បណ្តាញសង្គម

សម្តេច​ក្រឡាហោម ស ខេង ឆ្លើយតប​ទៅ​តំណាង​ស្ថាបនិក​គណបក្ស​កែម ឡី​

(ភ្នំពេញ)៖ នៅទីបំផុតសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែមីនា នេះ បានធ្វើលិខិតឆ្លើយតបទៅលោកគុជ លី តំណាងស្ថាបិនកគណបក្ស កែម ឡី គឺ ឲ្យតំណាងស្ថាបនិកគណបក្ស កែម ឡី បំពេញតាមលក្ខខណ្ឌនានាដែលបានកំណត់ក្នុងបទ ប្បញ្ញត្តិមាត្រា ១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនៅលិខិតស្នើសុំបង្កើតគណបក្ស កែម ឡី ដើម្បីទទួលបានភាពត្រឹមត្រូវ និងសុពលភាព ព្រមទាំងអាចធ្វើសកម្មភាពស្របតាមច្បាប់ ក្រសួងមហាផ្ទៃស្នើឲ្យបំពេញលក្ខខណ្ឌនានាដែលបានកំណត់ក្នុងបទ ប្បញ្ញត្តិមាត្រា ១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ គឺបានន័យថា ក្រសួងមិនអនុញ្ញាតឲ្យយកឈ្មោះរូបវ័ន្តបុគ្គល ឬរូបភាពរបស់រូបវ័ន្តបុគ្គល (កែម ឡី) មកប្រើក្នុងការដាក់ឈ្មោះបង្កើតគណបក្ស កែម ឡី ឡើយ។

យោងតាមមាត្រា១១ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គ្រប់គណបក្សនយោបាយត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ដូចខាងក្រោមៈ ១.ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយត្រូវតែខុសគ្នាពីឈ្មោះជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនានា។ ២.ឈ្មោះគណបក្សនយោបាយមិនត្រូវធ្វើឡើង ដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវ័ន្តបុគ្គលមកដាក់ឡើយ។ ៣.សញ្ញាសម្គាល់របស់គណបក្សនយោបាយ មិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាពតំណាងឲ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាក់របស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គលឡើយ។

សូមជម្រាបថា លោកគុជ លី តំណាងស្ថាបនិកគណបក្ស កែម ឡី បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស កែម ឡី ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។ គណបក្ស កែម ឡី គឺមានរូបលោកកែម ឡី នៅក្នុងរង្វង់ចំកណ្តាល ផ្ទៃពណ៌ផ្ទៃមេឃ និងរង្វង់ជុំវិញពណ៌ខៀវ ដាក់អក្សរគណបក្ស កែម ឡី និងអក្សរអង់គ្លេស KEM LEY PARTY៕