បណ្តាញសង្គម

ទំនិញ​សំខាន់ៗ​នៅ​ទីផ្សារ​ចាប់ផ្តើម​ប្រែប្រួល​តម្លៃ​ហើយ គ្រា​ដែល​បុណ្យ​សែន​ចិន​-​វៀតណាម​ខិតចូល​មកដល់​

(ភ្នំពេញ) : ខណៈដែលថ្ងៃសែនបុណ្យចូលឆ្នាំចិន-វៀតណាមនឹងខិតចូលមកដល់នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ អ្នកយកព័ត៌មានរស្មីកម្ពុជាបានចុះនិងសម្ភាសន៍ផ្ទាល់ជាមួយអាជីករលក់ដូរ និងអ្នកទិញទំនិញ នៅក្នុងផ្សារធំថ្មីអំពីតម្លៃទំនិញសំខាន់ៗនៅលើទីផ្សារ ដូចជា៖ ត្រី សាច់ បន្លែ និងផ្លែឈើជាដើម ហើយឃើញថាតំលៃបានចាប់ផ្តើមប្រែប្រួលខ្លះៗហើយ។ អ្នកស្រី ណាវី ដែលជាអាជីករលក់បន្លែគ្រប់មុខ២០ឆ្នាំមកហើយ បានឲ្យដឹងថា បន្លែដែលដាក់លក់ សព្វថ្ងៃនេះ មានមួយចំនួនឡើងថ្លៃបណ្តើរៗហើយប៉ុន្តែតម្លៃប្រែប្រួលនេះគឺអាចទទួលបាន ទាំងការទិញនិងយកមកលក់បន្ត និងទាំងការទទួលយកពីអ្នកទិញយកទៅធ្វើម្ហូបអាហារទទួលទាន។ អ្នកស្រីឲ្យដឹងទៀតថា បន្លែដែលឡើងថ្លៃគឺផ្លែការ៉ុតនិងឆៃថាវតម្លៃ៣.៥០០រៀល ឡើងដល់៤.០០០រៀលក្នុងមួយគីឡូក្រាម និងស្ពៃ បូកគោអាចនឹងឡើងដល់៤.៥០០រៀល ក្នុងមួយគីឡូម៉ែត្រ ខណៈបច្ចុប្បន្នតម្លៃត្រឹមតែ៣.៥០០រៀលប៉ុណ្ណោះ ។ ជាមួយគ្នានេះ អាជីករលក់សាច់ជ្រូកអ្នកស្រីលីហៀង បានបញ្ជាក់ថា ចំពោះតម្លៃសាច់ជ្រូកគឺនៅរក្សា តម្លៃជាដដែល ក្នុងនោះសាច់ជ្រូកសាច់សុទ្ធមួយគីឡូក្រាមថ្លៃ១៨.០០០រៀល សាច់បីជាន់១៥.០០០រៀល និងឆ្អឹងជំនីជ្រូកថ្លៃ០២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ លោកស្រីបន្តថា តម្លៃសាច់ជ្រូកនេះ ជារៀងឆ្នាំនិងគ្រប់រដូវបុណ្យទាននានា គឺមិនដែលឡើងថ្លៃនោះទេ ហើយការដាក់លក់សាច់ជ្រូកលើទីផ្សារគឺនាំចូលពីស្រុក គៀនស្វាយ ខេត្តកណ្តាល។ អាជីករលក់ផ្លែឈើឯណោះវិញ អ្នកនាង អាលី បានបកស្រាយតម្លៃឡើងថ្លៃជាហូហែរផ្លែឈើថា ការឡើងថ្លៃទំនិញមិនមែនចេះតែឡើងទេ ហើយក៏មិនមែនគ្រប់មុខដែរ ដោយសារតែការទទួលទិញមក លក់បន្តពីអ្នកចែកចាយរបស់ក្នុងនិងក្រៅស្រុកគេជាអ្នកឡើងថ្លៃ ហើយចំពោះតម្លៃឡើងវិញប្រមាណតែ៥.០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាមនៃមុខប្រភេទផ្លែឈើ។ អ្នកលើកឡើងថា គិតត្រឹមពេលនេះតម្លៃ ជាមធ្យមទៅតាមប្រភេទផ្លែឈើ ក្នុងនោះផ្លែប៉ោមថ្លៃជាង០១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ផ្លែក្រូចខ្វិចថ្លៃជិត ០២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងផ្លែមៀនខ្មែរតម្លៃជាង០៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ពាក់ព័ន្ធនឹងតម្លៃមានការប្រែប្រួល ឬឡើងថ្លៃនេះ ពលរដ្ឋម្នាក់មានឈ្មោះ គន្ធី បានយល់ឃើញថា បញ្ហានេះក្លាយជាទម្លាប់ទៅហើយនិងយូរឆ្នាំទៀតផង ព្រោះថាឲ្យតែរាល់រដូវសែន និងបុណ្យធំនានា តម្រូវការគឺមានច្រើន។ ចំណែកតម្លៃទំនិញដែលឡើងថ្លៃនេះនៅតែអាចទទួលយកបាន ប៉ុន្តែក្នុងចំនួនលើស ប្រមាណជា២.០០០ពាន់រៀល ទៅ៣.០០០រៀល បើលើសពីនេះទៀតប្រហែលជាពិបាកនឹងទទួលយក ព្រោះការចំណាយរបស់អ្នកទិញក្នុងនាមជាអ្នករកស៊ីក្តី ជាអ្នកធ្វើការក្តី គឺសុទ្ធតែមានកំណត់។ អ្នកនាង គន្ធី បានសំណូមពរផងដែរទៅដល់អ្នកលក់ដូរទាំងអស់ថា បើសិនជាការឡើងថ្លៃគឺសុំឲ្យ សមរម្យ មិនមែនឡើងគំហុកពេកនោះអ្នកទិញក៏ពិបាកទទួលយកដែរ ពីព្រោះអ្នកដើរផ្សារ ពិសេសស្ត្រីមេផ្ទះ ដែលដើរផ្សាររាល់ថ្ងៃក៏ជ្រាបណាស់ដែរពីតម្លៃទំនិញ ហើយក៏ស្គាល់កន្លែងណាលក់ថ្លៃ និងកន្លែងណាដែលលក់ធូរថ្លៃ។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពទំនិញក្នុងផ្សារធំថ្មីប្រចាំថ្ងៃទី៧ ខែកុម្ភៈ បានបង្ហាញថា តម្លៃ សាច់ជ្រូកសាច់សុទ្ធក្នុងគីឡូក្រាមថ្លៃ២២.០០០រៀល មាន់រស់ មាន់ស្រែថ្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ពងទា១០គ្រាប់ថ្លៃ៥.៥០០រៀល និងអង្ករផ្លាម្លិះខ្មែរថ្លៃ៣.២០០រៀល ក្នុងគីឡូក្រាម។ល៕