បណ្តាញសង្គម

ខេត្តរតនគិរី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់​តែមាន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ជា​លំដាប់

ខេត្តរតនគិរី ៖ ជាតំបន់ជនជាតិដើមភាគតិចរស់នៅ និងជាតំបន់ដាច់ស្រយាល ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិមិនងាយធ្វើដំណើរមកដល់ ក៏ប៉ុន្តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាសម័យបច្ចុប្បន្ន តំបន់ដ៏ស្ងាត់ជ្រងំនេះ ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន ផ្លូវគមនាគមន៍ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ពីទីប្រជុំជនទៅទីដាច់ស្រយាលតាមជនបទនានា។ ជាក់ស្ដែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍មានការកើនឡើង។ ដោយឡែកឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរិទ្ធិស័ក ពុទ្ធសករាជ ២០៦២ ត្រូវនឹងថ្ងៃទី១៤.១៥.១៦. ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ភ្ញៀវទេសចរណ៍ដែលមកលេងតាមតំបន់រមណីយ៍ដ្ឋានខេត្តរតនគិរី មានចំនួន៨ម៉ឺន ៣រយ ៨១នាក់ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បើធៀបទៅនិងឆ្នាំ២០១៧ ភ្ញៀវមានការកើនឡើងលើសដល់ទៅ ៦.៧%។ បើតាមការឲ្យដឹងពីលោក ង៉ែត វិទូរ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នេះថា ខេត្តរតនគិរី ភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជារៀងរាលើឆ្នាំ ជាក់ស្ដែងឆ្នាំនេះ ភ្ញៀវទេសចរណ៍កើនឡើងលើសឆ្នាំមុនដល់ទៅ ៦.៧% ក្នុងនោះភ្ញៀវទេសចរណ៍អន្តជាតិកើនឡើងដល់ទៅ ១៣.៤% លើសពីឆ្នាំមុន។ លោកប្រធានមន្ទីរបានបន្តទៀតថា កាត្តាដែលធ្វើឲ្យភ្ញៀវទេសចរណ៍មានការកើនឡើងនេះ មកពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គិតគូរពីផ្លូវគមនាគមន៍ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយទៀត ហើយលោកបានអនុវត្តតាមគោលការណ៍ណែនាំរបស់សួងទេសចរណ៍ ក្នុងការរៀបចំត្រៀមលក្ខណៈកំសាន្តតាមតំបន់រមណីយ៍ដ្ឋាននានា ព្រមទាំងក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ដែលបានស្ថាបនា កែសម្រួលផ្លូវលំនីមួយៗ ដែលតភ្ជាប់ពីខេត្តចូលទៅតាមតំបន់រមណីយ៍ដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំខេត្តបានរៀបចំតុបតែងកែលម្អ ភ្លើងតាមដើមឈើក្នុងខេត្តដើម្បីទាក់ទាញភ្ញៀវឲ្យមកកំសាន្តកាន់តែច្រើនកុះករទៀតផង។ គួរបញ្ជាក់ថា ដើម្បីបង្កឲ្យមានភាពកក់ក្ដៅដល់ភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តក្នុងខេត្តមួយនេះ កងកម្លាំងនគរបាលនៃស្នងការរដ្ឋានខេត្ត ក៏ដូចកងកម្លាំងកងរាជអាវុធហត្ថ បានត្រៀមលក្ខណៈ ការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់យ៉ាងហ្មត់ចត់ ល្អប្រសើរជូនភ្ញៀវមកកំសាន្តផងដែរ។ អាជ្ញាធរខេត្ត មិនត្រឹមតែបានតុបតែងផ្កាភ្ញី ភ្លើងពណ៌ក្នុងខេត្តតែប៉ុណ្ណោះទេ រដ្ឋាបាលសាលាខេត្ត បានរៀបចំអង្គរសង្ក្រាន្ត ដែលឲ្យឈ្មោះថា អង្គរសង្ក្រាន្តយក្ខឡោមមួយកន្លែង ក្នុងបរិវេណមន្ទីរវប្បធម៌ខេត្ត ដើម្បីទទួលភ្ញៀវក្នុងខេត្ត និងភ្ញៀវទេចរណ៍មកពីទីជិតទីឆ្ងាយ ទស្សនាពិពណ៌ប្រពៃណីជនជាតិដើមភាកតិច ដាក់តាំងលក់ផលិតផលក្នុងស្រុក និងរៀបចំកន្លែងរាំកំសាន្តរយៈពេល៣ថ្ងៃផងដែរ ដោយគិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ៕

កសិករ​ខ្មែរ​មួយចំនួន​កង្វះ​បច្ចេកទេស​ដាំពោត​ធ្វើ​ឱ្យទទួល​ទិន្នផល​ទាប​មិន​សម​ពលកម្ម​

ភ្នំពេញ: ក្រុមកសិករនៅខេត្តកណ្តាលមួយចំនួនបានលើកឡើងថា ការប្រកបរបរកសិកម្មរបស់ពួកគាត់ពិសេសការដាំពោត ដែលអាស្រ័យលើការយល់ដឹងតាមបែបបុរាណ ធ្វើឱ្យការទទួលទិន្នផលត្រឹមតែ៧ទៅ៨តោន ក្នុងមួយហិកតា ខណៈដែលគេដាំលក្ខណៈបច្ចេកទេស បច្ចុប្បន្នអាចហុចផលរហូតដល់ ១៤ទៅ១៥តោនឯណោះ។ការបញ្ចេញឱ្យដឹងរបស់ក្រុមកសិករបែបនេះនៅក្នុងពិធីអបអរសាទរទិវាប្រមូលផលពូជពោតបង្កាត់ថ្មី P 4554 និង P 4472 របស់ផៃអូនៀនៅភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែកខេត្តកណ្តាលកាលពីថ្មីៗកន្លងមក។ ជាកសិករដាំពោតមិនតិចជាង១០ឆ្នាំមកនេះ លោក ខុន សុគាំ បុរសវ័យជាង៥០ឆ្នាំរស់នៅភូមិបឹងក្រោមឃុំខ្ពបអាទាវស្រុកលើកដែក បានឱ្យដឹងថា បច្ចុប្បន្នការដាំពោតរបស់ពួកគាត់តាមបែបបុរាណនោះ អាចទទួលទិន្នផលត្រឹមតែ៧ទៅ៨តោនទេ ក្នុងដីមួយហិកតា។ ការទទួលទិន្នផលទាបបែបនេះ ធ្វើឱ្យការរកចំណូលក៏ទាបដែរ ពិសេសងាយប្រឈមនឹងពោតកើតរោគជំងឺថែមទៀត។ បុរសរូបនេះប្រាប់ថា ការដាំពោតបែបបុរាណរបស់ពួកគាត់ដោយសារកង្វះយល់ដឹងនិងគ្មានការបណ្តុះបណ្តាលត្រឹមត្រូវលើវិធីកសិកម្មបែបទំនើបបច្ចុប្បន្ន។ ជាមួយគ្នានេះ លោក ទានសុង ជាកសិករដាំពោតមួយរូបរស់នៅភូមិ បឹងលើ ឃុំខ្ពបអាទាវនេះដូចគ្នាប្រាប់ថាគាត់មិនបានយល់ដឹងត្រឹមត្រូវពីវិធីដាំពោតទេ ហើយឆ្នាំខ្លះការដាំបែរជាទទួលផលតិចខាតដើមនិងខាតកម្លាំងពលកម្មថែមទៀត។ទាក់ទិនក្នុងរឿងដាំពោតនេះដែរលោកឧកញ្ញា ស៊នសុខណា អគ្គនាយកក្រុមហ៊ុន អាហ្គ្រោថេកវីតា បានបញ្ជាក់ឱ្យដឹងថា កសិករកម្ពុជាមួយចំនួនធំ គឺមិនសូវបានយល់ដឹងពីការធ្វើកសិកម្មបែបទំនើបឡើយ។ ពួកគាត់ពឹងផ្អែកតែការដាំដុះបែបបុរាណ ហេតុនេះមិនត្រឹមប្រឈមការទទួលបានទិន្នផលតិចតួចទេ នៅប្រឈមហានិភ័យខូចខាតខ្ពស់ផង។ លោកឧកញ្ញាបន្តឱ្យដឹងថា ក្រៅពីបច្ចេកទេសការដាំដុះកសិករត្រូវវ័យឆ្លាតក្នុងការជ្រើសរើសពូជផងដែរ ដូចជាការដាំពោតប្រភេទពូជដែលល្អ នាពេលបច្ចុប្បន្នមានតែពូជពោតបង្កាត់ថ្មី P 4554 និង P 4472 របស់ផៃអូនៀទេ។ ពូជពោតនេះអាចទទួលទិន្នផលមួយហិកតាចាប់ពី១៤ទៅ១៥តោន ហើយកសិករអាចរកផលចំណេញក្នុងមួយហិកតាយ៉ាងហោចណាស់៥០០ដុល្លារដែរ។ ជាមួយគ្នាលោក ហ៊សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានឱ្យដឹងថាក្នុងខេត្តកណ្តាលទាំងមូលមានផ្ទៃដីដាំពោតទើបតែបានជាង១២៨០០ហិកតានិងដោយឡែកនៅស្រុកលើកដែកមាន ការដាំពោតក្រហមបានត្រឹមតែ២៧៣៨ហិកតាប៉ុណ្ណោះ។ លោកថាកសិករខ្មែរដោយសារខ្វះបច្ចេកទេសក្នុងការដាំពោតក្រហម ទើបធ្វើឱ្យមិនសូវធ្វើកសិកម្មលើដាំណាំពោត នាំឱ្យកម្ពុជាជួបប្រទះកង្វះខាតពោតលើទីផ្សារផងដែរ៕

 

 

រដ្ផាករស្វ័យតដឹកជញ្ជូនសាធារណ:ចំនួន៦គ្រឿងនឹងដឹកជញ្ជូនប្រជាពលរដ្ផពីរាជធានីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យនឹងបន្ទាយមានជ័យទៅកាន់រាជធានីភ្នំពេញចាប់ពីថ្ងែទី ១២ ដល់ ១៨ ខែ​ មេសា ខាងមុខនេះ

រដ្ផបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ផគ្រប់មជ្ឈដ្ផានទូទាំងខេត្ត ជ្រាបថា តាមអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ផមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសចូលឆ្នាំខ្មែរនេះថា រថយន្តក្រុងនិងមានការដឹកជញ្ជូនជាពិសេស:.........

ព្រះមហាក្សត្រ​កោតសរសើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស​

ភ្នំពេញៈព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី១០នីតិកាលទី៥នៅព្រឹកថ្ងៃទី៩ខែមេសានេះបានឲ្យដឹងថារដ្ឋសភាបានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធិភាពជាពិសេសបានអនុវត្តតួនាទីរបស់ខ្លួនក្នុងមុខងារនីតិកម្មធ្វើជាអ្នកតំណាងនុងការតាមដានអនុវត្តច្បាប់សម្រេចការងារបានយ៉ាងល្អប្រសើរ។ ព្រះអង្គសង្ឃឹមថា រដ្ឋសភាដែលជាតំណាងប្រជាពលរដ្ឋនឹងបន្តខិតខំប្រឹងប្រែងសហការជាមួយស្ថាប័នកំពូលនានាថែមទៀត ដើម្បីសម្រេចអោយបាននៅទិសដៅរួមរបស់របស់រាជរដ្ឋាភិបាលកម្ពុជាជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយដែលលរឹងមាំ មានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។ នៅនីតិកាលទី៥នៃរដ្ឋសភានេះសង្កេតឃើញថាប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការសម្រេចបានកំណើនផលិតផលក្នុងស្រុកតាមរយៈការអនុវត្តន៏គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលបានបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលសំដៅលើកស្ទួយអនាម័យ សុខភាព សុខមាលភាព របស់ប្រជាជន បានកាន់តែល្អប្រសើរ ជាពិសេសប្រជាជនក្រីក្រ ស្ត្រី និងកុមារ។លើសពីនោះក៏បានអនុវត្តន៏គោលនយោ បាយ អភិវឌ្ឍន៏ប្រព័ន្ធសុវត្ថិភាពសង្គម ការគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ការការពារនិងលើកកំពស់សិទ្ធិជនពិការ និង គោលនយោបាយសម្រាប់មនុស្សចាស់។ សូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍សាមគ្គីជាតិដើម្បីរួបរួមពួនដៃគ្នារវាងប្រជាជាតិកម្ពុជាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស លើគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយ ដើម្បីកសាងនិងការពារជាតិសមិទ្ធផលសង្គម និងការធានាអោយមានឯកភាពជាតិបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ជាមួយគ្នានេះ ព្រះមហាក្សត្រ បានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយជោគជ័យ នឹងបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងពួងរបស់ប្រទេសប្រកបដោយបញ្ញាញាណ។ សូមកោតសរសើរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំង១០ និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសង្គមជាតិ៕

ជប៉ុន​មិនបាន​លើកឡើង​ពី​អតីត​បក្សប្រឆាំង​តែ​សុំ​ឲ្យ​ការបោះឆ្នោត​ត្រឹមត្រូវ​

រាជធានីភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេលពេញមួយថ្ងៃ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រី ការបរទេសនៃប្រទេសជប៉ុន មិនបានលើកឡើង ពីបញ្ហានយោបាយ នៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល កាលពីចុងឆ្នាំ២០១៧ ខណៈលោក កឹម សុខា អតីតមេបក្សសង្គ្រោះជាតិ បាននឹងកំពុងជាប់ ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ខណៈការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា នឹងឈានចូលមកដល់ ប្រមាណជា៣ខែទៀតប៉ុណ្ណោះ ។ ប៉ុន្តែសារព័ត៌មាន NHK បានចុះផ្សាយថា ជប៉ុនស្នើឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ ។ ការមិនលើកឡើង ពីបញ្ហារបស់អតីតបក្សប្រឆាំងនៅកម្ពុជា ពីសំណាក់របស់រដ្ឋមន្ត្រី ការបរទេសជប៉ុន ដែលជាមហាអំណាច ក្នុងពិភពលោកនោះ ខុសប្លែកពី បណ្តាប្រទេស មួយចំនួន ដូចជាអាមេរិក សហគមន៍អឺរ៉ុប និងប្រទេសប្រមាណជាង៤៥ កាលពីពេលថ្មីៗនេះ បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះស្ថានភាព នយោបាយនៅកម្ពុជា ខណៈអវត្តមានរបស់បក្សប្រឆាំង សម្រាប់ចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយពួកគេបានអះអាងថា បើអវត្តមានបក្សប្រឆាំងដ៏ធំ ក្នុងការចូលរួមបោះឆ្នោតនៅកម្ពុជា នឹងគ្មានតម្លាភា យុត្តិធម៌ និងភាពត្រឹមត្រូវនោះទេ ។ ក្នុងជំនួបរវាង រដ្ឋមន្ត្រីការបរទេសជប៉ុន ជាមួយសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំកម្ពុជា និងប្រមុខទូតខ្មែរ លោក ប្រាក់ សុខុន លោក រដ្ឋមន្ត្រីជប៉ុនមិនបានលើកឡើង ពីលោក កឹម សុខា និងការរំលាយចោលបក្សប្រឆាំងនោះទេ គ្រាន់តែលោកប្តេជ្ញាធ្វើយ៉ាងណា ឲ្យមានកម្ពុជាក្លាយទៅជាប្រទេស មានចំណូលកម្រិតមធ្យមខ្ពស់ នៅឆ្នាំ២០៣០ និងជួយបន្តអភិវឌ្ឍន៍ លើវិស័យជាច្រើនទៀត និងបានចុះហត្ថលេខា ផ្តល់ជំនួយកម្ពុជាទាំងមានសំណង និងឥតសំណងផងដែរមកកម្ពុជា ។ សូមបញ្ជាក់ថា ក្នុងគោលបំណងរបស់លោក តារ៉ូ កូណូ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងជប៉ុន ខណៈនៅឆ្នាំ២០១៨នេះ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ។ ក្រោយការអញ្ជើញមកដល់របស់លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកបានជួបលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ ប៉ុន្តែមិនបានពិភាក្សាលើការចាប់ខ្លួន លោក កឹម សុខាទេ ។ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា “បើនិយាយអំពីពិភាក្សានៅលើបញ្ហាសភាពការនយោបាយកម្ពុជា គឺអត់មាន ហើយជប៉ុន គ្មានបានលើកឡើងសម្បីតែមួយពាក្យ”។ លោកប្រាក់ សុខុន បន្តថា ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលើកស្ទួយយ៉ាងខ្លាំង ដោយសារមានការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ចសំខាន់ៗដូចជា៖ ដំណើរទស្សកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែសីហាកន្លងទៅដែលនេះជាកត្តាមួយបញ្ជាក់ពីទំនាក់ទំនងរវាង ជប៉ុន-កម្ពុជា កាន់តែមានភាពជិតស្និត ជាមួយគ្នាមិនអាចកាត់ថ្លៃបាន ។ ក្នុងជំនួបនោះដែរ លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា “ខ្ញុំមានសេចក្ដីរីករាយខ្លាំងណាស់ ដែលខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទីមួយ ដែលខ្ញុំបានកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសជប៉ុន” ។ លោកថា លោកបានមកទស្សនា នៅកម្ពុជាក្នុងឆ្នាំ១៩៩២ ហើយបានទៅទស្សនាប្រាសាទអង្គរវត្ត ពេលនោះអត់មានអ្នកមកទស្សនាសោះ តែពេលថ្មីៗ នេះឃើញមានភ្ញៀវទេសចរ មកទស្សនានៅប្រាសាទអង្គរវត្តច្រើនដោយសារភ្ញៀវទេសចរអន្តរជាតិនាំគ្នាមកលេងច្រើន ។ លោករដ្ឋមន្ត្រីបន្តថា ថ្មីៗនេះ លោកបានមើលឃើញ ពីការរីកចម្រើនយ៉ាងខ្លាំង របស់កម្ពុជា ។ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបន្ថែមថា តាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកម្ពស់លើកទី១០ ជប៉ុន-មេគង្គ ដែលប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០១៨ខាងមុខ ។ បន្ទាប់មកប្រមុខការទូតជប៉ុន បានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែក៏មិនបានលើកឡើង ពីអតីតបក្សប្រឆាំងដូចគ្នា នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ជំនួប។ ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសជប៉ុនបែរជា បានប្តេជ្ញាចិត្តនៅចំពោះមុខសម្តេចតេជោ ថា នឹងជួយកម្ពុជាឲ្យក្លាយទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងន័យនេះ ជប៉ុន បានមានចំណាប់អារម្មណ៍ ជួយដល់ប្រទេសកម្ពុជា លើវិស័យមួយចំនួនដូចជា ឡូជីស្ទីក ដោយមានការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍធនធានមនុស្ស ។ លោកថា លើសពីនេះ ទៅទៀតជប៉ុន នឹងជួយកម្ពុជាលើបណ្តាញផ្គត់ផ្គង់ អគ្គិសនីក្នុងទីក្រុងភ្នំពេញ ក៏ដូចជាកិច្ចការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ សម្រាប់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ជប៉ុនជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នឹងមានលក្ខណៈល្អ អាចឲ្យកម្ពុជាធ្វើការអភិវឌ្ឍឆ្ពោះទៅរក ប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ។ លោក សុខ ឥសាន ថា “ក្នុងនាមជាមិត្តដែលបានរួមចំណែក កសាងប្រទេសកម្ពុជា ដោយឈរលើលទ្ធិប្រជាធិបតេយ្យ ជប៉ុនជឿជាក់ថា ការបោះឆ្នោតនាខែកក្កដាខាងមុខ នឹងមានលក្ខណៈល្អស្របនឹងកម្ពុជា អាចឲ្យកម្ពុជាធ្វើការអភិវឌ្ឍ ឆ្ពោះទៅរកជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០”។ លោកបានឲ្យដឹងទៀតថា ក្រុមមជ្ឈដ្ឋានប្រឆាំងទាំងក្នុងប្រទេស និងក្រៅប្រទេសបានព្យាករណ៍ថា នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃ ៨ មេសានេះ របស់រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងធ្វើជាមេអណ្តើក ឲ្យមានការចរចារវាង គណបក្សប្រជាជនកម្ពុជា និងអតីតបក្សប្រឆាំង ដើម្បីឲ្យមានរបស់ដែលពួកគេហៅថា ដំណោះស្រាយ នយោបាយនៅកម្ពុជា ក្នុងចេតនាឲ្យអតីតបក្សប្រឆាំងនេះ បានចូលរួមបោះឆ្នោត នាពេលខាងមុខ ។ លោកថា “ប៉ុន្តែក្នុងការជាក់ស្តែង រដ្ឋមន្ត្រីការបរទេសជប៉ុន មិនបាននិយាយអ្វីមួយម៉ាត់ ដល់បញ្ហានយោបាយនៅកម្ពុជា ។ ផ្ទុយទៅវិញរដ្ឋមន្ត្រីលើកឡើង តែពីការបង្កើន ការជួយឧបត្ថម្ភជំនួយ លើគ្រប់វិស័យថែមទៀត ដើម្បីឲ្យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ ខាងមុខ” ។ ដូច្នេះ ការសម្តែងជំហររបស់ ប្រទេសជប៉ុន តាមរយៈការប្តេជ្ញាចិត្ត របស់រដ្ឋមន្ត្រីការបរទេសជប៉ុន នាឱកាសជួបសម្តែង ការគួរសមជាមួយសម្តេចតេជោ ឆ្លុះបញ្ចាំងឲ្យឃើញ នូវបរាជ័យថ្មីមួយទៀត របស់មជ្ឈដ្ឋានប្រឆាំង ដែលមានក្តីសង្ឃឹមទៅជា អត់សង្ឃឹមរលីងធេង ។ ចំណែកសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះមិត្តជប៉ុន ដែលបានជួយ កម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព ក្នុងការស្តារអភិវឌ្ឍប្រទេសជាតិ។ សម្តេច សំដែងនូវការគាំទ្រ ចំពោះកិច្ចប្រជុំកំពូល-មេគង្គ ជប៉ុន នាពេលខាងមុខ ដោយសម្តេចចាត់ទុក ជាកិច្ចប្រជុំដែលមានសារសំខាន់ ជាពិសេសការតភ្ជាប់ ទំនាក់ទំនងស្របគ្នា នឹងការធ្វើសមាហរណកម្មអាស៊ាន។ បន្ទាប់ពីកិច្ចពិភាក្សារួច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខារវាង លោកប្រាក់ សុខុន និងលោក Taro Kono ស្ដីពីការផ្ដល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចជាទី១- ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន សម្រាប់អនុវត្ត គម្រោងកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសង្គម នៅកម្ពុជា និងទី២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន សម្រាប់អនុវត្តគម្រោង ពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។ សម្រាប់ជំនួបរវាង លោក សយ សុភាព និងលោក Norio Maruyama អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតមន្ត្រីទូតទី២ នៅកម្ពុជាពីឆ្នាំ២០០៦-២០០៩វិញ គឺលោក Norio Maruyama បានអះអាងថា ក្នុងឱកាស លោក តារ៉ូ កូណូ បំពេញទស្សនកិច្ចនៅកម្ពុជា ជប៉ុនបានស្វែងការរកការគាំទ្រពីកម្ពុជា ខណៈជប៉ុនបានបង្កើត គោលនយោបាយដែលមានឈ្មោះថា “យុទ្ធសាស្ត្រសេរីបើកចំហរ នៅឥណ្ឌូប៉ាស៊ីហ្វិក” (Free and Open Indo-Pacific Strategy) ។ ក្រោយមានការស្នើសុំបែបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រផងដែរ។ យុទ្ធសាស្ត្ររបស់ជប៉ុន ដែលមានឈ្មោះថា “សេរីបើកចំហរ នៅឥណ្ឌូប៉ាស៊ីហ្វិក” ក៏ស្រដៀងទៅនឹង “ផ្លូវមួយ ខ្សែក្រវាត់មួយ” របស់ចិនដែរ ដែលចិនក៏ត្រូវការឲ្យប្រទេស ក្នុងតំបន់អាស៊ីគាំទ្រផងដែរ ក្នុងនោះកម្ពុជាបានប្រកាសគាំទ្រចំពោះ “ផ្លូវមួយ ខ្សែក្រវាត់មួយ”យ៉ាងខ្លាំងក្លាបំផុត។ លោក Norio Maruyama ថ្លែងថា “ដើម្បីស្វែងរកការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការគាំទ្រលើយុទ្ធសាស្ត្រ សេរីបើកចំហរ នៅឥណ្ឌូប៉ាស៊ីហ្វិក” ។ យុទ្ធសាស្ត្រនេះ ត្រូវបានប្រមុខការទូតជប៉ុនពន្យល់ថា ដើម្បីភ្ជាប់តំបន់អាស៊ាន ទៅបណ្តានៅតំបន់អាស៊ីប៉ាស៊ីហ្វិ និងអាត្លង់ទិច ដើម្បីពង្រឹងយុទ្ធសាស្ត្រតំបន់អាស៊ី ។ លោកថា សម្តេចតេជោ គាំទ្រ និងសប្បាយរីករាយចំពោះ គម្រោងយុទ្ធសាស្ត្រ ព្រោះនឹងនាំឲ្យកម្ពុជា មានផលប្រយោជន៍ច្រើនដូចជា ការនាំឲ្យមានកំណើនភ្ញៀវទេសចរ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។ ជាក់ស្តែងក្រោយពីការបង្កើត ជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា គឺចំនួនទេសចរណ៍កម្ពុជា ទៅទស្សនាជប៉ុនមានច្រើន ជាពិសេសចូលឆ្នាំខ្មែរ ខាងមុខទេសចរណ៍ ខ្មែរនឹងទៅទស្សនាកំសាន្ត នៅជប៉ុនមានចំនួនច្រើន។ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលព្រះករុណា ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញយាងព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ដើម្បីចូលរួមទិវាព្រះពុទ្ធសាសនា លើកទី៤ នៅទីក្រុងកូប៊េ៕

រាជរដ្ឋាភិបាល​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​ថ្មី​៤​យ៉ាង​ផ្ទួនៗ​គ្នា​មុន​ចូលឆ្នាំ​ខ្មែរ​

រាជធានីភ្នំពេញ ៖ នៅក្នុងខែមេសា ឆ្នាំ២០១៨នេះ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៨នេះ មានសមិទ្ធផលជាច្រើនបានសម្រេចបន្តបន្ទាប់គ្នា ដើម្បីសម្រួលដល់ការរស់នៅ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋតែម្ដង។ សមិទ្ធផលថ្មីៗ៤ផ្ទួនៗគ្នាដែលរាជរដ្ឋាភិបាលផ្តល់ឲ្យក្នុងខែតែមួយនេះមានដូចខាងក្រោមនេះ ៖

១. រថភ្លើងដឹកអ្នកដំណើរពីស្ថានីយទៅព្រលានយន្តហោះ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ក្រសួងសាធារណការ នឹងបើកដំណើរការផ្លូវរថភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិជាលើកដំបូង។ កាលពីថ្ងៃទី០១ ខែមេសា ក្រសួងបានសាកល្បងម្ដងរួចមកហើយដោយជោគជ័យ ចូលទៅស្ថានីយដែលទើបសាងសង់ថ្មី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការបើកដំណើរការខាងមុខនេះនឹងប្រើប្រាស់រថភ្លើងប្រភេទ Tramway ផលិតនៅប្រទេសម៉ិចស៊ីកូ។

២. រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅសិរីសោភ័ណ ផ្លូវដែកពីប៉ោយប៉ែត-សិរីសោភ័ណ បានបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅព្រឹកថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨ នៅស្ថានីយរថភ្លើងប៉ោយប៉ែត ជាប់ព្រំដែនថៃ បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេល៤៥ឆ្នាំមកនោះ។ ជាងនេះទៀតចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នឹងមិនត្រូវបានគិតថ្លៃធ្វើដំណើរពីប្រជាពលរដ្ឋឡើយ។

៣. ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសស្តុបផ្សារដីហុយនឹងត្រូវបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ ស្ពានអាកាសទី៥នេះមានប្រវែង ៩០៥ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ។

៤. កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ក្រសួងសាធារណការ នឹងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្ន នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-តាខ្មៅ ចម្ងាយសរុប ២៥គីឡូម៉ែត្រ។ ការធ្វើដំណើរតាមនាវានេះ គឺចំណាយពេលវេលាប្រមាណ៣៤នាទី ដោយមានចំណតផែចំនួន៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ៕

នៅ​ព្រឹក​នេះ​ព្រះមហាក្សត្រ​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​នៅប្រទេស​ជប៉ុន​

រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន តាមការយាងជាផ្លូវការរបស់រាជរដ្ឋាភិបាលជប៉ុន ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេឃើញថា បានជូនព្រះរាជដំណើរព្រះករុណាព្រះ បាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញផងដែរ។ សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យាងទៅកាន់ប្រទេសជប៉ុន រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ដើម្បីយាងចូលរួមក្នុងពិធីសម្ពោធមហាសាលប្រជុំ Nalada Mahavihara និងពិធីបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ៕

 

 

នាយករដ្ឋមន្ត្រី​កម្ពុជា ថៃ ជូនពរ​គ្នា​ទៅវិញទៅមក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ល្អ​

សៀមរាប: សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលជួបសវនាការជាមួយលោក ប្រាយុទ្ធ ច័ន្ទអូឆា ( Prayut Chan-o-cha ) នាយករដ្ឋមន្ត្រីថៃ នៅព្រឹកថ្ងៃទី៥ ខែមេសានេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប។លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបនោះថា លោក ប្រាយុទ្ធ ច័ន្ទអូឆា បានសំដែងនូវការអបអរសាទរចំពោះថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លើកពីនេះទៅទៀតលោក ប្រាយុទ្ធ ច័ន្ទអូឆា បានមានប្រសាសន៍ថា លោកបានជួបសម្តេចតេជោជាញឹកញាប់ ដែលនេះជាការឆ្លុះបញ្ជាំងពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំ ក៏ដូចជាឆ្លុះបញ្ជាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា កម្ពុជានិងថៃកំពុងមានដំណើរការយ៉ាងល្អជាទីបំផុត ទោះយ៉ាងណាក៏ដោយយើងត្រូវបន្តនូវសហប្រតិបត្តិការនេះ សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។ លោកបានមានប្រសាសន៍ថា នឹងប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះ ទទួលបាននូវភាពជោគជ័យ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់នៅតាមដងទន្លេមេគង្គ។ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក Prayut Chan-o-cha ដែលបានជូនពរក្នុងថ្ងៃខួបកំណើររបស់សម្តេច។ សម្តេចតេជោក៏បានជូនពរដល់លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏ដូចប្រជាពលរដ្ឋថៃទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋថៃផងដែរ។ សម្តេចតេជោក៏បានយល់ស្របទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង ហើយសូមធ្វើយ៉ាងរួមគ្នាប្រឹងប្រែងឲ្យទទួលបាននូវភាពជោគជ័យ សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ៕

អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ ប្រឈម​ជាប់ពន្ធនាគារ​ពី​១០​ទៅ​១៥​ឆ្នាំ

រាជធានីភ្នំពេញ ៖ កាលពីព្រលប់ម្សិលមិញមនុស្ស៤នាក់ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារ ក្នុងនោះមានលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនិងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ពីបទឃាតកម្ម។ចំណែកមនុស្ស២នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទលាក់បាំងតម្រុយក្នុងអង្គហេតុតែមួយ។ សូមជម្រាបថា បន្ទាប់ពីសួរចម្លើយលើកទីពីរអស់ពេលជាច្រើនម៉ោង ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងមរណភាពរបស់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ នៅក្រុងដូនកែវ ខេត្តតាកែវ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ។ លោក លី សុផាណា អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងថា អយ្យការបានសម្រេច បើកការស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់លើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។ លោកបន្តថា ជនត្រូវចោទទាំង៤នាក់ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនរួមមានទី១ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣ ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និងលោក ឡាយ ណារិទ្ធ ឡាយ អាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទ ឃាតកម្ម ប្រព្រឹត្តនៅផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។ យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថាៈ មាត្រា១៩៩ ៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្ស ដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ ណាមួយ ដូចបានកំណត់ ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។ តាមមាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាម នៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណង ធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។ គួរជម្រាបជូនផងដែរថា ភរិយារបស់លោក ឡាយ វណ្ណៈ គឺអ្នកស្រី ស៊ូ សុជាតា ដែលជាព្រះរាជអាជ្ញារងខេត្តកណ្តាល និង លោក ស៊ូ ភារិន្ទ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាឪពុកក្មេកលោកលោក ឡាយ វណ្ណៈ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ៕

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នឹង​ស្នើ​លើកលែងទោស​បន្ធូរបន្ថយ​ទោស​ឲ្យ​ទណ្ឌិត​៣២១​នាក់​នាឱកាស​ចូលឆ្នាំ​ខ្មែរ​

រាជធានីភ្នំពេញ ៖ ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ធូរ របន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទទួលបានពីគណៈកម្មការថ្នាក់រាជធានីខេត្ត (ពន្ធនាគារចំនួន២០) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែចំនួន៤) លើបញ្ជីទណ្ឌិតស្នើសុំសរុប ៣២១នាក់ (ស្ត្រី២៨នាក់)។ សូមជំរាបថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំទៅ ព្រះមហាក្សត្រដើម្បីព្រះរាជប្រទានលើកលែងទោសទណ្ឌិតចំនួន៣លើក គឺក្នុងពិធីបុណ្យចូលឆ្នាំ បុណ្យវិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក៕

សម្តេច ហ៊ុន សែន អញ្ជើញ​ទៅ​ខេត្តសៀមរាបដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលគណៈកម្មការ​ទន្លេមេគង្គលើក​ទី​៣

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប។ ព្រឹត្តិករណ៍ជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបួន មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់ មកពីប្រទេសចិន និងមីយ៉ាន់ម៉ា ដែលជាដៃគូសន្ទនារបស់ MRC។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០១៨៕

ថ្ងៃនេះ​តុលាការ​នឹង​បន្ត​ការសាកសួរ លោក ឡាយ វណ្ណៈ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

រាជធានីភ្នំពេញ ៖ តាមរយៈការបញ្ជូនលោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ មកកាន់សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី០២ មេសា ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នោះ តុលាការនៅមិនទាន់បានសម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ នៅឡើយទេ។ នៅវេលាម៉ោង១៩ និង១០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ព្រះរាជអាជ្ញាមិនទាន់សម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ និងជនសង្ស័យ៥នាក់ទៀតនៅឡើយទេលើករណីឃាតកម្មស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា។ ដោយលោក ឡាយ វណ្ណៈ បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃវិញ រង់ចាំបន្តការសាកសួរនៅថ្ងៃនេះ។ គួរបញ្ជាក់ថា ឃាតកម្មដែលកំពុងផ្អើលកក្រើកនេះ មនុស្ស៥នាក់បានជាប់សង្ស័យ ហើយលោក ឡាយ វណ្ណៈ ជាជនសង្ស័យទី៦ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពីរសៀលថ្ងៃទី០១ ខែមេសា៕

សម្តេច​តេ​ជោ​ប្រកាស​ជាថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ខេត្ត​-​ក្រុង​នានា ក្នុងឱកាស​បុណ្យចូលឆ្នាំ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាថ្មីនូវដំណឹងល្អសម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅខេត្ត-ក្រុងនានា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គឺរថយន្តក្រុងសាធារណៈរបស់រដ្ឋនឹងដឹកជញ្ជូនមិនគិតថ្លៃ ពីភ្នំពេញទៅបណ្តាខេត្តនានាតាមបណ្តោយផ្លូវជាតិលេខ ៤, ៣, ៦ បន្ថែមទៀត ។ សម្តេចបានប្រកាសថា ៖ «កាលពីឆ្នាំមុនៗ ខ្ញុំបានអំពាវនាវសុំឲ្យក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃ ដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ធភាពទេ ។ ដូច្នេះហើយបានជាពេលនេះ ខ្ញុំបានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ហើយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ «មិនបង់ថ្លៃ» ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីថ្ងៃអាទិត្យ គឺសម្តេចប្រកាសដាក់គម្រោង តែ២ទិសទេ គឺតាមបណ្តោយផ្លូវជាតិលេខ ១ និងលេខ ៥ ។ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ៖ «ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមប្រកាសថា យើងបានត្រៀមឡានក្រុងដឹកជញ្ជូនបងប្អូនអ្នកធ្វើដំណើរដោយមិនបង់ថ្លៃ នៅតាមផ្លូវជាតិមួយចំនួនដូចជា ៖ ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង), ផ្លូវជាតិលេខ៣ (ពីចោមចៅទៅកំពត) , ផ្លូវជាតិលេខ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប) ។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋយើងដែរ ។ នៅឆ្នាំក្រោយអាចនឹងបន្ថែមចំនួនឡានក្រុងច្រើនជាងឆ្នាំនេះទៀត ។ សូមជូនពរបងប្អូនកូនក្មួយធ្វើដំណើរសុខសប្បាយតាមផ្លូវនៅគ្រប់ទីកន្លែងទូទាំងប្រទេស ៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការផ្តល់​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងរបស់រាជធានីភ្នំពេញ ដែលមានស្លាក «រាជធានីភ្នំពេញ» ចំនួន៦០គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨ ដោយឥតបង់ប្រាក់។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់កាដូឆ្នាំថ្មី ជូនប្រជាជពលរដ្ឋ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅតាមបណ្តាខេត្ត តាមផ្លូវជាតិលេខ១ និង លេខ៥ ជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នោះ, នៅរសៀលថ្ងៃទី០១ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងផ្លូវការ ដើម្បីព័ត៌មាននេះលម្អិតបន្ថែមជូនប្រជាពលរដ្ឋ។ ចំពោះកន្លែងរថយន្តក្រុងចេញដំណើរ មានចំនួន៣ទីតាំង៖ ១៖ នៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេស បីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។ ២៖ ចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ៣៖ ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕

សម្តេច ហ៊ុន សែន ប្រកាស​ទៅ​ចូលរួម​អង្គ​រស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប​

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យដឹងថា រូបសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននឹងចូលរួមអង្គរសង្ក្រាននៅខេត្តសៀមរាប។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចក៏បានផ្ញើសារទៅជនរួមជាតិថា ៖ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ ច្បាស់ណាស់បងប្អូនជនរួមជាតិប្រាកដជា មានគម្រោងទៅកម្សាន្តសប្បាយនៅតាមតំបន់រមណីយដ្ឋាននានាជាច្រើននៅក្នុងប្រទេសកម្ពុជា ។ នេះក៏ជាឱកាសចំពោះកូនក្មួយយុវជន និងទេសចរបរទេសដែលចង់ស្វែងយល់អំពីបុណ្យប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា ។ សូមអញ្ជើញចូលរួមមកកម្សាន្តសប្បាយគ្រប់ៗគ្នា» ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖ «ឆ្នាំនេះក៏ដូចឆ្នាំមុន ខ្ញុំនិងភរិយានឹងទៅចូលរួមសង្ក្រាន្តនៅខេត្តសៀមរាប ។ សង្ឃឹមថា បងប្អូននឹងចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នានៅលើទឹកដីអង្គរដ៏បរវររបស់យើង» ។ សន្តិភាពកាន់តែស្ថិតស្ថេរ ឱកាសកាន់តែមានទ្វេភាព ភាពសុខដុមរម្យនាក៏កាន់តែរឹងមាំយូរអង្វែង ។ អរគុណបងប្អូនជនរួមជាតិដែលចូលរួមថែរក្សាការពារសន្តិភាព ដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍រីកចម្រើន ។ សម្តេចក៏បានបញ្ជាក់ថា នៅរសៀលនេះ សម្តេចនឹងទៅដង្ហែព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែសម្តេចយាយ សម្តេចយាយទួត នៃយើងយាងវិលត្រឡប់ពីទីក្រុងប៉េកាំងមកកម្ពុជាវិញ ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕

វៀតណាម​ចាប់​ថ្នាំញៀន​តំលៃ​២,២​លាន​ដុល្លារ​និង​ជនជាតិ​ថៃ​៣​នាក់​

ការចាប់បានថ្នាំញៀនដ៏សន្ធឹកសន្ធាប់ជាលើកទីពីរក្នុងសប្តាហ៍នេះ ធ្វើឡើងនៅជាប់ព្រំដែនឡាវ-វៀតណាម។ប៉ូលិសនៅវៀតណាមខាងជើងបានចាប់ខ្លួនបុរសបីនាក់មកពីថៃកាលពីថ្ងៃអង្គារទី២៧មីនាចំពោះការលួចដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីនតំលៃប្រមាណ៥០.០០០លានដុង(២,២លានដុល្លារ)ចូលមកក្នុងប្រទេស។ ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារនៅក្នុងខេត្តឌៀនបៀន ជាមួយនឹងថង់ផ្ទុកថ្នាំញៀនហេរ៉ូអ៊ីន៤៤គីឡូក្រាមនិងថ្នាំញៀនមេតំហ្វេតាមីនចំនួនកន្លះលានគ្រាប់។ មន្ត្រីប៉ូលិសដែលប្រចាំការនៅព្រំដែនឡាវ បាននិយាយថា ជនសង្ស័យបានប៉ុនប៉ងគេចខ្លួនតាមរថយន្តមុនពេលត្រូវបានបញ្ឈប់។ការស៊ើបអង្កេតកំពុងធ្វើឡើង តែរបាយការណ៍ដំបូងបង្ហាញថា ថ្នាំញៀនទាំងនេះត្រូវគេនាំទៅកាន់ប្រទេសទីបី។ វៀតណាមគឺជាមណ្ឌលដ៏សំខាន់មួយសម្រាប់ថ្នាំញៀនមកពីនិងក្រៅតំបន់ត្រីកោណមាស ដែលស្ថិតក្នុងទឹកដីឡាវ មីយ៉ាន់ម៉ានិងថៃ ។ថៃ វៀតណាម ចិននិងកម្ពុជាទាំងអស់គ្នាសុទ្ធតែបានរាយការណ៍អំពីការចាប់បានថ្នាំញៀនច្រើនៗនៅម្តុំព្រំដែនជាប់ជាមួយឡាវ,នេះបើតាមការិយាល័យថ្នាំញៀននិងបទឧក្រិដ្ឋអង្គការសហប្រជាជាតិ។ ការបង្ក្រាបកាលពីថ្ងៃអង្គារ កើតឡើងតែមួយសប្តាហ៍ក្រោយពីឆ្មាំព្រំដែនមកពីវៀតណាមនិងឡាវ បានចាប់ខ្លួនជនជាតិឡាវ៥នាក់នៅព្រំដែនជាមួយថ្នាំមេតំហ្វេតាមីន៥០.៦០០គ្រាប់និងម៉ាទឹកកកចំនួនមួយគីឡូក្រាម។ពួកគេត្រូវបានសង្ស័័យថាជាផ្នែកនៃក្រុមជួញដូរថ្នាំញៀនដែលក៏មានបណ្តាញនៅថៃ។ សូមបញ្ជាក់ថា វៀតណាមមានច្បាប់ប្រឆាំងថ្នាំញៀនតឹងរឹងបំផុតក្នុងលោក។ជនដែលត្រូវកាត់ទោសចំពោះការមានឬដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីន៦០០ក្រាមឡើងនិងមេតំហ្វេតាមីន២,៥គីឡូក្រាមឡើងប្រឈមការប្រហារជីវិត។ការផលិតឬលក់ហេរ៉ូអ៊ីនចាប់ពី១០០ក្រាមនិងថ្នាំញៀនខុសច្បាប់ផ្សេងទៀត៣០០ក្រាមក៏ប្រឈមទោសប្រហារជីវិតដែរ៕

​ចម្លាក់​លិង្គ​បុរាណ ចំនួន​៣ ត្រូវបាន​គេ​លួច​ទៅ​បាត់ និង​លិង្គ​៣​ទៀត ដាប់​ជិត​ដាច់ចេញពី​ទម្រ នៅ​ទឹកធ្លាក់​ភ្នំ​គូលែន​

សៀមរាបៈ ចម្លាក់លិង្គបុរាណចំនួន៣ ត្រូវបានជនមិនស្គាល់មុខ បានដាប់លួចយកទៅបាត់ និងលិង្គចំនួន៣ទៀត ត្រូវបានលួចដាប់ជិតដាច់ចេញពីទម្រ។ ចម្លាក់លិង្គដ៏សក្កិសិទ្ធិនេះ ត្រូវបានជនល្មើស លួចដាប់នៅចំណុចបាតស្ទឹងលិង្គមួយពាន់ លើខ្នងភ្នំគូលែន ស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ បើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ផ្ញើជូនស្នងការនគរបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ បុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ប្រចាំនៅលើខ្នងភ្នំគូលែន បានប្រទះឃើញស្លាកស្នាមដែលជនល្មើស បានលួចដាប់ចម្លាក់លិង្គព្រះឥសូរ ធ្វើអំពីថ្មភក់ចំនួន៦ ស្ថិតនៅបាតស្ទឹងលិង្គ ១០០០ លើភ្នំគូលែន។ របាយការណ៍របស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា លិង្គព្រះឥសូរ ធ្វើអំពីថ្មភក់ចំនួន៦ គឺមាន៣ ត្រូវបានជនល្មើស ដាប់យកទៅបាត់ និង ៣ទៀត ដាប់ជិតដាច់ពីទម្រ។ ហេតុនេះ អាជ្ញាធរជាតិអប្សរា បានស្នើឲ្យស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ វែកមុខជនដៃដល់ យកមកផ្តន្ទាទោស ទៅតាមច្បាប់។ ក្រោយពីទទួលបានរបាយការណ៍ខាងលើនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ស្នងការខេត្តសៀមរាប បានបញ្ជាទៅការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល ចុះទៅស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានករណីជនខិលខូចលួចវាយបំផ្លាញ ចម្លាក់លិង្គមួយពាន់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដែលស្ថិតនៅស្ទឹងលិង្គមួយពាន់ ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ កម្លាំងសមត្ថកិច្ច បានឲ្យដឹងទៀតថា ពេលត្រួតពិនិត្យ ឃើញថា មានការវាយបំផ្លាញរូបចម្លាក់លិង្គ អស់ចំនួន៦លិង្គ ដោយខូចខាតលិង្គទាំងស្រុង ចំនួន៣លិង្គ និងខូចខាតមធ្យម ចំនួន៣លិង្គ។ ជុំវិញកន្លែងកើតហេតុ ពុំមានអ្វីបន្សល់ទុក គួរឱ្យកត់សម្គាល់ទេ។ នេះគឺជាករណីថ្មីមួយ ដែលកើតឡើង នៅក្នុងតំបន់ទឹក ភ្នំគូលែន ដែលជាស្ទឹងមានទឹកដ៏ពិសិដ្ឋ ហើយល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក បានទទួលស្គាល់ជាទូទៅ។ ករណីនេះដែរ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

បិទ​បញ្ចប់​សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុ​ជា​-​ចិន ៖ ឧទ្ធម្ភាគចក្រ កាំភ្លើង​ធំ​បាញ់​កម្ទេច​ជំរុំ​ភេរ​វករ​

ភ្នំពេញ ៖ លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែមីនា នេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកចូវ សុងហឺរ មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។ លំហាត់សមយុទ្ធនាគមាសធ្វើនៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៧០ នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កងទ័ពកម្ពុជាចំនួន២៨០នាក់ និងកងទ័ពចិនចំនួន១៩០នាក់ ចូលរួមក្នុងលំហាត់សហយុទ្ធនេះ។ សមយុទ្ធនេះផ្តោតទៅលើការប្រឆាំងភេរវកម្ម សង្គ្រោះបន្ទាន់ លំហាត់បាញ់គ្រាប់ពិត និងប្រើប្រាស់សព្វាវុធទំនើបៗដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់កាំជ្រួចបាញ់ចំគោលដៅ កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់ និងរថពាសដែកផងដែរ។ យុទ្ធោបករណ៍របស់កងទ័ពចិនសម្រាប់សមយុទ្ធនាគមាស ទាំងនោះរួមមានដូចជា ៖ រថពាសដែកចំនួន ៨គ្រឿង រថយន្តដឹកជញ្ជូនចំនួន៦គ្រឿង រថយន្តJeepចំនួន៧គ្រឿង ឡានជួសជុលរថពាសដែកចំនួន ១គ្រឿង រថយន្តដឹកទឹកស្អាតចម្រោះចំនួន១គ្រឿង រថយន្តពេទ្យចំនួន១គ្រឿង និងរថយន្តដឹកទឹកចំនួន ១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត។ សម្រាប់លំហាត់សមយុទ្ធនាគមាសនៅថ្ងៃចុងបញ្ចប់នេះ រួមមានៈ ប្រតិបត្តិការលំហាត់ហ្វឹកហ្វឺនចម្រុះប្រឆាំងភេរវកម្ម តាមសេនារីយោ ស៊ើបការណ៍ភូមិសាស្ត្រដោយយន្តហោះគ្មានមនុស្សបើក (Drone) ប្រតិបត្តិការកំទេចជំរុំភេរវករ ឧទ្ធម្ភាគចក្រកំទេចជំរុំភេរវករ កាំភ្លើងធំបាញ់កំទេចជំរុំភេរវករ រថពាសដែកវាយកំទេចជំរុំភេរវករ រំដោះចំណាត់ខ្មាំងដោយប្រើទ័ពពិសេស ចុះពីឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង(ចិន-កម្ពុជា)៕

គណបក្ស​ប្អូន​លោក កែម ឡី ត្រូវបាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់ការ ជាផ្លូវការគណបក្ស « ខ្មែរ តែមួយ » របស់ប្អូនប្រុសលោក កែម ឡី ហើយ ហើយគណបក្សនេះនឹងមានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។ យោងតាមប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គណបក្ស « ខ្មែរតែមួយ » មានអក្សរកាត់ (គ.ខ.ម) និងមាន អាសយដ្ឋាន នៃទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥៤ ផ្លូវលេខ២១១ សង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមាន លោក កែម រិទ្ធិសិត ជាប្រធានគណបក្ស ៕

ព្រឹក​នេះ​សម្តេច ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​បាត់ដំបង​ទៅ​សិរីសោភ័ណ

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឲ្យកាន់តែរឹងមាំកម្រិត AC និងពង្រីកឲ្យកាន់តែធំ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត៨៥គីឡូម៉ែត្រ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងរាប់ពាន់នាក់ផងដែរ។ គម្រោងខាងលើគ្រោងចំណាយថវិកាសរុបប្រមាណ ១៩,៩៨៨លានយេនជប៉ុន ស្មើនឹង ១៨៥លានដុល្លារអាមេរិក។ ចំណាយពេលសាងសង់ចំនួន៣៦ខែ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០៕

មន្ដ្រី​នាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ ជាការ​ឈ្លានពាន​និង​រំលោភ​លើ​កម្ពុជា​ទាំងស្រុង​

(ភ្នំពេញ) ៖ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៣៧ ដែលធ្វើឡើងនៅទីក្រុង ហ្សឺណែវ ថ្ងៃទី ២១មីនា ២០១៨ ប្រទេសនូវែលហ្សេឡង់ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ តំណាងឲ្យ ៤៥ប្រទេស ដោយជម្រុញឲ្យកម្ពុជាត្រលប់រកស្ថានការណ៍នយោបាយ ដដែល ដើម្បីឲ្យដំណើរការបោះឆ្នោតជាតិ នាថ្ងៃទី ២៩កក្កដា ឆ្នាំ ២០១៨ខាងមុខ ប្រព្រឹត្តិទៅប្រកបដោយសេរី និងយុត្តិធម៌។ ក្នុងនោះ ប្រទេសទាំង ៤៥ ក៏បានស្នើផងដែរ ឲ្យរដ្ឋាភិបាលលុបចោលវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលពួកគេចាត់ទុកថាជាដើមចមនៃការរំលាយគណបក្សសង្គ្រោះជាតិ។ មន្ដ្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា បានច្រានចោលសេចក្ដីថ្លែងការណ៍នេះ នឹងចាត់ទុកថា នេះជាការឈ្លានពាន និង រំលោភលើកម្ពុជាទាំងស្រុង។លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងតាមរយៈ សំណេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា”កម្ពុជាយល់ឃើញនឹងគោរពការទទួលស្គាល់ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលផ្តល់សិទ្ធពេញលិញ និងគោរពអធិបតេយ្យភាព សមាជិករបស់ខ្លួន។ អង្គការសហប្រជាជាតិ បានផ្តល់កិច្ចគាំពារ និងទទួលស្គាល់ ជាផ្លូវការ នូវសិទ្ធិស្វ័យសម្រេច ដែលជាអធិបតេយ្យភាពរបស់សមាជិក របស់ខ្លួន (អង្គការសហប្រជាជាតិ)។ តុលាការកម្ពុជាតំណាងដោយផលប្រយោជន៍របស់ប្រជារាស្ត្រ និងអធិបតេយ្យភាពរបស់កម្ពុជា ដែល មិនមានបុគ្គលណា ឬក្រុមណា នៅថ្នាក់ជាតិ ឬអន្តរជាតិ មករំលោភបំពានបានឡើយ។ ដូចនេះការទាមទារដាក់កំហិត ដល់តុលាការកម្ពុជា និងរដ្ឋាភិបាលកម្ពុជា នៅក្នុងរូបភាពណាមួយនោះគឺចាប់ទុកថាជាការឈ្លានពាន និង រំលោភលើកម្ពុជាទាំងស្រុង។” ក្នុងន័យនេះ លោកបានអះអាងថា កម្ពុជាមិនមែនរដ្ឋចំណុះនៃភាពអាណានិគម របស់ក្រុម បរទេសណាមួយនោះឡើយ ត្បិតកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងកិច្ចធានា និងរក្សានូវភាពស្របច្បាប់ របស់ខ្លួន។ លោកបានបន្ថែមថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខគឺជាការប្ដេជ្ញារបស់កម្ពុជាក្នុងកិច្ចគោរព និង រក្សាគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សក្នុងការបោះឆ្នោត ដោយទៀងទាត់តាមដែនកំណត់នៃច្បាប់បោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយនេះ ជាអទិភាពរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរ វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធររដ្ឋដ៏ទេទៀត ដែល ពាក់ព័ន្ធនៃដំណើរការការបោះឆ្នោតនេះ នោះរាប់ទាំងយន្តការណ៍ និងសេចក្ដីសម្រេចលទ្ធផលនៃការបោះឆ្នោត។ ពិភពលោកស្គាល់កម្ពុជាច្បាស់ថា ជាប្រជាជាតិ ស្រលាញ់ សន្តិភាព និងសហប្រតិបត្តិការណ៍ជាមួយនឹងប្រជាជាតិដ៏ទៃក្នុងលោក មិនប្រកាន់ព័ណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ កម្ពុជានៅតែវាយតម្លៃខ្ពស់នៅរាល់កិច្ចសហការ ទាំងវិស័យសង្គមកិច្ច នយោបាយ និងពាណិជ្ជកម្ម។ លោកបានសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជាប្រឆាំងដាច់ខាតរាល់អំពើ និងសកម្មភាពភេរវកម្ម។ កម្ពុជាមានជំហរច្បាស់លាស់ដាច់ខាត ចង់បានពីភពលោករស់នៅយ៉ាងសុខសាន្ត និងសន្តិភាពប្រាសចាកពីការប្រើប្រាស់អាវុធប្រល័យលោក និងអរិភាពគ្រប់បែបយ៉ាង៕