌មាននោះបានរាយការណ៍ថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសដែលស្ថិតនៅក្នុងខេត្តអូម (Homs) នោះទំនងជាស្នាដៃវាយប្រហាររបស់អាមេរិក។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកមិនបានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរីឡើយ។ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្នុងប្រទេសស៊ីរីបានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីនោះបានធ្វើឲ្យមនុស្សយ៉ាងតិច១៤នាក់បានស្លាប់ ឬរងរបួស។ ព័ត៌មានដែលថា មូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីទទួលរងការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារមួយដែលគេសង្ស័យថា ជាការវាយប្រហារដោយអាវុធគីមីទៅលើតំបន់មួយកន្លែងដែលគ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរីដោយបានបានសម្លាប់មនុស្សយ៉ាងតិច៤០កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ ក្រោយពីមានព័ត៌មាននៃការវាយប្រហារនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធរបស់គេដែលរុស្ស៊ី និងប្រទេសអ៊ីរ៉ង់នឹងទទួលរងផលវិបាកធ្ងន់ធ្ងរដោយសារទង្វើនេះ៕

ផ្ទុះ​គ្រាប់បែក​៣​គ្រាប់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​បង្ក​ឲ្យ​មនុស្ស​៤​នាក់​របួស​

បាងកក ៖ យ៉ាងហោចណាស់មានការបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់ នៅស្រុក Sungai Kolok ក្នុងខេត្ត Narthiwat ប្រទេសថៃនៅម៉ោងប្រហែល៦ល្ងាចកាលពីថ្ងៃទី០៩ មេសាម្សិលមិញ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។ សមត្ថកិច្ចបាននិយាយថា ក្នុងការបំផ្ទុះនេះ គឺបណ្ដាលឲ្យមនុស្សយ៉ាងតិច៤នាក់រងរបួស ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សមត្ថកិច្ច បានបញ្ជាក់ថា គ្រាប់បែកទី១ បានផ្ទុះនៅក្បែរសណ្ឋាគារ Plaza និង២គ្រាប់ទៀត ផ្ទុះនៅលើដងផ្លូវ Prachawiwat។ យ៉ាងណាមិញ សមត្ថកិច្ច នៅពុំទាន់ដឹងពីមូលហេតុនៃការបំផ្ទុះនេះនៅឡើយទេ៕

ផែនការ​ធ្វើ​ដំណើរ​របស់​ទេសច​ររាប់ពាន់នាក់​ត្រូវ​រលាយ​ដោយ​សារ​ហ្វីលីពីន​បិទ​កោះ​មួយ​

អ្នកទេសចររាប់ពាន់នាក់មើលឃើញផែនការធ្វើដំណើរកម្សាន្តរបស់គេត្រូវផ្លាស់ប្តូរ ខណៈហ្វីលីពីនបានប្រកាសថាខ្លួននឹងកេណ្ឌប៉ូលិសដើម្បីរារាំងមិនអោយពួកទេសចរចូលកោះBoracayដែលជាកោះល្អបំផុតមួយនៅក្នុងលោក។ កោះមួយនេះទើបត្រូវបានបោះឆ្នោតជាប់ជាកោះល្អបំផុតមួយនៅក្នុងលោកកាលពី២ឆ្នាំមុន តែសម្រាមនិងការបង្ហូរទឹកសំអុយកាន់តែជាបញ្ហាជាហេតុនាំអោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតេ ប្រកាសបិទវាកន្លះឆ្នាំ ដើម្បីសម្អាតនិងស្តារបរិស្ថានឡើងវិញ។ ត្រូវចាប់ផ្តើមចាប់ពីថ្ងៃ២៦មេសា ការបិទនេះនាំអោយមានការលុបចោលផែនការកម្សាន្តសម្រាកកាយនិងអាពាហ៍ពិពាហ៍ខណៈប៉ូលិសទាហានបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យប្រាប់អោយទេសចរចេញទៅវិញ។ ទោះជាយ៉ាងណា មនុស្សប្រមាណ១៧.០០០នាក់រស់នៅលើកោះBoracayនឹងទទួលបានប្រាក់ឧបត្ថម្ភខ្លះពីរដ្ឋដោយសារតែការបិទនេះប៉ះពាល់ដល់មុខរបររបស់ពួកគេ។ក្នុងពេលជាមួយគ្នា សណ្ឋាគារ ផ្ទះសំណាក់ការីទេសចរណ៍និងស្ថាប័នផ្សេងទៀតរាប់រយត្រូវមមាញឹកទូទាត់ថ្លៃកក់សំបុត្រឬបន្ទប់ជូនភ្ញៀវវិញព្រោះអ្នកខ្លះបានកក់បន្ទប់ទុកតាំងពី២ឆ្នាំមុន។ពិធីមង្គលការចំនួន១៩គូ ភាគច្រើនទៅពីបស្ចិមប្រទេស ក៏ត្រូវបានលុបចោលផងដែរ។ សូមបញ្ជាក់ថា ភ្ញៀវទេសចរប្រមាណ២លាននាក់បានទៅកម្សាន្តលើកោះនេះក្នុងមួយឆ្នាំៗ។ អាជ្ញាធរថៃ កាលពីខែមុនក៏បានប្រកាសបិទឆ្នេរខ្សាច់ Maya Bayលើកោះហ្វីហ្វី ឡេ រយៈពេល៤ខែដើម្បីអោយផ្កាថ្មនិងជីវិតសមុទ្រវិលទៅរកសភាពល្អដូចកាលពីមុន៕