បណ្តាញសង្គម

​ដងព្រែក​កំពង់បាយ​ជា​សម្បត្តិ​ដ៏​សំខាន់​របស់​អ្នកក្រុង​កំពត​គ្រប់រូប

(កំពត)៖”ការគិតគូរពីបញ្ហាបរិស្ថាននិងអនាម័យសម្រាប់ដងព្រែកកំពង់បាយជាករណីចាំបាច់ដោយមិនអាចមើលរំលងបានឡើយព្រោះព្រែកមួយខ្សែនេះជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់អ្នកក្រុងកំពតជាមួយនឹងសក្តានុពលទាំងផ្នែកសេដ្ឋកិច្ចគមនាគមន៍និងវិស័យទេសចរ”។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តកំពតក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងលើកទិសដៅបន្តរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ថ្លែងកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តលោកលីសាវ៉េតអភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាមន្ត្រីជំនាញ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរនិងពិនិត្យឡើងវិញថាតើនៅតាមបណ្តោយដងព្រែកកំពង់បាយគួរឱ្យមានការសាងសង់កន្លែងលក់ដូរកន្លែងលម្ហែកម្សាន្តនៅលើផ្ទៃទឹកបាន។ការបង្ហូរកាកសំណល់ចូលទឹកព្រែកបានបំផ្លាញសោភ័ណភាព និងគុណភាពនៃសម្រស់ផូរផង់នៃដងព្រែកដែលធ្លាប់មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច គមនាគមន៍ និងវិស័យទេសចរណ៍មួយនេះ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថាព្រែកកំពង់បាយជាទ្រព្យសម្បត្តិដ៏សំខាន់របស់អ្នកក្រុងកំពត។បើមានព្រែកដែលជាកំណប់ទ្រព្យមួយដ៏មានតម្លៃ និងល្អស្អាតបែបនេះហើយ បែរជាបណ្តែតបណ្តោយឱ្យមានក្លិនអាក្រក់នោះជារឿងដ៏អាម៉ាស់បំផុត។ ត្រូវបញ្ចៀសឱ្យបាននូវពាក្យនិន្ទាពីភ្ញៀវទេសចរថា ទេសភាពព្រែកកំពង់បាយល្អស្អាតតែ ក្លិនពិបាកទ្រាំ។ ដូច្នេះប្រជាពលរដ្ឋដែលមានលំនៅស្ថានជាប់នឹងមាត់ព្រែកដោយគិតចាប់ពីចំណុចទឹកឈូមកដល់ក្រុងកំពត សូមមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការពារបរិស្ថាននិងថែរក្សាអនាម័យដោយបញ្ឈប់នូវការបង្ហូរកាកសំណល់គ្រប់ប្រភេទចូលក្នុងទឹកព្រែក។ ពិសេសមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋចំពោះការងារនេះ៕