បណ្តាញសង្គម

ស៊ីម៉ាក ផ្តល់​ការហ្វឹកហ្វឺន​ដល់​សិក្ខាកាម​អ្នកជំនាញ​ខាង​សុនខ​ហិត​មីន មកពី​ប្រទេស​កូ​ឡំ​ប៊ី​

(ភ្នំពេញ)៖ អ្នកជំនាញការស៊ីម៉ាក់ បានចាប់ផ្តើមផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមអ្នកជំនាញខាងសុនខ ហិតមីន មកពីប្រទេសកូឡំប៊ី។ ការហ្វឹកហ្វឺននេះ បានធ្វើឡើង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅទីបញ្ហាការស៊ីម៉ាក់ ក្នុងរាជធានីភ្នំពេញ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានលើកឡើងថា កម្មវិធីកិច្ចសហការនេះ បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនឬចៃកា(JICA) ហៅថា គំរោងសហប្រតិបតិ្តការត្បូង-ត្បូង!។

លោកហេងរតនា បានបញ្ជាក់ថា ប្រទេសកូឡំប៊ី មានចំងាយជាង ១៨.០០០ គីឡូម៉ែត្រពីកម្ពុជា (មួយចំហៀងផែនដីម្ខាងម្នាក់) មានប្រជាជនជិត៥០លាននាក់ ជាប្រទេសអាមេរិកខាងត្បូង មានសង្គ្រាមស៊ីវិលជិត៥០ឆ្នាំ ទើបបញ្ចប់។លោកបានបន្ថែមថា “នេះជាកិតិ្តយស និងមោទនភាពជាតិផងដែរ ដែលអង្គភាពស៊ីម៉ាក់ អាចមានសមត្ថភាពផ្តល់ការហ្វឹកហ្វឺនដល់អ្នកជំនាញកូឡុំប៊ី ដែលមានវិន័យ និងការអភិវឌ្ឍនខ្ពស់ ដោយមានកំណើនសេដ្ឋកិច្ច២% ប្រចាំឆ្នាំ និងមានGDP ធម្មតាជិត៦.០០០ដុល្លារ/ម្នាក់ ហើយកំរិតមធ្យមប្រមាណ១៤.០០០ដុល្លារម្នាក់!”។

សូមបន្ថែមថា កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែមីនា ឆ្នាំ២០១៨ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា បានជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីស្ត្រី ដែលកំពុងបំរើការងារ តាមជំនាញនានា ក្នុងអង្គភាពស៊ីម៉ាក់ មានចំនួនជាង ១៤០ នាក់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ស្ត្រីរួបរួមគ្នារក្សាសន្តិភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ”។

លោកហេងរតនា បានបន្តថា “ខ្ញុំក្នុងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ និងអង្គភាពប្រតិបតិ្ត មានមោទនភាពជាមួយស្នាដៃ ស្មារតីអង់អាចក្លាហាន និងការលះបង់របស់បងប្អូនស្ត្រី ដែលកំពុងបំរើការងារក្នុងកងកំលាំងប្រដាប់អាវុធទាំងអស់និយាយជារួម និងដោយឡែកស្ត្រីក្នុងអង្គភាពស៊ីម៉ាក់”៕