បណ្តាញសង្គម

តុលាការ​កំពូល​នឹង​កាត់ទោស​លោកស្រី ថាក់ ឡា​នី នៅ​ថ្ងៃទី​២៦​កុម្ភៈ​

(ភ្នំពេញ) ៖ នៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ តុលាការកំពូល នឹងបើកសវនការដើម្បីជំនុំជំរះ លើរឿងក្តីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ដែលបច្ចុប្បន្នបានរត់គេចខ្លួនទៅក្រៅប្រទេស ករណីចោទប្រកាន់ថាសម្តេចតេជោនាយករដ្ឋមន្ត្រី ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ។គួរឲ្យដឹងថា លោកស្រី ថាក់ ឡានី អាយុ៦៣ឆ្នាំ ជាប់ចោទពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម “ប្រព្រឹត្តនៅភូមិតាប៉ាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទី តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ កន្លងមក ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោកស្រី ថាក់ ឡានីដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្ត ដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល។ នៅក្នុងវេទិកាសាធារណៈ នៅខេត្តរតនគិរី លោកស្រី ថាក់ ឡានី បានចោទប្រកាន់ សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។ ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ថាក់ ឡានី ដោយសំណូមពរឱ្យតុលាការ ចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម ១០០រៀលប៉ុណ្ណោះ ៕